ព្រឹក

ការពឹងផ្អែកលើព្រះ
ដោយJames Banks
September 7, 2025
ម៉ាកុស ១០:១៣-១៦
ដ្បិតនគរព្រះមានសុទ្ធតែមនុស្ស ដូចវារាល់គ្នាដែរ។ ម៉ាកុស ១០:១៤
មានពេលមួយ ខ្ញុំបាននិយាយប្រាប់លេឡានី(LEILANI) ជាចៅស្រីអាយុទើបតែបាន១០សប្តាហ៍ថា “អូហ៍ ចៅហាក់ដូចជាផ្ចង់ចិត្តសម្បើមណាស់”។ នាងកំពុងតែមើលមកខ្ញុំ ដោយទឹកមុខឆ្ងល់ និងជ្រួញចិញ្ចើម ខណៈពេលដែលខ្ញុំកំពុងនិយាយរកនាង។ ខ្ញុំក៏បាននិយាយប្រាប់នាងទៀតថា “យាយក៏ចង់ផ្ចង់ចិត្តដូចចៅដែរ។ ចៅមើលពិភពលោកនេះចុះ។ ប៉ុន្តែ ចៅដឹងទេ? ម្តាយ និងឪពុករបស់ចៅស្រឡាញ់ចៅ។ យាយនិងតាក៏ស្រឡាញ់ចៅដែរ។ តែដែលសំខាន់បំផុតនោះ ព្រះយេស៊ូវស្រឡាញ់ចៅ! នេះជាសេចក្តីពិត ដែលធ្វើឲ្យជីវិតយើងមានន័យ!”
បន្ទាប់មក នាងក៏បានឈប់ជ្រួញចិញ្ចើម ហើយស្នាមញញឹមក៏បានលេចឡើងនៅលើផ្ទៃមុខរបស់នាង ធ្វើឲ្យចិត្តខ្ញុំរំភើបណាស់។ ខ្ញុំចូលចិត្តគិតថា នាងយល់អ្វីដែលខ្ញុំនិយាយ ទោះនេះមិនមែនជាការពិតក៏ដោយ។ គឺមិនខុសពីយាយតាដទៃទៀតឡើយ។ ប៉ុន្តែ នាងប្រហែលជាយល់ខ្លះៗ អំពីអារម្មណ៍ដ៏រីករាយ នៅពីក្រោយពាក្យសម្តីរបស់ខ្ញុំ។ ក្តីអំណរដ៏សាមញ្ញ និងស្មោះត្រង់ ដែលបានបង្ហាញចេញមកនៅលើមុខរបស់នាង បានធ្វើឲ្យខ្ញុំនឹកចាំព្រះបន្ទូលរបស់ព្រះយេស៊ូវដែលបានប្រាប់យើង ឲ្យ “ទទួលនគរព្រះដូចជាកូនក្មេង”(ម៉ាកុស ១០:១៥)។
ព្រះយេស៊ូវមានបន្ទូលដូចនេះ នៅពេលដែលពួកបណ្តាជនបាននាំក្មេងតូចៗ ចូលមករកព្រះអង្គ ដើម្បីឲ្យព្រះអង្គដាក់ព្រះហស្តលើពួកគេ ហើយប្រទានពរពួកគេ(ខ.១៣,១៦)។ ប៉ុន្តែ “ពួកសិស្សបានស្តីបន្ទោស” ពួកគេ ដោយគិតឃើញថា ព្រះយេស៊ូវកំពុងជាប់រវល់ខ្លាំង ឬគ្មានពេលសម្រាប់ក្មេងៗទេ។ ទង្វើរបស់ពួកគេបានធ្វើឲ្យព្រះអង្គគ្នាន់ក្នាញ់ក្នុងព្រះទ័យ (ខ.១៤-១៥)។
ក្មេងៗមានចរិតលក្ខណៈពីកំណើតមក ដែលមានការបន្ទាបខ្លួន និងការពឹងផ្អែកលើអ្នកដទៃ។ ដើម្បីទទួលសេចក្តីសប្បុរសដែលព្រះទ្រង់មានចំពោះយើង នៅក្នុងព្រះគ្រីស្ទ យើងក៏ត្រូវតែងាកចេញពីអំនួត ហើយទទួលស្គាល់ថា យើងត្រូវការព្រះអង្គ ក្នុងគ្រប់រឿងទាំងអស់។ នៅពេលណាយើងបានធ្វើដូចនេះហើយ ព្រះអង្គនឹងដកភាពអស់សង្ឃឹមនៃលោកិយនេះចេញពីចិត្តយើង ហើយជំនួសមកវិញ ដោយព្រះបន្ទូលសន្យាអំពីជីវិតដែលនឹងរស់នៅជាមួយព្រះអង្គជារៀងរហូត។ ហើយការនេះគួរតែធ្វើឲ្យស្នាមញញឹមលេចឡើងនៅលើផ្ទៃមុខយើង។—JAMES BANKS
តើអ្នកត្រូវការព្រះ ក្នុងផ្នែកណាខ្លះនៃជីវិតអ្នក? តើអ្នកអាចប្រកាសថា អ្នកពឹងផ្អែកលើព្រះអង្គ នៅថ្ងៃនេះ ដូចម្តេចខ្លះ?
