នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ការលោត ដោយសេចក្តីជំនឿ

ការលោត ដោយសេចក្តីជំនឿ

ដោយMarvin Williams

September 30, 2025

អេភេសូរ ២:១-១០
ដ្បិតគឺដោយព្រះគុណ ដែលអ្នករាល់គ្នាបានសង្គ្រោះដោយសារសេចក្ដីជំនឿ។ អេភេសូរ ២:៨
នាវិកជនជាតិបារាំងម្នាក់ បានជិះទូកក្តោងជាមួយសត្វឆ្មារបស់គាត់ ពីកំពង់ផែដាច់ មានទីតាំងនៅកោះមួយ ក្នុងភាគខាងត្បូងនៃរដ្ឋអាឡាស្កា ទៅកាន់ទីក្រុងសាន់ឌីអេហ្គោ រដ្ឋកាលីហ្វូញ៉ា។ ទូកក្តោងរបស់គាត់ក៏បានក្រឡាប់ ដោយសារទឹករលកដ៏ធំសម្បើមមួយ។ ទូកក្តោងនោះក៏បានត្រឡប់ខ្លួន ហើយអណ្ដែតជាធម្មតាឡើងវិញ ដោយខ្លួនឯង ប៉ុន្តែ នាវិករូបនោះបានបាត់ចង្កូត និងខ្សែសម្រាប់ចងក្តោង ដោយសារការក្រឡាប់នោះមានការប៉ះទង្គិចខ្លាំង។ គាត់ក៏បានទាក់ទងឆ្មាំសមុទ្រ ឲ្យបានដឹងអំពីស្ថានភាពដ៏គ្រោះថ្នាក់របស់គាត់ ដោយប្រាប់គេថា គាត់កំពុងតែជាប់គាំងដំណើរ មិនអាចគ្រប់គ្រងទូករបស់គាត់បាន ហើយទូករបស់គាត់ចេះតែរសាត់អណ្ដែតគ្មានគោលដៅ។ ទីបំផុត ពួកឆ្នាំសមុទ្រក៏បានទាក់ទងនាវាជីករ៉ែប្រេងឆៅ នៅក្បែរនោះ ហើយពួកគេក៏បានមកជួយសង្គ្រោះនាវិកនោះ។ ទោះជាយ៉ាងណាក៏ដោយ គាត់នៅតែត្រូវលោតដោយជំនឿ ចេញពីទូករបស់គាត់ ឡើងទៅទូកសង្គ្រោះ ដោយមានសត្វឆ្មារបស់គាត់នៅក្នុងអាវក្រៅរបស់គាត់។
ក្នុងបទគម្ពីរអេភេសូរ ជំពូក២ សាវ័កប៉ុលបានពិពណ៌នា អំពីស្ថានភាពរបស់មនុស្សជាតិដែលមានបាប និងគ្មានសង្ឃឹម ដែលស្លាប់ខាងវិញ្ញាណ និងដាច់ចេញពីព្រះ(ខ.១)។ ជាងនេះទៅទៀត យើងមិនស្តាប់បង្គាប់ព្រះអង្គ(ខ.២) ហើយយើងជាប់ក្នុងសេចក្តីខ្ញាល់ មិនអាចធ្វើអ្វីម្យ៉ាង ដើម្បីបានសង្គ្រោះឡើយ(ខ.៣)។ ប៉ុន្តែ “ដោយសារព្រះគុណព្រះ” ព្រះយេស៊ូវបានបើកផ្លូវឲ្យយើងអាចទទួលសេចក្តីសង្គ្រោះ “ដោយសារសេចក្តីជំនឿ” ហើយសេចក្តីសង្គ្រោះនោះគឺជា “អំណោយមកពីព្រះ”(ខ.៨)។ 
យើងរាល់គ្នាសុទ្ធតែរសាត់អណ្ដែត នៅក្នុងមហាសមុទ្រនៃបាប និងសេចក្តីស្លាប់ តែសូមសរសើរព្រះអង្គ ដែលយើងមានព្រះអង្គសង្គ្រោះមួយអង្គ ដែលបើកផ្លូវឲ្យយើងអាចលោតចូលទៅក្នុងព្រះពាហុដ៏ជួយសង្គ្រោះ ដោយសេចក្តីជំនឿ។ មានតែព្រះគ្រីស្ទទេដែលអាចសង្គ្រោះយើង និងចម្លងយើងទៅរកកន្លែងមានសុវត្ថិភាព រួចផុតពីសេចក្តីហិនវិនាស។—MARVIN WILLIAMS

