ព្រឹក

ពេលដែលត្រូវសម្រាក
ដោយadamholz
August 12, 2025
និក្ខមនំ ២០:១,៨-១៧
តែឯថ្ងៃទី៧ នោះគឺជាថ្ងៃឈប់សំរាកថ្វាយព្រះយេហូវ៉ាជាព្រះនៃឯងវិញ។ និក្ខមនំ ២០:១០
ឡានវែនខ្នាតតូចរបស់ខ្ញុំ មានកុងទ័រវាស់ចម្ងាយនៅលើតាបឡូ ដែលអាចបង្ហាញចម្ងាយផ្លូវដែលខ្ញុំអាចទៅដល់ មុនពេលវាអស់សាំង។ វាបានបង្ហាញចម្ងាយផ្លូវច្បាស់លាស់ សម្រាប់រាប់ថយក្រោយ។ សព្វថ្ងៃនេះ ឡានថ្មីៗភាគច្រើនមានលក្ខណៈពិសេសដូចនេះផងដែរ។ វាមានប្រយោជន៍ ដោយសារវាដឹងច្បាស់ថា ខ្ញុំអាចបើកបរដល់ចម្ងាយប៉ុន្មាន មុនពេលខ្ញុំត្រូវចាក់សាំង ដើម្បីឲ្យខ្ញុំជៀសវាងការអស់សាំងកណ្តាលផ្លូវ។
តើអ្នកដឹងទេថា ក្រឹត្យវិន័យដប់ប្រការក៏មានលក្ខណៈពិសេសស្រដៀងនេះផងដែរ? លក្ខណៈពិសេសនោះ គឺជាថ្ងៃឈប់សម្រាក ឬថ្ងៃសប្បាត។ ក្នុងកណ្ឌគម្ពីរនិក្ខមនំ ជំពូក២០ ព្រះទ្រង់បានប្រាប់យើងថា បន្ទាប់ពីយើងធ្វើការបាន៦ថ្ងៃ ក្នុងមួយសប្តាហ៍ ហើយត្រូវសម្រាក ដើម្បីឲ្យមានកម្លាំងឡើងវិញ។ គឺដូចមានសេចក្តីចែងថា “ចូរឲ្យនឹកចាំពីថ្ងៃឈប់សំរាក ដើម្បីញែកថ្ងៃនោះចេញជាបរិសុទ្ធ។ ក្នុងរវាង៦ថ្ងៃ នោះត្រូវឲ្យឯងធ្វើអស់ទាំងការរបស់ឯងចុះ តែឯថ្ងៃទី៧ នោះគឺជាថ្ងៃឈប់សំរាកថ្វាយព្រះយេហូវ៉ាជាព្រះនៃឯងវិញ នៅថ្ងៃនោះមិនត្រូវធ្វើអ្វីឲ្យសោះ(ខ.៨-១០)។
យើងងាយនឹងជួបការល្បួងឲ្យព្រងើយកន្តើយចំពោះក្រឹត្យវិន័យមួយនេះ។ យើងហាក់ដូចជាងាយចាំក្រឹត្យវិន័យផ្សេងទៀត ដែលហាមមិនឲ្យសម្លាប់មនុស្ស មិនឲ្យផិតក្បត់ លោភចង់បានទ្រព្យរបស់អ្នកដទៃ និងថ្វាយបង្គំរូបព្រះជាដើម(ខ.១-១៧)។ ប៉ុន្តែ តើការសម្រាកមួយថ្ងៃ ក្នុងមួយសប្តាហ៍ ពិតជាសំខាន់មែនឬ? ថ្ងៃសប្បាតជាអំណោយមកពីព្រះអង្គ ដែលបានអញ្ជើញយើងឲ្យសម្រាក ឲ្យឈប់ពីការងារ ហើយចំណាយពេលជួបជុំគ្នាថ្វាយបង្គំព្រះអង្គវិញ ដោយចាំថា ព្រះទ្រង់ផ្គត់ផ្គង់ឲ្យយើង បានជាយើងមិនចាំបាច់ត្រូវធ្វើការងារឥតឈប់ឈរនោះឡើយ។
តែក្នុងនាមយើងជាអ្នកដើរតាមព្រះយេស៊ូវ យើងត្រូវចាំថា ក្រឹត្យវិន័យអំពីថ្ងៃសប្បាត បានចង្អុលបង្ហាញយើងឲ្យងាកទៅរកព្រះយេស៊ូវ ដែលទ្រង់បានយាងមក ដើម្បីប្រទានយើងនូវការសម្រាកខាងវិញ្ញាណពិតប្រាកដ ដែលមិនមែនសម្រាប់តែមួយថ្ងៃក្នុងមួយសប្តាហ៍ តែគ្រប់ពេលដែលយើងទុកចិត្តព្រះអង្គ ដោយថ្វាយគ្រប់ទាំងបន្ទុកធ្ងន់ទាំងអស់របស់យើង ដាច់ដល់ព្រះអង្គ។—Adam R. Holz
តើអ្នកមានការពិបាក ឬងាយស្រួលសម្រាកពីការងារ នៅពេលណាខ្លះ?
