នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

មិនខ្មាសចំពោះការធ្វើបន្ទាល់ពីព្រះអម្ចាស់

មិនខ្មាសចំពោះការធ្វើបន្ទាល់ពីព្រះអម្ចាស់

ដោយDave Branon

September 9, 2025

២ធីម៉ូថេ ១:៦-១២
មិនត្រូវឲ្យអ្នកមានសេចក្ដីខ្មាសចំពោះការធ្វើបន្ទាល់ពីព្រះអម្ចាស់នៃយើង។ ២ធីម៉ូថេ ១:៨
មុនពេលដែលអ្នកបម្រើព្រះជាជនជាតិអាហ្វ្រិកម្នាក់ ត្រូវគេសម្លាប់ដោយសារជំនឿដែលមិនងាករេ ចំពោះព្រះយេស៊ូវ គាត់បាននិពន្ធអត្ថបទមានចំណងជើងថា “សេចក្តីអធិស្ឋានរបស់អ្នកស្លាប់ដោយសារជំនឿ”។ គាត់មិនបានបញ្ចេញឈ្មោះរបស់គាត់ទេ តែស្នាដៃនិពន្ធរបស់គាត់ ពីសម័យមុន មានភាពល្បីល្បាញយ៉ាងទូលំទូលាយ បានជាគេដាក់ចំណងជើងឲ្យមួយទៀតថា “សេចក្តីប្រកបរបស់អ្នកដែលមិនត្រូវខ្មាស”។ 
ពាក្យពេចន៍របស់គ្រូគង្វាលរូបនេះ បានធ្វើការជំរុញចិត្តដល់អ្នកជឿព្រះយេស៊ូវទាំងអស់ គឺការជំរុញចិត្តដែលសាវ័កប៉ុលបានសរសេរ ក្នុងសំបុត្រដែលគាត់បានផ្ញើទៅមិត្តសំឡាញ់របស់គាត់ ជាយុវជន ឈ្មោះ ធីម៉ូថេ យ៉ាងដូចនេះថា “មិនត្រូវឲ្យអ្នកមានសេចក្ដីខ្មាសចំពោះការធ្វើបន្ទាល់ពីព្រះអម្ចាស់នៃយើង ឬដោយព្រោះខ្ញុំ ជាសិស្សរបស់ទ្រង់ដែលជាប់គុកនោះឡើយ”(២ធីម៉ូថេ ១:៨) ព្រោះព្រះវិញ្ញាណបរិសុទ្ធបានប្រទានយើង នូវ “អំណាច សេចក្ដីស្រឡាញ់ នឹងប្រាជ្ញានឹងធឹងវិញ”(ខ.៧)។
លោកគ្រូគង្វាលជាជនជាតិអាហ្វ្រិករូបនោះ បានសរសេរនៅក្នុងសៀវភៅនោះថា “ខ្ញុំជាផ្នែកមួយនៃសេចក្តីប្រកបរបស់មនុស្សដែលមិនត្រូវខ្មាស។ ខ្ញុំបានសម្រេចចិត្តហើយ។ ខ្ញុំជាសិស្សរបស់ព្រះយេស៊ូវ ហើយខ្ញុំនឹងរេរា មិនបង្អែបង្អង់ មិនរាថយ ឬនៅទ្រឹងមួយកន្លែងឡើយ។ ព្រះអង្គបានប្រោសលោះពេលអតីតកាលរបស់ខ្ញុំ និងធ្វើឲ្យពេលបច្ចុប្បន្នរបស់ខ្ញុំមានន័យ ហើយខ្ញុំមិនខ្លាចពេលអនាគតឡើយ ... ខ្ញុំរស់នៅដោយជំនឿ ពឹងផ្អែកលើព្រះវត្តមានរបស់ព្រះអង្គ ដើរដោយចិត្តអត់ធ្មត់ ការអធិស្ឋានធ្វើឲ្យខ្ញុំមានកម្លាំងឡើងវិញ ហើយខ្ញុំខិតខំបម្រើព្រះអង្គ ដោយអំណាចនៃព្រះវិញ្ញាណបរិសុទ្ធ”។
ទាំងលោកធីម៉ូថេ និងគ្រូគង្វាលរូបនោះ បានប្រឈមមុខដាក់ទុក្ខលំបាក ដែលយើងក៏អាចជួបប្រទះផងដែរ តែពាក្យសម្តីរបស់ពួកគេបានជំរុញយើង ឲ្យឈរយ៉ាងមាំមួន ពេលណាជំនឿរបស់យើងជួបការល្បងល។ យើងអាចនិយាយថា "ខ្ញុំនៅតែគ្មានសេចក្តីខ្មាស" ព្រោះព្រះទ្រង់ “អាចនឹងថែរក្សាបញ្ញើ ដែលខ្ញុំបានផ្ញើទុកនឹងទ្រង់ ដរាបដល់ថ្ងៃនោះឯង”(ខ.១២) ដែលជាជីវិត និងពេលអនាគតរបស់យើង។—DAVE BRANON

