នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ការពារគំនិតរបស់យើងក្នុងព្រះគ្រីស្ទ

ការពារគំនិតរបស់យើងក្នុងព្រះគ្រីស្ទ

ដោយNancy Gavilanes

September 12, 2025

ភីលីព ៤:៤-៩
មួយទៀត បងប្អូនអើយ ឯសេចក្ដីណាដែលពិត សេចក្ដីណាដែលគួររាប់អាន សេចក្ដីណាដែលសុចរិត សេចក្ដីណាដែលបរិសុទ្ធ ... នោះចូរពិចារណាពីសេចក្ដីទាំងនោះចុះ។ ភីលីព ៤:៨
នៅក្នុងការប្រកួតហែលទឹកចម្ងាយ ១៥០០ម៉ែត្រ ក្នុងកីឡាអូឡាំពិក ឆ្នាំ២០២៤ កញ្ញា ខេធី លេដេស្គី(KATIE LEDECKY) បាននាំមុខគេ ក្នុងការហែលពីមួយត្រឡប់ទៅមួយត្រឡប់ទៀត ។ ក្នុងរយៈពេល១៥នាទី គាត់បាននាំមុខ ដាច់ឆ្ងាយពីកីឡាករហែលទឹកផ្សេងទៀត ហើយមានអារម្មណ៍ថា មិនមាននរណាម្នាក់នៅក្បែរគាត់។ តើកញ្ញា លេដេស្គីកំពុងគិតអ្វី ក្នុងអំឡុងពេលនៃការប្រណាំងចម្ងាយឆ្ងាយនោះ? ក្នុងការសម្ភាសបន្ទាប់ពីគាត់បានឈ្នះបានមេដាយមាស ដោយបង្កើតកំណត់ត្រាថ្មីមួយ ក្នុងការប្រកួតកីឡាអូឡាំពិក គាត់បាននិយាយថា នៅពេលនោះ គាត់កំពុងគិតអំពីដៃគូរដែលគាត់បានហ្វឹកហាត់ជាមួយ និងនឹកឃើញឈ្មោះរបស់ពួកគេ នៅក្នុងគំនិតរបស់គាត់។ 
មិនមែនមានតែអ្នកហែលទឹកចម្ងាយឆ្ងាយប៉ុណ្ណោះទេ ដែលចាំបាច់ត្រូវផ្ដោតគំនិត ទៅលើអ្វីដែលត្រឹមត្រូវ។ ក្នុងនាមយើងជាអ្នកជឿព្រះយេស៊ូវ យើងក៏ចាំបាច់ត្រូវការពារគំនិតរបស់យើង ឲ្យបានត្រឹមត្រូវ ក្នុងការធ្វើដំណើរខាងវិញ្ញាណរបស់យើង។ 
សាវ័កប៉ុលបានលើកទឹកចិត្តពួកជំនុំនៅទីក្រុងភីលីព ឲ្យ “អរសប្បាយក្នុងព្រះអម្ចាស់ជានិច្ច” ហើយ “កុំឲ្យខ្វល់ខ្វាយអ្វីឡើយ ចូរទូលដល់ព្រះ ឲ្យជ្រាបពីសេចក្ដីសំណូមរបស់អ្នករាល់គ្នាក្នុងគ្រប់ការទាំងអស់”(ភីលីព ៤:៤,៦)។ “យ៉ាងនោះសេចក្ដីសុខសាន្តរបស់ព្រះ ដែលហួសលើសពីអស់ទាំងគំនិត នឹងជួយការពារចិត្ត ហើយនឹងគំនិតរបស់អ្នករាល់គ្នាក្នុងព្រះគ្រីស្ទយេស៊ូវ”(ខ.៧)។ ព្រះយេស៊ូវជាព្រះអម្ចាស់នៃសន្តិភាព ជួយឲ្យយើងមានការគិតត្រឹមត្រូវ អំពីការព្រួយបារម្ភ និងបញ្ហារបស់យើង។ 
សាវ័កប៉ុលបានលើកទឹកចិត្តអ្នកជឿទាំងឡាយថា “ឯសេចក្ដីណាដែលពិត សេចក្ដីណាដែលគួររាប់អាន សេចក្ដីណាដែលសុចរិត សេចក្ដីណាដែលបរិសុទ្ធ សេចក្ដីណាដែលគួរស្រឡាញ់ សេចក្ដីណាដែលមានឈ្មោះល្អ បើមានសគុណណា ឬជាសេចក្ដីសរសើរណា នោះចូរពិចារណាពីសេចក្ដីទាំងនោះចុះ”(ខ.៨)។
នៅក្នុងការរស់នៅជារៀងរាល់ថ្ងៃ ចូរយើងរៀបចំការគិតរបស់យើងឲ្យបានត្រឹមត្រូវ។ ពេលណាយើងឃើញព្រះហស្តរបស់ព្រះអង្គធ្វើការក្នុងជីវិតយើង យើងអាចរាប់ព្រះពរ និងថ្វាយបង្គំព្រះអង្គ។—NANCY GAVILANES