តើព្រះយេស៊ូវបានធ្វើអ្វីខ្លះ ដើម្បីឲ្យយើងបានសេចក្តីសង្គ្រោះ? តើហេតុអ្វីសេចក្តីជំនឿ
មានភាពចាំបាច់ ក្នុងការទទួលសេចក្តីសង្គ្រោះ ដែលព្រះអង្គបានប្រទាន? 
ឱព្រះយេស៊ូវ សេចក្តីមេត្តា និងសេចក្តីសង្គ្រោះរបស់ព្រះអង្គ បានដឹកនាំទូលបង្គំ ដោយសេចក្តីជំនឿ 
ឲ្យលោតចូលទៅក្នុងព្រះពាហុរបស់ព្រះអង្គដែលជួយសង្គ្រោះ។
FOR FURTHER STUDY, READ WHAT’S WRONG WITH THE SINNER’S PRAYER AT DISCOVERODB.ORG.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសាយ ៩-១០ និង អេភេសូរ ៣
 

ល្ងាច

មាន​គំនិត គោល​បំណង និង​វិញ្ញាណ​តែ​មួយ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

មាន​គំនិត គោល​បំណង និង​វិញ្ញាណ​តែ​មួយ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

September 30, 2025

«នោះ​ចូរ​បំពេញ​សេចក្តី​អំណរ​របស់​ខ្ញុំ ដោយ​អ្នក​រាល់​គ្នា​មាន​គំនិត មាន​សេចក្តី​ស្រឡាញ់​តែ១ ទាំង​រួបរួម​ចិត្ត​គ្នា ហើយ​គិត​តែ​ផ្លូវ១ដូច​គ្នា​ចុះ កុំ​ឲ្យ​ធ្វើ​អ្វី ដោយ​ទាស់ទែង​គ្នា ឬ​ដោយ​សេចក្តី​អំនួត​ឥត​ប្រយោជន៍​ឡើយ តែ​ចូរ​រាប់អាន​គេ​ឲ្យលើស​ជាង​ខ្លួន​ដោយ​ចិត្ត​សុភាព​វិញ» (ភីលីព ២:២-៣)។
ការ​ដែល​សមាជិក​ពួក​ជំនុំ​មាន​ការ​ផ្តួច​ផ្តើម​គំនិត​ក្នុង​ការងារ​បម្រើ​ព្រះ គឺ​ពិត​ជា​មាន​ប្រយោជន៍ ប៉ុន្តែ​រូប​កាយ​ទាំងមូល​នៃ​ពួក​ជំនុំ​ដែល​មាន​សុខ​ភាព​ល្អ មិន​ត្រូវ​ទទួល​ការ​ជំរុញ​ពី​គំនិត និង​ផែនការ​របស់​បុគ្គល​ម្នាក់ៗ​ទេ។ ចិត្ត​គំនិត​របស់​យើង​ត្រូវ​មាន​ការ​រួបរួម​គ្នា​ក្នុង​ដំណឹង​ល្អ ដើម្បី​ឲ្យ​ពួក​ជំនុំ​ស្ថិត​នៅ​ក្រោម​ការ​ដឹកនាំ​របស់​ព្រះ​គ្រីស្ទ។ បើ​គ្មាន​ការ​រួបរួម​ទេ យើង​នឹង​ទទួល​ការ​ជំរុញ​ពី​ចំណង​ចិត្ត ឬ​ផែនការ​របស់​យើង​ដែល​មាន​ភាព​អាត្មា​និយម និង​ការ​ប្រកួត​ប្រជែង​គ្នា។ 
