
ព្រះអង្គសង្គ្រោះមានព្រះទ័យអត់ធ្មត់ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
August 26, 2025
«ពួកសិស្សដាស់ទ្រង់ឡើងទូលថា លោកគ្រូអើយ យើងវិនាស ហើយលោកមិនរវល់ទេឬអី។ កាលតើនឡើង ទ្រង់កំហែងខ្យល់ ក៏បង្គាប់ទៅសមុទ្រថា ចូរស្ងៀមទៅ ហើយឈប់ចុះ នោះខ្យល់ក៏ស្ងប់ ហើយស្ងាត់ឈឹងសូន្យទាំងអស់ទៅ។ រួចទ្រង់មានព្រះបន្ទូលថា ហេតុអ្វីបានជាអ្នករាល់គ្នាភ័យដល់ម៉្លេះ ម្តេចក៏គ្មានសេចក្តីជំនឿ»(ម៉ាកុស ៤:៣៨-៤០)។
នៅពេលដែលខ្យល់ព្យុះកំពុងបញ្ចេញកំហឹង ធ្វើឲ្យពួកសិស្សមានការភ័យខ្លាច ព្រះយេស៊ូវមិនគ្រាន់តែបានបង្ហាញចេញនូវសន្តិភាព តែក៏បានបង្ហាញព្រះទ័យអត់ធ្មត់ក្នុងការឆ្លើយតបចំពោះពួកគេផងដែរ។
ពួកគេបានចោទព្រះអង្គថា ព្រះអង្គមិនបានខ្វល់ថា ពួកគេកំពុងតែវិនាសនោះទេ។ ព្រះអង្គមិនបានកំហែងពួកគេទេ តែបានកំហែងខ្យល់ព្យុះ និងទឹករលកវិញ។ រឿងនេះពិតជាគួរឲ្យកត់សំគាល់ណាស់! គ្មានគ្រូណាដែលមានសិស្សដែលរៀនយឺតយ៉ាងនេះ ហើយក៏គ្មានសិស្សណាដែលមានគ្រូដែលអត់ធ្មត់ និងមានការអត់ទោសដូចព្រះយេស៊ូវដែរ។
ព្រះទ័យអត់ធ្មត់របស់ព្រះអង្គមិនគ្រាន់តែបានបង្ហាញចេញមកក្នុងរឿងនេះប៉ុណ្ណោះទេ តែបានបង្ហាញចេញមកក្នុងព្រះរាជកិច្ចរបស់ព្រះអង្គទាំងមូល ដោយព្រះអង្គបានបង្ហាញព្រះទ័យអត់ធ្មត់ក្នុងការឆ្លើយតប ចំពោះអារម្មណ៍ និងកំហុសរបស់ពួកសាវ័ក។ ក្នុងបទគម្ពីរម៉ាកុសជំពូក៦ បន្ទាប់ពីព្រះយេស៊ូវបានប្រទានអាហារដល់មនុស្ស៥ពាន់នាក់ ដោយប្រើនំប៉័ងតែ៥ដុំ និងត្រីតែ២កន្ទុយ។ ពួកសិស្សមានការសង្ស័យចំពោះព្រះអង្គ នៅពេលដែលពួកគេឃើញព្រះអង្គដើរនៅលើទឹក តែព្រះអង្គបានឆ្លើយតប ដោយសេចក្តីស្រឡាញ់ថា «កុំភ័យអី»(៦:៥០)។ ក្រោយមក ព្រះយេស៊ូវក៏បានបង្រៀនពួកគេម្តងហើយម្តងទៀតអំពីភាពចាំបាច់ និងគោលបំណងនៃការសុគតរបស់ព្រះអង្គ ទោះពួកគេខ្វះការបន្ទាបខ្លួន និងការយល់ដឹងយ៉ាងណាក៏ដោយ (៨:៣១-៣៣ ៩:៣០-៣២ ១០:៣២-៣៤)។ កាលព្រះអង្គមានព្រះជន្មរស់ឡើងវិញ ព្រះអង្គមិនបានស្តីបន្ទោសពួកសាវ័ក ដោយសារពួកគេមានការភ្ញាក់ផ្អើលចំពោះការមានព្រះជន្មឡើងវិញរបស់ព្រះអង្គ តាមបទទំនាយនោះទេ។ ផ្ទុយទៅវិញ ព្រះអង្គបានសួរពួកគេដោយអំណរ និងដោយសុភាពនូវសំណួរដែលជំរុញចិត្ត ហើយបង្ហាញអត្តសញ្ញាណរបស់ព្រះអង្គដល់ពួកគេ។
