នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ហ៊ានបង្កើតសិស្សថ្វាយព្រះគ្រីស្ទ

ហ៊ានបង្កើតសិស្សថ្វាយព្រះគ្រីស្ទ

ដោយPatricia Raybon

September 15, 2025

ម៉ាថាយ ២៨:១៦-២០
ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍។ ម៉ាថាយ ២៨:១៩
នៅដើមដំបូងនៃរដូវកាលរបស់ការប្រកួតកីឡាបាល់បោះ គ្រូបង្វឹកប្រចាំសាលាអនុវិទ្យាល័យ នៅក្នុងតំបន់ដែលខ្ញុំរស់នៅ ហាក់ដូចជាខិតខំយ៉ាងខ្លាំង ក្នុងការបញ្ចុះបញ្ចូលកីឡាកររបស់គាត់ ឲ្យប្រថុយបោះបាល់បញ្ចូលកន្ត្រក ដោយមិនបង្អង់យូរ។ គាត់ឧស្សាហ៍ស្រែកប្រាប់ពួកគេពីចំហៀងតារាងបាល់បោះ ឲ្យបោះបាល់បញ្ចូលកន្ត្រក។ កីឡាកររបស់គាត់មានចិត្តអន្ទះសាក្នុងការបោះបាល់ឲ្យគ្នាទៅវិញទៅមកជាង។ ហើយពួកគេក៏ចូលចិត្តត្រេះបាល់ដែរ។ ទាល់តែរដូវកាលនៃការប្រកួតបានកន្លងផុតទៅពាក់កណ្តាលហើយ ទើបពួកគេជម្រុះចោលការសង្ស័យ ហើយក៏បានព្យាយាមបោះបាល់ចូលកន្ត្រកឲ្យបានពិន្ទុ។ ប៉ុន្តែ ការបោះបាល់ ដោយគ្មានការស្ទាក់ស្ទើរ បាននាំមកនូវការផ្លាស់ប្តូរ។ ពួកគេបានរៀនប្រកួតយកជ័យជម្នះ ដោយស្តាប់បង្គាប់គ្រូបង្វឹករបស់ខ្លួន ជម្រុះចោលការសង្ស័យ ហើយព្យាយាមបោះបាល់បញ្ចូលកន្ត្រក ទោះពួកគេបោះមិនចូលជាញឹកញាប់ក៏ដោយ។ 
ព្រះយេស៊ូវក៏បានបង្រៀនយើងឲ្យលះបង់ចោលការសង្ស័យ ក្នុងការស្តាប់បង្គាប់តាមការត្រាស់ហៅរបស់ព្រះអង្គ ឲ្យបង្កើតសិស្សផងដែរ។ ព្រះអង្គបានបញ្ជាក់ថា “គ្រប់ទាំងអំណាចបានប្រគល់មកខ្ញុំនៅលើស្ថានសួគ៌ ហើយលើផែនដីផង ដូច្នេះ ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍ ព្រមទាំងធ្វើបុណ្យជ្រមុជទឹកឲ្យ ដោយនូវព្រះនាមព្រះវរបិតា ព្រះរាជបុត្រា នឹងព្រះវិញ្ញាណបរិសុទ្ធចុះ ហើយបង្រៀន ឲ្យគេកាន់តាមគ្រប់ទាំងសេចក្ដី ដែលខ្ញុំបានបង្គាប់មកអ្នករាល់គ្នាផង”(ម៉ាថាយ ២៨:១៨-២០)។ 
តាមទិដ្ឋភាពជាក់ស្តែង ព្រះរាជបញ្ជារបស់ព្រះអង្គ ក្នុងបទគម្ពីរនេះ អាចមានន័យថា យើងត្រូវបោះជំហានចេញពីភាពសុខស្រួលរបស់យើង ដើម្បីទៅចែកចាយដំណឹងល្អនៃសេចក្តីសង្គ្រោះ ដល់អ្នកដទៃ។ ហើយការនេះក៏អាចរាប់បញ្ចូលការចែកចាយដំណឹងល្អតាមរយៈការរស់នៅរបស់យើងផងដែរ ដែលមានដូចជាការយកអសារអ្នកជិតខាង ដែលកំពុងជួបការលំបាក ដោយបង្ហាញក្តីស្រឡាញ់របស់ព្រះយេស៊ូវ។ យើងអាចធ្វើដូចនេះបាន ទាល់តែយើងហ៊ានបោះជំហាន ចេញពីភាពសុខស្រួលរបស់យើង។
និយាយរួម យើងចេញទៅដោយអំណាចរបស់ព្រះយេស៊ូវ ដើម្បីព្យាយាមបង្កើតសិស្ស ជាកិច្ចការដែលហាក់ដូចជាពិបាក។ ប៉ុន្តែ យើងមិនចាំបាច់ត្រូវមានការភ័យខ្លាចទេ។ ព្រះយេស៊ូវបានសន្យាថា “មើល ខ្ញុំក៏នៅជាមួយនឹងអ្នករាល់គ្នាជារាល់ថ្ងៃដែរ ដរាបដល់បំផុតកល្ប”(ខ.២០)។—PATRICIA RAYBON

