
សេចក្តីបង្គាប់សម្រាប់ស្ត្រីជាភរិយា (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
September 3, 2025
«ស្ត្រីរាល់គ្នាអើយ ចូរឲ្យចុះចូលចំពោះប្តីខ្លួន ដូចជាចុះចូលនឹងព្រះអម្ចាស់ដែរ» (អេភេសូរ ៥:២២)។
ពាក្យ «ចុះចូល» ច្រើនតែបណ្តាលឲ្យមនុស្សមានការឆ្លើយតបជាអវិជ្ជមានគ្រប់ប្រភេទ។ រឿងនេះអាចបណ្តាលមកពីមូលហេតុមួយចំនួន ដែលក្នុងចំណោមនោះ លោក ចន ស្ទត់ (John Stott) បានបកស្រាយក្នុងសំណេររបស់គាត់ កាលជាង៤០ឆ្នាំមុន យ៉ាងដូចនេះថា «ការចុះចូលនឹងអ្នកមានអំណាច មិនមែនជាអ្វីដែលមនុស្សចូលចិត្តធ្វើក្នុងវប្បធម៌បច្ចុប្បន្នឡើយ។ ការចុះចូលនឹងអ្នកមានអំណាច មានភាពផ្ទុយគ្នាស្រឡះ នឹងអាកប្បកិរិយារបស់មនុស្សនៅសម័យបច្ចុប្បន្នដែលចូលចិត្តធ្វើអ្វីដែលខុសច្បាប់ និងចូលចិត្តប្រើសេរីភាពផ្ទាល់ខ្លួន»។ 1ក្នុងរយៈពេល៤ទសវត្សរ៍នោះ ផ្នត់គំនិតនេះគ្រាន់តែបានបណ្តាលឲ្យមនុស្សមានគំនិតអវិជ្ជមានកាន់តែខ្លាំងចំពោះការចុះចូល ជាពិសេសនៅក្នុងជីវិតអាពាហ៍ពិពាហ៍។
ប៉ុន្តែ ការពិតនៅតែមិនបានផ្លាស់ប្តូរ ត្រង់ចំណុចដែលថា បើគេមានការយល់ដឹង និងអនុវត្តតាមការបង្រៀនអំពីការចុះចូលបានត្រឹមត្រូវ គេនឹងទទួលស្គាល់ថា ការចុះចូលស្ថិតនៅក្នុងចំណុចកណ្តាលនៃទំនាក់ទំនងដូចដែលព្រះបានរៀបចំមក។ គឺឲ្យក្មេងៗត្រូវចុះចូលចំពោះឪពុកម្តាយ (អេភេសូរ ៦:១) ពួកជំនុំត្រូវចុះចូលអ្នកដឹកនាំពួកជំនុំ (ហេព្រើរ ១៣:១៧) ហើយប្រពន្ធត្រូវចុះចូលប្តីរបស់ខ្លួន ដូចចុះចូលចំពោះព្រះអម្ចាស់ដែរ។ ការចុះចូលចំពោះអ្នកដទៃផ្អែកទៅលើតួនាទីដែលព្រះបានត្រាស់ហៅឲ្យមានក្នុងការរស់នៅ គឺជាផ្នែកមួយនៃទំនាក់ទំនងដែលយើងមានជាមួយគ្នា។ ដូចនេះ ការចុះចូលរបស់ភរិយា គឺបានឆ្លុះបញ្ចាំងអំពីការរៀបចំដែលព្រះអង្គមានសម្រាប់ទំនាក់ទំនងប្តីប្រពន្ធ។ ប៉ុន្តែ តើយើងត្រូវមានការយល់ដឹងឲ្យបានជាក់លាក់អំពីការបង្រៀននេះយ៉ាងដូចម្តេចខ្លះ? ទីមួយ ការបង្គាប់ឲ្យភរិយាចុះចូលស្វាមីរបស់ខ្លួនមិនបានបង្ហាញថា ភរិយាអន់ជាងប្តីនោះទេ។ ព្រះគម្ពីរបានចែងយ៉ាងច្បាស់ថា ប្តីនិងប្រពន្ធមានភាពថ្លៃថ្នូរស្មើគ្នា ហើយព្រះអង្គបានបង្កើតអ្នកទាំងពីរឲ្យត្រូវនឹងរូបអង្គទ្រង់ដូចគ្នា (លោកុប្បត្ដិ ១:២៧)។ ក្នុងនាមយើងជាអ្នកជឿព្រះ យើងមានការប្រោសលោះស្មើគ្នា ហើយយើងអាចមើលឃើញភាពស្មើគ្នានេះ ក្នុងការពិតដែលថា យើងជាអ្នកស្នងមរតកនៃព្រះគុណព្រះដូចគ្នា (១ពេត្រុស ៣:៧)។ តម្លៃរបស់យើងជាបុរស និងស្ត្រីនៅចំពោះព្រះ គឺមានភាពស្មើគ្នាទាំងស្រុង។ ភាពខុសគ្នារបស់តួនាទីមិនមានន័យថា ពួកគេមានតម្លៃខុសគ្នានោះទេ។