យើងឃើញថា ជំនឿរបស់យើងដែលមានការសង្ស័យ គឺបានឆ្លុះបញ្ចាំងអំពីជំនឿរបស់ពួកសាវ័ក។ បើយើងបាននៅជាមួយពួកគេនៅពេលនោះ។ យើងក៏ទំនងជាមានការភ័យខ្លាច និងបង្ហាញការសង្ស័យ និងការចោទប្រកាន់ចំពោះព្រះយេស៊ូវផងដែរ។ ប៉ុន្តែ រហូតមកដល់ពេលសព្វថ្ងៃ ព្រះគ្រីស្ទនៅតែបង្ហាញព្រះទ័យអត់ធ្មត់ ពេលយើងមានការភ័យខ្លាច និងការសង្ស័យ។ ព្រះអង្គមិនបានបដិសេធយើង នៅពេលយើងខ្វះជំនឿនោះទេ។ ព្រះអង្គមិនបានបណ្តេញយើង ដោយសារយើងមានចិត្តកំសាកឡើយ។ គ្មានគ្រូណាដែលល្អដូចព្រះអង្គទេ។ ដូចនេះ ក្នុងនាមយើងជាអ្នកទទួលសេចក្តីអត់ធ្មត់ដ៏យូរអង្វែងរបស់ព្រះគ្រីស្ទ ចូរយើងមានចិត្តអត់ធ្មត់ចំពោះអ្នកដទៃផងដែរ។ ចូរចងចាំគំរូរបស់ព្រះយេស៊ូវ ទោះអ្នកជាឪពុកម្តាយ ជាគ្រូបង្វឹក អ្នកគ្រប់គ្រង អ្នកដឹកនាំគ្រីស្ទបរិស័ទ គ្រូបង្រៀន ឬគ្រាន់តែជាមិត្តភក្តិក៏ដោយ។ បើយើងចង់ឲ្យព្រះអង្គទ្រាំទ្រជំនឿដែលរេរារបស់យើង នោះយើងក៏គួរតែមានចិត្តដែលចង់បង្ហាញចិត្តអត់ធ្មត់ ចំពោះអ្នកដទៃ និងខ្លួនឯងផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ដែលសំខាន់បំផុតនោះ ព្រះអង្គមិនគ្រាន់តែបានត្រាស់ហៅយើងឲ្យយកតម្រាប់តាមព្រះយេស៊ូវប៉ុណ្ណោះទេ តែក៏ឲ្យអរសប្បាយនឹងភាពឥតខ្ចោះរបស់ព្រះអង្គផងដែរ។ ព្រះអង្គតែងតែអត់ធ្មត់ជានិច្ច។ ព្រះអង្គមិនដែលធ្វើព្រងើយ ឬរត់ចោលមនុស្សដែលព្រះអង្គថែរក្សានោះទេ។ បាប និងទុក្ខលំបាករបស់អ្នកមិនអាចរុញច្រានព្រះអង្គឲ្យអស់ការអត់ធ្មត់នោះទេ។ ព្រះអង្គនៅតែអត់ធ្មត់ចំពោះអ្នកនៅថ្ងៃនេះ។ ព្រះអង្គជាព្រះអង្គសង្គ្រោះ ព្រះដ៏ប្រោសលោះ និងជាគ្រូដែលតែងតែគង់នៅជាមួយអ្នក និយាយឲ្យខ្លីព្រះអង្គជាព្រះយេស៊ូវរបស់អ្នក។
ព្រះគម្ពីរសញ្ជឹងគិត៖ និក្ខមនំ ៣៣:១៨-៣៤:៨
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ទំនុកតម្កើង ១១៩:៨៩-១៧៦ និង២កូរិនថូស ៥