
ធ្វើជាព្រះពរសម្រាប់គូរប្រជែង
ដោយLisa Samra
August 25, 2025
១ថែស្សាឡូនិច ៥:១៥-១៨
ចូរដេញតាមការល្អជាដរាប ដល់គ្នាទៅវិញទៅមក ហើយដល់មនុស្សផងទាំងឡាយដែរ។ ១ថែស្សាឡូនិច ៥:១៥
ក្នុងអំឡុងពេលនៃការប្រកួតដ៏ក្តៅគគុក រវាងក្រុមកីឡាករបាល់ទាត់វិទ្យាល័យ ដែលមានឈ្មោះល្បីជាយូរមកហើយ គឺក្រុមឥន្ទ្រី និងក្រុមអ្នកត្រួសត្រាយផ្លូវ ក្រុមឥន្ទ្រីបានទាល់បាល់បញ្ចូលទី។ បាល់បានហោះទៅបុកសំណាញ់ ធ្លាយចេញតាមប្រហោង ទៅខាងក្រោយទី។ អាប៊ីតមិនបានឃើញបាល់ចូលទៅក្នុងទី តែឃើញតែបាល់នៅក្រៅសំណាញ់ បានជាគាត់មិនបានដាក់ពិន្ទុឲ្យក្រុមឥន្ទ្រី។ គ្រូបង្វឹករបស់ក្រុមអ្នកត្រួសត្រាយផ្លូវ ក៏បានឃើញបាល់ចូលទីដែរ។ គាត់អាចនៅស្ងៀម តែគាត់បានស្ម័គ្រចិត្តគាំទ្រការអះអាងរបស់គ្រូបង្វឹករបស់ក្រុមឥន្ទ្រី។ អាប៊ីតក៏បានឲ្យពិន្ទុទៅក្រុមឥន្ទ្រី។ នៅថ្ងៃនោះ ក្រុមអ្នកត្រួសត្រាយផ្លូវបានប្រកួតចាញ់ ដោយពិន្ទុ ២ទល់នឹង៣។
នៅពេលដែលយើងមើលឃើញផលប្រយោជន៍ យើងមិនពិបាកបើកមាត់និយាយឡើយ តែព្រះគម្ពីរប៊ីបបានលើកទឹកចិត្តអ្នកជឿព្រះយេស៊ូវ ឲ្យ “ដេញតាមការល្អជាដរាប ដល់គ្នាទៅវិញទៅមក ហើយដល់មនុស្សផងទាំងឡាយដែរ”(១ថែស្សាឡូនិច ៥:១៥)។ ត្រង់ចំណុចនេះ ព្រះទ្រង់សព្វព្រះទ័យឲ្យយើងមានចិត្តចង់ធ្វើល្អ មិនគ្រាន់តែសម្រាប់មិត្តភក្តិរបស់យើងប៉ុណ្ណោះទេ តែក៏សម្រាប់គួរប្រជែង ឬសត្រូវរបស់យើង ដោយមិនគិតអំពីផលចំណេញ ពីទង្វើរបស់យើង ឬរំពឹងថា នឹងបានទទួលអ្វីត្រឡប់មកវិញឡើយ(លូកា ៦:៣៥)។
ការធ្វើអំពើល្អសម្រាប់គូរប្រជែង ឬគូរប្រកួត អាចជាការនិយាយប្រាប់អ្នកទិញ ឲ្យទៅទិញឥវ៉ាន់នៅក្នុងហាង ឬតូបរបស់គូរប្រជែងរបស់អ្នក នៅពេលដែលអ្នកមិនមានឥវ៉ាន់ដែលគេចង់ទិញ តែគូរប្រជែងរបស់អ្នកមាន ទោះការនេះនឹងធ្វើឲ្យគាត់បានទទួលផលចំណេញច្រើនជាងអ្នកក៏ដោយ។ ការធ្វើអំពើល្អ អាចមានន័យថា អ្នកជួយបោសសំរាមនៅមុខផ្ទះអ្នកជិតខាងរបស់អ្នក ទោះគាត់មិនទំនងជានិយាយអរគុណអ្នកក៏ដោយ។
ខណៈពេលដែលយើងប្រឹងប្រែងធ្វើអំពើល្អ សម្រាប់អ្នកដទៃ យើងកំពុងតែបង្ហាញឲ្យគេដឹងថា ព្រះទ្រង់មានសេចក្តីស្រឡាញ់ចំពោះមនុស្សទាំងអស់។—Lisa M. Samra
តើអ្នកបានជួយក្រុមដែលជាគូរប្រជែងរបស់អ្នក នៅពេលណា ទោះការនេះបានធ្វើឲ្យអ្នកខាតបង់ក៏ដោយ?
តើការនេះបានបង្ហាញឲ្យគេស្គាល់សេចក្តីស្រឡាញ់របស់ព្រះ ដូចម្តេចខ្លះ?
ឱព្រះយេស៊ូវ សូមព្រះអង្គជួយទូលបង្គំ ឲ្យព្យាយាមធ្វើការល្អ សម្រាប់អ្នកដទៃ
ដោយអំណាចនៃព្រះវិញ្ញាណបរិសុទ្ធ ទោះមានការពិបាកក៏ដោយ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ១១៩:១-៨៨ និង ១កូរិនថូស ៧:២០-៤០