នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

បន្ទាបខ្លួនទទួលការបង្រៀន

បន្ទាបខ្លួនទទួលការបង្រៀន

ដោយKaren Pimpo

October 2, 2025

សុភាសិត ៩:១-៦,១៣-១៨
បង្រៀនដល់មនុស្សសុចរិត នោះគេនឹងមានចំណេះចំរើនឡើងដែរ។ សុភាសិត ៩:៩
បន្ទាប់ពី ឃែត(Kat) បានដឹងថា គាត់មានផ្ទៃពោះ គាត់ក៏បានបោះបង់ការសិក្សានៅវិទ្យាល័យ ដើម្បីថែរក្សាកូនស្រីរបស់គាត់ដែលត្រូវចាប់កំណើតមក។ ១៥ឆ្នាំក្រោយមក ឃែតក៏បានក្លាយជាម្តាយ ដែលធ្វើការងារចិញ្ចឹមកូនបីនាក់ ដោយក្តីស្រមៃចង់ក្លាយជាអ្នកសម្អាងការដែលមានបណ្ណអនុញ្ញាត។ ដោយការបន្ទាបខ្លួន និងការតស៊ូ គាត់ក៏បានក្លាយជាសិស្សសាលាឡើងវិញ ក្នុងការសិក្សាដោយឥតគិតថ្លៃ ក្នុងកម្មវិធីទ្រទ្រង់GED។ គាត់មានអារម្មណ៍ថា គាត់មានភាពតូចទាប ក្នុងការវិលត្រឡប់ទៅសាលារៀនវិញ បន្ទាប់ពីបានបោះបង់ការសិក្សាអស់ជាច្រើនឆ្នាំ។ ឃែតថា “កម្មវិធីនេះបានធ្វើឲ្យជីវិតខ្ញុំមានការផ្លាស់ប្តូរ។ គ្រូបង្រៀនពិតជាពូកែបង្រៀន ហើយគាត់បានលើកទឹកចិត្តខ្ញុំច្រើនណាស់”។
ការបន្ទាបខ្លួនទទួលការបង្រៀន អាចស្ថិតក្នុងចំណោមរឿងដែលយើងពិបាកធ្វើបំផុត។ ព្រះគម្ពីរប៊ីបបានចែងអំពីចិត្តដែលទទួលការបង្រៀន និងបើកចំហទទួលប្រាជ្ញារបស់ព្រះ។ បទគម្ពីរសុភាសិតដែលមានលក្ខណៈជាកំណាព្យនេះ បានបកស្រាយ ដោយពាក្យប្រៀបប្រដូច អំពីស្រ្តីពីរនាក់ដែលស្រែកហៅមនុស្សដើរតាមផ្លូវ ដោយពួកគេគឺជាតំណាងឲ្យប្រាជ្ញា និងភាពល្ងង់ខ្លៅរបស់មនុស្ស(សុភាសិត ៩:១-៦ ១៣-១៨)។ អស់អ្នកដែលស្តាប់ប្រាជ្ញា ទទួលការកែតម្រង់ ដោយព្រះគុណព្រះ។ ពួកគេ “មានប្រាជ្ញារឹតតែច្រើនឡើង”(ខ.៩)។ ពួកគេមានទម្លាប់ “ដើរក្នុងផ្លូវយោបល់”(ខ.៦) ហើយអង្គុយនៅតុនៃប្រាជ្ញា ដើម្បីទទួលការបង្រៀន។ ការស្តាប់បង្គាប់របស់ពួកគេ បាននាំទៅរកជីវិតដែលពេញលេញ(ខ.១១)។ ផ្ទុយទៅវិញ អស់អ្នកដែលស្តាប់តាមភាពល្ងង់ខ្លៅ មិនចូលចិត្តការកែតម្រង់ ឬការរិះគន់ទេ។ ពួកគេត្មះតិះដៀលអស់អ្នកដែលព្យាយាមណែនាំពួកគេ(ខ.៧-៨)។ ការបន្ទាបខ្លួនកើតចេញពីការកោតខ្លាចព្រះ ដោយទទួលស្គាល់ថា ព្រះអង្គគឺជា “ព្រះដ៏បរិសុទ្ធ” ហើយមិនលើកតម្កើងខ្លួនឯងឡើយ(ខ.១០)។ ការបន្ទាបខ្លួនទទួលការបង្រៀន មិនមែនជាការងាយទេ តែវាក៏នាំមកនូវសេរីភាព ក្នុងការទទួលស្គាល់ថា យើងមិនមានចំណេះសព្វគ្រប់ មិនអាចដឹងគ្រប់រឿងឡើយ ហើយយើងនៅតែត្រូវការជំនួយ។ ប្រាជ្ញាស្រែកហៅយើងហើយ។ តើយើងនឹងឆ្លើយតបដូចម្តេចខ្លះ? —Karen Pimpo

