នំម៉ាណាប្រចាំថ្ងៃ

ល្ងាច

អ្នក​បម្រើ​ដែល​មិន​ស័ក្ដិសម​របស់​ព្រះ  (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

អ្នក​បម្រើ​ដែល​មិន​ស័ក្ដិសម​របស់​ព្រះ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

August 16, 2025

«រួច​លោក​អធិស្ឋាន​ដល់​ព្រះយេហូវ៉ា​ថា ឱ​ព្រះយេហូវ៉ា​អើយ តើ​មិនមែន​ជា​សេចក្តី​នេះឯង​ដែល​ទូល​បង្គំ​បាន​ថា ក្នុង​កាល​ដែល​ទូល​បង្គំ​នៅ​ឯ​ស្រុក​របស់​ទូល​បង្គំ​នៅ​ឡើយ​ទេ​ឬ​អី គឺ​ដោយហេតុ​នោះ​បាន​ជា​ទូល​បង្គំ​ខំ​រត់​ទៅ​ឯ​ក្រុង​តើស៊ីស​វិញ ពីព្រោះ​ទូល​បង្គំ​បាន​ដឹង​ថា ទ្រង់​ជា​ព្រះ​ដ៏​ប្រកបដោយ​ករុណា​គុណ ក៏​មាន​ព្រះហឫទ័យ​អាណិត​អាសូរ ទ្រង់​យឺត​នឹង​ខ្ញាល់ ហើយ​មាន​សេចក្តី​សប្បុរស​ជា​បរិបូរ ក៏​តែងតែ​ប្រែ​គំនិត​ចេញពី​ការ​អាក្រក់​ផង... តែ​ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​តបនឹង​លោក​ថា ការ​ដែល​ឯង​ខឹង​ដូច្នេះតើ​គួរ​ឬ?»(យ៉ូណាស ៤:២,៤)។

ពេលណា​ក្មេងៗ​ធ្វើ​អ្វី​ខុស ពួកគេ​ច្រើនតែ​ស្វែងរក​ការ​អត់ទោស​ពី​ឪពុក​ម្តាយ ប៉ុន្តែ​ពេល​ដែល​ឪពុក​ម្តាយ​បាន​អត់​ទោស​ឲ្យ​ពួកគេ​ហើយ ពួកគេ​ក៏​បាន​និយាយ​ថា «កូន​ដឹង​ថា​កូន​បាន​ធ្វើ​ខុស ប៉ុន្តែ...កូន​បាន​ធ្វើ ដោយ​ហេតុផល​ដ៏​ល្អ​ឥតខ្ចោះ»។ យើង​ឃើញ​ថា ពួកគេ​បាន​ដោះសា តាម​របៀប​ស្រដៀង​នឹង​ហោរា យ៉ូណាស ផង​ដែរ។ ព្រះ​ទ្រង់​បាន​អត់​ទោស​ឲ្យ​គាត់ លើក​គាត់​ឡើង ហើយ​នាំ​គាត់​ឲ្យ​ដើរ​ផ្លូវ​ត្រូវ​វិញ ប៉ុន្តែ​គាត់​នៅតែ​ព្យាយាម​លើក​ហេតុ​ផល​ការពារ​ការ​មិន​ស្តាប់​បង្គាប់​របស់​គាត់។ គាត់​នៅតែ​មាន​កំហឹង និង​ប្រកែក​ជាមួយ​ព្រះ​អង្គ ខណៈ​ពេល​ដែល​គាត់​អធិស្ឋាន ដែល​ការ​ធ្វើ​ដូច​នេះ គឺ​មិន​ងាយ​ស្រួល​ទេ។

