នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះអង្គ

ស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះអង្គ

ដោយadamholz

September 18, 2025

យ៉ូប ៤១:១-៥,១០-១៤
តើអ្នកណាដែលឲ្យអ្វីមកអញជាមុន បានជាអញត្រូវសងគេវិញ សារពើទាំងប៉ុន្មានដែលនៅក្រោមមេឃជារបស់ផងអញទេតើ ។ យ៉ូប ៤១:១១
កាលប៉ុន្មានឆ្នាំមុន ខ្ញុំបានទទួលសំបុត្រដែលមានរូបរាងប៉ោងៗ ក្នុងប្រអប់សំបុត្រមុខផ្ទះខ្ញុំ។ ខ្ញុំក៏បានកត់សំគាល់ឃើញថា មិត្តភក្តិជិតស្និទ្ធរបស់ខ្ញុំម្នាក់ បានដាក់អាស័យដ្ឋានរបស់គាត់នៅលើប្រអប់សំបុត្រនោះ ហើយខ្ញុំក៏បានញញឹម។ ជូនកាល ចូ (JOE) ផ្ញើវត្ថុដែលខ្ញុំមិននឹកស្មានដល់។ ក្នុងសំបុត្រនោះខ្ញុំក៏បានឃើញធ្មេញរបស់ត្រីឆ្លាម មានពណ៌ត្នោតក្រមៅ ប្រវែង១២សង់ទីម៉ែត្រ។ 
ក្នុងសំបុត្រនោះ ចូ បានពន្យល់ថា វាគឺជាផូស៊ីលធ្មេញរបស់សត្វត្រីឆ្លាម ពីសម័យបុរេប្រវត្តិ គឺជាត្រីឆ្លាមយក្ស។ បើគេប្រៀបធៀបទំហំវានឹងត្រីឆ្លាមពណ៌សធំ នោះវាមានមាឌធំជាងជាច្រើនដង។ ខ្ញុំក៏បានព្យាយាមស្រមៃថា ថ្គាមរបស់ត្រីឆ្លាមនោះមានទំហំធំប៉ុណ្ណា បើធ្មេញរបស់វាមានប្រវែងវែងយ៉ាងនេះ។ អ្នកវិទ្យាសាស្ត្រក៏បានធ្វើការប៉ាន់ស្មានថា ថ្គាមរបស់វា ប្រហែលជាមានទំហំ ២ម៉ែត្រ គុណនឹង៣ម៉ែត្រ។ សត្វត្រីឆ្លាមនោះ ប្រាកដជាមានទំហំខ្លួនធំខ្លាំងណាស់។
ព្រះគម្ពីរប៊ីបមិនបានចែងអំពីត្រីឆ្លាមយក្សនោះទេ តែក្នុងកណ្ឌគម្ពីរយ៉ូប ព្រះទ្រង់បានពិពណ៌នា អំពីសត្វចម្លែកម្យ៉ាង។ បទគម្ពីរយ៉ូប ជំពូក៤១ បានពិពណ៌នាជាលម្អិត អំពីរូបរាង្គរបស់វា។ គឺដូចដែលព្រះទ្រង់បានប្រាប់លោកយ៉ូបថា “អញមិនទាន់ឈប់និយាយពីជើង នឹងកំឡាំងវា ឬពីរាងដ៏សមសួនរបស់វានៅឡើយ”(ខ.១២)។ “តើអ្នកណាអាចនឹងបើកមាត់វាបាន ធ្មេញវានៅព័ទ្ធជុំវិញគួរស្ញែងខ្លាច?”(ខ.១៤)។ 
មានតែព្រះដែលបានបង្កើតវាមកទេ ទើបអាចឆ្លើយសំណួរនេះបាន។ ត្រង់ចំណុចនេះ ព្រះទ្រង់បានរំឭកលោកយ៉ូបថា ទោះសត្វចម្លែកនោះមានមាឌធំយ៉ាងណាក៏ដោយ វាមិនអាចប្រៀបផ្ទឹមនឹងព្រះអាទិករបានទេ។ គឺដូចដែលព្រះអង្គបានមានបន្ទូលថា “សារពើទាំងប៉ុន្មានដែលនៅក្រោមមេឃជារបស់ផងអញទេតើ ”(ខ.១១)។
ខ្ញុំបានដាក់តាំងផូស៊ីលធ្មេញរបស់ត្រីឆ្លាមយក្សនោះនៅលើតុរបស់ខ្ញុំ ធ្វើជាការរំឭកអំពីព្រះចេស្តា និងភាពប៉ិនប្រសប់របស់ព្រះក្នុងការបង្កើតពួកវាមក។ ខ្ញុំមិនបាននឹកស្មានថា ខ្ញុំអាចនឹកចាំអំពីការបង្កើតរបស់ព្រះអង្គ តាមរយៈផូស៊ីលនោះឡើយ តែវាបានធ្វើឲ្យខ្ញុំគិតដល់ចារិតលក្ខណៈរបស់ព្រះ ដែលបានកម្សាន្តចិត្តខ្ញុំ នៅពេលដែលពិភពលោកហាក់ដូចជាមានរឿងជាច្រើនមិនចេះចប់មិនចេះហើយ ស្ទើរតែមិនអាចឲ្យខ្ញុំរស់នៅបាន។—ADAM R. HOLZ

