នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ព្រះចេស្តានៃការមានព្រះជន្មរស់ឡើងវិញ

ព្រះចេស្តានៃការមានព្រះជន្មរស់ឡើងវិញ

ដោយNancy Gavilanes

September 29, 2025

យ៉ូហាន ១១:៣៨-៤៤
កាលទ្រង់មានបន្ទូលដូច្នេះហើយ ក៏បន្លឺវាចាថា ឡាសារអើយ ចូរចេញមក នោះអ្នកដែលបានស្លាប់ ក៏ចេញមក។ យ៉ូហាន ១១:៤៣-៤៤
អ្នកទស្សនាការប្រកួតបាល់ទាត់មានការភ្ញាក់ផ្អើល នៅពេលដែលលោកដាម៉ា ហាមលីន(DAMAR HAMLIN) ជាកីឡាករក្នុងក្រុមបាហ្វូឡូ ប៊ីលស៍ បានដួលនៅក្នុងទីលានប្រកួត ក្នុងការផ្សាយផ្ទាល់របស់ទូរទស្សន៍ បន្ទាប់ពីគាត់បានបំពេញតួនាទីជាខ្សែការពារជាធម្មតា ក្នុងខែមករា ឆ្នាំ២០២៣។ កីឡាករអាយុ២៤ឆ្នាំរូបនោះ ស្រាប់តែគាំងបេះដូងភ្លាមៗ។ បេះដូងគាត់បានឈប់លោត តែក្រុមគ្រូពេទ្យបានជួយឲ្យវាមានដំណើរការឡើងវិញ កាលគាត់កំពុងដេកដួលនៅទីលានប្រកួតនៅឡើយ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ បន្ទាប់ពីលោកហាមលីន បានគាំងបេះដូង ហើយត្រូវបានគេជួយឲ្យដឹងខ្លួនវិញ បីខែក្រោយមក គ្រូពេទ្យក៏បានបញ្ជាក់ច្បាស់ថា គាត់អាចចូលរួមប្រកួតកីឡាបាល់ទាត់ជាធម្មតាឡើងវិញ។
លោកហាមលីនបានលើកឡើងថា គាត់មានការដឹងគុណព្រះ និងក្រុមគ្រួពេទ្យ ដែលបានសង្គ្រោះជីវិតគាត់។ គាត់មានគម្រោងបន្តលើកទឹកចិត្តអ្នកដទៃ។ ក្នុងបទគម្ពីរយ៉ូហាន ជំពូក១១ លោកឡាសា បានភ្ញាក់ដឹងខ្លួនឡើងវិញ តាមរបៀបដែលគួរឲ្យកត់សំគាល់ជាងនេះទៀត។ 
នៅពេលដែលព្រះយេស៊ូវមកដល់ភូមិបេថានី លោកឡាសាបានស្លាប់រយៈពេល៤ថ្ងៃហើយ។ បងស្រីរបស់គាត់ គឺនាងម៉ារា និងនាងម៉ាថា ដែលកំពុងសោកសង្រេង ក៏បានឃើញព្រះយេស៊ូវបង្ហាញព្រះចេស្តាមកលើសេចក្តីស្លាប់ ហើយក៏បានដឹងថា ព្រះអង្គគឺជា “សេចក្តីរស់ឡើងវិញ និងជាជីវិត”(យ៉ូហាន ១១:២៥)។ ព្រះអង្គមានបន្ទូលហៅគាត់ថា “ឡាសារអើយ ចូរចេញមក”។ នោះអ្នកដែលបានស្លាប់ ក៏ចេញមក មានទាំងសំពត់ស្នបរុំជាប់នៅជើងដៃផង ហើយមានកន្សែងគ្របមុខដែរ(ខ.៤៣-៤៤)។
យើងក៏ជាស្មរបន្ទាល់រស់នៃព្រះចេស្តានៃការមានព្រះជន្មរស់ឡើងវិញរបស់ព្រះគ្រីស្ទផងដែរ។ កាលពីមុន យើងក៏ស្លាប់ក្នុងបាប តែយើងបានរស់ក្នុងព្រះគ្រីស្ទ(រ៉ូម ៦:១-១១)។ ក្នុងនាមយើងជាអ្នកជឿ ព្រះវិញ្ញាណដែលបានប្រោសព្រះយេស៊ូវឲ្យមានព្រះជន្មរស់ឡើងវិញ ទ្រង់ក៏គង់នៅក្នុងយើងផងដែរ(៨:១០-១១)។ ចូរយើងទទួលការលើកទឹកចិត្តពីសេចក្តីពិតនេះ។ យើងនឹងស្លាប់ខាងសាច់ឈាម នៅថ្ងៃណាមួយ តែមិនស្លាប់ជារៀងរហូតទេ។ ព្រះអង្គបានសន្យាថា នឹងប្រទានជីវិតអស់កល្ប សម្រាប់រស់នៅជាមួយព្រះយេស៊ូវជារៀងរហូត។—NANCY GAVILANES

