នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

សេរីភាពក្នុងដែនកំណត់

សេរីភាពក្នុងដែនកំណត់

ដោយElisa Morgan

September 5, 2025

ចោទិយកថា ៥:២៨-២៩,៣២-៣៣
ត្រូវឲ្យប្រព្រឹត្តសព្វគ្រប់តាមអស់ទាំងសេចក្ដី ដែលព្រះយេហូវ៉ាជាព្រះនៃឯងបានបង្គាប់មក ដើម្បីឲ្យបានរស់នៅ ហើយឲ្យបានសប្បាយ ព្រមទាំងមានអាយុជាយូរអង្វែងតទៅ។ ចោទិយកថា ៥:៣៣
ស្ថាបត្យករមួយក្រុម បានធ្វើការសិក្សា អំពីផលប៉ះពាល់ នៃការសាងសង់របងព័ទ្ធជុំវិញកន្លែងក្មេងលេង ក្នុងសាលាមត្តេយ្យ។ គេសង្កេតឃើញថា នៅកន្លែងក្មេងលេងដែលមានរបងជុំវិញ ក្មេងៗច្រើនតែទៅផ្តុំគ្នា នៅក្បែរអាគាររបស់សាលា និងគ្រូរបស់ពួកគេ ហើយមិនវង្វេងចេញពីកន្លែងនោះទេ។ ប៉ុន្តែ ក្នុងកន្លែងក្មេងលេងដែលមានរបងជុំវិញ ពួកគេរត់លេងពាសពេញកន្លែងនោះ យ៉ាងសប្បាយរីករាយ។ អ្នកស្រាវជ្រាវក៏បានធ្វើការសន្និដ្ឋានថា ព្រំដែនអាចធ្វើឲ្យមនុស្សមានអារម្មណ៍ថា ពួកគេមានសេរីភាពកាន់តែច្រើន។ រឿងនេះហាក់ដូចជាផ្ទុយនឹងទស្សនៈរបស់មនុស្សជាច្រើន ដែលគិតថា ព្រំដែនធ្វើឲ្យមានការរឹតត្បិតមកលើការកម្សាន្តសប្បាយរបស់មនុស្ស។ តែរបងពិតជាអាចផ្តល់ឲ្យនូវសេរីភាពមែន!
ព្រះទ្រង់បានមានបន្ទូលសង្កត់ធ្ងន់អំពីសេរីភាព ដែលយើងទទួលបានពីព្រំដែនដែលព្រះអង្គបានដាក់។ ក្នុងការប្រទានក្រឹត្យវិន័យ១០ប្រការ ព្រះអង្គបានសន្យាអំពីជីវិត “ដ៏សម្បូរសប្បាយ” ដែលនឹងកើតឡើង ពីការរស់នៅ ក្នុងព្រំដែនដែលព្រះអង្គបានកំណត់។ គឺដូចមានសេចក្តីចែងថា “ត្រូវឲ្យប្រព្រឹត្តសព្វគ្រប់តាមអស់ទាំងសេចក្ដី ដែលព្រះយេហូវ៉ាជាព្រះនៃឯងបានបង្គាប់មក ដើម្បីឲ្យបានរស់នៅ ហើយឲ្យបានសប្បាយ ព្រមទាំងមានអាយុជាយូរអង្វែងតទៅ នៅក្នុងស្រុកដែលឯងរាល់គ្នានឹងទទួលយកនោះ”(ចោទិយកថា ៥:៣៣)។ ត្រង់ចំណុចនេះ ភាពសម្បូរសប្បាយនោះ ក៏រាប់បញ្ចូលជីវិតដែលបង្កើតផលផ្លែខាងវិញ្ញាណផងដែរ។
ព្រះយេស៊ូវបានសម្រេចក្រឹត្យវិន័យ ដោយការសុគតរបស់ព្រះអង្គ នៅលើឈើឆ្កាង។ ព្រះអង្គបានប្រកាសថា “បើអ្នករាល់គ្នានៅជាប់ក្នុងពាក្យខ្ញុំ នោះអ្នករាល់គ្នាជាសិស្សខ្ញុំមែន អ្នករាល់គ្នានឹងស្គាល់សេចក្ដីពិត ហើយសេចក្ដីពិតនោះនឹងប្រោសឲ្យអ្នករាល់គ្នាបានរួច”(យ៉ូហាន ៨:៣១-៣២)។ ជាការពិតណាស់ ព្រំដែនដែលព្រះអង្គបានកំណត់ គឺដើម្បីប្រយោជន៍យើងទេ។ ដូចនេះ “របង” អាចរំដោះយើងឲ្យមានសេរីភាព ក្នុងការអរសប្បាយនឹងជីវិត ដែលព្រះអង្គបានបង្កើតសម្រាប់ឲ្យយើងបានដកពិសោធន៍ជាមួយព្រះអង្គ។—ELISA MORGAN

តើព្រះរាជបញ្ជារបស់ព្រះ បានរំដោះអ្នកឲ្យមានសេរីភាព យ៉ាងដូចម្តេចខ្លះ? 
តើអ្នកអាចឱបក្រសោបយក សិរីភាព ដែលទទួលបានពីដែនកំណត់នោះ ដូចម្តេចខ្លះ? 
ឱព្រះអម្ចាស់ ទូលបង្គំសូមអរព្រះគុណព្រះអង្គ សម្រាប់ការដាក់ដែនកំណត់ ក្នុងជីវិតទូលបង្គំ ដើម្បីជាប្រយោជន៍ដល់ទូលបង្គំ។ 
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ១៤៦-១៤៧ និង ១កូរិនថូស ១៥:១-២៨
 

ល្ងាច

សេចក្តី​បង្គាប់​សម្រាប់​បុរស​ជា​ស្វាមី (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

សេចក្តី​បង្គាប់​សម្រាប់​បុរស​ជា​ស្វាមី (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

September 5, 2025

«បុរស​រាល់​គ្នា​អើយ ចូរ​ស្រឡាញ់​ប្រពន្ធ​ខ្លួន​ដូចជា​ព្រះគ្រីស្ទ​បាន​ស្រឡាញ់​ដល់​ពួក​ជំនុំ ហើយ​បាន​ប្រគល់​ព្រះអង្គ​ទ្រង់​ជំនួស​ផង ដើម្បី​ឲ្យ​ទ្រង់​បាន​ញែក​ពួក​ជំនុំ​ចេញ​ជា​បរិសុទ្ធ» (អេភេសូរ ៥:២៥-២៦)។
ដោយ​ព្រះ​គុណ​របស់​ព្រះ​ទំនាក់​ទំនង​ជីវិត​អាពាហ៍ពិពាហ៍ គឺ​លើស​ពី​ទំនាក់​ទំនង​ជីវិត​អាពាហ៍ពិពាហ៍​ទៅ​ទៀត។ គោល​បំណង​ដែល​ព្រះ​បាន​បង្កើត​ឲ្យ​មាន​ទំនាក់​ទំនង​ប្តី​ប្រពន្ធ គឺ​ដើម្បី​ចង្អុល​បង្ហាញ​យើង​ឲ្យ​ងាក​ចេញពី​ទំនាក់​ទំនង​ប្តី​ប្រពន្ធ​នៅ​លើ​ផែនដី ហើយ​បែរ​ទៅ​រក​អាពាហ៍ពិពាហ៍​នៅ​ស្ថាន​សួគ៌ ដែល​មាន​ព្រះគ្រីស្ទ​ជា​កូន​កំឡោះ និង​ពួក​ជំនុំ​ជា​កូន​ក្រមុំ។ អាច​និយាយ​ម្យ៉ាង​ទៀត​ថា ទំនាក់​ទំនង​ប្តី​ប្រពន្ធ​ឆ្លុះ​បញ្ចាំង​អំពី​គោល​បំណង​ខ្ពស់​បំផុត​របស់​ព្រះ ដើម្បី «នឹង​បំព្រួម​គ្រប់​ទាំង​អស់​ក្នុង​ព្រះគ្រីស្ទ ទាំង​របស់​នៅ​ស្ថាន​សួគ៌ និង​របស់​នៅ​ផែនដី​ផង» (អេភេសូរ ១:‌១០)។ ហេតុ​នេះ​ហើយ សាវ័ក ប៉ុល បាន​ផ្តល់​ឲ្យ​នូវ​ការ​បង្រៀន​ជាក់​លាក់​សម្រាប់​បុរស​ជា​ស្វាមី ដើម្បី​ឲ្យ​ទំនាក់​ទំនង​ប្តី​ប្រពន្ធ​របស់​ពួក​គេ​ឆ្លុះ​បញ្ចាំង​អំពី​ការ​រួបរួម​តាម​បំណង​ព្រះ​ទ័យ​ព្រះ។ 
ក្នុង​ទំនាក់​ទំនង​ប្តី​ប្រពន្ធ វត្ថុ​បំណង​ជា​បឋម​របស់​ស្វាមី គឺ​ដើម្បី​ទ្រទ្រង់​ភរិយា​ខ្លួន​ទាំង​ខាង​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត។ ប៉ុន្តែ គោល​បំណង​ធំ​បំផុត​របស់​គាត់ គឺ​ដើម្បី​ជួយ​ភរិយា​របស់​គាត់​រៀបចំ​ខ្លួន ដើម្បី​ជួប​ជា​មួយ​ព្រះ​យេស៊ូវ។ 
