នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

រកឃើញសេចក្តីមេត្តា

រកឃើញសេចក្តីមេត្តា

ដោយJohn Blase

September 13, 2025

និក្ខមនំ ១៦:១១-១៦
នៅល្ងាចនេះ ឯងរាល់គ្នានឹងបានបរិភោគសាច់ លុះដល់ព្រឹកឡើង នោះនឹងចំអែតដោយនំប៉័ង ដើម្បីឲ្យឯងរាល់គ្នាបានដឹងថា អញនេះជាយេហូវ៉ា ជាព្រះនៃឯងរាល់គ្នាពិត ។ និក្ខមនំ ១៦:១២
កញ្ញា ចេន គ្រីស្ទិន មែនហ្ស៊ូស្គី(JANE KRISTEN MARCZEWSKI) គឺជាអ្នកចម្រៀង និងអ្នកនិពន្ធបទចម្រៀង ដែលចាប់ផ្តើមមានអ្នកគាំទ្រច្រើន នៅឆ្នាំ២០២១ នៅក្នុងការប្រកួតទេពកោសល្យ ក្នុងកម្មវិធីទូរទស្សន៍ដ៏ពេញនិយម។ អ្នកគាំទ្ររបស់គាត់បានដាក់រហ័សនាមឲ្យគាត់ថា បក្សីរាត្រី។ កាលពីឆ្នាំ២០១៧ គាត់បានពិនិត្យសុខភាពរកឃើញថា គាត់មានជំងឺមហារីកសុដន់កំរិតទី៣។ នៅឆ្នាំ២០១៨ ជំងឺមហារីកស្ថិតក្នុងស្ថានភាពដែលអាចគ្រប់គ្រងបាន។ គាត់ក៏បានចាប់ផ្តើមការប្រគំតន្ត្រីពីកន្លែងមួយ ទៅកន្លែងមួយទៀត ប៉ុន្តែ ប៉ុន្មានខែក្រោយមក ជំងឺមហារីកក៏បានរើឡើងវិញ ដោយផ្តល់ឱកាសឲ្យគាត់តែបន្តិចបន្តួចប៉ុណ្ណោះសម្រាប់ការរស់នៅ។ អ្វីដែលអស្ចារ្យនោះ គាត់បានជាសះស្បើយ ហើយគ្រូពេទ្យបានប្រកាសថា គាត់មិនមានជំងឺមហារីកនៅក្នុងខ្លួនគាត់ទៀតទេ។ តែនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ គាត់ក៏បានលាចាកលោក។ 
ក្នុងអំឡុងពេលនៃការធ្វើដំណើរដ៏ពិបាកនោះ គាត់បានសរសេរអត្ថបទបង្ហោះនៅតាមបណ្ដាញអ៊ីនធឺណិតថា “ខ្ញុំបានក្រើនរំឭកខ្លួនឯងថា ខ្ញុំកំពុងអធិស្ឋានទៅកាន់ព្រះ ដែលបានអនុញ្ញាតឲ្យប្រជាជនអ៊ីស្រាអែលវង្វេងអស់ជាច្រើនទសវត្សរ៍។ ពួកគេអង្វរទ្រង់សុំឲ្យពួកគេបានចូលទឹកដីសន្យា ... តែព្រះអង្គឲ្យគេរស់នៅវិលវល់ ដោយឆ្លើយតបការអធិស្ឋាន ដែលពួកគេមិនបានទូលសូម... រៀងរាល់ពេលព្រឹក ព្រះអង្គបានទម្លាក់នំប៉័ងនៃសេចក្តីមេត្តាពីស្ថានសួគ៌មក ... ខ្ញុំស្វែងរកនំប៉័ងនៃសេចក្តីមេត្តានោះ ... ពួកអ៊ីស្រាអែលបានហៅនំប៉័ងនោះថា នំម៉ាណា ដែលមានន័យថា “នោះជាអ្វីហ្ន?” នេះក៏ជាសំណួរដែលខ្ញុំកំពុងសួរដែរ ...ព្រះអង្គបានប្រទានសេចក្តីមេត្តា ប៉ុន្តែ តើសេចក្តីមេត្តានោះគឺជាអ្វី?”
រឿងក្នុងកណ្ឌគម្ពីរនិក្ខមនំបាននិយាយច្រើន អំពីសេចក្តីមេត្តារបស់ព្រះ។ ទីមួយ ព្រះអង្គបានសន្យាថា នឹងប្រទានសេចក្តីមេត្តាដល់ពួកអ៊ីស្រាអែល។ គឺដូចដែលព្រះអង្គប្រាប់ពួកគេថា “នៅល្ងាចនេះ ឯងរាល់គ្នានឹងបានបរិភោគសាច់ លុះដល់ព្រឹកឡើង នោះនឹងចំអែតដោយនំប៉័ង”(និក្ខមនំ ១៦:១២)។ ហើយទីពីរ សេចក្តីមេត្តារបស់ព្រះអង្គអាចធ្វើឲ្យយើងភ្ញាក់ផ្អើល។ “គេមិនស្គាល់ជាអ្វីទេ”(ខ.‌១៥)។ សេចក្តីមេត្តាច្រើនតែមានលក្ខណៈខុសពីអ្វីដែលយើងបានគិតដល់។ តែសេចក្តីមេត្តានៅតែជាសេចក្តីមេត្តា។ សម្រាប់ពួកអ៊ីស្រាអែល សេចក្តីមេត្តានោះបានបង្ហាញចេញមក ក្នុងលក្ខណៈជានំម៉ាណានៅពេលព្រឹក។ សម្រាប់កញ្ញាចេន គាត់បានសរសេរថា ព្រះអង្គបានបង្ហាញចេញសេចក្តីមេត្តា ក្នុងលក្ខណៈជាភួយ ដែលមិត្តភក្តិរបស់គាត់បានឲ្យ និងដៃរបស់ម្តាយគាត់ដែលថែទាំគាត់។—JOHN BLASÉ

