នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ឱបក្រសោបយកសេចក្តីពិត

ឱបក្រសោបយកសេចក្តីពិត

ដោយKaren Pimpo

September 8, 2025

យ៉ូហាន ១៤:១-៧
ព្រះយេស៊ូវមានបន្ទូលទៅគាត់ថា ខ្ញុំជាផ្លូវ ជាសេចក្ដីពិត ហើយជាជីវិត បើមិនមកតាមខ្ញុំ នោះគ្មានអ្នកណាទៅឯព្រះវរបិតាបានឡើយ។ យ៉ូហាន ១៤:៦
ថ្ងៃមួយ មិត្តភក្តិខ្ញុំ ឈ្មោះ ខនន័រ(CONNOR) បានថតរូប ដោយប្រើកាមេរ៉ាវីដេអូចាស់មួយគ្រឿង ដែលគាត់មានជាយូរមកហើយ។ ពេលនោះ គាត់មិនបានខ្វល់ខ្វាយអំពីការបន្ថែមពន្លឺ និងពណ៌ ដើម្បីធ្វើឲ្យទាក់ទាញ ឬយករូបទៅកែ ឬកាត់ចោលកន្លែងដែលមិនស្អាតនោះទេ។ រូបថតរបស់គាត់មិនមានការកែសម្រួលអ្វីសោះ ប៉ុន្តែ មានភាពលេចធ្លោ ក្នុងបណ្ដាញសង្គម ក្នុងចំណោមរូបថតមនុស្ស និងទីកន្លែងស្អាតៗ ដែលមានការកែសម្រួលយ៉ាងខ្លាំង។ ស្នាដៃរបស់គាត់មានលក្ខណៈខុសពីមនុស្សសម័យនេះ ប៉ុន្តែ មានភាពស្រស់ស្អាត ដោយសារវាបានបង្ហាញចេញនូវធាតុពិត នៅក្នុងអ្វីៗដែលយើងអាចមើលឃើញ និងយល់បាន។
យើងរាល់គ្នាសុទ្ធតែចង់បានអ្វីដែលពិត តែជួនកាល យើងមានអារម្មណ៍ថា សេចក្តីពិតមិនមានភាពទាក់ទាញចំពោះយើង។ នៅពេលដែលព្រះយេស៊ូវជិតដល់ពេលសុគត ព្រះអង្គបានប្រកាសថា ព្រះអង្គគឺជាសេចក្តីពិត(យ៉ូហាន ១៤:៦)។ ពួកសាវ័ករបស់ព្រះអង្គបានឆ្ងល់ថា តើធ្វើដូចម្តេចឲ្យពួកគេអាចចូលផ្ទះរបស់ព្រះវរបិតា ដែលព្រះយេស៊ូវបានមានបន្ទូលសង្កត់ធ្ងន់កន្លែងមក(ខ.២-៣)។ ពេលនោះ ពួកគេក៏បានដឹងខ្លួនថា តាមពិតព្រះយេស៊ូវដែលកំពុងឈរនៅចំពោះមុខពួកគេហ្នឹងហើយ គឺជាចម្លើយ។ ពួកគេមានការពិបាកទទួលស្គាល់ថា ព្រះអង្គនឹងនាំមកនូវជ័យជម្នះមកលើអំពើបាប តាមរយៈការលះបង់របស់ព្រះអង្គ។ 
ហោរាអេសាយបានថ្លែងទំនាយថា ព្រះមែស៊ីដែលត្រូវយាងមក មិនមានរូបសម្បត្តិដែលគួរឲ្យទាក់ទាញ ឬគួរឲ្យស្ញប់ស្ញែងនោះទេ។ គឺដូចមានសេចក្តីចែងមកថា “ទ្រង់ឥតមានទ្រង់ទ្រាយល្អ ឬសណ្ឋានរុងរឿងទេ ហើយកាលយើងបានមើលទ្រង់ នោះក៏គ្មានភាពលំអណា ដែលឲ្យយើងរីករាយចិត្តដែរ”(អេសាយ ៥៣:២)។ ព្រះបន្ទូលជាច្រើនរបស់ព្រះយេស៊ូវ បានធ្វើឲ្យប៉ះពាល់មុខមាត់ និងអំណាចរបស់មនុស្សជាច្រើន ខុសពីអ្វីដែលគេរំពឹងចង់បាន បានជាពួកអ្នកដឹកនាំសាសនានៅសម័យនោះបានទាស់ប្រឆាំងព្រះអង្គ(យ៉ូហាន ១១:៤៥-៤៨)។ តែព្រះអង្គបានប្រទានការអញ្ជើញត្រង់ៗ ឲ្យយើងបានស្គាល់សេចក្តីពិត និងរកឃើញជីវិតពិត។ គឺដូចដែលព្រះអង្គមានបន្ទូលថា “បើអ្នករាល់គ្នាបានស្គាល់ខ្ញុំ នោះបានស្គាល់ព្រះវរបិតាដែរ”(យ៉ូហាន ១៤:៧)។ ក្នុងលោកិយដែលមានទៅដោយការក្លែងបន្លំ និងការកែសម្រួលបាត់សណ្ឋានដើម ចូរយើងងាកមកឱបក្រសោបយកសេចក្តីពិតដែលមានន័យ និងមិនមានការកែសម្រួលនៅថ្ងៃនេះ!—KAREN PIMPO