ព្រះ​គម្ពីរ​មាន​រឿង​ជា​ច្រើន​ដែល​ត្រូវ​ចែង​អំពី​គំនិត​របស់​យើង ព្រោះ​ការ​គិត​របស់​យើង​មាន​ឥទ្ធិពល​មក​លើ​សកម្មភាព​របស់​យើង។ ពេល​ណា​យើង​ហ្វឹក​ហាត់​គំនិត​យើង​ឲ្យ​គិត​បាន​ត្រឹម​ត្រូវ យើង​នឹង​រៀន​ស្រឡាញ់​បាន​ត្រឹម​ត្រូវ និង​បម្រើ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​វិញ្ញាណ និង​គោល​បំណង​តែ​មួយ។ សង្គ្រាម​នៃ​ចិត្ត​របស់​យើង មាន​ផ្នែក​ដែល​ចាក់​ឫស​នៅ​ក្នុង​ជីវិត​ចាស់ ជា​និស្ស័យ​សាច់ឈាម​ដែល​អាត្មា​និយម។ ថ្ម​ធំ​បំផុត​ដែល​ធ្វើ​ឲ្យ​យើង​ជំពប់​ដួល​មិន​មែន​ជា​ការ​ស្អប់​អ្នក​ដទៃ តែ​ជា​ការ​ស្រឡាញ់​ខ្លួន​ឯង​ដែល​ក្នុង​នោះ យើង​មាន​ទំនោរ​ទៅ​រក​អាកប្ប​កិរិយា​​បោក​បញ្ឆោត ដែល​ផ្ទុយ​ស្រឡះ​នឹង​ចារិក​លក្ខណៈ​របស់​ព្រះ​គ្រីស្ទ ហើយ​ការ​ខ្វះ​ការ​បន្ទាប​ខ្លួន​ក្លាយ​ជា​ឧបសគ្គ​ដែល​រា​រាំង​យើង មិន​ឲ្យ​មាន​ភាព​សុខដុម​ជាមួយ​មនុស្ស​នៅ​ជុំ​វិញ​យើង។ សូម្បី​តែ​អំពើ​ល្អ​របស់​យើង ច្រើន​តែ​មាន​ការ​បណ្តាល​ចិត្ត​ដែល​មាន​បាប។ បើ​យើង​ត្រូវ​រួបរួម​ក្នុង​ព្រះ​គ្រីស្ទ យើង​មិន​អាច​ទទូច​ឲ្យ​គេ​ធ្វើ​តាម​យើង​ឡើយ។ ផ្ទុយ​ទៅ​វិញ យើង​ចាំ​បាច់​ត្រូវ​ឲ្យ​តម្លៃ​អ្នក​ដទៃ ជា​សំខាន់​ជាង​ខ្លួន​យើង។ បាន​សេចក្តី​ថា យើង​រំឭក​ខ្លួន​ឯង​អំពី​ចំណុច​ល្អ​បំផុត​របស់​អ្នក​ដទៃ មុន​ពេល​យើង​គិត​អំពី​ខ្លួន​ឯង ហើយ​យើង​ត្រូវ​ឆាប់​សួរ​ខ្លួន​ឯង អំពី​ប្រយោជន៍​របស់​អ្នក​ដទៃ​ជាជាង​សួរ​អំពី​ប្រយោជន៍​ផ្ទាល់​ខ្លួន ព្រម​ទាំង​ស្ម័គ្រ​ចិត្ត​ចូល​ទៅ​ក្នុង​ជីវិត និង​ទុក្ខ​លំបាក​របស់​អ្នក​ដទៃ ជា​ជាង​ឈរ​ឱប​ដៃ​មើល។ ការ​បន្ទាប​ខ្លួន​ពិត​ប្រាកដ​មិន​ចូល​ចិត្ត​អង្គុយ​មុខ​គេ ឬ​ចាប់​ផ្តើម​និយាយ​ដោយ​ពាក្យ «ខ្ញុំ» ជានិច្ច​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ការ​បន្ទាប​ខ្លួន​ពិត​ប្រាកដ មិន​ចាត់​ទុក​ខ្លួន​ឯង​ជាទី​មួយ តែ​ទទួល​ស្គាល់​ភាព​កម្សោយ​របស់​ខ្លួន​ឯង ដើម្បី​ឲ្យ​ព្រះអង្គ​បាន​បង្ហាញ​ព្រះ​ចេស្ដា។1 សាវ័ក ប៉ុល បាន​ប្រាប់​យើង​ថា ការ​បន្ទាប​ខ្លួន​គឺ​ជា​ចរិយា​សម្បត្តិ ដែល​ព្រះ​យេស៊ូវ​បាន​បង្ហាញ។ គឺ​ដូច​ដែល​គាត់​មាន​ប្រសាសន៍​ថា «ត្រូវ​ឲ្យ​យើង​ទាំង​អស់​គ្នា​បំពេញ​ចិត្ត​អ្នក​ជិត​ខាង​ខ្លួន សំរាប់​ជា​សេចក្តី​ល្អ ឲ្យ​បាន​ស្អាង​ចិត្ត​ឡើង ដ្បិត​ព្រះ​គ្រីស្ទ​ទ្រង់​មិន​បាន​បំពេញ​ព្រះ​ហឫទ័យ​ទ្រង់​ដែរ» (រ៉ូម ១៥:២-៣)។ 
ពេល​ណា​យើង​ចាត់​ទុក​ខ្លួន​ឯង​ជា​ទី​មួយ យើង​ពិបាក ឬ​មិន​អាច​អនុវត្ត​តាម​ព្រះ​បន្ទូល​ព្រះអង្គ​ឡើយ។ តែ​ពេល​ណា​យើង​រៀន​រាប់​អ្នក​ដទៃ​ជា​សំខាន់​ជាង​ខ្លួន​យើង យើង​នឹង​កាន់​តែ​ស្ម័គ្រ​ចិត្ត​បំពេញ​តម្រូវការ​របស់​ពួក​គេ​មុន​នឹង​ផ្ដោត​ទៅ​លើ​ខ្លួនឯង។ ពេល​ណា​យើង​ធ្វើ​ដូច​នេះ យើង​អាច​មាន​ការ​រួបរួម​ពិត​ប្រាកដ ក្នុង​រូប​កាយ​ព្រះ​គ្រីស្ទ។ អ្នក​ទំនង​ជា​ស្គាល់​មនុស្ស​ដែល​បាន​បង្ហាញ​ការ​បន្ទាប​ខ្លួន ដែល​កោត​ខ្លាច​ព្រះ​ដូច​នេះ។ ចូរ​សរសើរ​ព្រះអង្គ​សម្រាប់​ការ​នេះ ហើយ​អធិស្ឋាន​សូម​ឲ្យ​អ្នក​អាច​យក​គំរូ​តាម​ពួក​គេ ហើយ​យក​គំរូ​តាម​ព្រះ​គ្រីស្ទ​ជាធំ។ 
ព្រះអង្គ​បាន​ចាត់​ទុក​តម្រូវ​ការ​យើង ជា​សំខាន់​ជាង​ភាព​សុខ​ស្រួល​របស់​ព្រះ​អង្គ ហើយ​ថែម​ទាំង​សំខាន់​ជាង​ព្រះ​ជន្ម​ព្រះ​អង្គ​ផង​ដែរ។ សាវ័ក ប៉ុល បាន​បង្រៀន​យើង​ម្នាក់ៗ​ថា «ត្រូវ​តែ​មាន​គំនិត​គិត​ដូច​ជា​ព្រះ​គ្រីស្ទ​យេស៊ូវ​វិញ» (ភីលីព ២:៥)។  


ខគម្ពីរ​សញ្ជឹង​គិត៖ យ៉ូហាន ៣:២២-២៦
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល១ឆ្នាំ៖ អេសេគាល ២៤-២៦ និង​យ៉ូហាន ១៣:២១-៣៨

ប្រភេទ