តើធ្វើដូចម្តេចឲ្យអ្នកមានការសម្រាកខាងវិញ្ញាណពិតប្រាកដ ក្នុងព្រះយេស៊ូវ មិនមែនតែថ្ងៃអាទិត្យ តែជារៀងរាល់ថ្ងៃ?
ឱព្រះវរបិតា ទូលបង្គំសូមអរព្រះគុណព្រះអង្គដែលបានប្រទានថ្ងៃ សម្រាប់ឲ្យទូលបង្គំសម្រាក
ទាំងខាងរូបកាយ និងវិញ្ញាណរបស់ទូលបង្គំ ដោយទុកចិត្តថា ព្រះអង្គនឹងទទួលបន្ទុករបស់ទូលបង្គំ ហើយផ្គត់ផ្គង់ទូលបង្គំ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ៨៤-៨៦ និង រ៉ូម ១២
ប្រភេទ
ល្ងាច

ប្រកាសអំពីសេចក្តីមេត្តារបស់ព្រះ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
August 12, 2025
«ចំណេរមក ព្រះបន្ទូលនៃព្រះយេហូវ៉ា បានមកដល់យ៉ូណាសម្តងទៀតថា ចូរក្រោកឡើងទៅឯនីនីវេ ជាក្រុងធំ ហើយប៉ាវប្រកាសដល់គេ តាមសេចក្តីដែលអញនឹងបង្គាប់ ដូច្នេះយ៉ូណាសក៏ក្រោកឡើងទៅឯក្រុងនីនីវេតាមព្រះបន្ទូលនៃព្រះយេហូវ៉ា»(យ៉ូណាស ៣:១-៣)។
ព្រះទ្រង់ជាព្រះដែលផ្តល់ឱកាសលើកទី២។
លោក យ៉ូណាស បានរត់គេចពីព្រះអម្ចាស់ ក្នុងការឆ្លើយតប ចំពោះការត្រាស់ហៅរបស់ព្រះអង្គឲ្យទៅព្រមានទីក្រុងនីនីវេ អំពីការជំនុំជម្រះដែលនឹងត្រូវមក។ ប៉ុន្តែ នៅពេលដែលព្រះអង្គត្រាស់ហៅគាត់ម្តងទៀត គាត់មិនបានរត់គេចទៀតទេ។ គាត់បានស្គាល់កំហុសខ្លួនឯង ហើយបានស្គាល់ព្រះគុណដែលព្រះបានបង្ហាញដល់គាត់ ដូចនេះ គាត់ហាក់ដូចជាមានចិត្តអន្ទះសាចង់ប្រកាសព្រះរាជសារ ពេលដែលគាត់មានឱកាស។ ពេលយើងអានដល់ចំណុចដែលលោក យ៉ូណាស ប្រកាសដល់ប្រជាជនក្នុងទីក្រុងឲ្យប្រែចិត្តចេញពីអំពើបាប យើងអាចស្រមៃអំពីទម្ងន់នៃបទពិសោធន៍របស់គាត់ នៅពេលដែលគាត់ចាប់ផ្តើមប្រកាសអំពីផលវិបាកនៃការមិនស្តាប់បង្គាប់ព្រះ។ គាត់បាននាំការព្រមានមក ព្រមទាំងទីបន្ទាល់ផ្ទាល់ខ្លួនអំពីការពិតដែលថា ព្រះអង្គស្ម័គ្រព្រះទ័យ និងអាចសង្គ្រោះមនុស្សមានបាប ឲ្យរួចពីកាលៈទេសៈដែលធ្ងន់ធ្ងរបំផុត។ ទោះក្រោយមក គាត់បានបង្ហាញចេញនូវអាកប្បកិរិយាដែលមិនបានឱបក្រសោបយកទំហំនៃព្រះគុណព្រះទាំងស្រុងក៏ដោយ (យ៉ូណាស ៤:១-៣) ក៏សេចក្តីមេត្តាដែលព្រះអង្គបានបង្ហាញដល់គាត់ ពិតជាបាននាំឲ្យអ្នកក្រុងនីនីវេបានឮព្រះរាជសារព្រះអង្គ។ ព្រះដែលបានប្រទានឱកាសទីពីរតាមរយៈត្រីធំ ឥឡូវនេះព្រះអង្គក៏បានប្រទានឱកាសទីពីរដល់មនុស្សទាំងប្រុសស្រីក្នុងទីក្រុង ដែលបានងាកបែរចេញពីព្រះអង្គដោយស្ម័គ្រពីចិត្ត។
