
នាំទៅរកវាលស្មៅល្អៗ
ដោយKirsten Holmberg
August 26, 2025
អេសេគាល ៣៤:១១-១៦
ខ្លួនអញនឹងធ្វើជាអ្នកគង្វាលដល់ហ្វូងចៀមរបស់អញ ហើយអញនឹងឲ្យវាដេកនៅ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។ អេសេគាល ៣៤:១៥
ចរាចរណ៍មានការជាប់គាំងទៅមុខមិនរួច ខ្ញុំមិនដឹងថា មានរឿងអ្វីកើតឡើងទេ។ នៅតាមផ្លូវ ខ្ញុំមិនឃើញមានឡានច្រើនទេ ហើយខ្ញុំមិនដឹងច្បាស់ថា ហេតុអ្វីបានជាពួកគេឈប់មិនទៅមុខទៀត។ បន្ទាប់មក ភ្លាមៗនោះ ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក៏ដូចជាមានចិត្តរីករាយ នៅពេលដែលបានឃើញសត្វចៀមរាប់ពាន់ក្បាល លេចចេញមក ដើរឆ្លងផ្លូវទាំងហ្វូង។ ក្នុងនាមខ្ញុំជាអ្នកចំណូលថ្មី ក្នុងរដ្ឋអាយដាហូ ខ្ញុំមិនទាន់បានដឹងអំពីការផ្លាស់ទីប្រចាំឆ្នាំរបស់សត្វចៀម ចូលទៅក្នុងតំបន់ជើងភ្នំប៊យស៊ី រៀងរាល់រដូវផ្ការីកមកដល់ទេ។ កសិករក្នុងតំបន់បាននាំសត្វចៀមរបស់ពួកគេទាំងហ្វូងៗ ចូលក្នុងតំបន់ជើងភ្នំនោះ ជាកន្លែងដែលពួកគេស៊ីស្មៅរហូតដល់រដូវក្តៅ។
ដោយសារខ្ញុំរស់នៅតែក្នុងតំបន់ប្រជុំជន និងជាយក្រុង ពេញមួយជីវិតខ្ញុំ ការផ្លាស់ទីរបស់ពួកវា បានបង្កើតជាទិដ្ឋភាពដ៏កម្រ គួរឲ្យពេចពិលរមិលមើលចំពោះខ្ញុំណាស់។ ប៉ុន្តែ សត្វចៀមគឺជាផ្នែកមួយនៃជីវភាពដ៏សាមញ្ញរបស់មនុស្ស ក្នុងសម័យហោរាអេសេគាល(និងក្នុងភាគច្រើននៃប្រវត្តិសាស្រ្ត ដែលបានកត់ទុកក្នុងព្រះគម្ពីរប៊ីប)។ ដើម្បីនាំព្រះបន្ទូលនៃការកម្សាន្តចិត្ត និងក្តីសង្ឃឹម ទៅកាន់ពួកបណ្តាជន លោកហោរាបានលើកឡើង អំពីរឿងដែលមនុស្ស នៅសម័យរបស់គាត់ស្គាល់ច្បាស់ គឺសត្វចៀម និងការចិញ្ចឹមសត្វចៀម។
ហោរាអេសេគាលបាននាំមកនូវពាក្យដែលមានការកម្សាន្តចិត្ត និងក្តីសង្ឃឹម ទៅកាន់រាស្រ្តអ៊ីស្រាអែល ដោយប្រាប់ពួកគេថា ទោះពួកគេបានឆ្លងកាត់ទុក្ខលំបាកជាច្រើនឆ្នាំក្នុងចក្រភពបាប៊ីឡូន ដែលជាផលវិបាកនៃការបះបោរទាស់នឹងព្រះក៏ដោយ ក៏ព្រះអង្គនឹងស្អាងពួកគេឡើងវិញ ឲ្យវិលត្រឡប់ទៅទឹកដីរបស់ពួកគេ(អេសេគាល ៣៤:១៣)។ នៅទីនោះ ព្រះអង្គដែលជាអ្នកគង្វាលល្អ ទ្រង់នឹងថែរក្សាពួកគេក្នុងទីវាលល្អៗ ហើយពួកគេនឹងដេកចុះនៅលើដីដែលមានស្មៅដុះល្អ(ខ.១៤)។
ត្រង់ចំណុចនេះ ព្រះអង្គកំពុងបង្ហាញការយកព្រះទ័យទុកដាក់ចំពោះរាស្រ្តរបស់ព្រះអង្គ ស្រដៀងនឹងការឃ្វាលចៀមផងដែរ។ យើងអាចទុកចិត្តថា ព្រះអង្គដែលជាអ្នកគង្វាលយើង ទ្រង់នឹងដឹកនាំយើង ទៅមុខ ឆ្លងកាត់ការរស់នៅក្នុងលោកិយនេះ ទៅរកវាលស្មៅល្អៗ(ខ.១៣-១៤) ទោះយើងប្រហែលជាមានអារម្មណ៍ថា “ខ្ចាត់ខ្ចាយ” ដូចចៀមនៅក្នុងគ្រាដ៏លំបាកក៏ដោយ(ខ.១២)។—Kirsten Holmberg
តើព្រះទ្រង់ដឹកនាំអ្នក ឆ្លងកាត់រដូវកាលដ៏ពិបាក នៅពេលណា?
តើអ្នកអាចទុកចិត្តថា ព្រះអង្គនឹងធ្វើជាអ្នកគង្វាលល្អរបស់អ្នក នៅថ្ងៃនេះ ដូចម្តេចខ្លះ?
ឱព្រះអម្ចាស់ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបានធ្វើជាអ្នកគង្វាលល្អ ដែលសុភាព និងអាចទុកចិត្តបាន។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ១១៩:៨៩-១៧៦ និង ១កូរិនថូស ៨