តើមានអ្វីធ្វើឲ្យអ្នកគ្មានសេចក្តីខ្មាស ចំពោះព្រះគ្រីស្ទ? 
តើអ្នកអាចយកគំរូតាមអ្នកដទៃ ដែលមិនខ្មាស ចំពោះដំណឹងល្អ ដូចម្តេចខ្លះ? 
ព្រះអម្ចាស់ ព្រះអង្គបានសន្យាថា នឹងប្រទានព្រះចេស្តា តាមរយៈព្រះវិញ្ញាណបរិសុទ្ធ។ 
សូមព្រះអង្គជួយទូលបង្គំ ឲ្យឈរមាំថ្វាយព្រះអង្គ និងមិនខ្មាស ក្នុងស្ថានភាពទាំងអស់។
VISIT ODBU.ORG/NT246 AND DIVE DEEPER INTO THE WISDOM SHARED IN 1 AND 2 TIMOTHY.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : សុភាសិត ៦-៧ និង ២កូរិនថូស ២
 

ល្ងាច

អ្នក​បម្រើ​ដែល​បន្ទាប​ខ្លួន  (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

អ្នក​បម្រើ​ដែល​បន្ទាប​ខ្លួន (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

September 9, 2025

«អ្នក​រាល់​គ្នា​ហៅ​ខ្ញុំ​ជា​លោក​គ្រូ ហើយ​ជា​ព្រះ​អម្ចាស់ នោះ​ក៏​ត្រូវ​មែន ពីព្រោះ​គឺ​ខ្ញុំ​នេះ​ហើយ ដូច្នេះ បើ​ខ្ញុំ​ដែល​ជា​ព្រះ​អម្ចាស់ ហើយ​ជា​គ្រូ បាន​លាង​ជើង ឲ្យ​អ្នក​រាល់​គ្នា នោះ​គួរតែ​ឲ្យ​អ្នក​រាល់​គ្នា​លាង​ជើង​ដល់​គ្នា​នឹង​គ្នា​ដែរ» (យ៉ូហាន ១៣:១៣-១៤)។
លោក អេនឌ្រូ ម៉ាទីនេស (Andrew Martinez) ស្ថិត​ក្នុង​ចំណោម​អ្នក​ស្ពាយ​ឧបករណ៍​វាយ​កូន​ហ្គោល​ដែល​ល្បី​ល្បាញ​បំផុត​ក្នុង​ប្រវត្តិ​សាស្ត្រ​កីឡា​វាយ​កូន​ហ្គោល ដោយ​គាត់​បាន​ស្ពាយ​ឧបករណ៍​វាយ​កូន​ហ្គោល​ឲ្យ​កីឡាករ​ល្បីៗ​ដូច​ជា​លោក ចននី មីលល័រ (Johnny Miller) ចន ឃុក (John Cook) និង​លោក ថម លេមិន (Tom Lehman)។ គាត់​ក៏​ជា​កីឡាករ​ដែល​មាន​ទេព​កោសល្យ​ផង​ដែរ។ ផ្នែក​ដែល​ធ្វើ​ឲ្យ​គាត់​ល្បី​ល្បាញ​ក្នុង​ការងារ​ជា​អ្នក​ស្ពាយ​ឧបករណ៍​នោះ គឺ​គាត់​មាន​ចិត្ត​ប្តូរ​ផ្តាច់​ចំពោះ​ចៅហ្វាយ​នាយ​របស់​គាត់ ចាប់​តាំង​ពី​ពេល​ដែល​គាត់​បោះ​ជំហាន​ចូល​កន្លែង​ធ្វើ​ការ​របស់​អ្នក​ស្ពាយ​ឧបករណ៍​វាយ​កូន​ហ្គោល ហើយ​ពាក់​ឯក​សណ្ឋាន​ពណ៌​ស។ នៅ​ក្នុង​ការ​បំពេញ​តួនាទី គាត់​មិន​បាន​គិត​អំពី​ខ្លួន​ឯង​ទេ។ គាត់​នៅ​តែ​មាន​ឈ្មោះ ម៉ាទីនេស ប៉ុន្តែ មាន​ឈ្មោះ​ផ្សេង​នៅ​លើ​ខ្នង​របស់​គាត់​ដែល​មាន​ន័យ​ថា គាត់​បាន​មាន​វត្ត​មាន​នៅ​ទីនោះ ដើម្បី​បម្រើ​នរណា​ម្នាក់ ទោះ​គាត់​មាន​អំណោយ​ទាន និង​សមត្ថ​ភាព​យ៉ាង​ណា​ក៏​ដោយ។
