នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ពោលទំនួញទៅកាន់ព្រះអម្ចាស់

ពោលទំនួញទៅកាន់ព្រះអម្ចាស់

ដោយAmy Boucher Pye

September 11, 2025

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : សុភាសិត ១០-១២ និង ២កូរិនថូស ៤
បរិទេវ ១:២០-២២
ឱព្រះយេហូវ៉ាអើយ សូមទតមើល ដ្បិតខ្ញុំម្ចាស់មានសេចក្ដីវេទនា ចិត្តខ្ញុំម្ចាស់ទុរន់ទុរា ចិត្តខ្ញុំម្ចាស់ក្រឡាប់ចុះនៅក្នុងខ្លួន។ បរិទេវ ១:២០
មានពេលមួយ ខ្ញុំបានទៅមើលការតាំងបង្ហាញសំណង់រំឭក និងសារមន្ទីរនៃព្រឹត្តិការណ៍៩វិច្ឆិកា ក្នុងទីក្រុងញូយ៉ក ដោយចិត្តចង់ដឹងចង់យល់បន្ថែមទៀត ប៉ុន្តែ ខ្ញុំក៏បានព្យាយាមទប់អារម្មណ៍ផងដែរ។ អ្នកនាំផ្លូវយើងក៏បានផ្លាស់ប្តូររបៀបដែលគាត់ពិពណ៌នា នៅពេលដែលយើងដើរចូលខាងក្នុងកន្លែងតាំងបង្ហាញ ដែលអ្នកអភិរក្សកន្លែងនោះបានដាក់បំរាម មិនឲ្យក្មេងៗចូលមើល ក៏ដូចជាដាក់បំរាមដល់អ្នកដែលមិនចង់មើលរូបភាពដែលធ្វើឲ្យរន្ធត់ចិត្ត។ នៅពេលដែលខ្ញុំបានស្តាប់រឿងមួយហើយមួយទៀត ដែលបង្កប់ទៅដោយការឈឺចាប់ និងការបាត់បង់ ដួងចិត្តរបស់ខ្ញុំកើតមានសេចក្តីទំនួញឥតឈប់ឈរ។
នៅពេលណាយើងបានឃើញ ឬនឹកចាំ អំពីការបំផ្លិចបំផ្លាញ និងការឈឺចាប់ យើងអាចចូលរួមជាមួយអ្នកដែលកំពុងទូលថ្វាយអំពីទុក្ខលំបាករបស់ខ្លួនដល់ព្រះ។ ការនេះក៏រាប់បញ្ចូលពាក្យទំនួញដ៏ឈឺចាប់ ដែលមានចែងក្នុងបទគម្ពីរបរិទេវ ដែលហោរាយេរេមាបាននិពន្ធ បន្ទាប់ពីទីក្រុងយេរូសាឡិមបានទទួលរងការបំផ្លិចបំផ្លាញ។ នៅក្នុងបទកំណាព្យដ៏សោកសៅនេះ គាត់បានបង្ហាញការសោកសង្រេង និងការឈឺចាប់ ចំពោះទុក្ខវេទនានៃរាស្ត្ររបស់ព្រះយ៉ាងដូចនេះថា “ឱព្រះយេហូវ៉ាអើយ សូមទតមើល ដ្បិតខ្ញុំម្ចាស់មានសេចក្ដីវេទនា ចិត្តខ្ញុំម្ចាស់ទុរន់ទុរា ចិត្តខ្ញុំម្ចាស់ក្រឡាប់ចុះនៅក្នុងខ្លួន”(បរិទេវ ១:២០)។ តែគាត់ទទួលស្គាល់ថាព្រះអង្គគឺជាអ្នកជំនុំជម្រះ ដោយដឹងថា មានតែព្រះអង្គទេ ដែលអាចដោះស្រាយបញ្ហានៃអំពើបាប និងសេចក្តីហិនវិនាសនោះបាន បានជាគាត់ទូលព្រះអង្គថា “សូមឲ្យគ្រប់ទាំងអំពើទុច្ចរិតរបស់គេ បានលេចមក នៅចំពោះទ្រង់”(ខ.២២)។ 
ការស្រែករកព្រះ ដោយចិត្តស្មោះត្រង់ដូចនេះ អាចជួយយើងឲ្យប្រឈមមុខដាក់សោកនាដកម្មដ៏ឈឺចាប់ គឺដូចរឿងដែលបានកើតឡើងនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ឬរឿងសោកសៅដទៃទៀត ក្នុងពេលបច្ចុប្បន្ន។ ចូរយើងមើលទៅព្រះអង្គ ដើម្បីទទួលបានជំនួយ ក្តីសង្ឃឹម ការកម្សាន្តចិត្ត និងយុត្តិធម៌។—AMY BOUCHER PYE