ឱអ័ប្បាព្រះវរបិតា សូមព្រះអង្គជួយទូលបង្គំឲ្យរស់នៅ ដោយការបន្ទាបខ្លួន
ក្នុងសេចក្តីសប្បុរសរបស់ព្រះអង្គនៅថ្ងៃនេះ និងចែកចាយអំពីសេចក្តីសប្បុរសរបស់ព្រះអង្គ ដល់អ្នកដទៃផងដែរ។
LEARN MORE HERE: ODBM.ORG/PERSONAL-RELATIONSHIP-WITH-GOD.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : សុភាសិត ១-២ និង ១កូរិនថូស ១៦
ល្ងាច

ដើម្បីក្លាយជារាស្ត្ររបស់ព្រះ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
September 7, 2025
«ឯដំណើរដែលហៅថាសាសន៍យូដា នោះមិនមែនចំពោះតែអ្នកណាដែលមានទីសំគាល់ខាងក្រៅប៉ុណ្ណោះទេ ហើយការកាត់ស្បែកសោត ក៏មិនមែនចំពោះតែសាច់ខាងក្រៅប៉ុណ្ណោះដែរ រីឯសាសន៍យូដាដ៏ពិតប្រាកដ នោះគឺខាងក្នុងវិញ ហើយការកាត់ស្បែកក៏នៅក្នុងចិត្ត ខាងព្រលឹងវិញ្ញាណដែរ មិនមែនតាមតែន័យពាក្យប៉ុណ្ណោះទេ មនុស្សយ៉ាងនោះតែងមានសេចក្តីសរសើរ មិនមែនមកពីមនុស្ស គឺពីព្រះវិញ» (រ៉ូម ២:២៨-២៩)។
នគរនីមួយៗសុទ្ធតែមានពលរដ្ឋរបស់ខ្លួន ហើយនគរព្រះក៏មានពលរដ្ឋផងដែរ។ ដូចនេះ តើនរណាជាពលរដ្ឋរបស់នគរព្រះ? តើនរណាជារាស្ត្ររបស់ព្រះ? រាស្ត្ររបស់ព្រះគឺជាមនុស្សទាំងអស់ដែលបានទទួលជឿព្រះយេស៊ូវគ្រីស្ទ។ ពួកគេជាផ្នែកមួយនៃនគរព្រះ មិនមែនដោយសារពួកគេមានបញ្ញា អំណាច ឬកត្តាខាងក្រៅផ្សេងទៀតនោះទេ តែដោយសារតែព្រះបានសម្រេចព្រះទ័យស្រឡាញ់ពួកគេ ហើយបានប្រទានពួកគេនូវអំណោយនៃសេចក្តីជំនឿ ដែលជឿព្រះរាជបុត្រាព្រះអង្គ។ ព្រះយេស៊ូវបានស្តីបន្ទោសពួកផារិស៊ី ដោយសារពួកគេបានសន្និដ្ឋានថា ពួកគេជាសមាជិកគ្រួសាររបស់ព្រះដោយសារខ្សែលោហិត។ គឺដូចដែលព្រះអង្គមានបន្ទូលថា «បើអ្នករាល់គ្នាជាពូជលោក អ័ប្រាហាំពិត នោះនឹងធ្វើតាមលោកជាប្រាកដ» (យ៉ូហាន ៨:៣៩)។ តើលោក អ័ប្រាហាំ បានធ្វើអ្វីខ្លះ? គឺគាត់បានទុកចិត្តលើព្រះបន្ទូលសន្យារបស់ព្រះ គឺដូចមានសេចក្តីចែងថា «លោក អ័ប្រាហាំបានជឿដល់ព្រះ ហើយសេចក្តីនោះ បានរាប់ជាសេចក្តីសុចរិតដល់លោក» (កាឡាទី ៣:៦)។