ជាធម្មតា តើអ្នកមានការឆ្លើយតបដូចម្តេច ចំពោះការរិះគន់? តើការឆ្លើយតប 
ដោយការបន្ទាបខ្លួន នាំឲ្យមានការរីកចម្រើន និងជ័យជម្នះដូចម្តេចខ្លះ? 
ឱព្រះវរបិតា ជាព្រះនៃប្រាជ្ញា ទូលបង្គំមិនតែងតែមានចិត្តចង់ទទួលការបង្រៀនជានិច្ចឡើយ 
តែសូមព្រះអង្គជួយទូលបង្គំឲ្យបន្ទាបខ្លួន ដើម្បីទទួលប្រាជ្ញាពីព្រះអង្គ។ 
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសាយ ១៤-១៦ និង អេភេសូរ ៥:១-១៦
 

ល្ងាច

ព្រះ​បន្ទូល​សន្យា​អំពី​ការ​ស្អាង​ឡើង​វិញ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ព្រះ​បន្ទូល​សន្យា​អំពី​ការ​ស្អាង​ឡើង​វិញ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

October 2, 2025

«ព្រម​ទាំង​សំដែង ឲ្យ​យើង​រាល់​គ្នា​ស្គាល់​សេចក្តី​អាថ៌​កំបាំង​នៃ​ព្រះ​ហឫទ័យ​ទ្រង់ តាម​គំនិត​ដែល​ទ្រង់​បាន​គិត​សំរេច ក្នុង​ព្រះ​អង្គ​ទ្រង់ សម្រាប់​ការ​កាន់​កាប់​ត្រួតត្រា ក្នុង​កាលដែល​ពេល​ពេញ​កំណត់​បាន​មកដល់ ដើម្បី​នឹង​បំព្រួម​គ្រប់​ទាំង​អស់​ក្នុង​ព្រះ​គ្រីស្ទ ទាំង​របស់​នៅ​ស្ថាន​សួគ៌ និង​របស់​នៅ​ផែន​ដី​ផង» (អេភេសូរ ១:៩-១០)។
ក្នុង​អត្ថបទ ដែល​លោក ថូលខិន (J.R.R. Tolkien) បាន​សរសេរ​ក្រោម​ប្រធាន​បទ «អំពី​រឿង​និទាន» គាត់​បាន​ធ្វើ​ការ​បក​ស្រាយ​អំពី​មូល​ហេតុ ដែល​មនុស្ស​ចូល​ចិត្ត​រឿង​និទាន។ ជា​ញឹក​ញាប់ មនុស្ស​ចង់​ស្តាប់​រឿង​និទាន​ខ្លាំង​ជាង​ស្តាប់​ព័ត៌មាន​ប្រចាំ​ថ្ងៃ ដែល​និយាយ​អំពី​សង្គ្រាម បញ្ហា​ហិរញ្ញ​វត្ថុ ជំងឺ​ឆ្លង និង​ការ​ខូច​ចិត្ត ដោយ​រឿង​និទាន​មាន​ការ​បញ្ចប់​ដ៏​រីករាយ​ដែល​ឆ្លុះ​បញ្ចាំង​អំពី​អ្វី​ដែល​មនុស្ស​ចង់​បាន។ លោក ថូលខិន បាន​លើក​ឡើង​ថា ឫស​គល់​នៃ​ការ​ចង់​បាន​នេះ គឺ​ដុះ​ចេញពី​ការ​ចង់​ឲ្យ​ព្រះ​គ្រីស្ទ​កែ​ប្រែ​លោកីយ៍​ឲ្យ​ត្រឹម​ត្រូវ​ឡើង​វិញ ដោយ​បង្រួប​បង្រួម​អ្វីៗ​ទាំង​អស់ ស្អាង​គ្រប់​យ៉ាង​ឡើង​វិញ ហើយ​ធ្វើ​ឲ្យ​ពិភពលោក​មាន​ភាព​ស្រស់​ស្អាត យ៉ាង​ឥត​ខ្ចោះ ដូច​កាល​លោក អ័ដាម មិន​ទាន់​បះបោរ។ តើ​អ្នក​មិន​ចង់​ឲ្យ​ព្រះ​ជួសជុល​អ្វីៗ​ទាំង​អស់​ឡើង​វិញ​ទេឬ? តើ​អ្នក​មិន​ចង់​ឲ្យ​មាន​ការ​បញ្ចប់​ដ៏​រីករាយ​ទេ​ឬ? 
តាមរយៈ​ការ​បើក​សម្ដែង​ក្នុង​ព្រះ​គម្ពីរ ក៏​ដូច​ជា​តាម​រយៈ​ការ​រស់​នៅ​របស់​យើង យើង​អាច​ចាំ​ថា យើង​មិន​ទាន់​បាន​ទៅ​ដល់​ចំណុច​នោះ​នៅ​ឡើយ​ទេ។ យើង​កំពុង​រស់​នៅ​ក្នុង​លោកីយ៍​ដែល​បាន​ធ្លាក់​ចូល​អំពើបាប ដាច់​ចេញ​ពី​ព្រះ មាន​ពេញ​ដោយ​ភាព​នឿយ​ណាយ និង​ការ​ប្រេះ​បែក។ លោក អ័ដាម ទី​មួយ​បាន​ប្រព្រឹត្ត​អំពើបាប បណ្ដាល​ឲ្យ​មាន​សេចក្តី​ស្លាប់ និង​ភាព​វឹកវរ។ ប៉ុន្តែ លោក អ័ដាម ទីពីរ​បាន​យាង​មក​ជួសជុល​អ្វីៗ​ដែល​លោក អ័ដាម ទី​មួយ​បាន​ធ្វើ​ឲ្យ​ខូច ហើយ​បាន​សម្រេច​ការ​អ្វី​ដែល​គ្មាន​នរណា​ម្នាក់​អាច​ធ្វើ​បាន។ ព្រះ​អង្គ​នឹង​ជួសជុល​អ្វីៗ​ទាំង​អស់។ តាម​ពិត ព្រះអង្គ​បាន​ចាប់​ផ្តើម​ជួសជុល​ហើយ។
ក្នុង​កណ្ឌ​គម្ពីរ​សំបុត្រ​ដែល​សាវ័ក ប៉ុល បាន​សរសេរ​ផ្ញើ​ទៅ​ពួក​ជំនុំ​នៅ​សតវត្សរ៍​ទី១ គាត់​បាន​ទទួល​ស្គាល់​ទុក្ខ​លំបាក​របស់​ពួក​គេ ហើយ​មិន​បាន​ចាត់​ទុក​វា​ជា​រឿង​តូច​តាច​ទេ ប៉ុន្តែ​គាត់​ក៏​តែងតែ​បាន​រំឭក​អ្នក​អាន​សំបុត្រ​របស់​គាត់​ថា ថ្ងៃ​មួយ ទុក្ខ​លំបាក និង​ការ​សោក​សង្រេង​របស់​ពួកគេ​នឹង​លែង​មាន​ទៀត ហើយ​ពួក​គេ​នឹង​មាន​ការ​ស្កប់​ចិត្ត។1 គាត់​បាន​លើក​ទឹក​ចិត្ត​ពួក​គេ​ឲ្យ​ផ្ដោត​ទៅ​លើ​ចុង​បញ្ចប់ ដើម្បី​ជួយ​ពួក​គេ​ឲ្យ​អាច​ជម្នះ​បញ្ហា​ប្រឈម​នៅ​ចំពោះ​មុខ។ 
