
អំណាចរបស់ព្រះ ដែលគ្មានអ្វីអាចប្រៀបបាន
ដោយArthur Jackson
August 28, 2025
យេរេមា ៣១:១០-១៤
ពីព្រោះព្រះយេហូវ៉ាទ្រង់បានលោះយ៉ាកុបហើយ ទ្រង់បានដោះគេចេញពីកណ្ដាប់ដៃនៃពួកអ្នកដែលខ្លាំងជាងខ្លួន។
យេរេមា ៣១:១១
ក្នុងសៀវភៅដែលលោកគ្រូ ចន ស្រ្តូប(John Stroup) បាននិពន្ធមានចំណងជើងថា ចេញពីរណ្តៅ ទៅរកតុអាសនា គាត់បានចែកចាយ អំពីអំណាចអាក្រក់ដ៏មានអំណាច ដែលបានវាយដំ និងធ្វើទារុណកម្មមកលើគាត់ ទាំងខាងផ្លូវកាយ ផ្លូវភេទ និងផ្លូវអារម្មណ៍។ គាត់បានកត់សំគាល់ថា “ខ្ញុំបានចាប់ផ្តើមប្រើគ្រឿងញៀន តាំងពីមុនពេលខ្ញុំចេះបើកឡាន ... ខ្ញុំបានបោះបង់ការសិក្សា ហើយចាប់ផ្តើមចូលទៅក្នុងជីវិតជាឧក្រិដ្ឋជន កាន់តែជ្រៅទៅៗ”។ ទីបំផុត លោកចន ក៏បានចូលគុក ដោយសារឧក្រិដ្ឋកម្មរបស់ខ្លួន។ ខណៈពេលដែលគាត់កំពុងជាប់គុករយៈពេល៥ឆ្នាំ គាត់ក៏បានអានព្រះគម្ពីរប៊ីប ហើយបន្ទាបខ្លួននៅចំពោះព្រះ។ ដោយសារព្រះគុណព្រះ គាត់ទទួលបានការរំដោះឲ្យរួចពីទំលាប់អាក្រក់ ដែលកាលពីមុន មានអំណាចមកលើជីវិតគាត់។
រឿងរបស់ប្រជាជាតិអ៊ីស្រាអែលនៅសម័យបុរាណ ច្រើនតែរាប់បញ្ចូលការកៀបសង្កត់ និងជួនកាល ក៏បាននិយាយអំពីការរស់នៅជាឈ្លើយសឹក របស់ “ពួកអ្នកដែលខ្លាំងជាងខ្លួន”(យេរេមា ៣១:១១)។ នៅពេលដែលពួកគេស្ថិតក្នុងស្ថានភាពទាល់ច្រកដ៏វេទនា ដោយសារភាពល្ងង់ខ្មៅរបស់ខ្លួន ព្រះទ្រង់បានបង្ហាញសេចក្តីមេត្តា និងព្រះចេស្តា ដើម្បីជួយសង្គ្រោះរាស្រ្តដែលវង្វេងចេញពីព្រះអង្គ។ ការស្អាងពួកគេឡើងវិញ ដែលរាប់បញ្ចូលការច្រៀងដោយអំណរ ការប្រមូលផលដំណាំជាបរិបូរ និងពិធីបុណ្យអបអរសាទរ(ខ.១២-១៤) គឺជាអ្វីដែលគេរំពឹងថា នឹងកើតមាន នៅពេលដែលព្រះអង្គបញ្ចេញព្រះចេស្តា ដែលគ្មានអ្វីអាចប្រៀបផ្ទឹមបាន ដើម្បីជាប្រយោជន៍ដល់ពួកគេ។
ជីវិតរបស់លោកគ្រូ ចន ស្រ្តូប គឺជាទីបន្ទាល់នៃព្រះចេស្តារបស់ព្រះ ដែលបានជួយសង្គ្រោះមនុស្ស ដែលបានទទួលជឿព្រះយេស៊ូវ ជាព្រះរាជបុត្រារបស់ព្រះអង្គ។ ដំណឹងល្អបានធ្វើបន្ទាល់អំពីព្រះចេស្តារបស់ព្រះគ្រីស្ទ ដែលប្រយុទ្ធប្រឆាំងនឹងអំណាចនៃសេចក្តីអាក្រក់ ក្នុងជីវិតមនុស្ស។ ហើយយើងអាចទទួលកម្លាំង និងអំណាចរបស់ព្រះយេស៊ូវ តាមរយៈការអធិស្ឋាន ដោយចិត្តស្មោះត្រង់ និងដោយសេចក្តីជំនឿ និងតាមរយៈការចុះចូលអស់ពីចិត្ត របស់ “អស់អ្នកណាដែលអំពាវនាវដល់ព្រះនាមព្រះអម្ចាស់”(កិច្ចការ ២:២១)។—Arthur Jackson
តើអ្នកកំពុងប្រឈមមុខដាក់អំណាចអ្វី ដែលខ្លាំងពេកសម្រាប់អ្នក?
តើមានអ្វីរារាំងអ្នកមិនឲ្យអំពាវនាវដល់ព្រះនាមព្រះយេស៊ូវ ដើម្បីសូមជំនួយ?
ឱព្រះវរបិតា ដែលគង់នៅស្ថានសួគ៌ សូមព្រះអង្គបញ្ចេញព្រះចេស្តារបស់ព្រះអង្គ ដែលគ្មានអ្វីអាចប្រៀបផ្ទឹមបាន។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ១២៣-១២៥ និង ១កូរិនថូស ១០:១-១៨