តើអ្នកកំពុងស្វែងរកភាពស្រស់ស្អាតតែសម្បកក្រៅ ជាជាងស្វែងរកសេចក្តីពិតឬ? 
តើអ្នកអាចឱបក្រសោបយកព្រះបន្ទូលរបស់ព្រះយេស៊ូវ កាន់តែច្រើនថែមទៀត ជារៀងរាល់ថ្ងៃ ដូចម្តេចខ្លះ? 
ឱព្រះយេស៊ូវ ទូលបង្គំសម្រេចចិត្តដើរតាមព្រះអង្គ ដែលជាប្រភពនៃសេចក្តីពិតគ្រប់យ៉ាង។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : សុភាសិត ៣-៥ និង ២កូរិនថូស ១

 

ល្ងាច

ចូរ​អរ​សប្បាយ​ជានិច្ច (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ចូរ​អរ​សប្បាយ​ជានិច្ច (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

September 8, 2025

«ចូរ​អរ​សប្បាយ ក្នុង​ព្រះ​អម្ចាស់​ជានិច្ច ខ្ញុំ​ប្រាប់​ម្តង​ទៀត​ថា ចូរ​អរ​សប្បាយ​ឡើង» (ភីលីព ៤:៤)។
តើ​យើង​គួរ​តែ​អរ​សប្បាយ​ជានិច្ច​យ៉ាង​ដូច​ម្តេច​ខ្លះ? តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​អាច​អរ​សប្បាយ​ជានិច្ច​បាន? ឬ​យើង​គួរ​តែ​យល់​ឃើញ​ថា ការ​លើក​ទឹក​ចិត្ត​របស់​សាវ័ក ប៉ុល ឲ្យ​យើង «អរ​សប្បាយ​ក្នុង​ព្រះ​អម្ចាស់​ជានិច្ច» គ្រាន់​តែ​ជា​ការ​និយាយ​កំឡា​ចិត្ត​បែប​បំផ្លើស ដោយ​គាត់​មិន​ពិត​ជា​បាន​គិត​ថា យើង​អាច​ដក​ពិសោធន៍​នឹង​អំណរ​ដូច​នេះ​ក្នុង​ជីវិត​យើង​ជា​គ្រីស្ទ​បរិស័ទ​ឬ? 
ទេ! យើង​មិន​ត្រូវ​គិត​ដូច​នេះ​ទេ។ អ្វី​ដែល​សាវ័ក ប៉ុល បាន​និយាយ​គឺ​ជា​ការ​ពិត​មែន។ ក្នុង​នាម​យើង​ជា​អ្នក​ជឿ យើង​ត្រូវ​តែ​មាន​អំណរ​ជានិច្ច។ មូល​ហេតុ​មួយ ដែល​យើង​ពិបាក​ធ្វើ​តាម​ការ​បង្រៀន​នេះ គឺ​ដោយ​សារ​យើង​ច្រើន​តែ​គិត​អំពី​ក្តី​អំណរ​តាម​របៀប​មិន​ត្រឹម​ត្រូវ ដូច​យើង​គិត​អំពី​សេចក្តី​ស្រឡាញ់​ក្នុង​ន័យ​ថា ក្តី​អំណរ​គឺ​ជា​លទ្ធផល​នៃ​អារម្មណ៍​របស់​យើង​ជា​ជាង​គិត​ថា