នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ស្រេកឃ្លានសេចក្តីយុត្តិធម៌

ស្រេកឃ្លានសេចក្តីយុត្តិធម៌

ដោយLeslie Koh

September 6, 2025

ទំនុកដំកើង ១០៩:៦-៩,២៦-២៩
នេះហើយរង្វាន់ ដែលព្រះយេហូវ៉ាទ្រង់ប្រទានដល់ពួកខ្មាំងសត្រូវនៃទូលបង្គំ ហើយដល់អស់អ្នកដែលនិយាយបង្កាច់ដល់ព្រលឹងនៃទូលបង្គំដែរ។ ទំនុកដំកើង ១០៩:២០
ខ្ញុំមានអារម្មណ៍សោកសៅយ៉ាងខ្លាំង នៅពេលដែលបានអានព័ត៌មានដ៏តក់ស្លុតមួយ។ ជនបរទេសម្នាក់បានធ្វើការជាអ្នកបម្រើតាមផ្ទះរបស់គ្រួសារមួយ ហើយត្រូវក្រុមគ្រួសារមួយនោះបានធ្វើបាបគាត់យ៉ាងខ្លាំង រហូតដល់បាត់បង់ជីវិត។ ទីបំផុត ម្ចាស់ផ្ទះនោះក៏បានជាប់គុក ប៉ុន្តែ ខ្ញុំមានអារម្មណ៍ថា ពួកគេមិនទាន់បានទទួលទោសគ្រប់គ្រាន់នៅឡើយទេ។ ខ្ញុំយល់ឃើញថា គេគួរតែឲ្យអ្នកទាំងនោះឆ្លងកាត់ទុក្ខវេទនាដ៏រន្ធត់ ដូចដែលនារីកម្សត់នោះបានទទួលរងដែរ ហើយបន្ទាប់មក ពួកគេត្រូវទទួលទោសប្រហារជីវិត។ នៅពេលនោះ ខ្ញុំក៏បានឆ្ងល់ថា តើខ្ញុំកំពុងតែចងកំហឹងជ្រុលហួសពេកឬទេ។ តើការគិតឃើញដូចនេះ ខុសទេ? 
នៅពេលដែលខ្ញុំបានអានបទគម្ពីរទំនុកដំកើងជំពូក ១០៩ ខ្ញុំក៏បានយល់កាន់តែច្បាស់ អំពីនិស្ស័យសាច់ឈាមរបស់យើងពីកំណើត ដែលស្រេកឃ្លានយុត្តិធម៌។ ស្តេចដាវីឌក៏ធ្លាប់មានកំហឹង ចំពោះមនុស្សដែលធ្វើបាបអ្នកក្រ និងជនទុរគតផងដែរ។ គឺដូចដែលទ្រង់បានទូលសូមដល់ព្រះថា “សូមឲ្យថ្ងៃអាយុរបស់វាបានខ្លីចុះ ហើយឲ្យមានម្នាក់ទៀតទទួលយកការងាររបស់វា សូមឲ្យកូនចៅវានៅជាកំព្រាឪពុក ហើយឲ្យប្រពន្ធវានៅជាមេម៉ាយ”(ខ.៨-៩)។ 
ប៉ុន្តែ ស្តេចដាវីឌមិនបានសងសឹកមកលើពួកមនុស្សអាក្រក់ទាំងនោះទេ ទោះទ្រង់មានអំណាចដាក់ទោសពួកគេក៏ដោយ។ ផ្ទុយទៅវិញ ទ្រង់បានងាកបែរទៅរកព្រះ ដែលជាប្រភពពិតប្រាកដនៃយុត្តិធម៌ និងការរំដោះ។ ទ្រង់មានបន្ទូលថា “នេះហើយរង្វាន់ ដែលព្រះយេហូវ៉ាទ្រង់ប្រទានដល់ពួកខ្មាំងសត្រូវនៃទូលបង្គំ ហើយដល់អស់អ្នកដែលនិយាយបង្កាច់ដល់ព្រលឹងនៃទូលបង្គំដែរ ... សូមជួយទូលបង្គំផង ឱសូមជួយសង្គ្រោះទូលបង្គំ តាមសេចក្ដីសប្បុរសនៃទ្រង់”(ខ.២០,២៦)។
ខ្ញុំជឿថា ព្រះអម្ចាស់បានបង្កើតយើងមក ឲ្យមានចិត្តដែលចង់បានយុត្តិធម៌ ព្រោះយុត្តិធម៌ឆ្លុះបញ្ចាំងអំពីចរិតលក្ខណៈរបស់ព្រះអង្គ។ ហើយយើងអាចបង្ហាញអារម្មណ៍របស់យើងចេញមក ដោយចិត្តស្មោះត្រង់។ ប៉ុន្តែ យើងត្រូវទុកឲ្យព្រះអង្គជាអ្នកសម្រេចយុត្តិធម៌ និងដាក់ទោសមកលើមនុស្សអាក្រក់ ដោយទុកចិត្តថា ព្រះអង្គនឹងប្រទានសេចក្តីយុត្តិធម៌ តាមពេលវេលា និងផ្លូវរបស់ព្រះអង្គ។ សាវ័កប៉ុលបានបង្រៀនយ៉ាងច្បាស់ថា “ឱពួកស្ងួនភ្ងាអើយ កុំឲ្យសងសឹកឡើយ ចូរថយចេញពីសេចក្ដីកំហឹងទៅ ដ្បិត «ព្រះអម្ចាស់ ទ្រង់មានបន្ទូលថា ការសងសឹក នោះស្រេចនឹងអញ អញនឹងសងដល់គេ‍»”(រ៉ូម ១២:‌១៩)។—LESLIE KOH

