នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ផ្លូវវិលត្រឡប់ពីការវង្វេង

ផ្លូវវិលត្រឡប់ពីការវង្វេង

ដោយKatara Patton

September 28, 2025

លូកា ១៥:១១-១៣,១៧-២៤
ដ្បិតកូនអញនេះបានស្លាប់ ឥឡូវរស់ឡើងវិញ ក៏បាត់ទៅ ហើយបានឃើញមកវិញ នោះគេក៏បរិភោគសប្បាយទាំងអស់គ្នាទៅ។ លូកា ១៥:២៤
នៅពេលដែលខ្ញុំបើកបរឡានចុះតាមផ្លូវចោទ ចូលទៅក្នុងចំណតឡាន ការថប់បារម្ភបានគ្របសង្កត់ចិត្តខ្ញុំ។ ខ្ញុំធ្លាប់មកកន្លែងនេះកាលពីមុន ហើយខ្ញុំក៏បានវង្វេងផ្លូវ។ តែលើកនេះ នៅពេលដែលខ្ញុំចាប់ផ្តើមដើរទៅរកទ្វារ នៅក្បែរជណ្តើរយន្ត ចិត្តខ្ញុំក៏បានស្ងប់រម្ងាប់។ ខ្ញុំស្គាល់ផ្លូវ! ខ្ញុំចូលតាមទ្វារនោះ ហើយក៏បានឃើញជណ្តើរយន្តដែលខ្ញុំកំពុងស្វែងរក ហើយមិនយូរប៉ុន្មាន ខ្ញុំក៏បានទៅដល់កន្លែងដែលខ្ញុំត្រូវទៅ។ 
បទពិសោធន៍របស់ខ្ញុំក្នុងការស្វែងរកផ្លូវ ក្នុងចំណតឡានដែលមានផ្លូវខ្វាត់ខ្វែង បានក្រើនរំឭកខ្ញុំថា ជួនកាល ការវង្វេងផ្លូវជួយយើងឲ្យរកឃើញផ្លូវ នៅពេលក្រោយ។ ដោយសារខ្ញុំបានវង្វេងនៅពេលទៅកន្លែងនោះជាលើកដំបូង ខ្ញុំបាននឹកចាំអំពីកំហុសរបស់ខ្ញុំ ហើយចាំទ្វារដែលនាំខ្ញុំទៅរកគោលដៅ។ 
ពេលណាយើងវង្វេង ការរកឃើញផ្លូវធ្វើឲ្យយើងមានអំណរជាខ្លាំង គឺដូចដែលរឿង “កូនពៅវង្វេង” ជារឿងប្រៀបប្រដូចក្នុងព្រះគម្ពីរប៊ីប បានបញ្ជាក់ច្បាស់(លូកា ១៤:២៤)។ “កាលវាភ្ញាក់ដឹងខ្លួន”(ខ.១៧) យុវជនក្មេងខ្ចីនេះស្គាល់ផ្លូវត្រឡប់មកផ្ទះវិញ បន្ទាប់ពីបានវង្វេងក្នុងលោកិយមួយរយៈ។ គាត់បានទទួលស្គាល់តម្លៃនៃអ្វីៗគ្រប់យ៉ាងដែលគាត់បានបោះបង់ចោល ហើយនៅពេលដែលគាត់វិលត្រឡប់មកផ្ទះវិញ គាត់ក៏បានទទួលសេចក្តីស្រឡាញ់ និងក្តីអាណិតពីឪពុករបស់គាត់(ខ.២០)។ ក្នុងរឿងនេះ ឪពុករបស់គាត់មានចិត្តអរជាពន់ពេក ក្នុងការទទួលស្វាគមន៍កូនប្រុសវង្វេង វិលត្រឡប់មកផ្ទះវិញ ដោយមានប្រសាសន៍ថា “ដ្បិតកូនអញនេះបានស្លាប់ ឥឡូវរស់ឡើងវិញ ក៏បាត់ទៅ ហើយបានឃើញមកវិញ”(ខ.២៤)។ 
បើយើងមានការវង្វេងខាងវិញ្ញាណ ចេញពីព្រះអង្គ ចូរយើងស្វែងរកផ្លូវដែលព្រះធ្លាប់នាំយើង ដើម្បីវិលត្រឡប់មកផ្ទះខាងវិញ្ញាណរបស់យើងវិញ។ ព្រះអង្គចង្អុលបង្ហាញយើងទៅរកពន្លឺនៃសេចក្តីស្រឡាញ់របស់ព្រះអង្គ និងទៅរកកន្លែងដែលយើងគួរតែទៅ។—KATARA PATTON