អំណរ​គឺ​ជា​អ្នក​បម្រើ​ឆន្ទៈ​របស់​យើង។ ពេល​ណា​យើង​គិត​ដូច​នេះ យើង​អាច​អរ​សប្បាយ តែ​នៅ​ពេល​ដែល​យើង​មាន​អារម្មណ៍​ល្អ នៅ​ពេល​ដែល​មាន​ថ្ងៃរះ​ល្អ ឬ​នៅ​ពេល​ដែល​អ្វីៗ​ហាក់​ដូច​ជា​មាន​ដំណើរ​ការ​ល្អ​សម្រាប់​យើង​ប៉ុណ្ណោះ។ ប៉ុន្តែ នៅ​ពេល​ដែល​ព្រះ​គម្ពីរ​ប្រាប់​យើង​ឲ្យ​អរ​សប្បាយ​ជានិច្ច គឺ​រាប់​បញ្ចូល​ទាំង​ពេល​ដែល​ជីវិត​យើង​ខុស​ពី​ការ​រំពឹង​ចង់​បាន មាន​ពពក​ខ្មៅ​ងងឹត​ព័ទ្ធ​ជុំវិញ ហើយ​យើង​មាន​ការ​បាក់​ទឹក​ចិត្ត​ជា​ដើម។ ដូច​នេះ យើង​ត្រូវ​តែ​ព្យាយាម​ស្វែង​យល់​អំពី​ក្តី​អំណរ​ឲ្យ​បាន​ច្បាស់។ 
ក្នុង​បទ​គម្ពីរ​ហាបាគុក​ជំពូក៣ យើង​ឃើញ​ថា ហោរា​ហាបាគុក​មាន​អារម្មណ៍​ញាប់ញ័រ ចំពោះ​ថ្ងៃ​វេទនា​ដែល​ត្រូវ​មក​ដល់ (៣:១៦)។ អ្វីៗ​ទាំង​អស់​ក្នុង​ពិភព​នៃ​ផ្លូវ​អារម្មណ៍ បាន​នាំ​គាត់​ងាក​ទៅ​រក​ភាព​តក់ស្លុត។ ប៉ុន្តែ ការ​ថប់​បារម្ភ​មិន​បាន​គ្រប់​គ្រង​ចិត្ត​គាត់​ទេ ផ្ទុយ​ទៅ​វិញ គាត់​បាន​ធ្វើ​ឲ្យ​អារម្មណ៍​របស់​គាត់ ចុះ​ចូល​នឹង​អ្វី​ដែល​គាត់​បាន​ដឹង​អំពី​ព្រះ​ដែល​ជា​អ្នក​ផ្គត់ផ្គង់​គាត់។ ដោយ​កម្លាំង​នៃ​ការ​គិត​ដ៏​ត្រឹម​ត្រូវ លោក ហាបាគុក​ក៏​បាន​សន្និដ្ឋាន​ថា «ទោះបើ​ដើម​ល្វា​មិន​មាន​ផ្កា ក៏​ឥតមាន​ផ្លែ​ទំពាំងបាយជូរ ហើយ​ផល​នៃ​ដើម​អូលីវ​ក៏​ខាន​មាន ស្រែ​ចំការ​ឥត​បង្កើត​បាន​អាហារ ហ្វូង​ចៀម​ត្រូវ​បាត់​ចេញ​ពី​ក្រោល ហើយ​គ្មាន​គោ​នៅ​ក្នុង​ឃ្នង​ក៏​ដោយ គង់​តែ​ខ្ញុំ​នឹង​រីករាយ ដោយ​សារ​ព្រះ​យេហូវ៉ា ខ្ញុំ​នឹង​អរ​សប្បាយ​ក្នុង​ព្រះ​ដ៏​ជួយ​សង្គ្រោះ​ខ្ញុំ​ដែរ» (ខ.១៧-១៨)។ គាត់​បាន​បង្ហាញ​ថា យើង​អាច​មាន​អំណរ​ជានិច្ច សូម្បី​នៅ​ក្នុង​ទុក្ខ​លំបាក និង​ការ​ឈឺ​ចាប់​ក្នុង​ជម្រៅ​ចិត្ត គឺ​នៅ​ពេល​ដែល​ក្តី​អំណរ​របស់​យើង​មិន​ពឹង​ផ្អែក​ទៅ​លើ​កត្តា​ខាង​ក្រៅ តែ​ពឹង​ផ្អែក​លើ​ព្រះ​អង្គ​តែ​ប៉ុណ្ណោះ។