តើអ្នកកំពុងគិតអំពីអ្វី កាលពីពេលថ្មីៗនេះ? 
តើអ្នកអាចថ្វាយព្រះកិត្តិនាមដល់ព្រះ នៅក្នុងគំនិតរបស់អ្នកដូចម្តេចខ្លះ? 
ឱព្រះអម្ចាស់ សូមគំនិតរបស់ទូលបង្គំ បានជាទីគាប់ព្រះទ័យដល់ព្រះអង្គ។ 
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : សុភាសិត ១៣-១៥ និង ២កូរិនថូស ៥
 

ល្ងាច

ព្រះ​អង្គ​ធ្វើ​ឲ្យ​យើង​កើត​ជា​ថ្មី (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ព្រះ​អង្គ​ធ្វើ​ឲ្យ​យើង​កើត​ជា​ថ្មី (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

September 12, 2025

«ទ្រង់​បាន​បង្កើត​យើង​រាល់​គ្នា​មក​តាម​ព្រះ​ហឫទ័យ​ទ្រង់ ដោយ​សារ​ព្រះ​បន្ទូល​ដ៏​ពិត» (យ៉ាកុប ១:១៨)។
លោក ចននី ខាសិន (Johnny Carson) ជា​ពិធីករ​ដ៏​ល្បី​ល្បាញ ក្នុង​កម្មវិធី​ទូរទស្សន៍។ គាត់​ធ្លាប់​ពិពណ៌នា​អំពី​ក្មេង​ជំទង់​ម្នាក់​ដែល​មិន​ស្តាប់​បង្គាប់ និង​អំពី​ឪពុក​របស់​ក្មេង​នោះ ដែល​មាន​ការ​ខក​ចិត្ត ខណៈ​ពេល​ដែល​អ្នក​ទាំង​ពីរ​កំពុង​ឈ្លោះ​ប្រកែក​គ្នា។ ក្មេង​នោះ​បិទ​ទ្វារ​មួយ​ទំហឹង​ដៃ ហើយ​រត់​ចេញ​ទៅ​ក្រៅ​ហើយ​ស្រែក​ថា «ខ្ញុំ​មិន​បាន​សុំ​ឲ្យ​ប៉ា​បង្កើត​ខ្ញុំ​មក​ទេ!»។ ប៉ា​របស់​គាត់​ក៏​បាន​ឆ្លើយ​ថា បើ​សិន​ជា​ឯង​សុំ​កើត​មក​ជា​កូន​ប៉ា នោះ​ប៉ា​នឹង​ឆ្លើយ​ថា ទេ! ប៉ា​មិន​ចង់​ឲ្យ​ឯង​កើត​ជា​កូន​ប៉ា​ទេ!
មុន​នឹង​ចាប់​កំណើត​ជា​មនុស្ស គ្មាន​នរណា​ម្នាក់​ស្នើសុំ​ឲ្យ​ខ្លួន​កើត​ជា​មនុស្ស​នោះ​ទេ។ តាម​ពិត ក៏​គ្មាន​នរណា​ម្នាក់​សុំ​ឲ្យ​ខ្លួន​បាន​កើត​ជា​ថ្មី​ដែរ។ កណ្ឌ​គម្ពីរ​យ៉ាកុប​បាន​ចង្អុល​បង្ហាញ​សេចក្តី​ពិត ដែល​ធ្វើ​ឲ្យ​យើង​បន្ទាប​ខ្លួន​ទទួល​ស្គាល់​ថា កំណើត​ខាង​វិញ្ញាណ​របស់​យើង មិន​មែន​ជា​អ្វី​ដែល​យើង​ជំរុញ​ព្រះ​ឲ្យ​ធ្វើ​សម្រាប់​យើង​នោះ​ទេ។ ក្នុង​សេចក្តី​ល្អ​របស់​ព្រះ ការ​កើត​ជា​ថ្មី​របស់​គ្រីស្ទាន គឺ​ជា​ជម្រើស​របស់​ព្រះ​អង្គ ដោយ​មិន​បាន​ទទួល​សំពាធ​ពី​ភាព​អស់​សង្ឃឹម ហើយ​ក៏​មិន​បាន​ទទួល​ការ​ជំរុញ​ពី​សេចក្តី​ល្អ​ដែល​យើង​គិត​ថា យើង​មាន​នោះ​ដែរ។ ព្រះ​អង្គ​សម្រេច​ព្រះ​ទ័យ​ដោយ​អង្គ​ឯង ដោយ​បំណង​ព្រះ​ទ័យ​ដែល​សេរី និង​មាន​អធិបតេយ្យ​ភាព។ គឺ​ដូច​ដែល​ព្រះ​យេស៊ូវ​បាន​បន្ទូល​ថា «ឯ​ខ្យល់ ចង់​បក់​ទៅ​ឯ​ណា ក៏​ចេះ​តែ​បាន ហើយ​អ្នក​ឮសូរ​សព្ទ តែ​មិន​ដឹង​ជា​មក​ពី​ណា ឬ​ទៅ​ឯ​ណា​ទេ អស់​អ្នក​ណា​ដែល​កើត​មក​ពី​ព្រះ​វិញ្ញាណ នោះ​ក៏​ដូច្នោះ​ដែរ» (យ៉ូហាន ៣:៨)។ 
បើ​ព្រះ​វិញ្ញាណ​មិន​បាន​ធ្វើ​ការ​នៅ​ក្នុង​យើង ដោយ​បង្ហាញ​ឲ្យ​យើង​ស្គាល់​ព្រះ​គ្រីស្ទ​ទេ នោះ​ចិត្ត​ដ៏​ល្ងីល្ងើ​របស់​យើង​នឹង​នៅ​តែ​ងងឹត ហើយ​បាប​ធ្វើ​ឲ្យ​យើង​មិន​អាច​រស់នៅ​តាម​ក្រម​សីលធម៌​របស់​ព្រះ។ យើង​បាន​វង្វេង​នៅ​ក្នុង​ចំណង​របស់​បាប តាម​និស្ស័យ​សាច់ឈាម​របស់​យើង ដោយ​យើង​ស្រេក​ឃ្លាន​ចង់​ដឹង​អំពី​ដំណោះ​ស្រាយ សម្រាប់​ភាព​ទាល់​ច្រក​របស់​យើង តែ​យើង​មិន​ទាំង​ដឹង​ច្បាស់​ថា ភាព​ទាល់​ច្រក​របស់​យើង​មាន​សណ្ឋាន​បែប​ណា​ទេ។ ប៉ុន្តែ ទោះ​យើង​បាន​ក្លាយ​ជា​សមាជិក​គ្រួសារ​របស់​ព្រះ​ដោយ​សារ​ព្រះ​គុណ តាម​រយៈ​សេចក្តី​ជំនឿ​ហើយ​ក្តី ក៏​ជួន​កាល យើង​នៅ​តែ​មាន​ទំនោរ​ទៅ​រក​ការ​ជឿ​ថា សេចក្តី​សង្គ្រោះ​របស់​យើង គឺ​ជា​លទ្ធផល​នៃ​ការ​ប្រព្រឹត្ត​របស់​យើង ដែល​យើង​បាន​ជ្រើស​រើស ហើយ​ត្រូវ​តែ​បន្ត​សម្រេច​ចិត្ត​ងាក​ចេញ​ពី​បាប ហើយ​បែរ​ទៅ​រក​ព្រះ​ដោយ​ជំនឿ​ដូច​កូន​ក្មេង។ តាម​ពិត គឺ​បំណង​ព្រះ​ទ័យ​របស់​ព្រះ​អង្គ​ទេ ដែល​បាន​នាំ​ឲ្យ​យើង​បាន​ឮ និង​អាច​ឆ្លើយ​តប​ចំពោះ «ព្រះ​បន្ទូល​នៃ​សេចក្តី​ពិត»។ ពេល​ណា​យើង​យក​ផ្នែក​នីមួយៗ​មក​ផ្គុំ​ចូល​គ្នា ទើប​យើង​ដឹង​ថា ការ​ដែល​យើង​ជ្រើស​រើស​ព្រះ​អង្គ​អាច​កើត​ឡើង​បាន ដោយ​សារ​ព្រះអង្គ​បាន​ជ្រើស​រើស​យើង​ជា​មុន។ 