តើព្រះទ្រង់បានបង្ហាញផ្លូវអ្នក ទៅរកកន្លែងដែលអ្នកគួរទៅ យ៉ាងដូចម្តេចខ្លះ? 
តើអ្នកអាចដើរតាមពន្លឺរបស់ព្រះអង្គដូចម្តេចខ្លះ? 
ឱព្រះដែលមានក្តីអាណិត សូមព្រះអង្គជួយទូលបង្គំឲ្យងាកចេញពីភាពងងឹត
 នៃការវង្វេង ហើយវិលត្រឡប់ទៅរកពន្លឺ និងក្តីស្រឡាញ់របស់ព្រះអង្គ។
 

ល្ងាច

ភស្តុតាង​នៃ​ជំនឿ​ពិត​ប្រាកដ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ភស្តុតាង​នៃ​ជំនឿ​ពិត​ប្រាកដ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

September 28, 2025

«ហេតុ​អ្វី​បាន​ជា​ហៅ​ខ្ញុំ​ថា ឱ​ព្រះ​អម្ចាស់ៗ​អើយ តែ​មិន​ធ្វើ​តាម​ពាក្យ​ខ្ញុំ​វិញ​ដូច្នេះ? ឯ​អស់​អ្នក​ដែល​មក​ស្តាប់​ពាក្យ​ខ្ញុំ​ទាំង​នេះ ហើយ​ប្រព្រឹត្ត​តាម នោះ​ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា អ្នក​នោះ​ធៀប​ដូច​ជា​អ្វី គឺ​ធៀប​ដូច​ជា​មនុស្ស​ម្នាក់​ដែល​សង់ផ្ទះ គាត់​បាន​ជីក​យ៉ាង​ជ្រៅ ដាក់​ជើង​សសរ​នៅ​លើ​ថ្ម» (លូកា ៦:៤៦-៤៨)។
ព្រះ​យេស៊ូវ​សព្វ​ព្រះ​ទ័យ​ឲ្យ​ការ​និយាយ​ស្តី​របស់​យើង មាន​ភាព​សម​ស្រប​នឹង​ការ​រស់​នៅ​របស់​យើង។ ហេតុ​នេះ​ហើយ ព្រះ​អង្គ​បាន​បញ្ចប់​ការ​អធិប្បាយ​របស់​ព្រះ​អង្គ​ដោយ​សួរ​គេ​ថា «ហេតុ​អ្វី​បាន​ជា​ហៅ​ខ្ញុំ​ថា ឱ​ព្រះ​អម្ចាស់ៗ​អើយ តែ​មិន​ធ្វើ​តាម​ពាក្យ​ខ្ញុំ​វិញ​ដូច្នេះ?» ត្រង់​ចំណុច​នេះ ព្រះ​អង្គ​មើល​ឃើញ​មនុស្ស​មិន​ប្រព្រឹត្ត​ឲ្យ​ដូច​អ្វី​ដែល​ពួក​គេ​និយាយ ហើយ​ព្រះ​អង្គ​សព្វ​ព្រះ​ទ័យ​នឹង​ឲ្យ​ពួក​គេ​ធ្វើ​ការ​ពិនិត្យ​មើល​វិញ្ញាណ​ខ្លួន​ឯង។ ព្រះ​អង្គ​មិន​សព្វ​ព្រះ​ទ័យ​ឲ្យ​ពួក​គេ​ក៏​ដូច​ជា​យើង​រាល់​គ្នា​ប្រកាស​ថា ខ្លួន​ឯង​ជា​អ្នក​ជឿ​ព្រះ​អង្គ​តែ​បបូរ​មាត់​នោះ​ទេ តែ​ត្រូវ​គួប​ផ្សំ​នឹង​ការ​ស្តាប់​បង្គាប់​ព្រះ​អង្គ​ផង​ដែរ។ 
