នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ចេញពីកន្លែងងងឹត

ចេញពីកន្លែងងងឹត

ដោយWinn Collier

October 1, 2025

អេសាយ ៩:២-៧
ឯបណ្ដាជនដែលដើរក្នុងសេចក្ដីងងឹត គេបានឃើញពន្លឺយ៉ាងធំ។ អេសាយ ៩:២
នាវាសណ្ដោងបានលិច ស្ថិតនៅចម្ងាយប្រហែល៣០គីឡូម៉ែត្រ ពីឆ្នេរសមុទ្រនៃប្រទេសនីហ្សេរីយ៉ា ដោយក្រឡាប់ផ្កាប់ផ្ងារ ខណៈពេលដែលវាកំពុងលិចចុះទៅបាតសមុទ្រ។ នាវិក១១នាក់បានលង់ទឹកស្លាប់ តែចុងភៅរបស់នាវានេះ គឺលោក ហារីសិន អូចេកបា អូកេនេ(Harrison Odjegba Okene) បានរកឃើញកន្លែងដែលមានខ្យល់ដកដង្ហើម នៅក្នុងនាវានោះ ហើយក៏បានរង់ចាំគេមកជួយសង្គ្រោះ។ គាត់មានតែភេសជ្ជៈកូកាកូឡាមួយកំប៉ុង សម្រាប់ធ្វើជាអាហារ ហើយពិលរបស់គាត់ទាំងពីរគ្រឿងបានអស់ថ្ម ក្នុងរយៈពេល២៤ម៉ោងដំបូង។ ក្នុងរយៈពេល៣ថ្ងៃដ៏រន្ធត់ លោក អូកេនេ បានជាប់នៅក្នុងកន្លែងងងឹតម្នាក់ឯង នៅបាតសមុទ្រ។ ខណៈពេលដែលគាត់ចាប់ផ្តើមបោះបង់ចោលក្តីសង្ឃឹម ក្រុមអ្នកមុជទឹកដែលមានបេសកកម្មស្រង់សាកសព ក៏បានរកឃើញគាត់កំពុងតែអង្គុយឱបជង្គង់ញ័រញាក់ នៅក្នុងកន្លែងដ៏ជម្រៅនៃគ្រោងរបស់នាវា។
យើងប្រហែលជាមានអារម្មណ៍ភ័យខ្លាច នៅពេលដែលយើងស្រមៃអំពីទិដ្ឋភាពរបស់លោក អូកេនេ កំពុងជាប់ខ្លួន នៅក្នុងភាពងងឹតតែម្នាក់ឯង អស់រយៈពេល៦០ម៉ោង។ គាត់បានប្រាប់អ្នកយកព័ត៌មានថា គាត់នៅតែមានសុបិន្ដអាក្រក់ នៅពេលយប់ ដោយសារទុក្ខវេទនាដ៏គួរឲ្យរន្ធត់នេះ។ ប៉ុន្តែ តើអ្នកអាចស្រមៃថា គាត់មានអារម្មណ៍យ៉ាងណា នៅពេលដែលគាត់បានឃើញពន្លឺភ្លើងពិលរបស់អ្នកមុជទឹក កំពុងតែបញ្ចាំងចូលទៅក្នុងភាពងងឹតនៅថ្ងៃនោះ? តើគាត់មានចិត្តត្រេកអរ និងមានក្តីសង្ឃឹមខ្លាំងប៉ុណ្ណា? ហោរា អេសាយ បានថ្លែងទំនាយថា នៅពេលដែលព្រះមែស៊ីយាងចុះមកផែនដី “ឯបណ្ដាជនដែលដើរក្នុងសេចក្ដីងងឹត គេបានឃើញពន្លឺយ៉ាងធំ”(៩:២)។ បើយើងពឹងផ្អែកលើកម្លាំងខ្លួនឯង យើងនៅតែរស់នៅ “ក្នុងសេចក្តីងងឹតដ៏សែនជ្រៅ” តែក្នុងព្រះយេស៊ូវ យើង“មានពន្លឺភ្លឺមកលើ”យើង(ខ.២)។ 
ព្រះគ្រីស្ទគឺជា “ពន្លឺនៃលោកិយ” ហើយក្នុងព្រះអង្គ យើងមិនចាំបាច់ត្រូវខ្លាចភាពងងឹតទៀតឡើយ ព្រោះយើង “នឹងមានពន្លឺនៃជីវិតវិញ”(យ៉ូហាន ៨:១២)។ យើងប្រហែលមានអារម្មណ៍ជាប់គាំង ឬអស់សង្ឃឹម ឯកោ ឬធ្លាក់ទឹកចិត្ត ប៉ុន្តែ ព្រះទ្រង់បញ្ចេញពន្លឺនៃដំណឹងល្អរបស់ព្រះអង្គ ឲ្យយើងមានសង្ឃឹមឡើង។ ព្រះយេស៊ូវបីយើងចេញពីភាពងងឹត ចូលទៅក្នុងពន្លឺដ៏រុងរឿងរបស់ព្រះអង្គ។—Winn Collier
តើអ្នកកំពុងប្រឈមមុខដាក់ភាពងងឹតអ្វី? តើអ្នកត្រូវការព្រះយេស៊ូវខ្លាំងប៉ុណ្ណា ឲ្យព្រះអង្គធ្វើជាពន្លឺ និងនាំអ្នកចេញពីភាពងងឹត? 
ឱព្រះអង្គអើយ ទូលបង្គំត្រូវការពន្លឺរបស់ព្រះអង្គ ក្នុងជីវិតទូលបង្គំ។ សូមព្រះអង្គនាំទូលបង្គំចេញពីកន្លែងងងឹត។
For further study, read Deceived by Disappointment at ODBM.org.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសាយ ១១-១៣ និង អេភេសូរ ៤

