
មានកន្លែងសម្រាប់មនុស្សម្នាក់ៗ
ដោយKaren Pimpo
August 16, 2025
ទំនុកដំកើង ៦៨:១-១០
ព្រះទ្រង់ប្រោសមនុស្សត្រមោចឲ្យបែកជាគ្រួសារឡើង។ ទំនុកដំកើង ៦៨:៦
ជារៀងរាល់ឆ្នាំ ក្រុមគ្រួសាររបស់ខ្ញុំបានរចនាប្រតិទិន ដោយខ្លួនឯង សម្រាប់ព្យួរនៅលើជញ្ជាំង តែថ្មីៗនេះ ជញ្ជាំងផ្ទះរបស់យើងមានលក្ខណៈចង្អៀតបន្តិច។ ជារៀងរាល់ខែ យើងតែងតែតុបតែងប្រតិទិននោះ ដោយរូបថតដែលយើងចូលចិត្តជាងគេ ដែលយើងថតកាលពីឆ្នាំមុន ហើយគូសចំណាំថ្ងៃសំខាន់ៗ។ នៅពេលដែលគ្រួសារយើងស្វាគមន៍សមាជិកថ្មី ដែលជាកូនប្រសារប្រុសស្រី និងក្មេងៗដែលបានចាប់កំណើតក្នុងគ្រួសារយើង យើងត្រូវដាក់បន្ថែមរូបថតបញ្ច្រៀតគ្នា ដើម្បីឲ្យគ្រប់គ្នាមានរូបថតនៅលើប្រតិទិននោះ។ សព្វថ្ងៃនេះ គ្រួសារយើងមានអ្នកធ្វើខួបកំណើតក្នុងថ្ងៃដូចគ្នា ហើយថ្ងៃឈប់សម្រាកខ្លះ បានលប់ពីលើដោយថ្ងៃខួបអាពាហ៍ពិពាហ៍។ សមាជិកថ្មីរបស់យើងមិនបានធ្វើឲ្យខូចប្រតិទិននោះទេ តែផ្ទុយទៅវិញ ពួកគេបានធ្វើឲ្យប្រតិទិននោះ កាន់តែមានតម្លៃចំពោះខ្ញុំ។
នៅក្នុងនគរព្រះ ការរាប់បញ្ចូលសមាជិកថ្មី ក្នុងគ្រួសារតែងតែជាព្រះពរ ដែលគួរឲ្យយើងអបអរ។ ព្រះគម្ពីរប៊ីបបានចែងថា ព្រះទ្រង់ប្រោសមនុស្សឯកោឲ្យមានគ្រួសារឡើង(ទំនុកដំកើង ៦៨:៦)។ ព្រះអង្គបានបង្ហាញសេចក្តីស្រឡាញ់ និងការការពាររបស់ព្រះអង្គ ក្នុងបរិបទនៃគ្រួសារ ដោយព្រះអង្គជាឪពុករបស់ក្មេងកំព្រា និងជាអ្នកការពារស្រ្តីមេម៉ាយ(ខ.៥)។ ព្រះអង្គសព្វព្រះទ័យនឹងស្វាគមន៍អ្នកដែលឯកោ អ្នកដែលគេបន្ទាបបន្ថោក ឬចោទប្រកាន់ ហើយព្រះអង្គនាំពួកឈ្លើយសឹកចេញ ដោយសម្លេងច្រៀង(ខ.៦)។
ក្នុងនាមយើងជាអ្នកជឿព្រះយេស៊ូវ ព្រះអង្គបានទទួលចិញ្ចឹមយើង ក្នុងគ្រួសាររបស់ព្រះអង្គ(កាឡាទី ៤:៥) ហើយយើងមានបេសកកម្ម ដែលត្រូវចែកចាយការអញ្ជើញរបស់ព្រះអង្គ ឲ្យអ្នកដទៃបានចូលក្នុងគ្រួសាររបស់ព្រះអង្គផងដែរ(២កូរិនថូស ៥:២០)។ កាលណាមនុស្សកាន់តែច្រើនទទួលយកការអញ្ជើញចូលគ្រួសាររបស់ព្រះអង្គ នោះគ្រួសាររបស់ព្រះអង្គកាន់តែមានភាពស្រស់ស្អាត។ យើងមិនចាំបាច់ត្រូវព្រួយបារម្ភថា គ្រួសាររបស់ព្រះអង្គនឹងអស់ធនធាន ដោយសារមានសមាជិកច្រើនពេកនោះទេ ព្រោះព្រះអង្គមានកន្លែងសម្រាប់មនុស្សម្នាក់ៗ ហើយព្រះអង្គសប្បាយព្រះទ័យ ក្នុងការបន្ថែមមនុស្សចូលគ្រួសាររបស់ព្រះអង្គ។—Karen Pimpo
តើអ្នកអាចអញ្ជើញអ្នកដទៃចូលគ្រួសាររបស់ព្រះ នៅថ្ងៃនេះ ដោយរបៀបណា?
តើការដែលព្រះអង្គមានកន្លែងសម្រាប់មនុស្សម្នាក់ៗមានអត្ថន័យដូចម្តេច ចំពោះអ្នក?
ឱព្រះអម្ចាស់ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបានស្រឡាញ់ទូលបង្គំ
និងអនុញ្ញាតឲ្យទូលបង្គំចែកចាយអំពីសេចក្តីស្រឡាញ់របស់ព្រះអង្គ ដល់អ្នកដទៃ។