នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ពឹងផ្អែកលើកម្លាំងរបស់ព្រះ

ពឹងផ្អែកលើកម្លាំងរបស់ព្រះ

ដោយKaren Huang

September 17, 2025

ពួកចៅហ្វាយ ៣:៧-១១
ព្រះវិញ្ញាណនៃព្រះយេហូវ៉ាក៏សណ្ឋិតនៅលើលោក។ ពួកចៅហ្វាយ ៣:១
ការស្លាប់របស់ស្វាមីរបស់អ្នកស្រីណូរ៉ា(NORA) បាននាំឲ្យគាត់ចាប់ផ្តើមចូលទៅក្នុងការរស់នៅ តាមរបៀបខុសពីមុន។ គាត់បានបន្តមុខរបរលក់ដូរសម្ភារៈជាងរបស់ស្វាមីគាត់ និងថែរក្សាកូនទាំងបីនាក់តែម្នាក់ឯង។ មិត្តភក្តិគាត់ច្រើនតែលើកទឹកចិត្តគាត់ ឲ្យមានភាពរឹងមាំ។ ប៉ុន្តែ គាត់ក៏បានឆ្ងល់ថា “តើការលើកទឹកចិត្តនេះមានន័យដូចម្តេច។ តើវាមានន័យថា ខ្ញុំត្រូវមានការទទួលខុសត្រូវ ដោយមិនមានការថ្លោះធ្លោយឬ?
ព្រះទ្រង់បានប្រទានការទទួលខុសត្រូវធំមួយ ដល់លោកអូធ្នាល នៅក្នុងពេលដែលប្រជាជនអ៊ីស្រាអែល កំពុងវង្វេងចេញពីព្រះអង្គ។ ក្នុងការប្រៀនប្រដៅដល់ជាតិសាសន៍មួយនេះ ដែលបានធ្វើអំពើបាប ដោយការថ្វាយបង្គំរូបព្រះ ព្រះអង្គក៏បាន “លក់គេទៅក្នុងកណ្ដាប់ដៃនៃគូសាន-រីសាថែម ... ពួកកូនចៅអ៊ីស្រាអែលក៏នៅជាចំណុះស្ដេចគូសាន-រីសាថែមនោះអស់៨ឆ្នាំ”(ពួកចៅហ្វាយ ៣:៨)។ នៅក្រោមការដឹកនាំដែលគ្មានត្រាប្រណី របស់ស្តេចនៃតំបន់មេសូប៉ូតាមៀនេះ ពួកអ៊ីស្រាអែល “ក៏បានស្រែករកព្រះអម្ចាស់” ហើយព្រះអង្គក៏បាន “តាំងឲ្យមានអ្នកជួយសង្គ្រោះ” ពួកគេ(ខ.៩) គឺលោកអូធ្នាល ដែលឈ្មោះគាត់មានន័យថា “កម្លាំងរបស់ព្រះ”។ 
ក្នុងនាមលោកអូធ្នាលជា ពួកចៅហ្វាយទីមួយរបស់ពួកអ៊ីស្រាអែល គាត់មិនមានអ្នកដឹកនាំជាន់មុន ដើម្បីជួយណែនាំគាត់ទេ។ អ្នកដឹកនាំកងទ័ពរូបនេះ មានភារកិច្ចត្រូវដឹកនាំពួកអ៊ីស្រាអែល ឲ្យវិលត្រឡប់ទៅរកការប្រកបទាក់ទងជាមួយព្រះ តាមសេចក្តីសញ្ញាឡើងវិញ ហើយការពារពួកគេឲ្យរួចផុតពីខ្មាំងសត្រូវ។ ប៉ុន្តែ ដោយសារ “ព្រះវិញ្ញាណរបស់ព្រះអម្ចាស់សណ្ឋិតលើគាត់”(ខ.១០) នោះគាត់ទទួលបានជ័យជម្នះ។ ដោយសារព្រះអម្ចាស់ប្រទានកម្លាំង ដល់ការដឹកនាំរបស់លោកអូធ្នាល “ស្រុកក៏បានសុខសាន្តត្រាណអស់៤០ឆ្នាំ”(ខ.១១)។ 
តើធ្វើដូចម្តេចឲ្យយើងពិតជា “មានភាពរឹងមាំ”? គឺដោយដឹងថា យើងមិនខ្លាំងទេ ហើយទុកចិត្តថា ព្រះទ្រង់នឹងប្រទានកម្លាំងដល់យើង។ ព្រះគុណព្រះអង្គ តែងតែគ្រប់គ្រាន់សម្រាប់យើង ដ្បិតព្រះចេស្តារបស់ព្រះអង្គពេញខ្នាត នៅក្នុងសេចក្តីកម្សោយរបស់យើង។—KAREN HUANG