តើមានស្នាព្រះហស្តណាខ្លះ ដែលបានរំឭកអ្នក អំពីលក្ខណៈដែលមានអំណាច 
និងភាពប៉ិនប្រសប់របស់ព្រះអង្គ? តើការយល់ដឹងអំពីរបៀបដែលព្រះអង្គ
បង្កើតរបស់សព្វសារពើមក បានលើកទឹកចិត្តអ្នកដូចម្តេចខ្លះ? 
ឱព្រះវរបិតា ស្នាព្រះហស្តរបស់ព្រះអង្គបានថ្លែងអំពីភាពអស្ចារ្យ និងព្រះចេស្តារបស់ព្រះអង្គ។ 
សូមព្រះអង្គជួយទូលបង្គំឲ្យទុកចិត្តព្រះអង្គ ពេលណាជីវិតហាក់ដូចជាមានការពិបាកពេក។ 
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : សុភាសិត ៣០-៣១ និង ២កូរិនថូស ១១:១-១៥
 

ល្ងាច

សុខុមាល​ភាព​របស់​លោកីយ៍ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

សុខុមាល​ភាព​របស់​លោកីយ៍ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

September 18, 2025

«រួច​ខ្ញុំ​ឃើញ​ផ្ទៃ​មេឃ​ថ្មី និង​ផែនដី​ថ្មី ដ្បិត​ផ្ទៃ​មេឃ​មុន និង​ផែនដី​មុន​បាន​កន្លង​បាត់​ទៅ​ហើយ ក៏​គ្មាន​សមុទ្រ​ទៀត​ឡើយ» (វិវរណៈ ២១:១)។
តើ​យើង​បាន​ដឹង​អ្វី​ខ្លះ​អំពី​ការ​យាង​មក​វិញ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ? ព្រះ​គម្ពីរ​បាន​ប្រាប់​ការ​ពិត​ដ៏​ជាក់​លាក់​ដោយ​ត្រង់ៗ​ឲ្យ​យើង​បាន​ដឹង។ យើង​ដឹង​ថា ព្រះ​យេស៊ូវ​នឹង​យាង​មក​វិញ​ដោយ​ផ្ទាល់ ដោយ​មាន​ព្រះ​កាយ ដែល​យើង​អាច​មើល​ឃើញ​ក្នុង​សិរី​ល្អ​របស់​ព្រះ​អង្គ។ យើង​ក៏​ដឹង​ផង​ដែរ​ថា កាល​បរិច្ឆេទ​នៃ​ការ​យាង​មកវិញ​របស់​ព្រះ​អង្គ​ស្ថិត​ក្នុង​ភាព​អាថ៌កំបាំង​ដោយ​ព្រះ​អង្គ​នឹង​យាង​មក​ភ្លាមៗ ហើយ​នឹង​ញែក​មនុស្ស​ដែល​រង់​ចាំ​ព្រះ​អង្គ ចេញ​ពី​មនុស្ស​ដែល​បដិសេធ​ព្រះ​អង្គ។