តើសេចក្តីមេត្តារបស់ព្រះ បានធ្វើឲ្យអ្នកភ្ញាក់ផ្អើលដូចម្តេចខ្លះ? 
តើអ្នកស្វែងរកសេចក្តីមេត្តារបស់ព្រះ នៅក្នុងផ្នែកណានៃជីវិតរបស់អ្នក? 
ឱព្រះដែលមានសេចក្តីមេត្តា ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបានប្រទាន
សេចក្តីមេត្តាដល់ទូលបង្គំ។ សូមព្រះអង្គជួយទូលបង្គំឲ្យរកឃើញសេចក្តីមេត្តារបស់ព្រះអង្គ ក្នុងលក្ខណៈជាអ្វីមួយ។
FOR FURTHER STUDY, READ A CHILD’S COMPASSION AT DISCOVERODB.ORG.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : សុភាសិត ១៦-១៨ និង ២កូរិនថូស ៦
 

ល្ងាច

តើ​លំបាក​ដល់​ពេល​ណា​ទៀត? ហេតុ​អ្វី? (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

តើ​លំបាក​ដល់​ពេល​ណា​ទៀត? ហេតុ​អ្វី? (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

September 13, 2025

«ឱ​ព្រះយេហូវ៉ា​អើយ តើ​ត្រូវ​ឲ្យ​ទូល​បង្គំ​អំពាវនាវ​ដល់​កាលណា​ទៀត ឥត​ទ្រង់​ឆ្លើយ​តប​សោះ​ដូច្នេះ ទូល​បង្គំ​ស្រែក​ដល់​ទ្រង់​អំពី​ការ​ច្រឡោត តែ​ទ្រង់​មិន​ជួយ​សង្គ្រោះ​ឡើយ ហេតុ​អ្វី​បាន​ជា​ទ្រង់​ឲ្យ​ទូល​បង្គំ​ឃើញ​អំពើ​ទុច្ចរិត ហើយ​ឲ្យ​ទូល​បង្គំ​មើល​ឃើញ​តែ​សេចក្តី​ទំនាស់​ចិត្ត​ដូច្នេះ» (ហាបាគុក ១:២-៣)។
យើង​ងាយ​នឹង​សន្និដ្ឋាន​ថា យើង​ស្ថិត​នៅ​ឆ្ងាយ​ដាច់​ស្រឡះ​ពី​រឿង​រ៉ាវ​ដែល​បាន​ពិពណ៌នា​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់។ ប៉ុន្តែ ពេល​យើង​អាន​ពាក្យ​បណ្ដឹង​របស់​លោក ហាបាគុក ក្នុង​ខ​គម្ពីរ​នេះ យើង​អាច​ដឹង​ថា ទោះ​យើង​ស្ថិត​នៅ​ឆ្ងាយ​ពី​រឿង​ទាំង​នោះ ទាំង​ខាង​ផ្នែក​ប្រវត្តិសាស្ត្រ និង​ភូមិសាស្ត្រ​ក៏​ដោយ ក៏​យើង​មិន​ស្ថិត​នៅ​ឆ្ងាយ​ពី​ស្ថានភាព​ដែល​គាត់​បាន​ជួប​ប្រទះ​ឡើយ។
លោក ហាបាគុក បាន​ពិពណ៌នា​អំពី​បញ្ហា​របស់​មនុស្ស​ក្នុង​ចំណោម​រាស្ត្រ​របស់​ព្រះ។ ពួក​គេ​បាន​វង្វេង​ចេញ​ពី​ការ​រៀបចំ​របស់​ព្រះ ហើយ​បញ្ហា​នេះ​ហាក់​ដូច​ជា​ចេះ​តែ​បន្ត​ទៅ​មុខ​ទៀត​ដោយ​គ្មាន​ទី​បញ្ចប់។ អ្វី​ដែល​កាន់​តែ​អាក្រក់​ជាង​នេះ​ទៀត​នោះ គឺ​ព្រះ​អម្ចាស់​ហាក់​ដូច​ជា​មិន​បាន​ធ្វើ​អន្តរាគមន៍​សោះ។ បញ្ហា​ដែល​ហោរា ហាបាគុក បាន​លើក​ឡើង​នេះ​មាន​ពីរ​ផ្នែក​គឺ ការ​រៀបចំ​ពេល​វេលា​របស់​ព្រះ (តើ​ព្រះអង្គ​ទ្រាំទ្រ​នឹង​អំពើ​ទុច្ចរិត​នេះ​រហូត​ដល់​ពេល​ណា?) និង​ការ​ទ្រាំទ្រ​របស់​ព្រះ​អង្គ (ហេតុ​អ្វី​ព្រះ​អង្គ​ទ្រាំទ្រ​អំពើ​ទុច្ចរិត​នេះ?)។ សំណួរ​ទាំង​នេះ​ក៏​អាច​ចេញ​ពី​បបូរ​មាត់​របស់​អ្នក​ជឿ​ព្រះ​ជា​ច្រើន​ដែល​កំពុង​ងឿង​ឆ្ងល់​អំពី​រឿង​ដែល​ពួក​គេ​មើល​ឃើញ​ក្នុង​ពួក​ជំនុំ​ដូច​ជា «តើ​រឿង​នេះ​នឹង​បន្ត​កើត​ឡើង​ដល់​ពេល​ណា? ហេតុ​អ្វី​ព្រះ​ដ៏​ល្អ​មាន​ក្រម​សីលធម៌ និង​មាន​គ្រប់​ចេស្ដា ដែល​យើង​បម្រើ មាន​ការ​ទ្រាំទ្រ​ចំពោះ​ភាព​ពុក​រលួយ​ខាង​វិញ្ញាណ និង​ក្រម​សីលធម៌ ក្នុង​ចំណោម​មនុស្ស​ដែល​តាំង​ខ្លួន​ជា​អ្នក​ដើរ​តាម​ព្រះ​អង្គ?»
តើ​អ្នក​ធ្លាប់​ត​យុទ្ធ​នឹង​សំណួរ​ដូច​នេះ​ទេ? មិន​មែន​មាន​តែ​អ្នក​ទេ ដែល​ជួប​រឿង​នេះ។ នេះ​មិន​មែន​ជា​បញ្ហា​ថ្មី​ទេ។ រាស្ត្រ​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​បាន​តយុទ្ធ​នឹង​សំណួរ​នេះ ក្នុង​ប្រវត្តិសាស្ត្រ​ទាំង​មូល។ សូម​យើង​ធ្វើ​ការ​សង្កេត​មើល​ពីរ​យ៉ាង ដែល​មាន​ប្រយោជន៍​ចំពោះ​យើង ខណៈ​ពេល​ដែល​យើង​ប្រឈម​មុខ​ដាក់​សំណួរ​អំពី «ពេល​វេលា» នៃ​ជីវិត​របស់​យើង។
ទី​មួយ យើង​អាច​អរ​ព្រះ​គុណ​ព្រះ ដែល​មិន​កំណាញ់ ក្នុង​ការ​ឆ្លើយ​តប​ការ​អធិស្ឋាន​របស់​យើង តាម​ពេល​វេលា​ដែល​យើង​ចង់​បាន។ ការ​ពន្យារ​ពេល​របស់​ព្រះ​អង្គ គឺ​តែង​តែ​មាន​គោលបំណង។ គំនិត​របស់​ព្រះ​អង្គ​តែង​តែ​លើស​ពី​សមត្ថភាព​ដែល​យើង​អាច​យល់​បាន។ ព្រះ​អង្គ​អាច​ពន្យារ​ពេល ដើម្បី​ឲ្យ​យើង​អាច​ជម្រុះ​ចោល​ភាព​អាត្មា​និយម ឬ​ការ​មិន​ស្តាប់​បង្គាប់​ក្នុង​ផ្នែក​ណា​មួយ​នៃ​ជីវិត​យើង ឬ​ដើម្បី​បង្រៀន​យើង​ឲ្យ​ទុក​ចិត្ត​ព្រះ​អង្គ ឬ​ក៏​ជួយ​រំដោះ​យើង​ឲ្យ​រួចពី​សេចក្តី​ប៉ង​ប្រាថ្នា​របស់​យើង។ ហេតុ​នេះ​ហើយ ព្រះ​គម្ពីរ​បាន​ត្រាស់​ហៅ​យើង​ជា​ញឹក​ញាប់​ឲ្យ​ទុកចិត្ត​ព្រះ​អង្គ។ យើង​អាច​ជម្នះ​ការ​ខក​ចិត្ត បរាជ័យ និង​ការ​យល់​ច្រឡំ​របស់​យើង ដោយ​ទុក​ចិត្ត​លើ​គោល​បំណង​ដ៏​អស់​កល្ប​របស់​ព្រះ​អង្គ។