នៅពេលដែលអ្នកឃើញការអាក្រក់កំពុងកើតឡើង តើធ្វើដូចម្តេចឲ្យអ្នកនៅតែមានចិត្តអាណិតអ្នកដទៃ 
នៅចំពោះព្រះ? តើព្រះអង្គអាចដឹកនាំអ្នក ឲ្យអធិស្ឋានឲ្យអ្នកដែលកំពុងឈឺចាប់នៅថ្ងៃនេះ យ៉ាងណាខ្លះ? 
ឱព្រះនៃសេចក្តីពិត និងសេចក្តីស្រឡាញ់ ទូលបង្គំដឹងថា ព្រះទ័យរបស់ព្រះអង្គឈឺចាប់ ចំពោះទុក្ខវេទនាក្នុងលោកិយ។ 
សូមព្រះអង្គបានគ្របបាំងទូលបង្គំ ដោយព្រះគុណ និងសេចក្តីមេត្តា ហើយប្រោសរបួសទូលបង្គំឲ្យជា។
 

ល្ងាច

រឿង​អំពី​ការ​ផ្គត់ផ្គង់​របស់​ព្រះ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

រឿង​អំពី​ការ​ផ្គត់ផ្គង់​របស់​ព្រះ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

September 11, 2025

«អ្នក​រាល់​គ្នា​បាន​គិត​ធ្វើ​អាក្រក់​ដល់​ខ្ញុំ តែ​ព្រះ​ទ្រង់​សំរេច​ជា​ការ​ល្អ​វិញ ដើម្បី​នឹង​សង្គ្រោះ​ដល់​ជីវិត​នៃ​មនុស្ស​ជា​ច្រើន ដូច​ជា​បាន​កើត​មាន​សព្វថ្ងៃ​នេះ» (លោកុប្បត្ដិ ៥០:២០)។
ក្មេងៗ​ដែល​ស្រឡាញ់​ជីតា​របស់​ខ្លួន ច្រើន​តែ​ចូល​ចិត្ត​ស្តាប់​រឿង ដែល​ជីតា​របស់​ពួកគេ​និយាយ​ប្រាប់។ ក្នុង​នាម​លោក អ៊ីសាក ជា​ជីតា​របស់​លោក យ៉ូសែប លោក អ៊ីសាក​ប្រាកដ​ជា​មាន​ឱកាស​អង្គុយ​ជា​មួយ​គាត់ ហើយ​ចែក​ចាយ​អំពី​រឿង​ជា​ច្រើន ដែល​និយាយ​អំពី​ការ​ផ្គត់ផ្គង់​របស់​ព្រះ ដើម្បី​ចែកចាយ​សេចក្តី​ពិត​ចូល​ទៅ​ក្នុង​ជីវិត​របស់​ចៅ។ យើង​គ្រាន់​តែ​អាច​ស្រមៃ​ថា លោក យ៉ូសែប ប្រាកដ​ជា​ចូល​ចិត្ត​ស្តាប់​រឿង និង​ការ​បង្រៀន​របស់​លោក អ៊ីសាក។ ប៉ុន្តែ សេចក្តី​ល្អ​របស់​ព្រះ​ចំពោះ​គ្រួសារ​គាត់​ក្នុង​ជំនាន់​ក្រោយ ហាក់​ដូច​ជា​បាន​ជួយ​ទ្រទ្រង់​លោក យ៉ូសែប សូម្បី​នៅ​ក្នុង​ពេល​ដែល​ឈឺ​ចាប់​បំផុត ព្រោះ​លោក យ៉ូសែប តែងតែ​ដឹង​ថា ព្រះ​ទ្រង់​គ្រប់​គ្រង​មក​លើ​អ្វីៗ​ទាំង​អស់។ នេះ​ជា​ការ​ពិត​ដែល​គួរ​ឲ្យ​កត់​សំគាល់​ណាស់។ ជា​ការ​ពិត​ណាស់ លោក យ៉ូសែប