តើអ្នកឃើញទេ ព្រះអង្គជាព្រះដែលប្រទានឱកាសលើកទី២ (ហើយទី៣ និងទី៤ទៀតផង)? តើអ្នកឃើញទេ អ្នកមិនអាចរត់គេចពីសេចក្តីមេត្តា ឬស្គាល់ជម្រៅនៃព្រះគុណរបស់ព្រះអង្គឡើយ? បើអ្នកបានដឹងមែន អ្នកប្រាកដជានាំដំណឹងល្អទៅប្រាប់អ្នកដទៃមិនខាន។ ហើយការប្រព្រឹត្តដូចនេះ នឹងបានឆ្លុះបញ្ចាំងអំពីសេចក្តីមេត្តាដែលអ្នកបានទទួល។ បើគ្រីស្ទានបង្ហាញចេញនូវអត្តចរិតកាច គ្មានក្តីអាណិត ហើយតឹងរ៉ឹងជ្រុលពេក ពេលដែលពួកគេនិយាយអំពីជំនឿរបស់ខ្លួន ការនេះបានបង្ហាញថា ចិត្តរបស់ពួកគេមិនបានបន្ទន់ទាំងស្រុង ដោយសេចក្តីមេត្តា ព្រះគុណ និងសេចក្តីស្រឡាញ់របស់ព្រះនៅឡើយទេ។ ម្យ៉ាងទៀត ពេលណាពាក្យសម្ដី និងសកម្មភាពរបស់ពួកគេបានឆ្លុះបញ្ចាំង អំពីលក្ខណៈនៃសេចក្តីមេត្តារបស់ព្រះ ដែលមានភាពទាក់ទាញ និងមានការជំរុញចិត្ត ការនេះបានបង្ហាញច្បាស់ថា ពួកគេបានដកពិសោធន៍ជាមួយសេចក្តីមេត្តានោះដោយផ្ទាល់ហើយ។
លោក ឆាល វេសលី (Charles Wesley) ជាអ្នកនិពន្ធបទចម្រៀងទំនុកបរិសុទ្ធមានចំណងជើងថា «សេចក្តីមេត្តារបស់ព្រះបានឈ្នះចិត្តខ្ញុំ»។ គាត់បានប្រកាសម្តងហើយម្តងទៀតក្នុងបទចម្រៀងនេះថា ៖ ឱជម្រៅនៃសេចក្តីមេត្តារបស់ព្រះ! តើព្រះអង្គនៅតែមានសេចក្តីមេត្តាសម្រាប់ខ្ញុំទេ? តើព្រះនៃខ្ញុំបានដកសេចក្តីក្រោធចេញទេ? តើព្រះអង្គបានទុកជីវិតឲ្យខ្ញុំជាមនុស្សដែលមានបាបធ្ងន់ជាងគេទេ?
ខ្ញុំបានប្រឆាំងព្រះគុណព្រះអង្គជាយូរមកហើយ ដោយមិនស្តាប់បង្គាប់ព្រះអង្គ និងមិនអើពើចំពោះព្រះសូរសៀងព្រះអង្គ និងបានធ្វើឲ្យព្រះអង្គឈឺចាប់ព្រះទ័យម្តងហើយម្តងទៀត ដោយសារកំហុសជាច្រើនរាប់មិនអស់។ តែព្រះអង្គសង្គ្រោះបានឈរនៅពីមុខខ្ញុំ ដោយលាព្រះហស្តដែលមានរបួសមករកខ្ញុំ។ ឥឡូវនេះ ខ្ញុំដឹងថា ព្រះអង្គជាតួនៃសេចក្តីស្រឡាញ់។ ខ្ញុំអាចដឹងបាន។ ទោះព្រះយេស៊ូវបានព្រះកន្សែងដោយសារបាបរបស់ខ្ញុំ ក៏ព្រះអង្គនៅតែស្រឡាញ់ខ្ញុំ។
ឥឡូវនេះ ចូរជញ្ជឹងគិតអំពីសេចក្តីមេត្តាដែលព្រះមានចំពោះអ្នក ដោយនាំអ្នកឲ្យមានសេចក្តីជំនឿ ហើយនៅបន្តមានព្រះទ័យអត់ធ្មត់ចំពោះអ្នក និងអត់ទោសឲ្យអ្នក។ ចូរឲ្យភាពស្ញប់ស្ញែងដែលអ្នកមានចំពោះអ្វីដែលព្រះអង្គបានធ្វើសម្រាប់អ្នកបានបណ្តាលចិត្តអ្នកឲ្យចែកចាយដល់អ្នកដទៃ អំពីសេចក្តីស្រឡាញ់ដ៏ជួយសង្គ្រោះរបស់ព្រះអង្គ។ ហើយបើសិនជាមាននរណាម្នាក់ដែលអ្នកស្គាល់ តែអ្នកមិនបានបង្ហាញសេចក្តីមេត្តារបស់ព្រះ ឬចែកចាយសេចក្តីមេត្តារបស់ព្រះអង្គដល់ពួកគេនៅពេលដែលមានឱកាស ចូរអធិស្ឋានសូមឱកាសចែកចាយម្តងទៀត ហើយឆក់យកឱកាសនោះចុះ។
ព្រះគម្ពីរសញ្ជឹងគិត៖ ទំនុកតម្កើង ៣០
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ទំនុកតម្កើង ៨៤-៨៦ និង១ពេត្រុស ២