ទីពីរ យើង​អាច​យក​គំរូ​តាម​ហោរា ហាបាគុក ក្នុង​ការ​ទូល​សូម​ជំនួយ​របស់​ព្រះ​អង្គ។ ហោរា ហាបាគុក នាំ​ពាក្យ​បណ្តឹង​របស់​គាត់ ថ្វាយ​ដល់​ព្រះ​អម្ចាស់ ហើយ​យើង​ក៏​ត្រូវ​យក​គំរូ​តាម​ព្រះ​អង្គ​ផង​ដែរ។ គឺ​ដូច​ដែល​អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុកតម្កើង​បាន​ពោល​ថា «សេចក្តី​ជំនួយ​របស់​ខ្ញុំ​មក​តែ​ពី​ព្រះ​យេហូវ៉ា​ទេ គឺ​ជា​ព្រះ​ដែល​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី» (ទំនុកតម្កើង ១២១:២)។ 
បទ​គម្ពីរ​ទំនុកតម្កើង​បាន​ចែង​អំពី​អ្នក​កោត​ខ្លាច​ព្រះ​ជា​ច្រើន ដែល​បាន​នាំ​ការ​ភាន់​ភាំង និង​សំណួរ​របស់​ខ្លួន​មក​ថ្វាយ​ដល់​ព្រះ។ ការ​នេះ​ក៏​បាន​អនុញ្ញាត​ឲ្យ​យើង​ធ្វើ​ដូច​ពួក​គេ​ផង​ដែរ។ ព្រះ​អង្គ​យល់​ពី​អារម្មណ៍​របស់​យើង ពេល​យើង​ស្រែក​ឡើង​ថា «ឱ​ព្រះ​អង្គ​អើយ តើ​ដល់​ពេល​ណា​ទៀត?» «តើ​ហេតុ​អ្វី?» ព្រះ​អង្គ​បាន​ប្រទាន​ចម្លើយ​ប្រសើរ​បំផុត​ដល់​យើង​នៅ​ក្នុង​ព្រះ​យេស៊ូវ និង​ក្នុង​ជ័យ​ជម្នះ​របស់​ទ្រង់។ ព្រះ​អង្គ​ចូល​ចិត្ត​ធ្វើ​ឲ្យ​ពន្លឺ​នៃ​ក្តី​អំណរ និង​ក្តី​សង្ឃឹម​កើត​មាន​ឡើង​វិញ នៅ​ពេល​ព្រឹក​ព្រលឹម បន្ទាប់​ពី​ភាព​ងងឹត​នៃ​ទុក្ខសោក ពេល​យប់​បាន​កន្លង​ផុត​ទៅ។ ដូច​នេះ ពេល​ណា​អ្នក​មើល​មក​ចិត្ត ឬ​ជីវិត​របស់​អ្នក ឬ​មើល​ទៅ​ពួក​ជំនុំ ហើយ​បាន​ទទួល​ការ​ប៉ះ​ពាល់​ចិត្ត​ឲ្យ​ចោទ​សួរ​ថា «ឱ​ព្រះ​អម្ចាស់ តើ​ទូល​បង្គំ​ត្រូវ​យំ​ដល់​ពេល​ណា?» អ្នក​អាច​រក​ឃើញ​ការ​កម្សាន្ត​ចិត្ត​នៅ​ក្នុង​សេចក្តី​ពិត​ដែរ​ថា ៖
ព្រះ​អម្ចាស់​តែង​តែ​គង់​នៅ​លើ​បល្ល័ង្ក 
ហើយ​មិន​ដែល​ភ្លេច​កូន​ព្រះ​អង្គ​ឡើយ 
ទោះ​ទុក្ខ​លំបាក​បាន​សង្កត់​ពីលើ​យើង ហើយ​បន្ទុក​បាន​ធ្វើ​ឲ្យ​យើង​ពិបាក​ចិត្ត​យ៉ាង​ណា​ក៏​ដោយ 
ក៏​ព្រះ​អង្គ​នឹង​មិន​ចាក​ចោល​យើង​ឲ្យ​នៅ​កំព្រា​ឡើយ។1 


ខគម្ពីរ​សញ្ជឹង​គិត៖ ទំនុកតម្កើង ១២១
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល១ឆ្នាំ៖ ពួក​ចៅហ្វាយ ១៦-១៨ និង​យ៉ូហាន ៥:២៥-៤៧

ប្រភេទ