គឺ​ដូច​ដែល​លោក អាឡិច ម៉ូតយ័រ (Alec Motyer) បាន​បក​ស្រាយ​ថា «យើង​គ្មាន​លទ្ធ​ភាព​ផ្តួច​ផ្តើម ឬ​រួម​ចំណែក នៅ​ក្នុង​ការ​ចាប់​កំណើត​ខាង​សាច់​ឈាម​របស់​យើង​ទេ ហើយ​យើង​កាន់​តែ​គ្មាន​លទ្ធ​ភាព​ផ្តួច​ផ្តើម និង​រួម​ចំណែក​ក្នុង​ការ​កើត​ជា​ថ្មី​របស់​យើង។ ដំណើរ​ការ​ទាំង​មូល ចាប់​តាំងពី​ពេល​ដែល​យើង​ធ្វើ​ការ​សម្រេច​ចិត្ត​លើក​ដំបូង រហូត​ដល់​លទ្ធផល​ចុង​ក្រោយ គឺ​ជា​កិច្ចការ​របស់​ព្រះ​ទាំង​ស្រុង។ ដរាបណា​បំណង​ព្រះ​ទ័យ​ព្រះ នៅ​តែ​មិន​ប្រែ​ប្រួល ព្រះ​បន្ទូល​ព្រះ​អង្គ​នៅ​តែ​ពិត ហើយ​ព្រះ​បន្ទូល​សន្យា​នៅ​តែ​ជាប់​នៅ នោះ​សេចក្តី​សង្គ្រោះ​របស់​ខ្ញុំ​ក៏​នៅ​តែ​ស្ថិត​ស្ថេរ មិន​អាច​បាត់​បង់​ទៅ​ណា​ឡើយ។1 
អ្នក​រក​ឃើញ​ទំនុក​ចិត្ត សន្តិភាព និង​ការ​កម្សាន្ត​ចិត្ត ពេល​ដែល​បាន​ដឹង​ថា សេចក្តី​ល្អ​របស់​ព្រះ​តាម​រយៈ​ព្រះ​យេស៊ូវ​គ្រីស្ទ មិន​គ្រាន់​តែ​នាំ​អ្នក​ទៅ​រក​ការ​ប្រែ​ចិត្ត និង​ជំនឿ​ប៉ុណ្ណោះ​ទេ តែ​ក៏​ធ្វើ​ឲ្យ​អ្នក​ជាប់​នៅ​ក្នុង​ជំនឿ​ផង​ដែរ។ បើ​សេចក្តី​ជំនឿ និង​សេចក្តី​សង្គ្រោះ​ផ្តេក​ផ្តួល​ទៅ​លើ​អ្នក នោះ​វា​មិន​ជាប់​នៅ​ទេ ហើយ​អ្នក​នឹង​តែង​តែ​មាន​ការ​ថប់​បារម្ភ​ជានិច្ច។ តែ​សេចក្តី​ជំនឿ​ពឹង​ផ្អែក​ទៅ​លើ​ព្រះ​អង្គ ដែល​ក្នុង​ព្រះ​អង្គ សូម្បីតែ​ស្រមោល​នៃ​ការ​ប្រែ​ប្រួល​ក៏​គ្មាន​ដែរ (យ៉ាកុប ១:១៧)។ អ្នក​មិន​បាន​សុំ​ឲ្យ​ព្រះ​អង្គ​បង្កើត​អ្នក​ទេ តែ​ព្រះ​អង្គ​សព្វ​ព្រះ​ទ័យ​ឲ្យ​អ្នក​កើត​មក។ ដូច​នេះ អ្នក​អាច​ប្រាកដ​ថា អ្នក​ជា​កូន​របស់​ព្រះ​អង្គ ក្នុង​ពេល​សព្វ​ថ្ងៃ ថ្ងៃ​ស្អែក ជា​រៀង​រាល់​ថ្ងៃ និង​ជា​រៀង​រហូត។ 


ខគម្ពីរ​សញ្ជឹង​គិត៖ អេសេគាល ៣៦
គម្រោង​អាន​ព្រះគម្ពីរ​រយៈ​ពេល១ឆ្នាំ៖ ពួក​ចៅហ្វាយ ១៣-១៥ និង​យ៉ូហាន ៥:១-២៤

ប្រភេទ