នៅ​ពេល​យប់​មុន​ពេល​ព្រះ​យេស៊ូវ​សុគត ព្រះ​អង្គ​បាន​លាង​ជើង​ឲ្យ​ពួក​សាវ័ក ជា​ទិដ្ឋភាព​ដែល​គួរ​ឲ្យ​ចងចាំ​បំផុត​ក្នុង​ព្រះ​ជន្ម​គង់​នៅ​លើ​ផែនដី។ មូល​ហេតុ​មួយ​ដែល​ព្រះ​អង្គ​បាន​ធ្វើ​ដូច​នេះ គឺ​ដើម្បី​ធ្វើ​ជា​គំរូ​នៃ​ការ​បម្រើ​ដោយ​បន្ទាប​ខ្លួន ព្រោះ​ការងារ​លាង​ជើង​គឺ​ជា​ការងារ​របស់​ពួក​ទាសករ មិន​មែន​ការងារ​របស់​ស្តេច​ទេ។ យើង​សុទ្ធ​តែ​អាច​រៀន​សូត្រ​ពី​ការ​ដើរ​តាម​គំរូ​របស់​ព្រះ​អង្គ​ត្រង់​ចំណុច​ដែល​ថា ព្រះ​អាទិករ​បាន​លាង​ជើង​ឲ្យ​ស្នា​ព្រះ​ហស្ត​របស់​ព្រះ​អង្គ ដោយ​ព្រះ​អង្គ​បាន​បម្រើ​ទាំង​ពួក​សាវ័ក​ដែល​មាន​ការ​ប៉ះ​ទង្គិច​គ្នា និង​បម្រើ​សាវ័ក​ដែល​ក្បត់​ព្រះ​អង្គ​ផង​ដែរ។ ការ​ធ្វើ​ដូច​នេះ គឺ​លើស​ពី​ការ​ស្វាគមន៍ ដែល​បាន​បង្ហាញ​ចេញ​មក​ក្នុង​ពិធី​លាង​ជើង​នេះ។ 
ព្រះ​យេស៊ូវ​បាន​ធ្វើ​ជា​គំរូ​ឲ្យ​យើង​ដើរ​តាម (ព្រោះ​ព្រះ​អង្គ​បាន​ប្រើ​ពាក្យ «គួរ​តែ​ឲ្យ​អ្នក​រាល់​គ្នា») ហើយ​មិន​គ្រាន់​តែ​ជា​គំរូ​ប៉ុណ្ណោះ​ទេ។ បើ​យើង​រាល់​គ្នា​គ្រាន់​តែ​ផ្ដោត​ទៅ​លើ​ការ​ត្រាស់​ហៅ​ឲ្យ​ត្រាប់​តាម​ការ​បន្ទាប​ព្រះ​កាយ​របស់​ព្រះ​យេស៊ូវ​ក្នុង​រឿង​នេះ នោះ​យើង​នឹង​វង្វេង​នៅ​ក្នុង​ការ​ប្រព្រឹត្ត​តាម ហើយ​ខក​ខាន​មិន​បាន​យល់​អំពី​បំណង​ព្រះ​ទ័យ​ពេញលេញ និង​រុងរឿង​របស់​ព្រះ​គ្រីស្ទ។ ខណៈ​ពេល​ដែល​ព្រះ​អង្គ​លាង​ជើង​ឲ្យ​ពួក​សាវ័ក ព្រះ​អង្គ​ជ្រាប​ថា ពេល​អនាគត​ដ៏​ខ្លី​ខាង​មុខ​នឹង​មាន​រឿង​អ្វី​ខ្លះ​កើត​ឡើង។ ព្រះ​អង្គ​ជ្រាប​ច្បាស់ អំពី​ពេល​រង​ទុក្ខ​ខ្លាំង​បំផុត ជា​ការ​សុគត​នៅ​លើ​ឈើ​ឆ្កាង​ដែល​ត្រូវ​មក​ដល់។ 