តើអ្នកបានព្យាយាមធ្វើឲ្យខ្លួនឯងរឹងមាំ ដោយរបៀបណា? 
តើរឿងរបស់លោកអូធ្នាលបានជួយឲ្យអ្នកយល់ដឹងអំពីរបៀបទទួលកម្លាំងពីព្រះដូចម្តេចខ្លះ? 
ឱព្រះដ៏ជាព្រះវរបិតា សូមព្រះអង្គជួយទូលបង្គំឲ្យពឹងផ្អែកលើកម្លាំងរបស់ព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : សុភាសិត ២៧-២៩ និង ២កូរិនថូស ១០
 

ល្ងាច

គ្មាន​នរណា​ទៀត​ឡើយ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

គ្មាន​នរណា​ទៀត​ឡើយ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

September 17, 2025

«ចូរ​មើល​មក​អញ ហើយ​ទទួល​សេចក្តី​សង្គ្រោះ​ចុះ ដ្បិត​អញ​នេះ​ជា​ព្រះ ឥត​មាន​ណា​ទៀត​ឡើយ» (អេសាយ ៤៥:២២)។
ជា​រៀង​រាល់​ថ្ងៃ នៅ​ពេល​ដែល​ថ្ងៃ​ជិត​រះ​មនុស្ស​ទាំង​ហ្វូងៗ បាន​នាំ​គ្នា​ទៅ​មាត់​ទន្លេ​គង្គា​នៅ​ប្រទេស​ឥណ្ឌា ដើម្បី​ថ្វាយ​បង្គំ​ទន្លេ​នោះ និង​ព្រះ​អា​ទិត្យ​ដែល​កំពុង​រះ។ មនុស្ស​ជា​ច្រើន​ក៏​បាន​បាច​ធាតុ​របស់​មនុស្ស​ជាទី​ស្រឡាញ់​ដែល​បាន​លាចាក​លោក​ដោយ​សង្ឃឹម​ថា ពួក​គេ​នឹង​បាន​ទៅ​ដល់​ស្ថាន​សុខ​ជា​រៀង​រហូត។ តំណាង​របស់​អ្នក​កាន់​សាសនា​ហិណ្ឌូ​នៅ​ប្រទេស​ឥណ្ឌា ទាំង​ប្រុស​ស្រី​បាន​ជឿ​ថា «ព្រះ» មាន​នៅ​ក្នុង​អ្វីៗ​ទាំង​អស់។ មនុស្ស​ជា​ច្រើន​ប្រហែល​ជា​ហួស​ចិត្ត នៅ​ពេល​ដែល​បានឮ​គេ​និយាយ​អំពី​រឿង​នេះ ឬ​បាន​ឃើញ​ផ្ទាល់​ភ្នែក ប៉ុន្តែ​ពួក​គេ​ប្រហែល​ជា​មិន​ដឹង​ខ្លួន​ទេ​ថា ពួក​គេ​មិន​ខុស​ពី​អ្នក​កាន់​សាសនា​ទាំង​នោះ​ប៉ុន្មាន​ទេ។ ចូរ​មើល​ទៅ​វប្ប​ធម៌​នៅ​ជុំ​វិញ​ខ្លួន​អ្នក អ្នក​នឹង​កត់​សម្គាល់​ឃើញ ការ​ថ្វាយ​បង្គំ​រូប​ព្រះ​បាន​កើត​មាន​យ៉ាង​ទូលំ​ទូលាយ មិន​ខុស​ពី​ប្រទេស​ឥណ្ឌា​ទេ គ្រាន់​តែ​យើង​មិន​បាន​ចាប់​អារម្មណ៍។ យើង​អាច​រក​ឃើញ​ការ​ថ្វាយ​បង្គំ​រូប​ព្រះ នៅ​ក្នុង​ផ្នត់​គំនិត​ដែល​យល់​ឃើញ​ថា អ្វី​ដែល​យើង​ជឿ​មិន​សំខាន់​ទេ ព្រោះ​សាសនា​ធំៗ​នៅ​លើ​ពិភពលោក សុទ្ធ​តែ​បង្រៀន​ឲ្យ​ធ្វើ​ល្អ ដើម្បី​ឲ្យ​បាន​ឡើង​ស្ថាន​សួគ៌។ ជំនឿ​គ្រីស្ទ​បរិស័ទ​ក៏​មាន​និកាយ​ខុស​ឆ្គង​ជា​ច្រើន ព្រោះ​មនុស្ស​ពូកែ​ថ្វាយ​បង្គំ «ព្រះ» មួយ​អង្គ​ដែល​ពួក​គេ​បាន​បង្កើត ឲ្យ​ត្រូវ​នឹង​បំណង​ចិត្ត និង​ចំណង់​ចំណូល​ចិត្ត​របស់​ខ្លួន​ឯង។ ចំពោះ​ជំនឿ​ដែល​ជឿ​ថា ព្រះ​មាន​នៅ​ក្នុង​អ្វីៗ​ទាំង​អស់ យើង​អាច​រក​ឃើញ​ចំហាយ​របស់​វា នៅ​ក្នុង​ការ​ថ្នាក់​រៀន​ធ្វើ​វិបស្សនា និង​យ៉ូហ្កា​កម្រិត​ខ្ពស់​ជា​ដើម ព្រោះ​យើង​ស្រឡាញ់​ខ្លួន​ឯង និង​រូប​កាយ​របស់​យើង ធ្វើ​មើល​តែ​ពួក​វា​ជា​ព្រះ​របស់​យើង​អញ្ចឹង។ 
តាម​ពិត យើង​មាន​ព្រះ​ក្លែង​ក្លាយ​រាប់​រយ​ដែល​ជំនួស​ឲ្យ​ព្រះ​ពិត គឺ​រូប​ព្រះ​ដែល​សន្យា​ថា នឹង​​ផ្តល់​ឲ្យ​យើង​នូវ​សេរី​ភាព ប៉ុន្តែ​តាម​ពិត ពួក​វា​បន្ទាប​បន្ថោក និង​ចាប់​ចង​យើង​ធ្វើ​ជា​ទាសករ។ ឧទាហរណ៍៖ ការ​ថ្វាយ​បង្គំ​ផ្លូវ​ភេទ​ធ្វើ​ជា​ព្រះ ធ្វើ​ឲ្យ​អ្នក​បាត់បង់​សមត្ថភាព​ក្នុង​ការ​ស្រឡាញ់ និង​ទទួល​សេចក្តី​ស្រឡាញ់។ ការ​ថ្វាយ​បង្គំ​ស្រា​ធ្វើ​ជា​ព្រះ ធ្វើ​ឲ្យ​អ្នក​ជាប់​អន្ទាក់​របស់​វា។ ការ​ថ្វាយ​បង្គំ​លុយ នឹង​ធ្វើ​ឲ្យ​ជីវិត​អ្នក​ស្ថិត​ក្រោម​ការ​ដឹក​នាំ​របស់​លុយ។ ការ​ថ្វាយ​បង្គំ​គ្រួសារ នឹង​ធ្វើ​ឲ្យ​អ្នក​ដួល​ដោយ​សារ​ទម្ងន់​នៃ​ការ​រំពឹង​ចង់​បាន​ដែល​អ្នក​មិន​អាច​បំពេញ​ឲ្យ​បាន។ ការ​ថ្វាយ​បង្គំ​អ្វី​ក៏​ដោយ​ជំនួស​ព្រះ​ពិត នឹង​ធ្វើ​ឲ្យ​អ្នក​មិន​អាច​រក​ឃើញ​ភាព​ស្កប់​ស្កល់​បាន​ឡើយ។ 