ជាង​នេះ​ទៅ​ទៀត សេចក្តី​អ្វី​ដែល​បាន​ប្រកាស​ទៅ​ដល់​ពួក​បរិសុទ្ធ​ដែល​កំពុង​រង​ទុក្ខ​នៅ​សតវត្សរ៍​ទី១ ក្នុង​កណ្ឌ​គម្ពីរ​វិវរណៈ​ក៏​នៅ​តែ​ជា​ការ​ប្រកាស​ដល់​យើង​ថា យើង​មិន​គួរ​មាន​ការ​ភ្ញាក់​ផ្អើល​ចំពោះ​ភាព​វឹកវរ​ក្នុង​លោកីយ៍​ឡើយ ព្រះ​យេស៊ូវ​កំពុង​គ្រប់​គ្រង​ស្ថាន​ការណ៍​ទាំង​ស្រុង។ អំណាច​របស់​ព្រះ​គ្រីស្ទ ក្នុង​ការ​សោយរាជ្យ នឹង​បាន​បង្ហាញ​ចេញ​មក​យ៉ាង​ពេញលេញ នៅ​ពេល​ដែល​នគរ​របស់​ព្រះ​អង្គ​បាន​តាំង​ឡើង​ទាំង​ស្រុង​ជា​រៀង​រហូត ហើយ​ការ​យាង​មក​វិញ​របស់​ព្រះ​អង្គ​នឹង​នាំ​មក​នូវ​ផ្ទៃ​មេឃ និង​ផែនដី​ថ្មី។ 
ព្រះ​គម្ពីរ​បាន​ពិពណ៌នា​ថា ស្ថាន​សួគ៌​អាច​ចុះ​មក​ដល់​ផែនដី ក្នុង​ន័យ​ថា ថ្ងៃ​មួយ «ទីក្រុង​យេរូសាឡឹម​ថ្មី» និង «ចុះ​ពី​ស្ថាន​សួគ៌​មក​អំពី​ព្រះ» (វិវរណៈ ២១:២)។ មនុស្ស​ក្នុង​សម័យ​ទំនើប ជា​ពិសេស​ក្នុង​សង្គម​លោក​ខាងលិច មាន​ទស្សនៈ​ច្រើន​ណាស់ ដែល​ចម្លង​តាម​ការ​ពិពណ៌នា​នេះ​មិន​បាន​គ្រប់​ជ្រុង​ជ្រោយ។ វប្បធម៌​របស់​យើង​មាន​ទំនុក​ចិត្ត​ពី​ធម្មជាតិ​មក បាន​ជា​គេ​ព្យាយាម​ស្ដារ​សង្គម​ឡើង​វិញ ដោយ​បន្ថែម​ការ​អប់រំ និង​កម្មវិធី​សង្គម​ច្រើន​ជាង​មុន​បន្តិច និង​គិត​អំពី​មនុស្ស​ម្នាក់ៗ​ច្រើន​ជា​មុន​បន្តិច។ តែ​ទោះជា​យ៉ាង​ណា​ក៏​ដោយ គ្មាន​កម្មវិធី​របស់​មនុស្ស​ណា​ដែល​ពិត​ជា​អាច​សម្រេច​នូវ​ការ​ស្អាង​ឡើង​វិញ ដែល​ពិភពលោក​របស់​យើង​ត្រូវ​ការ​ឡើយ។ ការ​ប្រឹង​ប្រែង​របស់​មនុស្ស​អាច​ធ្វើ​ឲ្យ​អ្វីៗ​ល្អ​ប្រសើរ តែ​មិន​អាច​ធ្វើ​ឲ្យ​ល្អ​ឥត​ខ្ចោះ​បាន​ទេ។ ស្ថាន​សួគ៌​នឹង​មិន​ចុះ​មក​ផែនដី​ឡើយ ទាល់​តែ​ព្រះ​យេស៊ូវ​បាន​យាង​មក​វិញ​​ជា​មុន​សិន។ ជីវិត​ទាំង​អស់​កំពុង​ជាប់​នៅ​ក្នុង​ចំណង​របស់​បាប ក្នុង​ពេល​សព្វថ្ងៃ ហើយ​មាន​តែ​ព្រះ​ទេ ដែល​អាច​​រំដោះ​ជីវិត​ទាំង​អស់​នោះ​បាន ខណៈ​ពេល​ដែល​រាស្ត្រ​របស់​ព្រះ​អង្គ​ក្រាប​នៅ​ពីមុខ​កូន​ចៀម ហើយ​សរសើរ​តម្កើង​ព្រះ​អង្គ។ 