ចូរ​យើង​កត់​សម្គាល់​ថា គាត់​បាន​ប្រើ​ពាក្យ «ទូល​បង្គំ» ប៉ុន្មាន​ដង នៅ​ក្នុង​ការ​ប្រកែក​ជាមួយ​ព្រះ​អង្គ។ គាត់​បាន​និយាយ​អំពី​ខ្លួនឯង​ច្រើន​ពេក ដូច​នេះ​គាត់​គិត​អំពី​ខ្លួនឯង​ក្នុង​ចិត្ត​គាត់​ច្រើន​ពេក ពេល​ដែល​គាត់​លើកយក​រឿង​គាត់​មក​ប្រកែក​ជាមួយ​ព្រះ​អង្គ។ គាត់​ទំនង​គិត​ស្នាន​យ៉ាង​ល្ងង់​ខ្លៅ​ថា ផ្លូវ​របស់​គាត់​ល្អ​ជាង​ផ្លូវ​របស់​ព្រះ​អង្គ។

ការ​រអ៊ូរទាំ​របស់​លោក យ៉ូណាស ក៏​បាន​ចាក់ឫស​ចូល​ជ្រៅ​ទៅ​ក្នុង​ការ​មាន​ស្តង់ដារ​ពីរ។ ទោះ​គាត់​ទើបតែ​បាន​ទទួល​សេចក្តី​អាណិត និង​សេចក្តី​មេត្តា​របស់​ព្រះ​ក៏ដោយ ក៏​គាត់​នៅតែ​មិន​ចង់​ឲ្យ​ព្រះ​អង្គ​បង្ហាញ​សេចក្តី​មេត្តា​ដូច​នោះ​ដល់​មនុស្ស ដែល​គាត់​មិន​ចង់​ឲ្យ​ព្រះ​អង្គ​ប្រោស​លោះ។ 
លោក យ៉ូណាស មាន​បញ្ហា​ធំ​មួយ​ជាមួយ​ព្រះគុណ​នៃ​ការ​គ្រប់​គ្រង​របស់​ព្រះ។ គាត់​ខឹង ព្រោះ​ព្រះ​អង្គ​បាន​ធ្វើ តាម​របៀប​ដែល​គាត់​មិន​យល់ ឬ​មិន​គាំទ្រ។ ប៉ុន្តែ ព្រះ​អម្ចាស់​បាន​ប្រកាស​តាំង​ពី​យូរ​មក​ហើយ​ថា «អញ​នឹង​ប្រោស​ដល់​អ្នកណា​ដែល​អញ​ចង់​ប្រោស ហើយ​នឹង​ផ្សាយ​សេចក្តី​មេត្តា​ករុណា​ដល់​អ្នកណា​ដែល​អញ​ចង់​ផ្សាយ​ឲ្យ»(និក្ខមនំ ៣៣:១៩)។ មនុស្ស​មិន​អាច​យល់​អំពី​ព្រះគុណ​របស់​ព្រះ​សម្រាប់​មនុស្ស​មាន​បាប​បានទេ។ មនុស្ស​មិន​អាច​យល់​អំពី​មូល​ហេតុ​ដែល​ព្រះ​អង្គ​ប្រទាន​ព្រះគុណ តែ​ព្រះគុណ​ព្រះ​អង្គ​បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​គេ​ដឹង​ថា ព្រះ​អង្គ​ជា​នរណា។