ព្រះ​យេស៊ូវ​មិន​បាន​បង្រៀន​ថា យើង​ចូល​នគរ​ព្រះ តាម​រយៈ​ការ​ប្រព្រឹត្ត ដែល​ជា​ការ​ស្តាប់​បង្គាប់​នោះ​ទេ។ យើង​បាន​សង្គ្រោះ​ដោយ​សារ​ព្រះ​គុណ និង​តាម​រយៈ​សេចក្តី​ជំនឿ​តែ​ប៉ុណ្ណោះ គឺ​មិន​លើស​ពី​នេះ​ទៀត​ទេ (អេភេសូរ ២:៨)។ អ្វី​ដែល​យើង​អាច​នាំ​មក​ថ្វាយ​ដល់​ព្រះ​គ្រីស្ទ គឺ​ជា​បាប​ដែល​ត្រូវ​ការ​ការ​អត់​ទោស​របស់​ព្រះ​អង្គ។ ដូច​នេះ តើ​ព្រះ​អង្គ​បាន​បង្រៀន​ដូច​ម្តេច? និយាយ​ឲ្យ​ស្រួល​ស្តាប់ ព្រះ​អង្គ​បាន​បង្រៀន​ថា មាន​តែ​អ្នក​ដែល​ស្តាប់​បង្គាប់​ព្រះ​អង្គ​ទេ គឺ​អ្នក​ដែល​បង្ហាញ​ចេញ​សេចក្តី​ជំនឿ​តាម​រយៈ​ការ​ប្រព្រឹត្ត ដែល​ពិត​ជា​បាន​ឮ​ដំណឹង​ល្អ ហើយ​បាន​ផ្លាស់​ប្រែ។ គឺ​ដូច​ដែល​អ្នក​កំណែ​ទម្រង់​ជា​ច្រើន​បាន​ពន្យល់​ថា ជំនឿ​តែ​មួយ​មុខ​ប៉ុណ្ណោះ​ដែល​នាំ​ឲ្យ​បាន​សង្គ្រោះ តែ​ជំនឿ​ដែល​នាំ​ឲ្យ​បាន​សង្គ្រោះ មិន​មែន​ជឿ​តែ​មាត់​នោះ​ទេ។ សាវ័ក យ៉ូហាន ក៏​បាន​បង្រៀន​តាម​ព្រះ​បន្ទូល​ព្រះ​យេស៊ូវ ក្នុង​សំបុត្រ​ទី​មួយ​របស់​គាត់​ផង​ដែរ​ថា «បើ​សិន​ជា​យើង​រាល់​គ្នា​ថា យើង​មាន​សេចក្តី​ប្រកប​នឹង​ទ្រង់ តែ​ដើរ​ក្នុង​សេចក្តី​ងងឹត​វិញ នោះ​ឈ្មោះថា​យើង​កុហក ហើយ​មិន​ប្រព្រឹត្ត​តាម​សេចក្តី​ពិត​ទេ» (១យ៉ូហាន ១:៦)។ ព្រះ​គម្ពីរ​បាន​ចែង​ច្បាស់​ថា របៀប​ដែល​យើង​បាន​ឮ និង​ស្តាប់​បង្គាប់​តាម​ព្រះ​បន្ទូល​ព្រះ​យេស៊ូវ​មាន​សារៈសំខាន់​អស់​កល្ប​ជានិច្ច ព្រោះ​បាន​បង្ហាញ​ធាតុ​ពិត និង​សណ្ឋាន​នៃ​ជំនឿ​របស់​យើង។ 
គ្មាន​ការ​បូក​សរុប​នៃ​ការ​ប្រព្រឹត្ត​តាម​បែប​សាសនា​ណា ឬ​ការ​ចែក​ចាយ​សេចក្តី​ជំនឿ​ណា ដែល​អាច​លាក់​បាំង​អាកប្ប​កិរិយា​របស់​យើង មិន​ឲ្យ​ព្រះ​អង្គ​ទត​ឃើញ​នោះ​ឡើយ។ សាវ័ក ប៉ុល បាន​និយាយ​សង្កត់​ធ្ងន់​ថា ការ​ថយ​ចេញ​ពី​សេចក្តី​ទុច្ចរិត គឺ​ជា​ខ្នាត​រង្វាស់​ពិត​ប្រាកដ សម្រាប់​អ្នក​ដែល​ប្រកាស​ថា ខ្លួន​ជា​អ្នក​ជឿ​ព្រះ​អម្ចាស់ (២ធីម៉ូថេ ២:‌១៩)។ នេះ​ជា​ភស្តុតាង បង្ហាញ​អំពី​ជំនឿ​ពិត​ប្រាកដ។ 
គ្មាន​នរណា​រស់​នៅ​បាន​ល្អ​ឥត​ខ្ចោះ​ទេ តែ​ព្រះ​ទ្រង់​បាន​ត្រាស់​ហៅ​យើង​ឲ្យ​រស់​នៅ​ក្នុង​ជីវិត​ដែល​ផ្លាស់​ប្រែ។ យើង​រស់​នៅ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ​គ្រីស្ទ ដោយ​ព្រះ​វិញ្ញាណ​ព្រះ​អង្គ​គង់​សណ្ឋិត​ក្នុង​យើង។ តើ​យើង​នឹង​មាន​ជោគជ័យ​ទាំង​ស្រុង​ទេ? ទេ!។ ប៉ុន្តែ យើង​នឹង​ខុស​ប្លែក​ពី​មុន ហើយ​ជីវិត​របស់​យើង​នឹង​បាន​បង្ហាញ​ថា យើង​បាន «បែរ​ចេញ​ពី​រូប​ព្រះ មក​ឯ​ព្រះ​ដ៏​ពិត ឲ្យ​បាន​គោរព​ប្រតិបត្តិ​ដល់​ព្រះ ដ៏​មាន​ព្រះ​ជន្ម​រស់​នៅ​នោះ​វិញ» (១ថែស្សាឡូនីច ១:៩)។ ដូច​នេះ ដូច​ពិចារណា​អំពី​ជីវិត​របស់​អ្នក​ចុះ។ តើ​អ្នក​បាន​ហៅ​ព្រះ​យេស៊ូវ​ថា ព្រះ​អម្ចាស់​ទេ? បើ​បាន​ហៅ គឺ​ល្អ​ហើយ! ប៉ុន្តែ ដែល​សំខាន់​នោះ ការ​អ្វី​ដែល​អ្នក​ធ្វើ ឬ​មិន​ធ្វើ ក្នុង​ការ​ជម្នះ​ការ​ល្បួង និង​គុណ​ធម៌​ដែល​អ្នក​សង្វាត​ឲ្យ​បាន ហើយ​ក្នុង​ការ​អត់​ទោស​ដែល​អ្នក​បាន​ទូល​សូម ដោយ​ការ​ប្រែ​ចិត្ត ក្នុង​ការ​ទាំង​អស់​នេះ តើ​អ្នក​បាន​បង្ហាញ​ឲ្យ​គេ​ដឹង​ថា ព្រះ​អង្គ​គឺ​ជា​ព្រះ​អម្ចាស់​របស់​អ្នក​ដែរ​ឬ​ទេ? 


ខគម្ពីរ​សញ្ជឹង​គិត៖ យ៉ាកុប ២:១៤-២៦
គម្រោង​អាន​ព្រះគម្ពីរ​រយៈ​ពេល១ឆ្នាំ៖ អេសេគាល ២០-២១ និង យ៉ូហាន ១២:២៧-៥០

ប្រភេទ