បើ​យើង​ជាប់​ជំពាក់​នឹង​ការ​ថ្វាយ​បង្គំ​រូប​ព្រះ យើង​ច្រើន​តែ​បាត់បង់​ទំនុក​ចិត្ត​លើ​ព្រះ​គម្ពីរ ដែល​ផ្ទុក​ទៅ​ដោយ​ព្រះ​បន្ទូល​​ដែល​មិន​ចេះ​ខុស។ នៅ​ពេល​ដែល​រឿង​នេះ​កើត​ឡើង​ហើយ យើង​ក៏​លែង​ឲ្យ​តម្លៃ​មក​លើ​ការ​អះអាង​ត្រង់ៗ​ថា ព្រះ​យេស៊ូវ​មក​ពី​ស្រុក​ណាសារ៉ែត​​គឺ​ជា​អង្គ​ទីពីរ​នៅ​ព្រះ​ត្រៃ​ឯក ជា​អ្នក​បង្កើត​ចក្រវាល ជា​ព្រះ​អម្ចាស់​ដែល​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ហើយ​យាង​ឡើង​ស្ថាន​សួគ៌​វិញ​ធ្វើ​ជា​ក្សត្រ ហើយ​ថ្ងៃ​មួយ ព្រះ​អង្គ​នឹង​យាង​មក​វិញ។ ដូច​នេះ គឺ​ដោយ​សារ​ព្រះ​គុណ​របស់​ព្រះ ដែល​ព្រះ​បន្ទូល​ព្រះ​អង្គ​បាន​បង្គាប់​យើង និង​មនុស្ស​គ្រប់​ទិសទី​ឲ្យ​ប្រែ​ចិត្ត ងាក​បែរ​ចេញពី​ការ​ថ្វាយ​បង្គំ​រូប​ព្រះ ហើយ​ឲ្យ​ថ្វាយ​បង្គំ​ព្រះ​អង្គ​វិញ ដែល​ជា​ព្រះ​អាទិករ អ្នក​ទ្រទ្រង់ អ្នក​គ្រប់​គ្រង ព្រះ​វរបិតា និង​ជា​ចៅ​ក្រម (មើល​កិច្ចការ ១៧:៣០)។
តើ​មាន​ថ្នាំ​បន្សាប​អ្វី សម្រាប់​ព្យាបាល​ចិត្ត​របស់​អ្នក​ដែល​នៅ​តែ​ចង់​ថ្វាយ​បង្គំ​រូប​ព្រះ ដែល​ទាស់​ប្រឆាំង​នឹង​ព្រះ​អម្ចាស់ ហើយ​មិន​អាច​ឲ្យ​អ្នក​បាន​សង្គ្រោះ? ថ្នាំ​បន្សាប​ដ៏​សាមញ្ញ​នោះ​គឺ «ចូរ​មើល​មក​អញ ហើយ​ទទួល​សេចក្តី​សង្គ្រោះ​ចុះ ដ្បិត​អញ​នេះ​ជា​ព្រះ ឥត​មាន​ណា​ទៀត​ឡើយ»។ ចូរ​យើង​ពិនិត្យ​មើល​រូប​ព្រះ​ដែល​យើង​ងាយ​នឹង​ថ្វាយ​បង្គំ ហើយ​បាន​ដាក់​ពួកវា​ឲ្យ​នៅ​ទន្ទឹម​នឹង​ព្រះ​អាទិករ ជា​​ព្រះ​ដែល​ទ្រទ្រង់​អ្វីៗ​ទាំង​អស់។ ព្រះ​អង្គ​ជា​ព្រះ ហើយ​ពួក​វា​មិន​មែន​ជា​ព្រះ​ទេ។ ព្រះ​អង្គ​អាច​សង្គ្រោះ តែ​ពួក​វា​មិន​អាច​សង្គ្រោះ​បាន​ទេ។ ចូរ​ងាក​ចេញ​ពី​ពួក​វា ហើយ​បែរ​មក​រក​ព្រះអង្គ​វិញ។

 
ខគម្ពីរ​សញ្ជឹង​គិត៖ អេសាយ ៤៥:១៨-២៥
គម្រោង​អាន​ព្រះគម្ពីរ​រយៈ​ពេល​១​ឆ្នាំ៖ អេម៉ុស ១-៣ និង​យ៉ូហាន ៧:១-២៧

ប្រភេទ