គោល​បំណង​របស់​ព្រះ​អង្គ គឺ​ដើម្បី​ឲ្យ​ការ​គិត​របស់​យើង មាន​ការ​យល់​ដឹង និង​ការ​កែ​ប្រែ​ដោយ​ការ​បើក​សម្ដែង​របស់​ព្រះ​អង្គ ដែល​ព្រះ​អង្គ​ប្រទាន​មក ដើម្បី​ឲ្យ​យើង​ស្គាល់​ព្រះ​អង្គ តាម​រយៈ​ព្រះ​បន្ទូល និង​ស្នា​ព្រះ​ហស្ត​របស់​ព្រះ​អង្គ។ គឺ​ដូច​ដែល​លោក យ៉ូហានេស ខេពល័រ (Johannes Kepler) ជា​អ្នក​វិទ្យាសាស្ត្រ​នៅ​សតវត្សរ៍​ទី១៦ បាន​មាន​ប្រសាសន៍​ថា «យើង​ត្រូវ​តែ​គិត​តាម​គំនិត​របស់​ព្រះ»។ ពេល​ណា​យើង​រៀន​គិត​ឲ្យ​បាន​ត្រឹម​ត្រូវ យើង​នឹង​អាច​ធ្វើ​ឲ្យ​អារម្មណ៍​របស់​យើង មាន​ភាព​សម​ស្រប​នឹង​ការ​គិត​ដ៏​ត្រឹម​ត្រូវ​របស់​យើង។ 
ពេល​ណា​ក្តី​អំណរ​របស់​អ្នក​បាន​ចាក់​ឫស​ចូល​ទៅ​ក្នុង​ចារិក​លក្ខណៈ​របស់​ព្រះ​ដែល​មិន​ចេះ​ប្រែ​ប្រួល នោះ​ក្តី​អំណរ​របស់​អ្នក នឹង​រួច​ផុត​ពី​ចំណង​ដែល​អ្នក និង​កាលៈទេសៈ​របស់​អ្នក​បាន​ចាប់ចង។ អំណរ​របស់​អ្នក​នឹង​មាន​បញ្ហា​ប្រឈម​ដោយ​សារ​ការ​លំបាក និង​ការ​ខក​ចិត្ត ប៉ុន្តែ វា​នឹង​មិន​រលាយ​បាត់​ទៅ​ណា​ឡើយ។ នៅ​ថ្ងៃ​នេះ ពេល​ណា​អំណរ​របស់​អ្នក​មាន​បញ្ហា​ប្រឈម សូម​បន្លឺ​សម្លេង​ចេញ​ពី​បបូរ​មាត់​ថា៖
«ឱ​ព្រះ​អម្ចាស់ និង​ព្រះ​នៃ​ទូល​បង្គំ​អើយ អ្វី​ដែល​ទូល​បង្គំ​បាន​ដឹង​អំពី​ព្រះ​អង្គ 
បាន​បំពេញ​វិញ្ញាណ​ទូល​បង្គំ​ដោយ​សន្តិភាព បំពេញ​បបូរ​មាត់​ទូល​បង្គំ​ដោយ​បទ​ចម្រៀង។ 
ព្រះ​អង្គ​គឺ​ជា​សុខភាព ក្តី​អំណរ ដំបង និង​ព្រនង់​របស់​ទូល​បង្គំ។ 
ពេល​ណា​ទូល​បង្គំ​ពឹង​ផ្អែក​លើ​ព្រះ​អង្គ ទូល​បង្គំ​ខ្លាំង​នៅ​ក្នុង​ភាព​កម្សោយ»។1


ខគម្ពីរ​សញ្ជឹង​គិត៖ ទំនុកតម្កើង ២០
គម្រោង​អាន​ព្រះគម្ពីរ​រយៈ​ពេល១ឆ្នាំ៖ ពួក​ចៅហ្វាយ ៤-៦ និង​យ៉ូហាន ៣:១-១៥

ប្រភេទ