តើមានព័ត៌មាន ឬហេតុការណ៍អ្វីដែលធ្វើឲ្យអ្នកបាក់ទឹកចិត្ត? 
តើអ្នកអាចអធិស្ឋានឲ្យជនទុរគត និងជនរងគ្រោះដោយសារអំពើអយុត្តិធម៌ ដូចម្តេចខ្លះ? 
ឱព្រះអម្ចាស់ជាព្រះដ៏សុចរិត ព្រះអង្គទតឃើញអ្វីៗគ្រប់យ៉ាង។ 
សូមព្រះអង្គសម្រេចសេចក្តីយុត្តិធម៌ ដើម្បីឲ្យមនុស្សទាំងអស់បានកោតខ្លាច និងថ្វាយបង្គំព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ១៤៨-១៥០ និង ១កូរិនថូស ១៥:២៩-៥៨
 

ល្ងាច

ផល​វិបាក​នៃ​ការ​ច្រណែន (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ផល​វិបាក​នៃ​ការ​ច្រណែន (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

September 6, 2025

«ឯ​ជីវិត​របស់​សាច់​ឈាម នោះ​គឺ​ជា​ចិត្ត​ដែល​ស្ងប់​រំ​ងាប់ តែ​ចិត្ត​ច្រណែន​ជា​សេចក្តី​ពុក​រលួយ​ដល់​ឆ្អឹង​វិញ» (សុភាសិត ១៤:៣០)។
ការ​ច្រណែន គឺ​ជា​ជំងឺ​មហារីក​ខាង​វិញ្ញាណ ដែល​បំផ្លាញ​មនុស្ស​ម្នាក់​ពី​ខាង​ក្នុង​មក​ក្រៅ។ ការ​ច្រណែន​នាំ​មក​នូវ​ផល​វិបាក​ធ្ងន់ធ្ងរ។ ស្តេច សាឡូម៉ូន មិន​បាន​សំចៃ​ពាក្យ​សម្ដី ពេល​ដែល​ទ្រង់​ដាស់​តឿន​យើង​អំពី​ជំងឺ​នេះ ដោយ​ប្រើ​ពាក្យ​ប្រៀប​ប្រដូច ហើយ​នាំ​យើង​ទៅ​រក​ជីវិត​ដែល​មាន​សុខ​ភាព​ល្អ និង​សន្តិភាព​វិញ។
ការ​ច្រណែន​ធ្វើ​ឲ្យ​យើង​រង​គ្រោះ។ ទោះ​វា​មិន​បាន​ធ្វើ​អ្វី​មក​លើ​អ្នក​ផ្សេង​ក៏​ដោយ ក៏​វា​នៅ​តែ​បំផ្លាញ​មនុស្ស​ដែល​កំពុង​ច្រណែន​គេ។ វា​ជះ​ឥទ្ធិពល​មក​លើ​ការ​គិត​របស់​យើង​ចំពោះ​អ្នក​ដទៃ។ វា​បង្កើត​ឲ្យ​មាន​វិញ្ញាណ​រិះគន់​ដែល​បំផ្លិច​បំផ្លាញ ដោយ​នាំ​ឲ្យ​យើង​គិត​អំពី​អ្នក​ជិត​ខាង​របស់​យើង ដោយ​ការ​សង្ស័យ និង​កំហឹង​ដែល​គ្មាន​ហេតុផល។ វា​ធ្វើ​ឲ្យ​យើង​មិន​អាច​សប្បាយ​ចិត្ត​ចំពោះ​អ្នក​ដទៃ ហើយ​វា​ធ្វើ​ឲ្យ​យើង​គ្មាន​ឱកាស​ស្កប់​ចិត្ត ព្រោះ​សង្គម​របស់​យើង​តែង​តែ​មាន​មនុស្ស​ដែល​មាន​អ្វី​ច្រើន​ជាង និង​ល្អ​ជាង​យើង ដែល​ធ្វើ​ឲ្យ​យើង​ច្រណែន។ ការ​ច្រណែន​ធ្វើ​ឲ្យ​ឆ្អឹង​របស់​យើង​ពុក​ផុយ។ ការ​ច្រណែន​អាច​ជ្រាប​ចូល​យ៉ាង​ឆាប់​រហ័ស​ដោយ​មិន​ដឹង​ខ្លួន។ យើង​អាច​មើល​គំរូ​របស់​សាវ័ក ពេត្រុស។ មុន​ពេល​ព្រះយេស៊ូវ​ជាប់​ឆ្កាង គាត់​បាន​ធ្វើ​ខុស​ធ្ងន់​ដោយ​ការ​បដិសេធន៍​ព្រះ​គ្រីស្ទ​បី​ដង។ កណ្ឌ​គម្ពីរ​យ៉ូហាន​បាន​ចែង​ថា បន្ទាប់​ពី​ព្រះ​អង្គ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ព្រះ​អង្គ​បាន​រៀបចំ​អាហារ​ពេល​ព្រឹក​ឲ្យ​លោក ពេត្រុស និង​សាវ័ក​ដទៃ​ទៀត នៅ​លើ​ឆ្នេរ​សមុទ្រ ហើយ​ព្រះអង្គ​ក៏បាន​មាន​បន្ទូល​ជា​មួយ​លោក ពេត្រុស ដោយ​ស្អាង​ទំនាក់​ទំនង​ជា​មួយ​គាត់​ឡើង​វិញ ដោយ​រំឭក​គាត់ អំពី​ការ​ត្រាស់​ហៅ​គាត់​ឲ្យ​ដើរ​តាម​ព្រះ​អង្គ ហើយ​ប្រទាន​ភារកិច្ច​ឲ្យ​គាត់​ឃ្វាល និង​ឲ្យ​ចំណី​ដល់​រាស្ត្រ​របស់​ព្រះ​អង្គ។ បើ​អ្នក​បាន​សួរ​លោក ពេត្រុស អំពី​អ្វី​ដែល​គាត់​ចង់​បាន​បំផុត នៅ​ថ្ងៃ​មុន​ពេល​រឿង​នេះ​កើត​ឡើង អ្នក​នឹង​ដឹង​ថា គាត់​ចង់​បាន​ដូច​នេះ​ឯង។ ប៉ុន្តែ នៅ​ពេល​ដែល​ព្រះ​យេស៊ូវ​មាន​បន្ទូល​ថែម​ទៀត​ថា ថ្ងៃ​មួយ​សាវ័ក ពេត្រុស នឹង​ធ្វើ​តាម​ការ​ត្រាស់​ហៅ​ឲ្យ​លះ​បង់​ជីវិត​គាត់​ថ្វាយ​ព្រះ​អង្គ តើ​គាត់​នឹង​ឆ្លើយ​តប​ដូច​ម្តេច? គាត់​ក៏បាន​មើល​ទៅ​សាវ័ក យ៉ូហាន ហើយ​សួរ​ព្រះ​អង្គ​ថា «ព្រះ​អម្ចាស់​អើយ តើ​អ្នក​នោះ​នឹង​បាន​ដូច​ម្តេច​ទៅ?»
ព្រះ​យេស៊ូវ​បាន​ជ្រាប​ច្បាស់​អំពី​គ្រោះ​ថ្នាក់​នៃ​ការ​ច្រណែន បាន​ជា​ព្រះ​អង្គ​ឆ្លើយ​ថា «បើ​សិន​ជា​ខ្ញុំ​ចង់​ឲ្យ​អ្នក​នោះ​នៅ ទាល់​តែ​ខ្ញុំ​មក នោះ​តើ​អំពល់​អ្វី​ដល់​អ្នក ចូរ​ឲ្យ​អ្នក​មក​តាម​ខ្ញុំ​ចុះ» (យ៉ូហាន ២១:២២)។ 