កំពុង​រៀន​និយាយ ដូច​អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុកតម្កើង​នៅ​សម័យ​ក្រោយ បាន​ពោល​ថា «បើ​សិន​ជា​ទូល​បង្គំ​មិន​បាន​ជឿ​ថា នឹង​ឃើញ​សេចក្តី​សប្បុរស​នៃ​ព្រះ​យេហូវ៉ា នៅ​ស្ថាន​របស់​មនុស្ស​រស់​នេះ នោះ​តើ​យ៉ាង​ណា​ទៅ» (ទំនុកតម្កើង ២៧:១៣)។
ជា​ការ​ពិត​ណាស់ លោក យ៉ូសែប មាន​ឱកាស​ម្តង​ហើយ​ម្តង​ទៀត ដើម្បី​ធ្វើ​បន្ទាល់​អំពី​ការ​ថែរក្សា​របស់​ព្រះ។ កាល​គាត់​មាន​អាយុ១៧ឆ្នាំ គាត់​បាន​ឃើញ​ព្រះ​អង្គ​ធ្វើ​ការ សូម្បី​នៅ​ពេល​ដែល​ពួក​បង​ប្រុស​របស់​គាត់​បាន​ស្អប់​គាត់​យ៉ាង​ខ្លាំង។ រ៉ូបេន​បាន​សុំ​ពួក​គេ​ឲ្យ​ដាក់​គាត់​នៅ​ក្នុង​រណ្តៅ​ដែល​បាន​ទុក​ជីវិត​ឲ្យ​គាត់ ប៉ុន្តែ​កាល​នោះ​គឺ​ព្រះ​អម្ចាស់​ទេ​ដែល​បាន​ប្រទាន​គំនិត​នេះ​ដល់​រ៉ូបេន ហើយ​ជួយ​ឲ្យ​ពួក​បងៗ​របស់​យ៉ូសែប ធ្វើ​តាម​ផែនការ​គាត់។ 
បន្តិច​ក្រោយ​មក ពួក​សាសន៍​អ៊ីសម៉ាអែល​ដែល​ជា​ឈ្មួញ​ក៏​បាន​មក​ដល់​ចំ​ពេល​ល្អ គឺ​ហាក់​ដូច​ជា​ព្រះ​បាន​រៀប​ចំ (គឺ​ព្រះអង្គ​បាន​រៀប​ចំ​មែន)។ ពួក​គេ​កំពុង​ធ្វើ​ដំណើរ​ទៅ​ជួញ​ដូរ​ដូច​សព្វ​មួយ​ដង ដូច​នេះ​ពួក​គេ​អាច​មើល​ទៅ​លោក យ៉ូសែប ដោយ​មិន​ចាប់​អារម្មណ៍ ហើយ​និយាយ​ថា ពួក​គេ​មិន​ត្រូវ​ការ​ទិញ​គាត់​ធ្វើ​ជា​ទាសករ​ទេ។ ប៉ុន្តែ ផែនការ​របស់​ព្រះ​បាន​កំណត់​ថា ពួក​គេ​នឹង​ទិញ​លោក យ៉ូសែប។ 
ក្នុង​ករណី​ទាំង​ពីរ​នេះ ព្រះ​អម្ចាស់​បាន​ប្រើ​ភាព​អាត្មា​និយម និង​បំណង​ចិត្ត​របស់​មនុស្ស​ជា​ឧបករណ៍ ដើម្បី​ជួយ​សង្គ្រោះ​ជីវិត​របស់​លោក យ៉ូសែប ហើយ​ទី​បំផុត​ក៏​បាន​ជួយ​សង្គ្រោះ​មនុស្ស​ជា​ច្រើន​តាម​រយៈ​គាត់។ 
សេចក្តី​ពិត​ក្នុង​បទ​គម្ពីរ លោកុប្បត្ដិ ៥០:២០ គឺ​ជា​មូល​ដ្ឋាន​គ្រឹះ​នៃ​ជីវិត​របស់​លោក យ៉ូសែប នៅ​ត្រង់​ចំណុច​ដែល​ថា ទោះ​ពួក​បង​ប្រុស​របស់​គាត់ ចង់​ធ្វើ​អាក្រក់​មក​លើ​គាត់​ក៏​ដោយ ក៏​ព្រះ​ទ្រង់​ចង់​ធ្វើ​ការ​ល្អ​ដល់​គាត់ ហើយ​បំណង​ព្រះ​ទ័យ​របស់​ព្រះ​តែង​តែ​ឈ្នះ។ ឪពុក​ខាង​សាច់ឈាម​របស់​លោក យ៉ូសែប ប្រហែល​ជា​បាន​វិល​ត្រឡប់​ទៅ​ស្រុក​កាណាន​វិញ ប៉ុន្តែ ព្រះ​វរបិតា​របស់​គាត់​នៅ​ស្ថាន​សួគ៌​បាន​យាង​ទៅជា​មួយ​គាត់ ចូល​ទឹក​ដី​អេស៊ីព្ទ។ 