ក្នុង​ពេល​បច្ចុប្បន្ន យើង​កំពុង​រស់​នៅ​ជា​ជន​និរទេស​ក្នុង​ទឹកដី​បរទេស។ យើង​កំពុង​រស់នៅ​ក្នុង​លោកីយ៍ ដែល​ទាស់​ប្រឆាំង​នឹង​ព្រះ​គ្រីស្ទ ព្រះ​បន្ទូល​របស់​ព្រះ​អង្គ និង​ជីវិត​ដែល​ស្តាប់​បង្គាប់​ព្រះ​អង្គ។ ក្នុង​នាម​យើង​ជា​អ្នកជឿ យើង​ជួប​ការ​ល្បួង​ឲ្យ​រត់​គេច ហើយ​លាក់​ខ្លួន ហើយ​ជួប​ជុំ​គ្នា​ជា​ក្រុម​តូច​ជា​មួយ​អ្នក​ជឿ​ដទៃ​ទៀត ហើយ​មិន​ចង់​ខ្វល់​អំពី​លោកីយ៍​ទេ។ ប៉ុន្តែ ដូច​ដែល​ហោរា យេរេមា បាន​ប្រាប់​ពួក​ឈ្លើយ​សឹក​នៅ​ចក្រ​ភព​បាប៊ីឡូន​ឲ្យ​ស្វែងរក​សុខុមាល​ភាព សម្រាប់​ទីក្រុង​ដែល​ពួកគេ​កំពុង​រស់​នៅ​ជា​យ៉ាងណា (យេរេមា ២៩:៧) នោះ​យើង​ក៏​ត្រូវ​ស្វែង​រក​សុខុមាល​ភាព​សម្រាប់​ពិភពលោក​ដែល​យើង​កំពុង​រស់​នៅ​ផង​ដែរ។ ទោះ​មិន​មែន​ជា​កម្ម​សិទ្ធិ​របស់​វា​ក៏​ដោយ ការ​នេះ​តម្រូវ​ឲ្យ​យើង​រស់​នៅ​ក្នុង​លោកីយ៍​នេះ​ដោយ​នាំ​គេ​ឲ្យ​ស្គាល់​នគរ​ព្រះ។
យើង​អាច​មាន​ទំនុក​ចិត្ត នៅ​ក្នុង​ការ​ងាក​ចេញ​ពី​លោកីយ៍​នេះ​បាន ទាល់​តែ​យើង​អរ​សប្បាយ​ចំពោះ​រឿង​នៃ​ជ័យ​ជម្នះ​របស់​ព្រះ​គ្រីស្ទ ដែល​បាន​ជាប់​ឆ្កាង មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ កំពុង​គ្រងរាជ្យ ហើយ​ថ្ងៃ​មួយ នឹង​វិល​ត្រឡប់​មក​វិញ។ ការ​សង្ឃឹម​ថា ព្រះ​អង្គ​នឹង​យាង​មក​វិញ ហើយ​យើង​នឹង​មាន​ជីវិត​អស់​កល្ប​ក្នុង​ព្រះ​វត្ត​មាន​ព្រះ​អង្គ គឺ​ជា​ការ​បណ្តាល​ចិត្ត​ដ៏​ឥត​ខ្ចោះ ឲ្យ​រស់​នៅ​ក្នុង​ជីវិត​ដែល​មាន​សេចក្តី​បរិសុទ្ធ​ជា​ប្រចាំ និង​ផ្សាយ​ដំណឹង​ល្អ​ដោយ​ចិត្ត​ឧស្សាហ៍​ដោយ​នូវ​ព្រះ​នាម​ព្រះ​អង្គ។ ចូរ​យើង​មើល​ទៅ​មុខ​ដោយ​ភ្នែក​នៃ​ជំនឿ​ទៅ​រក​ការ​យាង​មក​វិញ​របស់​ព្រះ​អង្គ ហើយ​ចេញ​ទៅ​រស់​នៅ ដើម្បី​សុខុមាល​ភាព​របស់​មនុស្ស​នៅ​ជុំ​វិញ​អ្នក នៅ​ថ្ងៃ​នេះ។ 


ខគម្ពីរ​សញ្ជឹង​គិត៖ ១កូរិនថូស ១៥:៥០-៥៨
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល១ឆ្នាំ៖ អេម៉ុស ៤-៦ និង​យ៉ូហាន ៧:២៨-៥៣
 

ប្រភេទ