នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

បុព្វបុរសខាងវិញ្ញាណ

បុព្វបុរសខាងវិញ្ញាណ

ដោយNancy Gavilanes

August 23, 2025

ម៉ាថាយ ១:១-៦,១២-១៧
នេះបញ្ជីពង្សាវតារពីព្រះយេស៊ូវគ្រីស្ទ ជាវង្សាហ្លួងដាវីឌ នឹងជាជំនួរវង្សនៃលោកអ័ប្រាហាំដែរ។ ម៉ាថាយ ១:‌១
បន្ទាប់ពីខ្ញុំ បានធ្វើតេស្តDNA ដើម្បីរកមើលខ្សែលោហិតរបស់គ្រួសារខ្ញុំ កាលពីរបីឆ្នាំមុន ខ្ញុំមានចម្ងល់ជាច្រើន អំពីបុព្វបុរសរបស់ខ្ញុំ។ ខ្ញុំអរព្រះគុណព្រះ ដែលខ្ញុំបានឮរឿងខ្លះៗ អំពីសាច់ញាតិពីរបីនាក់របស់ឪពុកខ្ញុំដែលបានលាចាកលោក និងអំពីសាច់ញាតិរបស់ម្តាយខ្ញុំ។ ពេលខ្ញុំបានឮគេនិយាយអំពីបុព្វបុរសរបស់ខ្ញុំ ខ្ញុំមានអារម្មណ៍ថា ខ្ញុំមានការជាប់ទាក់ទងនឹងឫសគល់នៃគ្រួសាររបស់ខ្ញុំ ហើយខ្ញុំមានចិត្តចង់ស្វែងយល់អំពីបទពិសោធន៍របស់ពួកគេ។ 
នៅពេលដែលយើងនិយាយអំពីឫសគល់ខាងវិញ្ញាណរបស់យើង យើងអាចនឹកចាំ អំពីពង្សាវតាររបស់ព្រះយេស៊ូវ ដែលមានចែងក្នុងបទគម្ពីរ ម៉ាថាយ ១:១-១៧ និង លូកា ៣:២៣-៣៨។ ពង្សាវតាររបស់ព្រះយេស៊ូវ បានបង្ហាញឲ្យយើងដឹងថា ព្រះអង្គគឺជាព្រះមែស៊ី និងជាកូនចៅជំនាន់ក្រោយរបស់លោកអ័ប្រាហាំ។ 
ពេលដែលយើងអានពង្សាវតាររបស់ព្រះអង្គ យើងឃើញសេចក្តីស្មោះត្រង់របស់ព្រះអង្គ ក្នុងការសម្រេចព្រះបន្ទូលសន្យា ដែលត្រូវប្រទានពរលោកអ័ប្រាហាំ ឲ្យក្លាយជាឪពុកនៃសាសន៍ជាច្រើន(លោកុប្បត្តិ ១៧:១-៨)។ រយៈពេលជាង២ពាន់ឆ្នាំ បន្ទាប់ពីព្រះបន្ទូលសន្យានេះបានសម្រេច សាវ័កម៉ាថាយបានសរសេរថា “នេះបញ្ជីពង្សាវតារពីព្រះយេស៊ូវគ្រីស្ទ ជាវង្សាហ្លួងដាវីឌ នឹងជាជំនួរវង្សនៃលោកអ័ប្រាហាំដែរ”(ម៉ាថាយ ១:១)។ 
ជំនួរវង្សក្នុងព្រះគម្ពីរប៊ីប បានបង្ហាញឲ្យយើងស្គាល់បុព្វបុរសរបស់ព្រះយេស៊ូវ។ យើងឃើញឈ្មោះរបស់ស្តេច ដូចជាស្តេចដាវីឌជាដើម និងឈ្មោះមនុស្សសាមញ្ញ ដូចជាលោកយ៉ូសែប ជាជាងឈើ។ ហើយកណ្ឌគម្ពីរម៉ាថាយ បានរាប់បញ្ចូលស្រ្តី៥នាក់ ដែលមានដូចជា នាងតាម៉ារ នាងបាសេបា នាងរ៉ាហាប និងនាងរស់(ទាំងពីរនាក់នេះគឺជាសាសន៍ដទៃ) និងនាងម៉ារា។
ទោះយើងបានស្គាល់បុព្វបុរសខាងសាច់ឈាមរបស់យើង ឬអត់ យើងអាចស្គាល់បុព្វបុរសខាងវិញ្ញាណរបស់យើង ក្នុងព្រះគម្ពីរប៊ីប ព្រោះយើងជាសមាជិកនៃគ្រួសាររបស់ព្រះ។ យើងមានចិត្តក្លាហានឡើង នៅពេលដែលយើងបានដឹងថា ព្រះទ្រង់មានព្រះទ័យស្មោះត្រង់ប៉ុណ្ណា ចំពោះពួកគេ។—Nancy Gavilanes