 

ល្ងាច

ជំងឺ​ផ្លូវ​កាយ និង​វិញ្ញាណ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ជំងឺ​ផ្លូវ​កាយ និង​វិញ្ញាណ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

October 1, 2025

«កាល​ទូល​បង្គំ​បាន​ស្ងៀម​នៅ នោះ​ឆ្អឹង​ទូល​បង្គំ​បាន​ខ្សោះ​ទៅ ដោយ​សារ​ដំងូរ​ដែល​ទូល​បង្គំ​ថ្ងូរ​ជា​ដរាប​រាល់​ថ្ងៃ។ ដ្បិត​ព្រះ​ហស្ត​នៃ​ទ្រង់​បាន​សង្កត់​លើ​ទូល​បង្គំ​ជា​ធ្ងន់​ទាំង​យប់​ទាំង​ថ្ងៃ ធាតុ​ទឹក​របស់​ទូល​បង្គំ​បាន​ត្រឡប់​ទៅ​ជា​រីង​ហួត ដូច​ជា​រដូវ​ក្តៅ» (ទំនុក​តម្កើង ៣២:៣-៤)។
អ្នក​ជំនាញ​ផ្នែក​ចិត្ត​សាស្ត្រ និង​ជំងឺ​ផ្លូវ​ចិត្ត ក៏​ដូច​ជា​សេវា​កម្ម​សង្គម ច្រើន​តែ​សង្កេត​ឃើញ​ទំនាក់​ទំនង​ដ៏​ខ្លាំង​មួយ រវាង​គំនិត អារម្មណ៍ និង​សុខ​ភាព​ផ្លូវ​កាយ​របស់​មនុស្ស​ម្នាក់ៗ។ ព្រះ​បន្ទូល​ព្រះ​ក៏​បាន​ចែង​អំពី​ទំនាក់​ទំនង​នេះ ហើយ​ក៏​បាន​បក​ស្រាយ​ស៊ី​ជម្រៅ​ជាង​ផង ព្រោះ​ព្រះ​គម្ពីរ​បាន​ប្រាប់​យើង​ថា សណ្ឋាន​នៃ​រូប​កាយ និង​វិញ្ញាណ​របស់​យើង​មាន​ការ​ជាប់​ទាក់​ទង​គ្នា។ ក្នុង​បទ​គម្ពីរ​ទំនុក​តម្កើង ជំពូក៣២ ស្ដេច ដាវីឌ បាន​ទូល​ដល់​ព្រះ​ដោយ​ទទួល​ស្គាល់​បន្ទុក​ក្នុង​ព្រះ​ទ័យ​ទ្រង់ ពេល​ណា​ទ្រង់​លាក់​ខ្លួន​ក្នុង​ស្រមោល ហើយ​បដិសេធន៍​មិន​ព្រម​សារភាព​បាប ដែល​ទ្រង់​បាន​ធ្វើ​មក​លើ​នាង​បាត​សេបា និង​បាន​សម្លាប់​លោក អ៊ូរី ជា​ប្ដី​របស់​នាង (២សាំយ៉ូអែល ១១)។ ហើយ​តាម​រយៈ​ស្ដេច ដាវីឌ ព្រះ​វិញ្ញាណ​បាន​បង្រៀន​យើង​ថា បញ្ញា​ចិត្ត​ដែល​កំពុង​ទទួលរង​ទារុណ​កម្ម មាន​ការ​ជាប់​ទាក់ទង​នឹង​អ​វត្ត​មាន​នៃ​ការ​ប្រែ​ចិត្ត និង​សុខ​ភាព​ផ្លូវ​កាយ​របស់​យើង។ មនុស្ស​ដែល​កំពុង​ដើរ​ជា​មួយ​ស្ដេច ដាវីឌ ប្រហែល​មិន​បាន​ដឹង​អំពី​បញ្ហា​ដែល​កំពុង​កើត​ឡើង​ក្នុង​វិញ្ញាណ​ទ្រង់​ទេ ប៉ុន្តែ ពួក​គេ​ជៀស​មិន​រួចពី​មើល​ឃើញ​បញ្ហា​ខាង​ផ្លូវ​កាយ​របស់​ទ្រង់​ឡើយ។ 