ហេតុ​នេះ​ហើយ បាន​ជា​សាវ័ក ប៉ុល ចាំបាច់​ត្រូវ​ប្រើ​ពាក្យ អាហ្កាពេ ដែល​ប្រែ​មក​ថា «សេចក្តី​ស្រឡាញ់» ដែល​មាន​ការ​លះបង់​ផ្ទាល់​ខ្លួន និង​ការ​បន្ទាប​ខ្លួន។ សេចក្តី​ស្រឡាញ់​នេះ ក៏​មាន​ការ​ផ្តល់​ឲ្យ មិន​មែន​ជា​ការ​ទទួល និង​មាន​ការ​ជំពាក់​គេ គឺ​មិន​មែន​គេ​ជំពាក់​យើង​ទេ ហើយ​មិន​ស្វែង​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន តែ​លះបង់​ខ្លួន​ឯង ដើម្បី​ឲ្យ​ភរិយា​ទទួល​បាន​អ្វី​ដែល​ពិត​ជា​ល្អ ដើម្បី​ឲ្យ​នាង​បាន «បរិសុទ្ធ គ្មាន​កន្លែង​បន្ទោស​បាន» (អេភេសូរ ៥:២៧)។ នេះ​ជា​គោល​បំណង​ដែល​ព្រះ​គ្រីស្ទ​បាន​លះ​បង់​ព្រះ​ជន្ម​ទ្រង់ ដើម្បី​ពួក​ជំនុំ​របស់​ព្រះអង្គ ហើយ​នេះ​ជា​គំរូ​សម្រាប់​ឲ្យ​ស្វាមី​លះ​បង់​ខ្លួន​ឯង ដើម្បី​ភរិយា​ខ្លួន​ដែរ។
ប៉ុន្តែ បើ​អ្នក​ជា​ស្វាមី តើ​អ្នក​អាច​បាន​ស្រឡាញ់​ដូច​នេះ ក្នុង​ការ​រស់​នៅ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​យ៉ាង​ដូច​ម្តេច​ខ្លះ? អ្នក​អាច​អនុវត្ត​ជា​ជំហានៗ​ដោយ​ជា​ដំបូង អ្នក​ត្រូវ​ជម្រុះ​ចោល​ចំណុច​អាក្រក់​មួយ​ចំនួន។ ទី​មួយ អ្នក​ត្រូវ​តែ​លះបង់​ចោល​ការ​មិន​អើពើ ខាង​ផ្លូវ​កាយ ផ្លូវ​អារម្មណ៍ និង​ផ្លូវ​វិញ្ញាណ ហើយ​បើ​ការ​ទទួល​ខុស​ត្រូវ​នៅ​ក្នុង​អាជីព ការ​ជួប​ជុំ ឬ​ពួក​ជំនុំ បាន​រារាំង​មិន​ឲ្យ​អ្នក​យក​ចិត្ត​ទុកដាក់​ចំពោះ​ភរិយា នោះ​អ្នក​ត្រូវ​ធ្វើ​ការ​វាយ​តម្លៃ​មក​លើ​ការ​ប្ដេជ្ញា​ចិត្ត​របស់​អ្នក​ឡើង​វិញ។ ទី​ពីរ អ្នក​ក៏​ចាំបាច់​ត្រូវ​ជម្រុះ​ចោល​ការ​បំពាន ដែល​រាប់​បញ្ចូល​បាប​ដែល​ធ្ងន់​ជាង​ការ​មិន​អើពើ​ក៏​ដូច​ជា​ការ​បន្ទាប​បន្ថោក​ភរិយា ការ​បំបាក់​មុខ​នាង ឬ​ប្រព្រឹត្ត​ដោយ​គ្មាន​ការ​គោរព ក៏​ដូច​ជា​ប្រព្រឹត្ត​ចំពោះ​នាង ធ្វើ​មើល​តែ​នាង​មាន​សំណាង​ណាស់​ដែល​បាន​រៀប​ការ​ជា​មួយ​អ្នក។ ហើយ​ទី​បី អ្នក​មិន​ត្រូវ​បាន​ចិត្ត​ឡើយ នៅ​ពេល​ដែល​អ្វីៗ​មាន​ភាព​ងាយ​ស្រួល នៅ​ក្នុង​ទំនាក់​ទំនង​ប្តី​ប្រពន្ធ បន្ទាប់​ពី​ពេល​វេលា​ចេះ​តែ​មាន​ដំណើរ​ទៅ​មុខ។ 