ហេតុអ្វីការស្គាល់ប្រវត្តិខាងវិញ្ញាណរបស់អ្នក មានសារៈសំខាន់?
 តើអ្នកអាចរៀនសូត្របានអ្វីខ្លះ ពីបុព្វបុរសខាងវិញ្ញាណរបស់អ្នក? 
ឱព្រះវរបិតាដែលគង់នៅស្ថានសួគ៌ ទូលបង្គំសូមអរព្រះគុណព្រះអង្គ 
ដែលបានឲ្យទូលបង្គំធ្វើជាសមាជិកនៃគ្រួសាររបស់ព្រះអង្គ។ 
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ១១៣-១១៥ និង ១កូរិនថូស ៦
 

ល្ងាច

ព្រះ​ទ្រង់​ធំ​គ្រប់​គ្រាន់​សម្រាប់​យើង (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ព្រះ​ទ្រង់​ធំ​គ្រប់​គ្រាន់​សម្រាប់​យើង (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

August 23, 2025

«ឯ​ប៉ុល គាត់​ឈរ​នៅ​កណ្តាល​ទីអើរីយ៉ូស សម្ដែង​ថា ឱ​ពួក​អ្នក​នៅ​ក្រុង​អាថែន​អើយ... ខ្ញុំ​នឹង​ប្រាប់​ដល់​អ្នក​រាល់​គ្នា​ពី​ព្រះ ដែល​អ្នក​រាល់​គ្នា​គោរព​បូជា ដោយ​ឥត​ស្គាល់​នោះ​ឯង»(កិច្ចការ ១៧:២២-២៣)។

យើង​មិន​អាច​ប្រកាស​ដំណឹង​ល្អ​របស់​ព្រះ​យេស៊ូវ ដោយ​មិន​បាន​យល់​គោលលទ្ធិ​អំពី​ព្រះ​បាន​ទេ។ ក្នុង​សៀវភៅ​ដែល​លោក ចេ.ប៊ី. ភីលីព (J.B. Phillips) បាន​និពន្ធ​មាន​ចំណង​ជើង​ថា ព្រះ​របស់​អ្នក​តូច​ពេក​ហើយ គាត់​បាន​សរសេរ​ថា «សព្វថ្ងៃ​នេះ មនុស្ស​ទាំង​ប្រុស​ស្រី​ច្រើនតែ​រស់នៅ ដោយ​គ្មាន​ភាព​ស្កប់​ស្កល់​នៅ​ក្នុង​ចិត្ត ដោយ​ពួកគេ​មិន​មាន​ជំនឿ​លើ​ព្រះ​ទាល់តែសោះ... ក្នុង​គំនិត​របស់​ពួកគេ​ជា​មនុស្ស​ពេញវ័យ ពួកគេ​មិន​ទាន់​បាន​រក​ឃើញ​ព្រះ ដែល​ធំ​ល្មម​នឹង​អាច​បក​ស្រាយ​ឲ្យ​ពួកគេ​យល់​អត្ថន័យ និង​គោលបំណង​របស់​ជីវិត​បានទេ»។1 ដូច​នេះ ពេលណា​យើង​និយាយ​អំពី​ចារិត​លក្ខណៈ វិសាល​ភាព និង​សិរី​ល្អ​របស់​ព្រះ​ឲ្យ​គេ​បាន​ស្គាល់ យើង​ត្រូវតែ​ប្រើ​ពាក្យ​ដែល​ស័ក្ដិសម​បំផុត។

កាល សាវ័ក ប៉ុល ចែកចាយ​ដំណឹង​ល្អ គាត់​បាន​ទៅ​ជួប​ពួក​អ្នក​ដឹកនាំ​សាសនា ជន​សាមញ្ញ ក៏​ដូចជា​ពួក​អ្នក​ប្រាជ្ញ ព្រោះ​គាត់​ទទួល​ស្គាល់​ថា ដំណឹង​ល្អ​របស់​ព្រះ មាន​អត្ថន័យ​ពេញលេញ និង​គ្រប់​គ្រាន់ សម្រាប់​ឆ្លើយតប​សំណួរ​របស់​មនុស្ស​គ្រប់​គ្នា (កិច្ចការ ១៧:២៤-៣១)។ យើង​អាច​រៀន​សូត្រ​ពី​ការ​បក​ស្រាយ​របស់​គាត់ អំពី​លក្ខណសម្បត្តិ​ជា​គន្លឹះ៥យ៉ាង​របស់​ព្រះ​អង្គ ដែល​អាច​នាំ​ឲ្យ​គេ​ស្គាល់​ព្រះ​អង្គ​បាន ដូច​តទៅ៖ 
ព្រះ​អង្គ​ជា​ព្រះអាទិករ។ ព្រះ​អង្គ​បាន​បង្កើត​ពិភពលោក ដោយ​មិន​មាន​អ្វី​បង្កើត​ព្រះ​អង្គ​ទេ ព្រះ​អង្គ​មាន​លក្ខណៈ​ពិសេស​ខុសពី​ស្នា​ព្រះ​ហស្ត​ព្រះ​អង្គ និង​មិន​ស្ថិត​នៅ​ក្រោម​ពេល​វេលា។ ព្រះ​អង្គ​មិនមែន​ជា​អំណាច ឬ​អំណាច​ខ្លាំង​ជាងគេ ដែល​យើង​អាច​គ្រប់​គ្រង ឬ​កែ​ច្នៃ​តាម​ការ​រចនា​របស់​យើង​នោះ​ឡើយ។ 
ព្រះ​អង្គ​ជា​អ្នក​ទ្រទ្រង់។ ព្រះ​អង្គ​ជា​អ្នក​ប្រទាន​ជីវិត និង​ខ្យល់​ដង្ហើម។ ព្រះ​ដែល​ជា​អ្នក​ទ្រទ្រង់​ជីវិត មិន​ត្រូវ​ការ​ឲ្យ​ដៃ​មនុស្ស​បម្រើ​ព្រះ​អង្គ​ទេ ហើយក៏​មិន​ត្រូវ​ការ​ឲ្យ​គេ​ទ្រទ្រង់​ព្រះ​អង្គ​ដែរ។
ព្រះ​អង្គ​ជា​អ្នក​គ្រប់​គ្រង។ ព្រះ​អង្គ​បង្គាប់​បញ្ជា​ប្រជា​ជាតិ​ទាំងឡាយ។ ប្រវត្តិ​សាស្ត្រ ភូមិ​សាស្ត្រ រដ្ឋាភិបាល និង​ចក្រវាល​ទាំងមូល ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ព្រះ​អង្គ។ គ្មាន​ហេតុការណ៍​ណាមួយ ដែល​កើត​ឡើង ដោយ​ព្រះ​អង្គ​មិន​បាន​ជ្រាប​ជាមុន​នោះ​ទេ។ សូម្បីតែ​អំពើបាប​របស់​មនុស្ស ក៏​ព្រះ​អង្គ​ប្រើ ដើម្បី​សម្រេច​គោលបំណង​របស់​ព្រះ​អង្គ​ដែរ។ ជាង​នេះ​ទៅទៀត ក្នុង​នាម​ព្រះ​អង្គ​ជា​អ្នក​គ្រប់​គ្រង ព្រះ​អង្គ​បាន​ដាក់​មនុស្ស​ម្នាក់ៗ​នៅ​កន្លែង​ណាមួយ ក្នុង​ពេលណា​មួយ​ក្នុង​ប្រវត្តិ​សាស្ត្រ ដើម្បី​ឲ្យ​យើង​អាច​ស្វែងរក​ព្រះ​អង្គ រក​ឃើញ​ព្រះ​អង្គ ហើយ​សរសើរ​តម្កើង​ព្រះ​នាម​ដ៏​បរិសុទ្ធ​របស់​ព្រះ​អង្គ។ 
ព្រះ​ទ្រង់​ជា​ព្រះវរបិតា។ បុរស​និង​ស្ត្រី​គឺជា «ពូជ» របស់​ព្រះ​អង្គ (កិច្ចការ ១៧:២៨) ក្នុង​ន័យ​ថា ព្រះ​អង្គ​បាន​ប្រទាន​ជីវិត​ដល់​មនុស្ស​ម្នាក់ៗ រាប់​ចាប់​តាំងពី​លោក​អ័ដាម ហើយ​លោក​អ័ដាម​ជា​កូន​ព្រះ​អង្គ (លូកា ៣:៣៨)។ ព្រះ​អង្គ​បាន​បង្កើត​យើង​ម្នាក់ៗ​មក ឲ្យ​ចំ​នឹង​រូប​អង្គ​ទ្រង់។ យើង​ជា​ជីវិត​ដែល​មាន​ក្រម​សីលធម៌ ដែល​ព្រះ​អង្គ​បាន​បង្កើត​មក ឲ្យ​ដឹង​ខុស​ដឹង​ត្រូវ ហើយ​យើង​មាន​ការ​រីកចម្រើន​ពិត​ប្រាកដ តែ​នៅ​ក្នុង​ទំនាក់​ទំនងជា​មួយ​ព្រះ​អង្គ​ប៉ុណ្ណោះ។
ព្រះ​ទ្រង់​គឺ​ជា​ចៅ​ក្រម។ ព្រះ​អង្គ​មាន​អំណាច​មក​លើ​ផែនដី​ទាំងមូល។ ថ្ងៃ​ជំនុំជម្រះ​នឹង​មកដល់​នៅ​គ្រា​ចុង​ក្រោយ និង​មាន​យុត្តិ​ធម៌។ នៅពេល​នោះ ព្រះ​អង្គ​នឹង​ជំនុំ​ជម្រះ​អំពើ​អយុត្តធម៌ ហើយ​កែ​តម្រង់​កំហុស​ទាំង​អស់។ ជា​ការ​ពិត​ណាស់ ព្រះ​ទ្រង់​បាន​ធ្វើ​អន្តរាគមន៍​តាមរយៈ​ព្រះយេស៊ូវ​ជា​ព្រះ​រាជបុត្រា​ព្រះ​អង្គ ហើយ​តាមរយៈ​ការ​មាន​ព្រះ​ជន្ម​ឡើង​វិញ​របស់​ព្រះយេស៊ូវ ព្រះ​អង្គ​បាន​ប្រកាស អំពី​ភាព​ជា​ចៅ​ក្រម​របស់​ព្រះយេស៊ូវ។ គឺ​ដោយសារ​សេចក្តី​សប្បុរស និង​ការ​អត់​ធ្មត់​របស់​ព្រះ​អង្គ ទើប​ព្រះ​អង្គ​ប្រកាស​អំពី​ការ​ជំនុំជម្រះ ដើម្បី​ឲ្យ​យើង​មាន​ឱកាស​ប្រែ​ចិត្ត និង​ស្វែងរក​ការ​អត់​ទោស​បាប​ពី​ព្រះ​អង្គ។ 
ជា​ការ​ពិត​ណាស់ ព្រះ​អង្គ​ធំ​ល្មម គឺ​ធំជាង​ការ​យល់​ឃើញ​របស់​មនុស្ស​នៅ​ក្នុង​ការ​ប្រតិបត្តិ​តាម​បែប​សាសនា។ ព្រះ​អង្គ​ធំ​ល្មម​សម្រាប់​អ្នក និង​ខ្ញុំ និង​សម្រាប់​ការ​ព្រួយ​បារម្ភ និង​ទុក្ខ​សោក​គ្រប់​យ៉ាង។ ព្រះ​អង្គ​ធំ​ល្មម​នឹង​បំពេញ​ចំណេះ​ដឹង​ដែល​យើង​ស្វែងរក ហើយ​ធំ​ល្មម​នឹង​បំពេញ​ត្រូវ​ការ​ផ្លូវ​ចិត្ត ហើយ​ជា​ពិសេស គឺ​ធំ​ល្មម​នឹង​ឲ្យ​យើង​រស់នៅ​ថ្វាយ​ព្រះ​អង្គ។ ដែល​អ្នក​បាន​ស្គាល់​ព្រះ​ច្បាស់​ប៉ុណ្ណា នោះ​អ្នក​នឹង​ក៏​មាន​ការ​ស្តាប់​បង្គាប់​ព្រះ​អង្គ ដោយ​អំណរ​ប៉ុណ្ណោះ​ដែរ ហើយក៏​និយាយ​អំពី​ព្រះ​អង្គ ដោយ​ទំនុក​ចិត្ត ដោយ​អំណរ។ 


ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ អេសាយ ៤៤:៦-៨
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ ទំនុក​តម្កើង ១១៣-១១៥ និង​២កូរិនថូស ២

ប្រភេទ