ទីពីរ ស្ត្រីត្រូវចុះចូលចំពោះស្វាមីរបស់ខ្លួន ប៉ុន្តែមិនមែនចុះចូលចំពោះមនុស្សប្រុសជាទូទៅនោះទេ។ សាវ័ក ប៉ុល មិនបានធ្វើការបង្គាប់ជាទូទៅអំពីតួនាទីរបស់ស្ត្រីនៅក្នុងសង្គមនោះទេ តែគាត់បានបង្គាប់យ៉ាងជាក់លាក់អំពីតួនាទីរបស់ភរិយានៅក្នុងគ្រួសារ។ ក្នុងបរិបទនេះ ការចុះចូលដែលស្ត្រីមានចំពោះស្វាមី គឺបានឆ្លុះបញ្ចាំងអំពីចិត្តរបស់នាងដែលចង់ចុះចូលព្រះអម្ចាស់។
ទីបី ការចុះចូលនេះមិនដូចការស្តាប់បង្គាប់ ដោយគ្មានលក្ខខណ្ឌនោះទេ។ ស្វាមីមិនត្រូវបង្ខិតបង្ខំភរិយា ហើយមិនត្រូវទាមទារភរិយាឲ្យចុះចូល ឬធ្វើអ្វីដែលខុសពីការរៀបចំរបស់ព្រះនោះទេ។ ភរិយាមិនស្ថិតនៅក្នុងកណ្តាប់ដៃរបស់ស្វាមី ដែលមានអំណាចបញ្ជាតាមការចង់បានរបស់ខ្លួននោះឡើយ។ ផ្ទុយទៅវិញ ស្វាមីត្រូវ «ស្រឡាញ់ភរិយាដូចស្រឡាញ់ខ្លួនឯង» លះបង់អាត្មាខ្លួនឯង ដើម្បីនាងហើយដឹកនាំនៅក្នុងសេចក្តីបរិសុទ្ធ (អេភេសូរ ៥:៣៣)។ បើអ្នកជាស្វាមី អ្នកត្រូវកំណត់ចំណាំថា បើអ្នកបានព្យាយាមដឹកនាំភរិយាអ្នកចេញពីការស្តាប់បង្គាប់ព្រះគ្រីស្ទជាជាងចូលកាន់តែជ្រៅទៅក្នុងការស្តាប់បង្គាប់ព្រះអង្គ នោះភរិយារបស់អ្នកគ្មានកាតព្វកិច្ចតាមព្រះគម្ពីរដែលត្រូវដើរតាមការដឹកនាំរបស់អ្នកឡើយ។
បើអ្នកជាភរិយា អ្នកត្រូវដឹងថា ព្រះគម្ពីរមិនបានត្រាស់ហៅអ្នកឲ្យស្តាប់បង្គាប់ដូចជាទាសករដោយគ្មានការគិតពិចារណានោះទេ។ ផ្ទុយទៅវិញ ការស្តាប់បង្គាប់របស់អ្នកត្រូវតែមានភាពស្មោះត្រង់ដោយអំណរ និងមានការប្ដេជ្ញាចិត្តក្នុងការដើរតាមការដឹកនាំរបស់ប្តីអ្នក ធ្វើជាដៃគូ ក្នុងការព្យាយាមថ្វាយសិរីល្អដល់ព្រះក្នុងគ្រប់ការទាំងអស់។ ការចុះចូលអស់ពីចិត្ត ដោយគ្មានការស្ទាក់ស្ទើរអាចធ្វើទៅរួច ដោយសារតែជំនួយមកពីព្រះអង្គប៉ុណ្ណោះ ដើម្បីនាងធ្វើឲ្យប្តីបានសេចក្តីល្អមិនមែនអាក្រក់ឡើយរហូតដល់អស់១ជីវិតនាង (សុភាសិត ៣១:១២)។ ពិតណាស់ ការចុះចូលតាមព្រះគម្ពីរយ៉ាងដូចនេះមិនមានការនិយមចូលចិត្តក្នុងសង្គមសព្វថ្ងៃទេ។ វាច្រើនតែមានការពិបាក តែមានតម្លៃយ៉ាងខ្លាំងនៅចំពោះមុខព្រះ និងរាស្ត្ររបស់ព្រះអង្គ។
ខគម្ពីរសញ្ជឹងគិត៖ សុភាសិត ៣១:១០-៣១
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ទំនុកតម្កើង ១៤០-១៤២ និង២កូរិនថូស ១២