តើអំណោយនៃជីវិតអស់កល្បបានផ្តល់ឲ្យអ្នកនូវក្តីសង្ឃឹមយ៉ាងណាខ្លះ? 
តើព្រះចេស្តានៃការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវ បានលើកទឹកចិត្តអ្នកដូចម្តេចខ្លះ?
ឱព្រះអម្ចាស់ ទូលបង្គំសូមអរព្រះគុណព្រះអង្គ សម្រាប់ព្រះចេស្តានៃការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសាយ ៧-៨ និង អេភេសូរ ២

 

ល្ងាច

អ្នក​គង្វាល​ដែល​មាន​សេចក្តី​អាណិត (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

អ្នក​គង្វាល​ដែល​មាន​សេចក្តី​អាណិត (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

September 29, 2025

«កាល​ព្រះ​អម្ចាស់​បាន​ឃើញ នោះ​ទ្រង់​មាន​ព្រះ​ហឫទ័យ​ក្ដួល​អាណិត​អាសូរ​ដល់​គាត់​ណាស់ ក៏​មាន​ព្រះ​បន្ទូល​ថា កុំ​យំ​អី រួច​ទ្រង់​យាង​ចូល​ទៅ​ពាល់​ក្តារ​មឈូស ឯ​ពួក​អ្នក​សែង​ក៏​ឈប់ ហើយ​ទ្រង់​មាន​ព្រះ​បន្ទូល​ថា អ្នក​កំឡោះ​អើយ ខ្ញុំ​បង្គាប់​អ្នក​ថា ចូរ​ក្រោក​ឡើង» (លូកា ៧:១៣-១៤)។
ការ​ប្រកាស​អំពី​ការ​មក​ដល់​នៃ​នគរ​ព្រះ មិន​បាន​ផ្ដោត​ទៅ​លើ​ជ័យ​ជម្នះ​គួរ​ឲ្យ​ស្ញប់​ស្ញែង​មក​លើ​អំណាច និង​ការ​គ្រប់​គ្រង​របស់​លោកីយ៍​នោះ​ទេ តែ​បាន​ផ្ដោត​ជា​ចម្បង​ទៅ​លើ​ការ​ផ្លាស់​ប្តូរ​លើស​នេះ​ទៀត ដែល​កើត​ឡើង​ពី​ព្រះ​ទ័យ​ក្ដួល​អាណិត​របស់​ព្រះ​ដែល​ជា​មហា​ក្សត្រ។ ក្នុង​ការ​ពិពណ៌នា​អំពី​ព្រះ​យេស៊ូវ​ក្នុង​កណ្ឌ​គម្ពីរ​ដំណឹង​ល្អ អ្នក​និពន្ធ​បាន​និយាយ​អំពី​ជំនួប​ជា​ច្រើន ដែល​ក្នុង​នោះ​ព្រះ​យេស៊ូវ​បាន​បង្ហាញ​សេចក្តី​អាណិត​ដល់​មនុស្ស​ដែល​ព្រះ​អង្គ​ជួប គ្មាន​អ្វី​អាច​ប្រៀប​ផ្ទឹម​បាន​ទេ។ នៅ​ជំនួប​ទាំង​នោះ ព្រះ​អង្គ​បាន​បង្ហាញ​ព្រះ​ចេស្ដា