អ្វី​ដែល​ពួក​គេ​ត្រូវ​ការ​នៅ​សម័យ​មុន ក៏​ជា​អ្វី​ដែល​យើង​ត្រូវ​ការ ក្នុង​ពេល​សព្វ​ថ្ងៃ​ផង​ដែរ។ បើ​អ្នក​គ្រាន់​តែ​ផ្ដោត​ទៅ​លើ​អ្វី​ដែល​អ្នក​មើល​ឃើញ​នៅ​ចំពោះ​មុខ ហើយ​មិន​បាន​អនុញ្ញាត​ឲ្យ​ព្រះ​បន្ទូល​សន្យា​អំពី​ការ​ស្អាង​ឡើង​វិញ ចូល​ទៅ​ក្នុង​ចក្ខុ​វិស័យ​របស់​អ្នក នោះ​អ្នក​មិន​ប្រាកដ​ជា​អាច​ដោះ​ស្រាយ​បញ្ហា​ដែល​អ្នក​ជួប​ប្រទះ​នោះ​ទេ។ អ្នក​នឹង​មើល​ឃើញ​បញ្ហា​ទាំង​នោះ​ធំ​ពេក។ បញ្ហា​ទាំង​នោះ​នឹង​គ្រប់​គ្រង​អ្នក។ បញ្ហា​ទាំង​នោះ​នឹង​ដក​ក្តី​សង្ឃឹម និង​សុភ​មង្គល​ចេញពី​អ្នក។ ទេ! ទោះ​បញ្ហា​ទាំង​នោះ​ជា​បញ្ហា​ពិភពលោក បញ្ហា​ជាតិ ឬ​បញ្ហា​ផ្ទាល់​ខ្លួន​ក៏​ដោយ ក៏​យុទ្ធ​សាស្ត្រ​ល្អ​បំផុត គឺ​ភ្នែក​អ្នក​ត្រូវ​បន្ត​ផ្ដោត​ទៅ​លើ​ព្រះ​បន្ទូល ដែល​បាន​ចែង​អំពី​ផែនការ​របស់​ព្រះ។ យើង​នឹង​មាន​ការ​បញ្ចប់​ដ៏​ល្អ។ ពេល​មួយ អ្វីៗ​នឹង​រួប​រួម នៅ​ក្រោម​ក្សត្រ​ដ៏​ល្អ​ឥត​ខ្ចោះ។ 
នៅ​ថ្ងៃ​នេះ តើ​មាន​អ្វី​ធ្វើ​ឲ្យ​អ្នក​ពិបាក​ចិត្ត? ចូរ​ប្រឈម​មុខ​ដាក់​បញ្ហា​ក្នុង​ពេល​បច្ចុប្បន្ន ដោយ​មើល​ទៅ​ពេល​អស់​កល្ប ដោយ​ជំនួយ​មក​ពី​ព្រះ​វិញ្ញាណ​បរិសុទ្ធ នោះ​អ្នក​នឹង​មាន​ទំនុក​ចិត្ត​លើ​ផែនការ​ដ៏​ឥត​ខ្ចោះ​របស់​ព្រះ​អង្គ។ អ្នក​មិន​ទាន់​ដឹង​អំពី​រឿង​នៃ​លោកីយ៍​នេះ​ជា​លម្អិត​ទេ ប៉ុន្តែ​អ្នក​អាច​ដឹង​ថា អ្នក​ដែល​ទុកចិត្ត​ព្រះ​គ្រីស្ទ ចុង​បញ្ចប់​របស់​ពួក​គេ​នឹង​មាន​ភាព​សប្បាយ​រីករាយ គឺ​ចុង​បញ្ចប់​ដែល​គ្មាន​ការ​បញ្ចប់ ហើយ​មិន​មែន​ជា​រឿង​និទាន​នោះ​ទេ។ 


ខ​គម្ពីរ​សញ្ជឹង​គិត៖ អេសាយ ៦៥:១៧-២៥
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ អេសេគាល ៣០-៣២ និង​យ៉ូហាន ១៥

ប្រភេទ