ក្រៅពី​ការ​រៀបរាប់​របស់​ទ្រង់​ក្នុង​បទ​គម្ពីរ​ខាង​លើ​នេះ ទ្រង់​ក៏​បាន​ពណ៌នា​ក្នុង​បទ​គម្ពីរ​ផ្សេង​ទៀត​ថា «ចិត្ត​ទូល​បង្គំ​កំរើក​ជា​ខ្លាំង ហើយ​កម្លាំង​នៃ​ទូល​បង្គំ​ក៏​អន់​ថយ ឯ​ពន្លឺ​នៃ​ភ្នែក​ទូល​បង្គំ នោះ​ក៏​ងងឹត​ទៅ ពួក​មិត្រ​សំឡាញ់ និង​ពួក​ដែល​ធ្លាប់​ភប់​ប្រសព្វ​នឹង​ទូល​បង្គំ គេ​ឈរ​ឃ្លាត​ពី​សេចក្តី​វេទនា​របស់​ទូល​បង្គំ ហើយ​ទាំង​បង​ប្អូន​នៃ​ទូល​បង្គំ​ក៏​ឈរ​នៅ​ឆ្ងាយ​ដែរ» (ទំនុក​តម្កើង ៣៨:១០-១១)។ ការ​ពណ៌នា​នេះ​បាន​ឆ្លុះ​បញ្ចាំង​អំពី​ទុក្ខ​លំបាក​ដ៏​ធ្ងន់ធ្ងរ។
ស្ដេច ដាវីឌ បាន​ទទួល​ស្គាល់​ថា ទុក្ខ​លំបាក​ដែល​ទ្រង់​កំពុង​ជួប​ប្រទះ គឺ​ជា​ការ​ដាក់​ទោស​របស់​ព្រះ។ ព្រះ​គម្ពីរ​បាន​ចែង​ច្បាស់​អំពី​ផល​វិបាក​ដែល​កើត​ឡើង​ជា​ធម្មតា​ពី​តម្រេក​ផ្លូវភេទ ការ​ល្មោភ និង​ការ​មិន​អើពើ​ចំពោះ​ក្រឹត្យ​វិន័យ​របស់​ព្រះ (រ៉ូម ១:២៤-២៥) ហើយ​ស្ដេច ដាវីឌ បាន​ប្រព្រឹត្ត​ការ​រំលង​ទាំង​អស់​នេះ។ ការ​ខ្សោយ​កម្លាំង ស្រក​ទម្ងន់ គេង​មិន​លក់ អារម្មណ៍​ពេល​យើង​ត្រូវ​គេ​បដិសេធ ការ​សញ្ជប់​សញ្ជឹង ការ​ថប់​បារម្ភ និង​ការ​អស់​សង្ឃឹម​ច្រើន​តែ​តាម​លង​បុគ្គល ដែល​កំពុង​ព្យាយាម​លាក់​បាំង​បាប​របស់​ខ្លួន​នៅ​ចំពោះ​ព្រះ ហើយ​បដិសេធ​មិន​ទទួល​ស្គាល់​កំហុស។ 