ជា​មួយ​នឹង​ក្តី​អាណិត។ ឧទាហរណ៍៖ ក្នុង​ជំពូក​៧ នៃ​ដំណឹង​ល្អ​លូកា ព្រះ​យេស៊ូវ​បាន​បង្ហាញ​ព្រះ​ទ័យ​អាណិត​ដល់​ស្ត្រី​មេម៉ាយ​ដែល​កំពុង​សោក​សង្រេង​ជា​ការ​ឆ្លើយ​តប ដែល​បង្ហាញ​ភាព​ធំ​ឧត្តម​របស់​ព្រះ​អង្គ​យ៉ាង​ច្បាស់។ ស្ត្រី​នោះ​កំពុង​មាន​ភាព​ទី​ទាល់​តែ​យ៉ាង​ខ្លាំង ដោយ​ស្វាមី​គាត់​បាន​ស្លាប់ ហើយ​កូន​ប្រុស​របស់​គាត់​ក៏​ទើប​តែ​បាត់​បង់​ជីវិត​ទៀត។ ក្នុង​សង្គម​របស់​តំបន់​មជ្ឈិមបូព៌ា បញ្ហា​នេះ​បាន​បង្ហាញ​ថា គាត់​កំពុង​ខ្វះ​ទីពឹង​ដែល​ផ្តល់​ឲ្យ​នូវ​ការ​ការពារ និង​ការ​ផ្គត់ផ្គង់។ ជីវិត​គាត់​មាន​ការ​សោកសៅ ឯកោ និង​បាត់បង់​ម្ចាស់​ការ ហើយ​មិន​មាន​អ្នក​ត​វង្ស​ត្រកូល​ទៀត​ទេ។ 
ប៉ុន្តែ កាល​ព្រះ​យេស៊ូវ​ជួប​គាត់ ក្នុង​ពេល​ដែល​ជីវិត​គាត់​ឈាន​ដល់​ចំណុច​ដែល​ពិបាក​ជា​ពន់​ពេក «ទ្រង់​មាន​ព្រះ​ហឫទ័យ​ក្ដួល​អាណិត​អាសូរ​ដល់​គាត់​ណាស់ ក៏​មាន​ព្រះ​បន្ទូល​ថា កុំ​យំ​អី» ។
ព្រះ​នៃ​យើង​ជា​អ្នក​គង្វាល​ដ៏​សុភាព មាន​ព្រះ​ទ័យ​ក្ដួល​អាណិត ដោយ​សារ​ព្រះ​អង្គ​ទត​ឃើញ​គាត់​សោក​សង្រេង។ តាម​ន័យ​ត្រង់ ក្នុង​ព្រះ​គម្ពីរ​ភាសាក្រិក ពាក្យ «ក្ដួល​អាណិត» គឺ​មាន​ន័យ​ថា «ក្ដុក​ក្ដួល​ក្នុង​ឱរា»។ កាល​ព្រះ​យេស៊ូវ​បាន​ទត​ឃើញ​ការ​សោក​សង្រេង​ក្នុង​លោកីយ៍​ដែល​ប្រេះ​បែក ព្រះ​អង្គ​មាន​អារម្មណ៍​ក្តុកក្តួល​ក្នុង​ឱរា។ ព្រះ​អង្គ​ជា​ក្សត្រ​ដែល​យក​ព្រះទ័យ​ទុក​ដាក់​យ៉ាង​ជ្រាល​ជ្រៅ។
ជាង​នេះ​ទៅ​ទៀត ព្រះ​យេស៊ូវ​មាន​ព្រះ​ចេស្ដា ដែល​អាច​បំពេញ​តម្រូវការ​របស់​ស្ត្រី​មេម៉ាយ​នោះ ហើយ​ព្រះអង្គ​បាន​សម្រេច​ព្រះទ័យ​ធ្វើ​អ្វី ដែល​មាន​តែ​ព្រះ​អង្គ​អាច​ធ្វើ​បាន គឺ​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ។ ព្រះ​អង្គ​មិន​គ្រាន់​តែ​ប្រោស​ជីវិត​របស់​កូន​ប្រុស​របស់​ស្ត្រី​មេម៉ាយ​ដែល​កំពុង​សោក​សង្រេង ហើយ​បំពេញ​តម្រូវ​ការ និង​ដក​ការ​សោក​សង្រេង​របស់​គាត់​ចេញ​ប៉ុណ្ណោះ​ទេ។ ដែល​សំ​ខាង​ជាង​នេះ​ទៀត​នោះ គឺ​ព្រះ​អង្គ​បាន​បង្ហាញ​អង្គ​ទ្រង់​ដល់​ហ្វូង​មនុស្ស (និង​យើង​ផង​ដែរ!) ដោយ​ព្រះ​ចេស្ដា សេចក្តី​សប្បុរស និង​អំណាច​របស់​ព្រះ​អង្គ គឺ​រាប់​បញ្ចូល​ទាំង​អំណាច​លើ​សេចក្តី​ស្លាប់​ផង​ដែរ។ 
ទិដ្ឋភាព​ដូច​នេះ បាន​បង្ហាញ​យើង​ថា ព្រះ​យេស៊ូវ​មិន​គ្រាន់​តែ​មាន​បន្ទូល​អំពី​ជំងឺ និង​សេចក្តី​ស្លាប់ ជា​ខ្មាំង​សត្រូវ​ធំ​បំផុត​នៃ​មនុស្ស​ជាតិ ហើយ​ព្រះ​អង្គ​បាន​ឬ​ព្រះ​កន្សែង​ប៉ុណ្ណោះ​ទេ។ តែ​ព្រះ​អង្គ​បាន​ឈ្នះ​ពួក​វា​ផង​ដែរ។ ព្រះ​អង្គ​បានឮ​សម្លេង​យំ​នៃ​ការ​សោក​សង្រេង ហើយ​បាន​កម្សាន្ត​ចិត្ត​ពួក​គេ ដែល​មិន​គ្រាន់​តែ​មាន​ន័យ នៅ​លើ​ផែនដី ជា​បណ្ដោះ​អាសន្ន តែ​ក៏​មាន​ន័យ​ដល់​គ្រា​ចុង​ក្រោយ យ៉ាង​ឥត​ខ្ចោះ និង​អស់​កល្ប​ជានិច្ច ដោយ​លះ​បង់​ព្រះ​ជន្ម​ទ្រង់ ដើម្បី​សង្គ្រោះ​មនុស្ស​ទាំង​អស់​ដែល​ជឿ។ 
ក្សត្រ​របស់​អ្នក​មិន​គ្រាន់​តែ​មាន​ព្រះ​ចេស្ដា​គ្មាន​ដែន​កំណត់​ប៉ុណ្ណោះ​ទេ តែ​ក៏​មាន​ព្រះ​ទ័យ​អាណិត​គ្មាន​ដែន​កំណត់។ ហើយ​លក្ខណសម្បត្តិ​ទាំង​ពីរ​នេះ​រួម​ផ្សំ​គ្នា ល្មម​នឹង​នាំ​អ្នក​ឆ្លង​កាត់​ទុក​ព្រួយ និង​ការ​សោក​សង្រេង​នីមួយៗ​ក្នុង​លោកីយ៍​នេះ ទាល់​តែ​អ្នក​បាន​ឈរ​នៅ​ក្នុង​ព្រះ​វត្ត​មាន​របស់​ព្រះ​អង្គ ហើយ​ព្រះ​អង្គ​ជូត​ទឹក​ភ្នែក​ទាំង​អស់​ចេញ​ពី​ភ្នែក​អ្នក។ 


ខគម្ពីរ​សញ្ជឹង​គិត៖ លូកា ៧:១-១៧
គម្រោង​អាន​ព្រះគម្ពីរ​រយៈ​ពេល១ឆ្នាំ៖ អេសេគាល ២២-២៣ និង​យ៉ូហាន ១៣:១-២០

ប្រភេទ