ដូចនេះ យើងរាល់គ្នាជាសមាជិកពេញសិទ្ធិនៃគ្រួសាររបស់ព្រះ មិនមែនដោយសារការអ្វីដែលយើងបានធ្វើ តែដោយសារកិច្ចការដែលព្រះវិញ្ញាណបរិសុទ្ធ បានធ្វើការក្នុងចិត្តយើង ដោយនាំឲ្យយើងជឿ ហើយនាំយើងទៅរកការប្រែចិត្ត។ ដើម្បីរាប់បញ្ចូលយើងក្នុងចំណោមរាស្ត្ររបស់ព្រះ យើងមិនចាំបាច់ត្រូវធ្វើតាមការតម្រូវរបស់ពិធីបុណ្យ តាមក្រឹត្យវិន័យរបស់សាសន៍យូដា ជាកូនចៅជំនាន់ក្រោយខាងសាច់ឈាម របស់លោក អ័ប្រាហាំនោះឡើយ។ ក្នុងបទគម្ពីរ រ៉ូម ២:២៩ សាវ័ក ប៉ុល បានសួរថា នរណាជាកូនចៅរបស់លោក អ័ប្រាហាំ? ចម្លើយនោះគឺ កូនចៅលោក អ័ប្រាហាំ គឺជាអស់អ្នកដែល «បានកាត់ស្បែកក្នុងចិត្ត ខាងព្រលឹងវិញ្ញាណ»។
ខណៈពេលដែលយើងពិចារណាអំពីសេចក្តីពិតនេះ យើងអាចឆ្ងល់ថា តើសាវ័ក ប៉ុល បានគិតអំពីអត្ថប្រយោជន៍នៃការមានសាច់ឈាមជាជនជាតិយូដាឬទេ? សាវ័ក ប៉ុល បានពន្យល់ថា ការមានកំណើតជាជនជាតិយូដាមានអត្ថប្រយោជន៍ដ៏លើសលប់ ដោយសារជនជាតិយូដាជាមនុស្សដំបូងដែលបានទទួលព្រះបន្ទូលសន្យារបស់ព្រះ ដែលបានផ្តល់ឲ្យពួកគេនូវឱកាសពិសេស ដើម្បីស្វែងយល់អំពីទីសម្គាល់ដែលចង្អុលបង្ហាញពួកគេទៅរកការសម្រេចបទទំនាយក្នុងព្រះគ្រីស្ទ (រ៉ូម ៣:១-២)។ ប៉ុន្តែ ការយល់ដឹងតែប៉ុណ្ណេះ មិនបានធ្វើឲ្យនរណាម្នាក់ក្លាយជាពលរដ្ឋរបស់នគរព្រះឡើយ។ ពលរដ្ឋនៃនគរព្រះ គឺជាមនុស្សទទួលជឿ ដោយស្ម័គ្រស្មោះចំពោះមហាក្សត្រនៃនគរព្រះ។ ព្រះទ្រង់បានប្រទានសេចក្តីសង្គ្រោះដល់អស់អ្នកដែលជឿព្រះគ្រីស្ទ ទោះយើងជាសាសន៍យូដា ឬសាសន៍ដទៃ មានប្រវត្តិដូចម្តេច ទោះយើងបានកើត ឬបានទទួលការចិញ្ចឹមដូចម្តេចក៏ដោយ។ ភាពជាពលរដ្ឋក្នុងនគរព្រះ មិនអាស្រ័យទៅលើជាតិសាសន៍ ឬកត្តាខាងក្រៅផ្សេងទៀត តែអាស្រ័យទៅលើការមានជំនឿដូចកូនក្មេងចំពោះព្រះមេស្ស៊ី។
លោកីយ៍មានពេញដោយមនុស្ស ដែលពិបាករកកន្លែងដែលពួកគេអាចចូលក្នុងចំណោមគេចុះ ឬព្យាយាមថែរក្សាតួនាទីនៅក្នុងក្រុមហ៊ុន សង្គម រង្វង់មិត្តភាព ឬសូម្បីតែនៅក្នុងគ្រួសាររបស់ពួកគេ។ ព្រះទ្រង់មិនបានប្រាប់អ្នកឲ្យតស៊ូ ឬព្យាយាម គ្រាន់តែដើម្បីឲ្យបានសប្បាយចិត្តនោះទេ។ បើអ្នកជារាស្ត្ររបស់ព្រះអង្គដោយសារជំនឿលើព្រះយេស៊ូវ នោះអ្នកបានសង្គ្រោះ ដោយសារព្រះនាមព្រះអង្គ និងមានសេរីភាពរួចពីក្តីអាម៉ាស់ ហើយអ្នកជាផ្នែកមួយនៃរាស្ត្ររបស់ព្រះអង្គ។ នេះជាកន្លែងដែលអ្នកអាចចូលក្នុងចំណោមគេចុះ និងជាផ្ទះរបស់អ្នក។
ខគម្ពីរសញ្ជឹងគិត៖ អេភេសូរ ២:១១-២២
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ពួកចៅហ្វាយ ១-៣ និងយ៉ូហាន ២