ផ្លូវ​របស់​គាត់​អាច​មាន​ការ​ផ្លាស់​ប្តូរ​ទិសដៅ ដោយ​សារ​ការ​ច្រណែន​របស់​បង​ប្អូន​គាត់ ការ​ត្រក​ត្រអាល​របស់​ប្រពន្ធ​របស់​លោក ប៉ូទីផារ កំហឹង​របស់​លោក ប៉ូទីផារ និង​ភាព​អាត្មា​និយម​របស់​អ្នក​ថ្វាយ​ពែង តែ​ព្រះ​របស់​គាត់​បាន​រៀបចំ​ផ្លូវ​ឲ្យ​គាត់ ដើម្បី​ជា​ប្រយោជន៍​ដល់​រាស្ត្រ​របស់​ព្រះ​អង្គ។ 
តើ​យើង​ឲ្យ​តម្លៃ​មក​លើ​សេចក្តី​ពិត​នេះ​ដែល​បាន​ចែង​អំពី​ព្រះ​ដូច​លោក យ៉ូសែប ទេ? ព្រះ​អម្ចាស់​នឹង​សម្រេច​គោល​បំណង​របស់​ព្រះ​អង្គ សូម្បី​នៅ​ពេល​ដែល​យើង​មិន​ដឹង​ថា យើង​កំពុង​ធ្វើ​ដំណើរ​ទៅ​ណា ឬ​មិន​ដឹង​ថា ព្រះ​អង្គ​កំពុង​ធ្វើ​អ្វី។ នេះ​ជា​ក្តី​សង្ឃឹម​ដែល​យើង​ត្រូវ​មាន ក្នុង​កាលៈទេសៈ​នីមួយៗ។ ពេល​ណា​ទុក្ខ​លំបាក​មកដល់ យើង​មិន​ត្រូវ​រត់​គេច​ពី​វា​ទេ ព្រោះ​យើង​ដឹង​ថា វា​មក​ពី​ព្រះ​ហស្ត​នៃ​ព្រះ​វរបិតា​ដ៏​សប្បុរស ហើយ​វា​មាន​ប្រយោជន៍​សម្រាប់​ផែនការ​របស់​ព្រះ​អង្គ ដើម្បី​ជួយ​ទ្រទ្រង់​រាស្ត្រ​របស់​ព្រះ​អង្គ។ យើង​ឃើញ​សេចក្តី​ល្អ​របស់​ព្រះ នៅ​ក្នុង​ជីវិត​របស់​គ្រួសារ​ខាង​វិញ្ញាណ​របស់​យើង ក្នុង​ជំនាន់​មុន ក្នុង​ព្រះ​គម្ពីរ និង​ក្នុង​ប្រវត្តិសាស្ត្រ​ពួក​ជំនុំ។ អ្នក​អាច​ដឹង​ច្បាស់​ថា អ្នក​នៅ​តែ​ស្ថិត​ក្រោម​ការ​ថែរក្សា​របស់​ព្រះ​វរបិតា​របស់​អ្នក ទោះ​អ្នក​មាន​ការ​សង្ស័យ ការ​ភ័យ​ខ្លាច បរាជ័យ មាន​ទំនាក់​ទំនង​ដែល​បែក​បាក់ និង​ក្តី​ស្រមៃ​ដែល​បាន​រលាយ​ក៏ដោយ។ 


ខគម្ពីរ​សញ្ជឹង​គិត៖ លោកុប្បត្ដិ ៤៩:២៨-៥០:២១
គម្រោង​អាន​ព្រះគម្ពីរ​រយៈ​ពេល១ឆ្នាំ៖ ពួក​ចៅហ្វាយ ១១-១២ និង​យ៉ូហាន ៤:៣១-៥៤

ប្រភេទ