តើមានការភ័យខ្លាច និងការសង្ស័យអ្វីដែលអ្នកមាន ក្នុងការបង្កើតសិស្ស? តើហេតុអ្វី? 
តើអ្នកអាចស្តាប់បង្គាប់តាមការត្រាស់ហៅរបស់ព្រះគ្រីស្ទ ដូចម្តេចខ្លះ? 
ឱព្រះវរបិតា ទូលបង្គំចាំបាច់ត្រូវរៀនបង្កើតសិស្ស។ សូមព្រះអង្គលើកទឹកចិត្តទូលបង្គំ 
ឲ្យលះបង់ចោលការសង្ស័យ និងការស្ទាក់ស្ទើរ ហើយហ៊ានចេញទៅបង្កើតសិស្ស។ 
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : សុភាសិត ២២-២៤ និង ២កូរិនថូស ៨
 

ល្ងាច

អត្ថ​ប្រយោជន៍​នៃ​ភាព​កម្សោយ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

អត្ថ​ប្រយោជន៍​នៃ​ភាព​កម្សោយ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

September 15, 2025

«ខ្ញុំ​រាល់​គ្នា​គ្មាន​កំឡាំង នឹង​ទប់​ទល់​ចំពោះ​ពួក​យ៉ាង​ធំ ដែល​មក​ទាស់​នឹង​យើង​រាល់​គ្នា​នេះ​បានទេ យើង​ខ្ញុំ​ក៏​មិន​ដឹង​ធ្វើ​ដូច​ម្តេច​ដែរ ប៉ុន្តែ​ភ្នែក​យើង​ខ្ញុំ​ទន្ទឹង​មើល​តែ​ទ្រង់​ទេ» (២របាក្សត្រ ២០:១២)។
យើង​ម្នាក់ៗ​សុទ្ធ​តែ​មាន​ចំណុច​ខ្វះខាត​ក្នុង​ការ​រស់​នៅ​ក៏​ដូច​ជា​ក្នុង​ការ​បម្រើ​ព្រះ។ រឿង​នេះ​គឺ​មិន​ពិបាក​យល់​ទេ។ ពេល​ណា​កាលៈទេសៈ​នៃ​ជីវិត​សង្កត់​មក​លើ​យើង យើង​ក៏​មើល​ឃើញ​បញ្ហា​ប្រឈម​នៅ​ចំពោះ​មុខ ហើយ​អាច​ដឹង​យ៉ាង​ងាយ​ថា យើង​កំពុង​ដក​ថយ​ចេញ​ពី​វា។ យើង​មាន​អារម្មណ៍​នឿយ​ណាយ​ចំពោះ​មនុស្ស​ដែល​ប្រាប់​យើង​អំពី​ការ​អ្វី​ដែល​យើង​អាច​ធ្វើ​ពេល​ណា​យើង​ដឹង​ថា យើង​មិន​អាច​ធ្វើ តែ​ទន្ទឹម​នឹង​នោះ យើង​ក៏​មិន​ចង់​ប្រឈម​មុខ​ដាក់​ភាព​កម្សោយ​របស់​យើង ក្នុង​លោកីយ៍​ដែល​ជំរុញ​យើង​ឲ្យ​រស់​នៅ​ដោយ​ភាព​រឹងមាំ និង​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង។ បើ​អ្នក​ដឹង​ថា ខ្លួន​ឯង​កំពុង​ជួប​រឿង​នេះ ចូរ​មាន​ចិត្ត​ក្លាហាន​ឡើង។ មិន​មែន​មាន​តែ​អ្នក​ទេ​ដែល​ជួប​រឿង​នេះ។