សកម្មភាព​របស់​ព្រះ​អង្គ​នៅ​ពេល​នោះ​បាន​បង្ហាញ​ថា ពេល​អនាគត​តែង​តែ​ស្ថិត​ក្នុង​ព្រះ​ហស្ត​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​វរបិតា។ ការ​លាង​ជើង​ពួក​សាវ័ក គឺ​ជា​និមិត្ត​សញ្ញា​នៃ​ការ​លាង​សម្អាត​វិញ្ញាណ​របស់​ពួក​គេ នៅ​ពេល​អនាគត​ជា​ការ​លាង​សម្អាត​មិន​មែន​ដោយ​ទឹក​ក្នុង​ចាន​ក្លាំ តែ​ដោយ​ព្រះ​លោហិត​នៅ​លើ​ឈើ​ឆ្កាង​វិញ។ ព្រះ​រាជបុត្រា​បាន​បន្ទាប​ព្រះ​កាយ ដើម្បី​ផ្តល់​ឲ្យ​យើង​នូវ​ការ​លាង​សម្អាត​ស្នាម​ប្រឡាក់​នៃ​បាប​របស់​យើង ហើយ​យើង​ត្រូវ​តែ​យក​គំរូ​តាម​ដោយ​ការ​បន្ទាប​ខ្លួន​ដែរ ដោយ​ទទួល​ស្គាល់​ថា យើង​ត្រូវ​ការ​ការ​លាង​សម្អាត ហើយ​ទូល​សូម​ឲ្យ​ព្រះ​អង្គ​លាង​សម្អាត​យើង។ 
ទាល់​តែ​យើង​បាន​ឲ្យ​តម្លៃ ការ​បម្រើ​របស់​ព្រះ​អង្គ​សង្គ្រោះ ទើប​យើង​អាច​បម្រើ​អ្នក​ដទៃ​ដូច​ព្រះ​អង្គ។ សាវ័ក ពេត្រុស មាន​ការ​ភាន់​ច្រឡំ ចំពោះ​អ្វី​ដែល​ព្រះអង្គ​កំពុង​ធ្វើ (យ៉ូហាន ១៣:៦-៨) តែ​ក្រោយ​មក គាត់​ក៏​បាន​យល់​ព្រះ​បន្ទូល​ព្រះអង្គ។ ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក គាត់​ក៏​បាន​លើក​ទឹក​ចិត្ត​បង​ប្អូន​រួម​ជំនឿ​ថា «ចូរ​ឲ្យ​អ្នក​រាល់​គ្នា​បន្ទាប​ខ្លួន នៅ​ក្រោម​ព្រះ​ហស្ត​ដ៏​ពូកែ​របស់​ព្រះ​ចុះ ដើម្បី​ឲ្យ​ទ្រង់​បាន​តម្កើង​អ្នក​រាល់​គ្នា​ឡើង​នៅ​វេលា​កំណត់» (១ពេត្រុស ៥:៦)។ គាត់​ដឹង​ថា គំរូ​របស់​ព្រះ​គ្រីស្ទ​មិន​គ្រាន់​តែ​កែ​តម្រង់​អាកប្ប​កិរិយា​របស់​យើង​ប៉ុណ្ណោះ​ទេ តែ​ក៏​ដើម្បី​បន្ទាប​យើង​ចុះ ហើយ​ធានា​យើង​អំពី​ការ​អត់​ទោស​បាប​របស់​យើង។ 
តើ​ព្រះ​អម្ចាស់​បាន​ត្រាស់​ហៅ​អ្នក​ឲ្យ​លាង​ជើង​ឲ្យ​អ្នក​ដទៃ​យ៉ាង​ដូច​ម្តេច​ខ្លះ? តើ​អ្នក​អាច​លះបង់​ពេល​វេលា ឬ​ភាព​សុខ​ស្រួល ដើម្បី​បម្រើ​មនុស្ស​ជុំវិញ​អ្នក ដោយ​សេចក្តី​ស្រឡាញ់​ដែល​មាន​ការ​បន្ទាប​ខ្លួន​ដូច​ម្តេច​ខ្លះ? ហើយ​ដែល​សំខាន់​បំផុត​នោះ តើ​អ្នក​អាច​បម្រើ​អ្នក​ដទៃ តាម​របៀប​ដែល​ចង្អុល​បង្ហាញ​ពួក​គេ​ទៅ​រក​ការ​បម្រើ​ដែល​ធំ​ជាង​នោះ​ទៀត ដែល​ទទួល​បាន​ពី​ការ​លាង​សម្អាត​ដោយ​ព្រះ​លោហិត​របស់​ព្រះ​គ្រីស្ទ​ដែល​បាន​បង្ហូរ​នៅ​លើ​ឈើ​ឆ្កាង​ដែរ​ឬ​ទេ? 


ខគម្ពីរ​សញ្ជឹង​គិត៖ យ៉ូហាន ១៣:‌១-១៧
គម្រោង​អាន​ព្រះគម្ពីរ​រយៈ​ពេល១ឆ្នាំ៖ ពួក​ចៅហ្វាយ ៧-៨ និង​យ៉ូហាន ៣:១៦-៣៦
 

ប្រភេទ