
ជីកកាន់តែជ្រៅ ចូលទៅក្នុងប្រាជ្ញា
ដោយTom Felten
August 30, 2025
សាស្តា ៨:១៤-១៧
នោះយើងបានយល់ពីការរបស់ព្រះថា មនុស្សនឹងស្វែងរកឲ្យដឹងពីអស់ទាំងការ ដែលកើតមាននៅក្រោមថ្ងៃមិនបាន។ សាស្តា ៨:១៧
ជាងសំណងមួយក្រុម នៅក្នុងរដ្ឋផ្លូរីដាកំពុងជីកប្រឡាយទឹក ក្នុងគម្រោងដែលត្រូវចំណាយទឹកប្រាក់៤២លានដុល្លា ហើយក៏បានរកឃើញកំណប់ដ៏មានតម្លៃដែលបានកប់នៅក្រោមដី។ នៅក្រោមដីមានជម្រៅជ្រៅ គេបានរកឃើញទូកនេសាទ ដែលបានរក្សាទុកបានល្អ ពីទសវត្សរ៍ឆ្នាំ១៨០០។ ក្នុងទូកនោះ មានវត្ថុបុរាណដែលគួរឲ្យចាប់អារម្មណ៍ជាច្រើន ដែលរាប់បញ្ចូលចង្កៀងប្រេងកាតមួយ ពែងទឹកមួយចំនួន ដែលធ្វើពីលលាដូង ហើយគេក៏បានរកឃើញកាក់មួយចំនួនផងដែរ។ គេកំពុងធ្វើការស្រាវជ្រាវ អំពីទូកនេសាទនោះ ដោយសង្ឃឹមថា វានឹងបានផ្តល់ឲ្យគេនូវព័ត៌មានលម្អិត អំពីរបៀបដែលមនុស្សសម័យមុនរស់នៅ ក្នុងតំបន់នោះ កាលពី១០០ឆ្នាំមុន។ បុរាណវត្ថុវិទូម្នាក់បានមានប្រសាសន៍ថា “យើងមិនគ្រាន់តែបានសិក្សាអំពីទូកនេសាទនោះប៉ុណ្ណោះទេ តែវាក៏បានធ្វើឲ្យគិតអំពីមនុស្សសម័យមុនផងដែរ”។ តាមរយៈការជីកកាយនេះ គេទទួលបានចំណេះដឹង និងប្រាជ្ញាថែមទៀត។
កណ្ឌគម្ពីរសាស្តាបានផ្ទុកទៅដោយកំណប់ដ៏មហាសាលនៃប្រាជ្ញា ខណៈពេលដែលយើងសិក្សាកណ្ឌគម្ពីរនេះ ជាប្រាជ្ញាពីសម័យបុរាណ ដែលឆ្លុះបញ្ចាំងអំពីហេតុការណ៍ប្រចាំថ្ងៃ ក្នុងសម័យមុន ក៏ដូចសម័យរបស់យើងផងដែរ។ ស្តេចសាឡូម៉ូនបានបើកបង្ហាញ អំពីរបៀបដែល “ចិត្តរបស់មនុស្សមានប្រាជ្ញា រមែងយល់ពេលដែលស្រួល នឹងសេចក្ដីវិនិច្ឆ័យ ក៏មានពេលវេលា នឹងសេចក្ដីវិនិច្ឆ័យ សំរាប់គ្រប់ការទាំងអស់” (សាស្តា ៨:៥-៦)។ ទ្រង់បានបង្រៀនថា យើងអាចរកឃើញប្រាជ្ញា នៅក្នុងការនឹកចាំ “ការទាំងអស់ដែលព្រះទ្រង់បានធ្វើ”(ខ.១៧) និងចាំថា ទ្រង់ជានរណា(១២:១)។ មានតែព្រះអម្ចាស់ទេ ដែលអាចធ្វើឲ្យជីវិតយើងមានន័យ ហើយបើដាច់ចេញពីព្រះអង្គ ជីវិតគ្មានន័យអ្វីឡើយ(៨:១៤)។ ប្រាជ្ញារបស់ព្រះអង្គអនុញ្ញាតឲ្យយើងដកពិសោធន៍នឹងជីវិត ដែលស្កប់ស្កល់ និងពេញដោយអំណរ ក្នុងព្រះវត្តមានព្រះអង្គ(ខ.១៥)។
កណ្ឌគម្ពីរសាស្តាបានបើកបង្ហាញថា “មនុស្សដំណ១កន្លងបាត់ទៅ ហើយដំណ១ទៀតកើតឡើង”(១:៤) គឺមិនខុសពីទូក ដែលបានកប់ក្នុងដី នៅរដ្ឋផ្លូរីដានោះឡើយ។ តែប្រាជ្ញារបស់ព្រះដឹកនាំយើងទៅរកជីវិតពិត និងស្ថិតស្ថេរ ដែលមានគោលបំណង(យ៉ូហាន ១០:១០)។ ចូរយើងជីកឲ្យជ្រៅ ចូលទៅក្នុងព្រះគម្ពីរ ដើម្បីស្វែងរកប្រាជ្ញាពីបុរាណ ដែលព្រះអង្គបានប្រទាន។—Tom Felten
តើព្រះគម្ពីរប៊ីបបានផ្តល់ឲ្យអ្នកនូវប្រាជ្ញា ដូចម្តេចខ្លះ?
តើអ្នកអាចជីកឲ្យបានជ្រៅ ចូលទៅក្នុងប្រាជ្ញាទាំងនោះដូចម្តេចខ្លះ?
ឱព្រះដែលមានប្រាជ្ញាសព្វគ្រប់ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបានប្រទានប្រាជ្ញាពិតប្រាកដមកទូលបង្គំ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ១២៩-១៣១ និង ១កូរិនថូស ១១:១-១៦