ស្តេច យ៉ូសាផាត គឺ​ជា​អ្នក​ដឹក​នាំ​ដ៏​អស្ចារ្យ​របស់​នគរ​យូដា ដែល​បាន​អនុវត្ត​នូវ​ការ​កំណែ​ទម្រង់ ដែល​នាំ​ឲ្យ​រាស្ត្រ​របស់​ព្រះ​រក​ឃើញ​ក្រាំង​ក្រឹត្យ​វិន័យ​របស់​ព្រះ (២របាក្សត្រ ១៩)។ ទ្រង់​បាន​ក្រើន​រំឭក​ពួក​គេ​អំពី​សារៈ​សំខាន់​នៃ​ការ​យល់​ដឹង និង​ការ​ស្តាប់​បង្គាប់​តាម​ព្រះ​បន្ទូល​ព្រះ ដើម្បី​ឲ្យ​ពួកគេ​អាច​បម្រើ​ព្រះ​អង្គ​ដោយ​ចិត្ត​ស្មោះ​ត្រង់ អស់​ពី​ចិត្ត និង​ដោយ​ចិត្ត​ក្លាហាន។ 
ទោះ​យ៉ាង​ណា​ក៏​ដោយ ស្តេច យ៉ូសាផាត មិន​មាន​ភាព​ស៊ាំ​នឹង​ការ​ភ័យ​ខ្លាច​ទេ។ នៅ​ពេល​ដែល​ខ្មាំង​សត្រូវ បាន​គម្រាម​កំហែង​មក​លើ​នគរ​យូដា ទ្រង់​បាន​ជ្រាប​ច្បាស់​ថា គេ​មាន​កម្លាំង​ទ័ព​ខ្លាំង​ជាង ហើយ​រាស្ត្រ​របស់​ទ្រង់​មាន​ចំណុច​ខ្វះ​ខាត​ជា​ច្រើន។ តែ​ទ្រង់​ក៏​ជ្រាប​ផង​ដែរ​ថា ការ​ពឹង​ផ្អែក​លើ​ព្រះ​អម្ចាស់​ទាំង​ស្រុង គឺ​ជា​ការ​ឆ្លើយ​តប​ដ៏​ត្រឹម​ត្រូវ​ចំពោះ​ចំណុច​ខ្វះខាត​ទាំង​នោះ។ នៅ​ពេល​ដែល​ទ្រង់​ប្រឈម​មុខ​ដាក់​ចំណុច​ខ្សោយ និង​ភាព​មិន​ច្បាស់​លាស់​របស់​ទ្រង់ ទ្រង់​បាន​មើល​ទៅ​ព្រះ​អម្ចាស់​ឥត​ងាករេ​ដោយ​អធិស្ឋាន​ថា «យើង​ខ្ញុំ​ក៏​មិន​ដឹង​ធ្វើ​ដូច​ម្តេច​ដែរ ប៉ុន្តែ​ភ្នែក​យើង​ខ្ញុំ​ទន្ទឹង​មើល​តែ​ទ្រង់​ទេ»។
ពេល​ណា​ខ្មាំង​សត្រូវ​ខ្សឹប​ដាក់​យើង​ថា យើង​ជា​មនុស្ស​ចង្រៃ ឬ​គ្មាន​ប្រយោជន៍​ទាល់​តែ​សោះ យើង​អាច​ជម្នះ​ការ​កុហក​របស់​វា ដោយ​សេចក្តី​ពិត​របស់​ព្រះ ហើយ​និយាយ​ថា «ខ្ញុំ​ជឿ​សេចក្តី​នេះ​ជា​យ៉ាង​ជាក់​ថា ព្រះ​អង្គ​ដែល​ទ្រង់​បាន​ចាប់​តាំង​ធ្វើ​ការ​ល្អ​ក្នុង​អ្នក​រាល់​គ្នា ទ្រង់​នឹង​ធ្វើ​ឲ្យ​កាន់​តែ​ពេញ​ខ្នាត​ឡើង ទាល់​តែ​ដល់​ថ្ងៃ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ» (ភីលីព ១:៦)។ ពេល​ណា​យើង​មាន​អារម្មណ៍​ទន់​ខ្សោយ ក្នុង​ការ​តយុទ្ធ​នឹង​ការ​ល្បួង យើង​អាច​ទុក​ចិត្ត​លើ​សេចក្តី​ពិត​នៃ​ព្រះ​បន្ទូល​ព្រះ ហើយ​និយាយ​ប្រាប់​ខ្លួន​ឯង​ថា «ព្រះ​ទ្រង់​ក៏​ស្មោះ​ត្រង់​ដែរ ទ្រង់​មិន​ឲ្យ​កើត​មាន​សេចក្តី​ល្បួង​ហួស​កំឡាំង​អ្នក​រាល់​គ្នា​ឡើយ គឺ​នៅ​វេលា​ណា​ដែល​ត្រូវ​ល្បួង នោះ​ទ្រង់​ក៏​រៀប​ផ្លូវ​ឲ្យ​ចៀស​រួច ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​នឹង​ទ្រាំ​បាន» (១កូរិនថូស ១០:១៣)។ ពេលណា​យើង​ឆ្ងល់​ថា តើ​ព្រះអង្គ​បាន​ទុក​ឲ្យ​យើង​នៅ​ឯកោ​ហើយ​មែន​ទេ នោះ​យើង​អាច​ទុក​ចិត្ត​លើ​ការ​ធានា​ដែល​ព្រះអង្គ​មាន​បន្ទូល​សន្យា​ថា ព្រះអង្គ​នឹង​មិន​ចាក​ចេញពី​យើង ឬ​បោះបង់​យើង​ចោល​ឡើយ (ហេព្រើរ ១៣:៥)។
ពេលណា​យើង​ទទួល​ស្គាល់​ភាព​កម្សោយ​របស់​យើង ព្រះ​អង្គ​សង្គ្រោះ​ដ៏​មាន​ចេស្ដា​នៃ​យើង នឹង​ប្រើ​ភាព​កម្សោយ​របស់​យើង​ជា​ប្រយោជន៍​ដល់​យើង និង​ដើម្បី​ថ្វាយ​សិរី​ល្អ​ដល់​ព្រះអង្គ។ ពេល​ណា​យើង​មិន​ដឹង​ថា ត្រូវ​ធ្វើ​ដូច​ម្តេច យើង​អាច​មើល​ទៅ​ព្រះ​អង្គ ហើយ​សូម​ព្រះ​អង្គ​ដឹក​នាំ​យើង និង​រំដោះ​យើង ដូច​ដែល​ព្រះ​អង្គ​បាន​រំដោះ​ស្តេច​យ៉ូសាផាត និង​នគរ​យូដា​ទាំងមូល (២របាក្សត្រ ២០:១៤-១៧,២២-២៥)។
ព្រះ​អង្គ​នៅ​តែ​សម្រេច​ព្រះ​ទ័យ​ប្រើ​ប្រាស់​យើង ជា​មនុស្ស​ដែល​មិន​ទំនង មាន​ការ​អៀនខ្មាស​ច្រើន និង​មាន​ការ​ស្ទាក់ស្ទើរ គឺ​ដូច​ដែល​ព្រះ​អង្គ​បាន​ប្រើ​បុរស និង​ស្ត្រី​ជា​ច្រើន​ក្នុង​ព្រះ​គម្ពីរ។ ពួក​គេ​មាន​លក្ខណៈ​ខុស​គេ មិន​មែន​ដោយ​សារ​ពួក​គេ​មាន​កម្លាំង​ខ្លាំង មាន​សមត្ថភាព ឬ​មាន​ទំនុក​ចិត្ត​លើ​សមត្ថ​ភាព​ខ្លួន​ឯង​នោះ​ទេ តែ​ដោយ​សារ​ពួកគេ​មិន​បាន​ចុះ​ចាញ់​ភាព​កម្សោយ​របស់​ខ្លួន​ឯង ហើយ​ផ្ទុយ​ទៅ​វិញ ពួក​គេ​បាន​ឱប​ក្រសោប​យក​ភាព​កម្សោយ ហើយ​ពឹង​ផ្អែកលើ​ព្រះ​ចេស្ដា​ព្រះ ដើម្បី​ជម្នះ​ភាព​កម្សោយ​ទាំង​នោះ។ តើ​អ្នក​នឹង​យក​គំរូ​តាម​ពួក​គេ​ដែរ​ឬ​ទេ? 


ខគម្ពីរ​សញ្ជឹង​គិត៖ ២របាក្សត្រ ២០
គម្រោង​អាន​ព្រះគម្ពីរ​រយៈ​ពេល១ឆ្នាំ៖ បរិទេវ ១-២ និង​យ៉ូហាន ៦:២២-៥១

ប្រភេទ