
រឿងដែលគួរខ្វល់ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
August 18, 2025
«ឯងបានអាល័យចំពោះដើមវល្លិ ដែលឯងមិនបានដាំ ឬធ្វើឲ្យដុះឡើងទេ ជាដើមដែលដុះឡើងក្នុង១យប់ ហើយបានវិនាសទៅក្នុង១យប់ដូចគ្នានោះ ដូច្នេះតើមិនគួរឲ្យអញអាល័យចំពោះក្រុងនីនីវេ ជាទីក្រុងយ៉ាងធំនេះ ដែលមានមនុស្សជាង១សែន២ម៉ឺននាក់ ជាពួកអ្នកដែលមិនស្គាល់ស្តាំមិនស្គាល់ឆ្វេងសោះ ព្រមទាំងហ្វូងសត្វយ៉ាងច្រើនផងទេឬអី?» (យ៉ូណាស ៤:១០-១១)។
ហោរា យ៉ូណាស បានចាត់ទុកខ្លួនឯងជាជនរងគ្រោះ។ គាត់យល់ឃើញថា គាត់មិនមានកំហុសទេ នៅពេលដែលគាត់ជឿថា ទីក្រុងនីនីវេគួរតែទទួលការជំនុំជម្រះ ហើយព្រះអង្គមានកំហុស នៅពេលដែលព្រះអង្គសង្គ្រោះទីក្រុងនេះ។ គាត់ក៏បានជឿផងដែរថា ព្រះអង្គមានកំហុស ពេលដែលព្រះអង្គធ្វើឲ្យដើមវល្លិក្រៀមស្វិតបណ្តាលឲ្យគាត់ត្រូវកម្តៅថ្ងៃ។
ព្រះអង្គក៏បានឆ្លើយតប ដោយមិនបានសន្ទនាជាមួយគាត់ ផ្អែកទៅលើការបដិសេធន៍ដ៏សោកសៅរបស់គាត់នោះទេ តែផ្ទុយទៅវិញ ព្រះអង្គបានលើកជាសំណួរដ៏សំខាន់មួយថា «ការដែលឯងខឹងពីដំណើរដើមវល្លិនោះ តើគួរឬ?»(យ៉ូណាស ៤:៩)។ ត្រង់ចំណុចនេះ ព្រះអង្គនាំអារម្មណ៍គាត់ ឲ្យគិតអំពីរឿងតូចឡើងទៅដល់រឿងធំ ដោយសួរគាត់ថា បើគាត់អាចខ្វល់អំពីរុក្ខជាតិដែលបានដុះឡើង ហើយក្រៀមស្វិតទៅវិញក្នុងរយៈពេលតែមួយថ្ងៃ ចុះទម្រាំតែព្រះអង្គជាព្រះដ៏រស់វិញ តើព្រះអង្គមានសិទ្ធិខ្វល់អំពីប្រជាជននៅទីក្រុងនីនីវេជាងអម្បាលម៉ាន? ព្រះអង្គកំពុងត្រាស់ហៅលោក យ៉ូណាស ឲ្យពិចារណាឡើងវិញ អំពីការអ្វីដែលគាត់គួរឲ្យតម្លៃបំផុត។
សំណួររបស់ព្រះទៅកាន់លោក យ៉ូណាស ក៏ជាសំណួរសម្រាប់យើងផងដែរ។ តើមានរឿងអ្វីក្នុងជីវិតយើង ដែលយើងខ្វល់ខ្លាំងជាងការមើលឃើញអ្នកមិនជឿព្រះប្រែក្លាយជាអ្នកដើរតាមព្រះយេស៊ូវគ្រីស្ទ ដោយការប្ដេជ្ញាចិត្ត? បើយើងពិនិត្យមើលចិត្តខ្លួនឯងឲ្យបានដិតដល់ យើងប្រហែលជាកត់សំគាល់ឃើញថា ទាក់ទងនឹងការប្រើប្រាស់ពេលវេលា អំណោយទាន ប្រាក់កាស និងសេរីភាពរបស់យើង យើងច្រើនតែចាត់ទុករឿងតូចតាច ជារឿងធំដោយមិនដឹងខ្លួន។ ពេលអ្នកដទៃសង្កេតមើលយើង ពួកគេអាចគិតថា យើងខ្វល់អំពីភាពសុខស្រួលរបស់ខ្លួនឯង ខ្លាំងជាងគិតអំពីវិញ្ញាណបាត់បង់ជាច្រើន ដែលមិនបានឮដំណឹងល្អ។
តើលោក យ៉ូណាស បានឆ្លើយតប ចំពោះសំណួររបស់ព្រះអង្គដូចម្តេចខ្លះ? យើងមិនដឹងទេ។ កណ្ឌគម្ពីរយ៉ូណាសបានបញ្ចប់ដោយសំណួរមួយនេះឯង។ ប៉ុន្តែ សំណួរសំខាន់បំផុតមិនបានសួរថា តើលោក យ៉ូណាស បានឆ្លើយតបដូចម្តេចនោះទេ? កណ្ឌគម្ពីរនេះទាំងមូលបាននិយាយសង្កត់ធ្ងន់ អំពីសេចក្តីអាណិតរបស់ព្រះអម្ចាស់។ សំណួរសំខាន់បំផុតនោះគឺ តើយើងដែលជាអ្នកអានកណ្ឌគម្ពីរនេះ មានការយល់ដឹងយ៉ាងណា អំពីព្រះគុណរបស់ព្រះអង្គ?
តើយើងនឹងយកគំរូតាមព្រះអង្គ ដោយខ្វល់ខ្វាយអំពីអ្នកដទៃ ចង់ឲ្យពួកគេប្រែចិត្តចេញពីអំពើបាប ហើយទុកចិត្តព្រះអង្គដែរឬទេ? តើចិត្តយើងនឹងបានដូចចិត្តលោកយ៉ូណាស ឬដូចព្រះទ័យព្រះអម្ចាស់? នេះជាពេលដែលយើងត្រូវឈប់ខ្វល់អំពីបញ្ហាក្នុងលោកីយ៍ខ្លាំងជាងការឈោងចាប់វិញ្ញាណបាត់បង់ក្នុងសហគមន៍របស់យើងថ្វាយព្រះគ្រីស្ទ។ យើងមានអំណរដែលបានស្គាល់សេចក្តីមេត្តារបស់ព្រះគ្រីស្ទក្នុងជីវិតយើងតាមរយៈព្រះយេស៊ូវ។ ហើយការឆ្លើយតបស័ក្ដិសមបំផុត ចំពោះឯកសិទ្ធិដ៏ប្រសើរនេះ គឺជាការលះបង់ផ្ទាល់ខ្លួន ដើម្បីឲ្យអ្នកដទៃបានស្គាល់ព្រះអង្គផងដែរ។ ព្រះអង្គសួរយើងថា តើយើងខ្វល់អំពីអ្វីជាងគេ? តើខ្វល់អំពីផ្ទះ? ទ្រព្យសម្បត្តិ? ឬឧបករណ៍ទំនើបៗរបស់អ្នក? ឬយើងខ្វល់អំពីមនុស្សនៅតាមផ្លូវ ដែលមិនដែលបានស្គាល់ព្រះយេស៊ូវ?
ព្រះគម្ពីរសញ្ជឹងគិត៖ ម៉ាថាយ ២៨:១៦-២០
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ទំនុកតម្កើង ១០០-១០២ និងកាឡាទី ៣