សូម្បី​តែ​នៅ​ពេល​ដែល​យើង​មាន​ការ​ចម្រើន​ឡើង​យ៉ាង​ខ្លាំង ក៏​ការ​ច្រណែន​ងាយ​នឹង​ឆ្លង​ចូល​ក្នុង​ចិត្ត​យើង បណ្តាល​ឲ្យ​យើង​ភ្លេច​អ្វីៗ​ដែល​ព្រះ​យេស៊ូវ​បាន​ធ្វើ​សម្រាប់​យើង និង​ប្រទាន​យើង! ដូច​នេះ តើ​ធ្វើ​ដូច​ម្តេច ឲ្យ​យើង​អាច​រក​ឃើញ​ថ្នាំ​ព្យាបាល​សម្រាប់​ភាព​ពុក​ផុយ​ខាង​វិញ្ញាណ​នេះ​បាន? 
រឿង​ចុង​ក្រោយ​ដែល​យើង​ចង់​ធ្វើ គឺ​ជា​រឿង​ទី​មួយ​ដែល​យើង​ចាំ​បាច់​ត្រូវ​ធ្វើ នោះ​គឺ​ត្រូវ​ទទួល​ស្គាល់​ថា ការ​ច្រណែន​គឺ​ជា​បាប ហើយ​នាំ​វា​ចូល​ទៅ​ក្នុង​ពន្លឺ​នៃ​ព្រះ​វត្ត​មាន​ព្រះ​តាម​រយៈ​ការ​សារ​ភាព​បាប។ បន្ទាប់​មក យើង​ត្រូវ​តែ​បដិសេធន៍​ការ​ច្រណែន​ដោយ​ការ​អធិស្ឋាន ពី​ពេល​មួយ​ទៅ​ពេល​មួយ​ដោយ​សូម​ព្រះ​វិញ្ញាណ​ជួយ​យើង​ឲ្យ​សញ្ជឹង​គិត​អំពី​អ្វី​ទាំង​អស់​ដែល​យើង​មាន​ក្នុង​ព្រះ​គ្រីស្ទ ទាល់​តែ​យើង​មិន​ស្ថិត​ក្នុង​ចំណង​នៃ​ការ​ច្រណែន តែ​មាន​ពេញ​ដោយ​អំណរ​វិញ។ ការ​រាប់​ព្រះ​ពរ​ដែល​ខ្លួន​ឯង​មាន​ធ្វើ​ឲ្យ​យើង​កាន់​តែ​ងាយ​សរសើរ​តម្កើង​ព្រះ សម្រាប់​ព្រះ​ពរ​ដែល​ព្រះ​អង្គ​ប្រទាន​អ្នក​ដទៃ។ ហើយ​ចិត្ត​ដែល​ស្ងប់​រម្ងាប់​នាំ​មក​នូវ​ជីវិត។ 
ចូរ​កុំ​ឲ្យ​ការ​ច្រណែន​ស៊ី​បំផ្លាញ​អ្នក ដោយ​មិន​ដឹង​ខ្លួន​ឡើយ។ តើ​វា​អាច​គ្រប់​គ្រង​អ្នក​តាម​មធ្យោបាយ​ណា​ខ្លះ? ចូរ​សារភាព​បាប​ដែល​ជា​ការ​ច្រណែន អធិស្ឋាន​អំពី​វា ហើយ​តយុទ្ធ​នឹង​វា ដោយ​សេចក្តី​ពិត​នៃ​ដំណឹង​ល្អ។ 


ខគម្ពីរ​សញ្ជឹង​គិត៖ យ៉ូហាន ២១:១៥-២៣
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល១ឆ្នាំ៖ ទំនុកតម្កើង ១៤៨-១៥០ និង​យ៉ូហាន ១:២៩-៥១
 

ប្រភេទ