នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ការថ្នាក់ថ្នមរបស់ព្រះអម្ចាស់

ការថ្នាក់ថ្នមរបស់ព្រះអម្ចាស់

ដោយLisa Samra

September 14, 2025

អេសាយ ៤០:១០-១១,២៩-៣១
ទ្រង់នឹងប្រមូលអស់ទាំងកូនចៀមមកបីនៅព្រះពាហុ ហើយលើកផ្ទាប់នៅព្រះឱរា។ អេសាយ ៤០:១១
កាលខ្ញុំកំពុងអង្គុយក្នុងបន្ទប់ថែទាំទារកដែលទើបចាប់កំណើត នៅមន្ទីរពេទ្យ ខ្ញុំបានសួរសុខទុក្ខស្រ្តីជាម្តាយម្នាក់ ខណៈពេលដែលគាត់កំពុងបីកូនតូច ផ្ទាប់នឹងទ្រូងរបស់គាត់។ ក្នុងកន្លែងដែលមានភាពជឿនលឿនផ្នែកបច្ចេកវិទ្យាពេទ្យ វេជ្ជបណ្ឌិតបានចេញវេជ្ជបញ្ជាដែលមានបច្ចេកវិទ្យាកំរិតទាបយ៉ាងខ្លាំង ដើម្បីជួយទារកឲ្យមានសុខភាពរឹងមាំ គឺដោយគ្រាន់តែតម្រូវឲ្យស្រ្តីជាម្តាយបីកូនស្រីរបស់ខ្លួនជាប់ ឲ្យបានរយៈពេលយូរ។ 
ឪពុកម្តាយជាទូទៅមានសេចក្តីស្រឡាញ់ដ៏លើសលប់ និងការអាណិតដោយការថ្នាក់ថ្នម ដល់កូនតូចរបស់ខ្លួន ជាការកម្សាន្តចិត្តដែលផ្តល់ឲ្យនូវការប្រោសឲ្យជាដល់ពួកគេ ដែលស្ទើរតែគ្មានអ្វីអាចប្រៀបផ្ទឹមបាន។ ក្នុងកណ្ឌគម្ពីរអេសាយ យើងសង្កេតឃើញការពិពណ៌នាអំពីទំនាក់ទំនងរវាងព្រះ និងរាស្រ្តរបស់ព្រះអង្គដែលបានបីពួកគេផ្ទាប់នឹងព្រះឱរា។ 
បន្ទាប់ពីហោរាអេសាយបានថ្លែងទំនាយ អំពីការនិរទេសរបស់ប្រជាជាតិអ៊ីស្រាអែល ដែលហៀបនឹងកើតឡើង ដោយសារពួកគេបានបដិសេធន៍ព្រះអង្គ(អេសាយ ៣៩:៥-៧) ហោរាអេសាយ ក៏បាននិយាយសង្កត់ធ្ងន់ទៅកាន់រាស្រ្តរបស់ព្រះ ដែលនៅតែស្រលាញ់ពួកគេ និងតែងតែផ្គត់ផ្គង់ពួកគេ។ សេចក្តីអាណិត និងការថែរក្សារបស់ព្រះ គឺបានបង្ហាញឲ្យឃើញច្បាស់ នៅក្នុងពាក្យប្រៀបប្រដូច ដែលបានពិពណ៌នាថា ព្រះអង្គគឺជាអ្នកគង្វាល ដែលប្រមូលផ្តុំចៀមរបស់ទ្រង់ “មកបីនៅព្រះពាហុ ហើយលើកផ្ទាប់នៅព្រះឱរា”(៤០:១១)។
ព្រះវត្តមានរបស់ព្រះអង្គផ្តល់ឲ្យយើងនូវសន្តិភាព និងការការពារ ហើយក្រើនរំឭកយើងថា ព្រះអង្គលើកយើងបីផ្ទាប់នៅព្រះឱរា ដូចម្តាយបីកូនតូចដែលទើបកើត។ ខណៈពេលដែលព្រះអង្គ “ចំរើនកំឡាំង ដល់អ្នកដែលល្វើយ ហើយចំណែកអ្នកដែលគ្មានកំឡាំងសោះ នោះទ្រង់ក៏ប្រទានឲ្យ”(ខ.២៩) ព្រះវិញ្ញាណក៏បានប្រទានការកម្សាន្តចិត្តដែលប្រោសយើងឲ្យជា ដើម្បីឲ្យយើងអាចប្រឈមមុខដាក់បញ្ហាប្រឈមជារៀងរាល់ថ្ងៃ។—LISA M. SAMRA

