
ព្រះអង្គនឹងធ្វើតាមព្រះបន្ទូលសន្យា
ដោយAnne Cetas
August 18, 2025
១យ៉ូហាន ៣:១-៦
អស់អ្នកណាដែលមានសេចក្ដីសង្ឃឹមយ៉ាងនេះដល់ទ្រង់ នោះក៏តែងជំរះសំអាតចិត្តខ្លួន ឲ្យដូចទ្រង់ដែលស្អាតដែរ។ ១យ៉ូហាន ៣:៣
សប្បុរសជនដែលមានទ្រព្យស្តុកស្តម្ភ ក្នុងសហគមន៍ជាច្រើន នៅទូទាំងសហរដ្ឋអាមេរិក បានធ្វើការសន្យាចំពោះសិស្សទាំងឡាយ ដែលបានលើកទឹកចិត្តពួកគេយ៉ាងខ្លាំង។ បើសិនជាពួកគេរៀនបានចំណាត់ថ្នាក់ល្អ ក្នុងអំឡុងពេលការសិក្សារយៈពេល១៣ឆ្នាំនៅសាលារៀន ក្នុងស្រុករបស់ពួកគេ សប្បុរសជននឹងបង់ថ្លៃសិក្សាឲ្យពួកគេ នៅមហាវិទ្យាល័យសហគមន៍ ឬនៅសកលវិទ្យាល័យ ក្នុងរដ្ឋរបស់ពួកគេ។ តាមស្ថិតិ គេបានរកឃើញថា ក្នុងទីក្រុងមួយចំនួន ការសន្យានេះបានបណ្តាលចិត្តសិស្សជាច្រើន ក្នុងគ្រួសារអ្នកមាន ក៏ដូចជាអ្នកក្រ ឲ្យចាប់ផ្តើមរៀនសូត្របានចំណាត់ថ្នាក់ល្អ ភ្លាមៗ បន្ទាប់ពីពួកគេបានទទួលដំណឹងនេះ។ គ្រូបង្រៀនម្នាក់បានមានប្រសាសន៍ថា “ការសន្យានេះបាននាំឲ្យមានការផ្លាស់ប្តូរផ្នត់គំនិតទាំងស្រុង។ សិស្សនៅសាលាមត្តេយ្យជាច្រើន សុទ្ធតែនិយាយថា ពួកគេនឹងបានទៅរៀននៅសកលវិទ្យាល័យ។ នេះជាការពិតមែន”។ ការសន្យានេះ បានធ្វើឲ្យពួកគេកាន់តែមានទឹកចិត្ត និងក្តីសង្ឃឹមសម្រាប់ពេលអនាគត។
សាវ័កយ៉ូហានបានបង្រៀន អំពីព្រះបន្ទូលសន្យា អំពីអ្វីដែលត្រូវមក ដែលបានលើកទឹកចិត្តពួកជំនុំដំបូង ក្នុងសេចក្តីជំនឿរបស់ពួកគេ។ ព្រះយេស៊ូវបានសន្យាថា នឹងយាងមកវិញ ហើយនៅពេលដែលព្រះអង្គយាងមកវិញ “យើងនឹងបានដូចជាទ្រង់ ដ្បិតដែលទ្រង់យ៉ាងណា នោះយើងនឹងឃើញទ្រង់យ៉ាងនោះឯង”(១យ៉ូហាណ ៣:២)។ គាត់ក៏បានលើកទឹកចិត្តយើងផងដែរថា “អស់អ្នកណាដែលមានសេចក្ដីសង្ឃឹមយ៉ាងនេះដល់ទ្រង់ នោះក៏តែងជំរះសំអាតចិត្តខ្លួន ឲ្យដូចទ្រង់ដែលស្អាតដែរ”(ខ.៣)។ យើងមានក្តីសង្ឃឹម ដោយទំនុកចិត្តថា ថ្ងៃមួយ យើងនឹងបានឃើញព្រះយេស៊ូវ។ ហើយដោយសារព្រះបន្ទូលសន្យានេះ យើងកាន់តែមានចិត្តចង់មានចរិតលក្ខណៈដូចព្រះអង្គ ព្រោះព្រះអង្គស្រឡាញ់យើង ហើយយើងក៏ស្រឡាញ់ព្រះអង្គវិញ។
យើងនឹងមានអំណរប៉ុណ្ណា នៅពេលដែលយើងបានជួបព្រះយេស៊ូវមុខទល់នឹងមុខ។ ទំរាំដល់ពេលនោះ យើងបន្តដើរតាមព្រះអង្គ លូតលាស់ក្នុងជំនឿ ហើយរង់ចាំព្រះអង្គយាងមកវិញ។ ព្រះអង្គនឹងធ្វើតាមព្រះបន្ទូលសន្យារបស់ព្រះអង្គ។—Anne Cetas
តើអ្នកអាចបន្តដើរជាមួយព្រះយេស៊ូវ ដោយភាពជិតស្និទ្ធ ដូចម្តេចខ្លះ?
តើអ្នកចង់ផ្លាស់ប្រែ មានចរិតលក្ខណៈដូចព្រះអង្គ ដោយរបៀបណា?
ឱព្រះយេស៊ូវ ទូលបង្គំទន្ទឹងរង់ចាំពេលដែលទូលបង្គំនឹងបានឃើញព្រះអង្គ ហើយមានភាពពេញលេញគ្រប់យ៉ាង។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ១០០-១០២ និង ១កូរិនថូស ១