នៅ​ក្នុង​ការ​ឆ្លើយតប ចំពោះ​ប្រតិកម្ម​របស់​លោក យ៉ូណាស ព្រះ​អម្ចាស់​មិន​បាន​សួរ​ថា តើ​គាត់​ខឹង ឬ​អត់ទេ ប៉ុន្តែ​ព្រះ​អង្គ​សួរ​ថា ការ​ដែល​គាត់​ខឹង​ដូច្នេះ តើ​សម​ហេតុផល​ដែរ​ឬ​ទេ? លោក យ៉ូណាស គឺជា​តំណាង​ឲ្យ​ប្រជា​ជាតិ​មួយ ដែល​ព្រះ​អម្ចាស់​បាន​ជ្រើសរើស ទោះ​ពួកគេ​បាន​វង្វេង​ចេញពី​ព្រះ​អង្គ​ក៏ដោយ ហើយ​ព្រះ​អង្គ​ក៏​បាន​ជួយ​សង្គ្រោះ​ពួកគេ ទោះ​ពួកគេ​មិន​ស្តាប់​បង្គាប់​ព្រះ​អង្គ​ក៏ដោយ។ ដូច​នេះ ចំណុច​ស្នូល​នៃ​បញ្ហា​របស់​គាត់ គឺ​ស្ថិត​នៅ​ត្រង់ថា តើ​គាត់​មាន​ហេតុផល​អ្វី ដែល​ត្រូវ​ឃាត់ឃាំង​ព្រះ​អង្គ​មិន​ឲ្យ​មាន​សេចក្តី​អាណិត​ចំពោះ​អ្នក​ដទៃ? ចម្លើយ​នោះ​គឺ គាត់​គ្មាន​ហេតុផល​ត្រឹម​ត្រូវ​ទេ។ យើង​ក៏​គ្មាន​សិទ្ធិ​ឃាត់ឃាំង​ព្រះ មិន​ឲ្យ​បង្ហាញ​សេចក្តី​មេត្តា​ចំពោះ​នរណា​ម្នាក់​ឡើយ ហើយក៏​គ្មាន​សិទ្ធិ​កំណត់​ថា ព្រះ​អង្គ​ត្រូវ​តែ​សង្គ្រោះ​រាស្រ្ត​ព្រះ​អង្គ និង​លើក​តម្កើង​ព្រះ​រាជបុត្រា​របស់​ព្រះ​អង្គ តាម​របៀប​ណាមួយ​ដែរ។

បើ​យើង​ខឹង​នឹង​ព្រះ ហើយ​រអ៊ូរទាំ​អំពី​របៀប​ដែល​ព្រះ​អង្គ​សម្រេច​ព្រះទ័យ​បំពេញ​គោលបំណង​របស់​ព្រះ​អង្គ នោះ​គឺ​ដោយសារ​យើង​បាន​ភ្លេច​ថា យើង​មាន​ភាព​មិន​ស័ក្ដិសម​ប៉ុណ្ណា ក្នុង​ការ​ទទួល​ព្រះគុណ​ព្រះ​អង្គ។ យើង​ទ្រាំទ្រ​យ៉ាង​ខ្លាំង ចំពោះ​ការ​មិន​ស្តាប់​បង្គាប់​របស់​ខ្លួនឯង បានជា​យើង​គិតថា យើង​ស័ក្តិ​សមនឹង​ឲ្យ​ព្រះ​អង្គ​សព្វ​ព្រះទ័យ​នឹង​យើង ហើយ​ប្រទាន​ពរ​យើង។ នេះ​ជា​ផ្នត់​គំនិត​ដ៏​គ្រោះ​ថ្នាក់។ អ្វីៗ​គ្រប់​យ៉ាង​ដែល​ព្រះ​អង្គ​ធ្វើ គឺ​សុទ្ធតែ​ដោយសារ​ព្រះគុណ​ព្រះ​អង្គ​ទេ។ ទាល់តែ​យើង​បាន​ស្គាល់​ព្រះគុណ​ព្រះ​ច្បាស់ ទើប​យើង​អាច​អរ​សប្បាយ នៅ​ក្នុង​សេចក្តី​មេត្តា​ដ៏​បរិបូរ​របស់​ព្រះ ដែល​បាន​ចាក់​មក​លើ​ពួក​បរិសុទ្ធ​ដែល​មិន​ស័ក្ដិសម​របស់​ព្រះ​អង្គ​យ៉ាង​ហូរហៀរ។ 


ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ យ៉ូណាស ៤
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ ទំនុក​តម្កើង ៩៤-៩៦ និង​កាឡាទី ១

ប្រភេទ