តើអ្នកនឹកឃើញអ្វី នៅពេលដែលអ្នកគិតអំពីម្តាយបីកូនតូចដែលទើបកើត? 
តើការថែរក្សារបស់ព្រះដែលការពារ និងមានក្តីស្រឡាញ់បានចម្រើនកម្លាំងអ្នក ដូចម្តេចខ្លះ? 
ឱព្រះវរបិតាដែលគង់នៅស្ថានសួគ៌ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបានបីទូលបង្គំផ្ទាប់នៅព្រះឱរា។ 
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : សុភាសិត ១៩-២១ និង ២កូរិនថូស ៧
 

ល្ងាច

រួម​គ្នា​ធ្វើ​ការ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

រួម​គ្នា​ធ្វើ​ការ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

September 14, 2025

«ឯ​អ័ប៉ូឡូស ជា​បង​ប្អូន ខ្ញុំ​បាន​ទូន្មាន​គាត់​ជា​ច្រើន ឲ្យ​បាន​មក​ឯ​អ្នក​រាល់​គ្នា ជា​មួយ​នឹង​ពួក​បង​ប្អូន​នោះ​ដែរ» (១កូរិនថូស ១៦:១២)។
រូប​កាយ​ព្រះ​គ្រីស្ទ​មិនមែន​ជា​កន្លែង​សម្រាប់​ឲ្យ​មនុស្ស​តែ​ម្នាក់​ធ្វើ​ការងារ​ចម្រុះ​តែ​ម្នាក់​ឯង​ទេ យ៉ាង​ហោច​ណាស់ ក្នុង​ការងារ​បម្រើ​ព្រះ។ ជីវិត​ជា​គ្រីស្ទ​បរិស័ទ​ត្រូវ​មាន​ការ​រួបរួម​គ្នា​ជា​ក្រុម មិន​មែន​ប្រកួត​ប្រជែង​គ្នា​នោះ​ទេ។ សាវ័ក ប៉ុល បាន​រំឭក​យើង​អំពី​រឿង​នេះ​ម្តង​ហើយ​ម្តង​ទៀត​ក្នុង​សំបុត្រ​ដែល​គាត់​បាន​សរសេរ​ផ្ញើ​ពួក​ជំនុំ​ដំបូង។ 
សូម្បី​តែ ក្នុង​ពួក​ជំនុំ​ដ៏​ក្មេង​ខ្ចី​នៅ​ទីក្រុង​កូរិនថូស ក៏​សាវ័ក ប៉ុល ដឹង​ថា ការ​ប្រជែង​គ្នា​បាន​គម្រាម​កំហែង​មក​លើ​ការ​រួប​រួម ហើយ​អ្នក​ខ្លះ​ពេញ​ចិត្ត​នឹង​ការ​បង្រៀន​របស់​លោក អ័ប៉ូឡូស ជា​ជាង​កា​បង្រៀន​របស់​គាត់ (១កូរិនថូស ៣:៣-៧)។ បើ​សាវ័ក ប៉ុល ស្វែង​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន និង​លើក​តម្កើង​ខ្លួន​ឯង​ឲ្យ​កាន់​តែ​ល្បី​ឈ្មោះ ហើយ​ពួក​ជំនុំ​មួយ​នេះ​ពឹង​ផ្អែក​លើ​គាត់ នោះ​គាត់​មុខ​ជា​ប្រើ​គ្រប់​វិធី ដើម្បី​រា​រាំង​លោក អ័ប៉ូឡូស​មិន​ឲ្យ​វិល​ត្រឡប់​មក​ទីក្រុង​កូរិនថូស​វិញ។ ប៉ុន្តែ យើង​ឃើញ​ថា គាត់​មិន​បាន​ធ្វើ​ដូច​នេះ​ទេ។ តាម​ពិត ផ្ទុយ​ទៅ​វិញ គាត់​ចង់​ឲ្យ​មាន​អ្នក​ជួយ​បង្រៀន និង​ដឹក​នាំ​រាស្ត្រ​របស់​ព្រះ។ គាត់​ដឹង​ថា ព្រះ​ទ្រង់​សព្វ​ព្រះ​ទ័យ​ឲ្យ​អ្នក​បម្រើ​ព្រះ​អង្គ​ខិត​ខំ​ធ្វើ​ការ​រួម​គ្នា។ ព្រះ​អង្គ​បាន​សម្រេច​ព្រះ​ទ័យ​ឲ្យ​ដាក់​អ្នក​ដឹក​នាំ​ពួក​ជំនុំ​ដំបូង​ឲ្យ​ធ្វើ​ការ​ជា​ក្រុម​តាម​របៀប​ដ៏​អស្ចារ្យ។ សូម​យើង​មើល​គំរូ​របស់​លោក ធីម៉ូថេ។ សាវ័ក ប៉ុល បាន​ប្រាប់​ពួក​ជំនុំ​ទីក្រុង​កូរិនថូស​ថា «បើ​ធីម៉ូថេ​មក​ឯ​អ្នក​រាល់​គ្នា នោះ​ចូរ​ខំ​ទំនុក​បំរុង​ឲ្យ​គាត់​នៅ​ជា​មួយ​ផង កុំ​ឲ្យ​គាត់​ភ័យ​ខ្លាច​អ្វី​ឡើយ ដ្បិត​គាត់​ក៏​ធ្វើ​ការ​របស់​ព្រះ​អម្ចាស់ ដូច​ជា​ខ្ញុំ​ដែរ។ កុំ​ឲ្យ​អ្នក​ណា​មើល​ងាយ​គាត់ ត្រូវ​ជូន​ដំណើរ​គាត់​ទៅ​មុខ ដោយ​សុខ​សាន្ត ឲ្យ​គាត់​បាន​ទៅ​ដល់​ខ្ញុំ​ផង ដ្បិត​ខ្ញុំ​នឹង​ចាំ​គាត់​ជា​មួយ​នឹង​បង​ប្អូន​ឯទៀត» (១កូរិនថូស ១៦:១០-១១)។ សម្រាប់​មនុស្ស​ជា​ច្រើន លោក ធីម៉ូថេ ហាក់​ដូច​ជា​មិន​មាន​លក្ខណសម្បត្តិ​គ្រប់​គ្រាន់ សម្រាប់​ធ្វើ​ការ​បម្រើ​ព្រះ ដោយ​គាត់​មាន​ការ​អៀន​ខ្មាស​ច្រើន​ពី​កំណើត (សាវ័ក ប៉ុល ទំនងជា​បាន​ក្រើន​រំឭក​ពួក​ជំនុំ​ឲ្យ​ប្រព្រឹត្ត​ចំពោះ​គាត់​ដោយ​ចិត្ត​សប្បុរស ដោយ​សារ​មូល​ហេតុ​នេះ​ហើយ) គាត់​ក៏​មាន​សុខ​ភាព​មិន​ល្អ (សាវ័ក ប៉ុល បាន​ប្រាប់​គាត់​ឲ្យ​ផឹក​ស្រា​ទំពាំង​បាយ​ជូរ​បន្តិច​បន្តួច ដើម្បី​ព្យាបាល​ជំងឺ​ក្រពះ​របស់​គាត់) ហើយ​គាត់​មាន​វ័យ​ក្មេង​ជាងគេ (១ធីម៉ូថេ ៤:១២ ៥:២៣)។ ប៉ុន្តែ សាវ័ក ប៉ុល ដឹង​ថា ព្រះ​អម្ចាស់​បាន​ប្រទាន​កិច្ចការ​ឲ្យ​លោក ធីម៉ូថេ ធ្វើ​ហើយ​គាត់​ត្រូវ​ជួយ​លោក ធីម៉ូថេ សម្រេច​កិច្ចការ​នោះ។ 
មាន​មនុស្ស​ជា​ច្រើន​បាន​ធ្វើ​ការ​បម្រើ​ព្រះ​ជាមួយ​សាវ័ក ប៉ុល ផង​ដែរ ដូចជា​នាង ភីបេ នាង ព្រីស៊ីល លោក អ័គីឡា លោក ភ័រទូន៉ាតុស និង​លោក អ័ខៃកុស ជាដើម។ ពួក​គេ​មិន​មាន​កាយ​សម្បទា ឬ​ចារិត​លក្ខណៈ​ដូច​គ្នា​ទេ។ ពួក​គេ​ក៏​មាន​អំណោយ​ទាន​ផ្សេង​គ្នា​ដែរ។ ប៉ុន្តែ ពួក​គេ​សុទ្ធ​តែ​សំខាន់​ក្នុង​ការងារ​បម្រើ​ព្រះ។ ពួក​ជំនុំ​សព្វថ្ងៃ ក៏​ដូច​នេះ​ដែរ ដោយ​ព្រះ​អម្ចាស់​បាន​ផ្ទុកផ្ដាក់​កិច្ចការ​ផ្សេង​គ្នា ឲ្យ​យើង​ធ្វើ។ ដូច​នេះ យើង​ចំ​បាច់​ត្រូវ​ជម្នះ​ចិត្ត​ដែល​ចង់​បម្រើ​ព្រះ​តែ​ជា​មួយ​អ្នក​ដែល​មាន​លក្ខណសម្បត្តិ​ដូច​យើង​ជាង​គេ ឬ​មាន​ចំណុច​ដែល​គួរ​ឲ្យ​ស្ញប់​ស្ញែង​ជាង​គេ។ យើង​មិន​គួរ​និយាយ​ថា «ខ្ញុំ​គ្រាន់​តែ​ចូល​ចិត្ត​របៀប​ដែល​គាត់​អធិប្បាយ​ព្រះ​បន្ទូល» ឬ «ខ្ញុំ​អាច​ស្តាប់​តែ​ការ​បង្រៀន​របស់​គាត់​ប៉ុណ្ណោះ» ឬ​មួយ «ខ្ញុំ​មិន​ពេញ​ចិត្ត​របៀប​ដែល​គាត់​ធ្វើ​ការ​ទេ»។ ផ្ទុយ​ទៅ​វិញ យើង​គួរ​តែ​អរ​ព្រះ​គុណ​ព្រះ​អង្គ ដែល​បាន​ឲ្យ​អ្នក​បម្រើ​ព្រះ​អង្គ​ទាំង​អស់​ធ្វើ​ការ​ជា​មួយ​គ្នា។ 
មនុស្ស​ភាគ​ច្រើន​រស់​នៅ ដោយ​មិន​មាន​អ្នក​ផ្សេង​ដឹង​អំពី​ពួក​គេ ច្រើន​ជាង​មនុស្ស​ដែល​ស្ថិត​ក្នុង​រង្វង់​នៃ​ឥទ្ធិពល​របស់​ពួក​គេ​ទេ។ នៅ​ពេល​ដែល​យើង​លាចាក​លោក​ទៅ បើ​គេ​ឆ្លាក់​ពី​លើ​ផ្លាក​ឈ្មោះ​ផ្នូរ​របស់​យើង​ថា យើង​ចេះ​ជួយ​យក​អសារ​ដល់​មនុស្ស​ដែល​យើង​ស្គាល់ នោះ​គឺ​គ្រប់​គ្រាន់​ហើយ។ តើ​អ្នក​ជឿ​ទេ​ថា មាន​ការងារ​មួយ ដែល​អ្នក​អាច​ធ្វើ​ថ្វាយ​ព្រះយេស៊ូវ​តែ​ម្នាក់​ឯង​បាន?1 ពេល​ណា​ព្រះ​អង្គ​ដាក់​ព្រះ​ហស្ត​ពីលើ​អ្នក ហើយ​ប្រទាន​កិច្ចការ​មួយ​ឲ្យ​អ្នក​ធ្វើ តើ​អ្នក​នឹង​ធ្វើ​អស់ពី​ចិត្ត ទោះ​កិច្ចការ​នោះ​ហាក់​ដូច​ជា​តូចតាច​​ឬ? ព្រះ​អង្គ​តម្រូវ​ឲ្យ​យើង​ធ្វើ​ការ​ជា​មួយ​គ្នា ក្នុង​សហគមន៍ ធ្វើ​ជា​ក្រុម​មួយ​ដែល​រួបរួម​គ្នា ដើម្បី​នគរ​ព្រះ​អង្គ។ ក្តី​អំណរ និង​ការ​ស្កប់​ចិត្ត​នឹង​កើត​មាន​នៅ​ក្នុង​ការ​រួម​ចំណែក​របស់​អ្នក និង​នៅ​ក្នុង​ការ​លើក​ទឹក​ចិត្ត​អ្នក​ដទៃ​នៅ​ថ្ងៃ​នេះ ខណៈ​ពេល​ដែល​ពួកគេ​កំពុង​រួម​ចំណែក​ជាមួយ​អ្នក។ 


ខគម្ពីរ​សញ្ជឹង​គិត៖ ១កូរិនថូស ៣:១-២៣
គម្រោង​អាន​ព្រះគម្ពីរ​រយៈ​ពេល១ឆ្នាំ៖ ពួក​ចៅហ្វាយ ១៩-២១ និង យ៉ូហាន ៦:១-២១

ប្រភេទ