ការ​ក្រើន​រំឭក​អាច​មាន​ប្រយោជន៍ ប៉ុន្តែ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​គ្រីស្ទ​ចំពោះ​កូន​ក្រមុំ​របស់​ទ្រង់​ដែល​ជា​ពួក​ជំនុំ គឺ​ជា​សេចក្តី​ស្រឡាញ់​ដែល​មាន​រូបរាង​ដូច​ឈើ​ឆ្កាង ហើយ​ក៏​ជា​ខ្នាត​គំរូ និង​ការ​បណ្តាល​ចិត្ត​យើង​ឲ្យ​មាន​ក្តី​ស្រឡាញ់។ បើ​គ្មាន​ការ​យល់​ច្បាស់​អំពី​របៀប​ដែល​ព្រះ​យេស៊ូវ​ស្រឡាញ់​ពួក​ជំនុំ​របស់​ទ្រង់​ទេ នោះ​បំណង​ចិត្ត​ដ៏​ល្អ​បំផុត​របស់​យើង​នឹង​ទទួល​បរាជ័យ ដែល​នឹង​ធ្វើ​ឲ្យ​យើង​បាក់​ទឹក​ចិត្ត​យ៉ាង​ខ្លាំង។ ហេតុ​នេះ​ហើយ យើង​ត្រូវតែ​មើល​ទៅ​ព្រះ​គ្រីស្ទ ដែល​មិន​ត្រូវ​ការ​នរណា​ម្នាក់ ឬអ្វី​មួយ​សោះ តែ​បាន​យាង​មក ហើយ​លះបង់​អង្គ​ទ្រង់ ដើម្បី​ឲ្យ​យើង​ជាប់​នៅ​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ ដែល​ស្វាគមន៍​យើង​ចូល​ទៅ​ក្នុង​ដួង​ព្រះ​ទ័យ​របស់​ព្រះ​អង្គ និង​មហា​គ្រួសារ​របស់​ព្រះ​អង្គ ហើយ​ចាត់​ទុក​យើង​ជា​ផ្នែក​មួយ​នៃ​កូន​ក្រមុំ​របស់​ព្រះ​អង្គ។ 
តើ​អ្នក​ធ្លាប់​ឆ្ងល់​ទេ​ថា «ហេតុ​អ្វី​ព្រះ​អង្គ​ស្រឡាញ់​ខ្ញុំ​ខ្លាំង​យ៉ាង​នេះ?» បើ​អ្នក​ពិត​ជា​ឆ្ងល់​ដូច​នេះ​មែន អ្នក​គួរតែ​ស្គាល់​ការ​ត្រាស់​ហៅ​ដ៏​ខ្ពស់ ឲ្យ​ស្វាមី «ស្រឡាញ់​ភរិយា​របស់​ខ្លួន ដូច​ព្រះ​គ្រីស្ទ​ស្រឡាញ់​ពួក​ជំនុំ»។ ដូច​នេះ បើ​អ្នក​ជា​ស្វាមី ឬ​សង្ឃឹម​ថា នឹង​ក្លាយ​ជា​ស្វាមី នៅ​ថ្ងៃ​ណា​មួយ នោះ​សូម​ចាប់​ផ្តើម​ដោយ​ការ​អធិស្ឋាន សូម​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ជួយ​អ្នក​ឲ្យ​គិត​តាម​ព្រះ​គម្ពីរ​រស់​នៅ​ដោយ​ការ​ស្តាប់​បង្គាប់ និង​ស្រឡាញ់​ពិត​ប្រាកដ ដោយ​មិន​គិត​ប្រយោជន៍​ផ្ទាល់​ខ្លួន។ ហើយ​បើ​អ្នក​ជា​ភរិយា ឬ​សង្ឃឹម​ថា នឹង​ក្លាយ​ជា​ភរិយា​នៅ​ថ្ងៃ​ណា​មួយ ចូរ​អធិស្ឋាន​យ៉ាង​ដូច​នេះ​ដែរ​ឲ្យ​ស្វាមី​របស់​អ្នក ឬ​អនាគត​ស្វាមី​របស់​អ្នក ដើម្បី​ក្តី​អំណរ​របស់​អ្នក និង​គាត់ ប៉ុន្តែ​សំខាន់​បំផុត​នោះ គឺ​ដើម្បី​សិរី​ល្អ​របស់​ព្រះ។


ខគម្ពីរ​សញ្ជឹង​គិត៖ អេភេសូរ ៥:២២-៣២
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល១ឆ្នាំ៖ ទំនុកតម្កើង ១៤៦-១៤៧ និង​យ៉ូហាន ១:១-២៨
 

ប្រភេទ