ស្ដេច ដាវីឌ បាន​ទទួល​ការ​ស្អាង​ឡើង​វិញ មិន​មែន​ដោយ​សារ​សុខ​ភាព​ស្រាប់​តែ​ល្អ​ឡើង​វិញ ឬ​ការ​ឆាប់​ចូល​គេង​នោះ​ទេ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ទ្រង់​បាន​ប្រែ​ចិត្ត​ចេញ​ពី​បាប ជា​ឫស​គល់​នៃ​បញ្ហា​របស់​ទ្រង់ បាន​ជា​ទ្រង់​មាន​បន្ទូល​ថា «ទូល​បង្គំ​បាន​រ៉ាប់​ទទួល​អំពើបាប​របស់​ទូល​បង្គំ​នៅ​ចំពោះ​ទ្រង់ ឥត​លាក់​ការ​ទុច្ចរិត​របស់​ទូល​បង្គំ​ទុក​ឡើយ...ឯ​ទ្រង់​ក៏​បាន​អត់​ទោស​ចំពោះ​អំពើបាប​នៃ​ទូល​បង្គំ​ទៅ» (ទំនុក​តម្កើង ៣២:៥)។ ព្រះ​អម្ចាស់​បាន​ដាក់​ព្រះ​ហស្ត​ដ៏​ធ្ងន់​សង្កត់​ពីលើ​ស្ដេច ដាវីឌ ទាល់តែ​ស្ដេច ដាវីឌ បាន​ថ្វាយ​បាប​របស់​ទ្រង់​ទៅ​ក្នុង​ព្រះ​ហស្ត​របស់​ព្រះ​អង្គ ហើយ​សូម​ព្រះ​អង្គ​អត់​ទោស​ឲ្យ​ទ្រង់។ ការ​ដែល​ព្រះ​មិន​បណ្តោយ​ឲ្យ​យើង​ព្រងើយ​កន្តើយ​ចំពោះ​បាប​របស់​យើង គឺ​ជា​ព្រះ​ពរ​សម្រាប់​យើង គឺ​នៅ​ពេល​ដែល​យើង​មាន​អារម្មណ៍​ថា យើង​មាន​បន្ទុក​ដ៏​ធ្ងន់​ខាង​ផ្លូវ​កាយ ដោយ​សារ​ជំងឺ​ផ្លូវ​វិញ្ញាណ​របស់​យើង។ នេះ​ជា​មធ្យោបាយ​របស់​ព្រះ​អង្គ ដើម្បី​នាំ​យើង​ឲ្យ​ធ្វើ​អ្វី​ដែល​ចាំ​បាច់​បំផុត គឺ​ត្រូវ​សារភាព​អំពើ​បាប ហើយ​សូម​ព្រះ​អង្គ​អត់​ទោស​ឲ្យ​យើង។ 
តើ​អ្នក​កំពុង​តែ​លាក់​បាំង​អំពើ​បាប​របស់​អ្នក​ទេ?  ចូរ​កុំ​លាក់​វា ប៉ុន្តែ​ចូរ​សារភាព​នៅ​ចំពោះ​ព្រះ​អង្គ។ ស្ដេច ដាវីឌ មាន​ព្រះ​ទ័យ​ធូរ​ស្បើយ​ពី​ការ​ឈឺ​ចាប់ និង​ទុក្ខ​ព្រួយ នៅ​ពេល​ដែល​ទ្រង់​ស្វែង​រក​ការ​អត់​ទោស​ពី​ព្រះ។ អ្នក​ក៏​អាច​ស្គាល់​ក្តី​អំណរ​ផង​ដែរ ដ្បិត​ព្រះ​អម្ចាស់​បាន​សន្យា​ថា «បើ​យើង​លន់តួ​បាប​វិញ នោះ​ទ្រង់​មាន​ព្រះ​ហឫទ័យ​ស្មោះ​ត្រង់ ហើយ​សុ​ចរិត ប្រយោជន៍​នឹង​អត់​ទោស​បាប​ឲ្យ​យើង ហើយ​និង​សម្អាត​យើង ពី​គ្រប់​អំពើ​ទុច្ចរិត​ទាំង​អស់​ផង» (១យ៉ូហាន ១:៩)។ 


ខ​គម្ពីរ​សញ្ជឹង​គិត៖ ទំនុកតម្កើង ៥១
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ អេសេគាល ២៧-២៩ និង​យ៉ូហាន ១៤

ប្រភេទ