នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ព្រះទ្រង់មិនដែលចាកចោលយើង

ព្រះទ្រង់មិនដែលចាកចោលយើង

ដោយAmy Boucher Pye

September 27, 2025

យ៉ូស្វេ ១:១-៣,៥-៩
អញនឹងនៅជាមួយនឹងឯង ដូចជាបាននៅជាមួយនឹងម៉ូសេដែរ អញមិនដែលខាននឹងប្រោសឯង ក៏មិនដែលបោះបង់ចោលឯងឡើយ។ យ៉ូស្វេ ១:៥
ក្នុងប្រទេសអ៊ីស្រាអែលដែលគេបានហៅថា ទឹកដីបរិសុទ្ធ ខ្ញុំចូលចិត្តដើរនៅកន្លែងណា ដែលព្រះយេស៊ូវធ្លាប់បានដើរ នៅសតវត្សរ៍ទី១។ ឥឡូវនេះ ខ្ញុំកាន់តែមានភាពងាយស្រួល ក្នុងការស្រមៃឃើញរូបភាព និងសម្លេងនៃការរស់នៅរបស់ព្រះអង្គ នៅលើផែនដី ដូចមានចែងក្នុងព្រះគម្ពីរប៊ីប។ ប៉ុន្តែ បន្ទាប់ពីខ្ញុំបានឡើងចុះនៅលើថ្មរដិបរដុបក្នុងសំណង់ព្រះវិហារគ្រីស្ទបរិស័ទបុរាណ និងតំបន់ជនបទ បានបន្សល់ទុកនូវអនុស្សាវរីយ៍ខ្លះៗ ដោយបានធ្វើឲ្យខ្ញុំឈឺក្បាលជង្គង់នៅពេលត្រឡប់មកផ្ទះវិញ។ ប៉ុន្តែ ការឈឺចាប់របស់ខ្ញុំមិនធំដុំអ្វីទេ បើធៀបនឹងមនុស្សជាច្រើនដែលបានធ្វើដំណើរដោយថ្មើរជើង នៅប៉ុន្មានសតវត្សរ៍មុន ដែលមិនគ្រាន់តែមានការឈឺសន្លាក់ខ្លះៗ តែក៏បានរងទុក្ខយ៉ាងខ្លាំងដោយសារជំនឿ រហូតដល់បាត់បង់ជីវិត។ ប៉ុន្តែ ព្រះទ្រង់គង់នៅជាមួយពួកគេ។ 
ព្រះទ្រង់ត្រាស់ហៅរាស្រ្តព្រះអង្គ ឲ្យដើរតាមព្រះអង្គ ហើយអញ្ជើញពួកគេឲ្យរស់នៅ ក្នុងទឹកដីសម្បូរសប្បាយ “ដែលមានទឹកដោះនឹងទឹកឃ្មុំហូរហៀរវិញ”(និក្ខមនំ ៣:៨)។ ព្រះអង្គជ្រាបថា នៅពេលដែលពួកគេចូលទឹកដីសន្យា ពួកគេនឹងជួបប្រទះគ្រោះថ្នាក់ ដោយសារកងទ័ពសត្រូវ និងឧបសគ្គជាច្រើន ដែលមានដូចជាទីក្រុងដែលមានកំផែងការពារជុំវិញ។ ព្រះទ្រង់គង់នៅជាមួយពួកគេអស់រយៈពេល៤០ឆ្នាំ ក្នុងពេលដែលពួកគេរស់នៅវិលវល់ក្នុងវាលរហោស្ថាន ហើយមិនដែលបោះបង់ពួកគេចោលឡើយ។ ព្រះអង្គបានសន្យាលោកយ៉ូស្វេ ជាអ្នកដឹកនាំថ្មីថា ព្រះអង្គនឹងគង់នៅជាមួយពួកគេ។ គឺដូចដែលព្រះអង្គមានបន្ទូលថា “អញនឹងនៅជាមួយនឹងឯង ដូចជាបាននៅជាមួយនឹងម៉ូសេដែរ អញមិនដែលខាននឹងប្រោសឯង ក៏មិនដែលបោះបង់ចោលឯងឡើយ”(យ៉ូស្វេ ១:៥)។ លោកយ៉ូស្វេនឹងជួបបញ្ហាប្រឈម និងទុក្ខលំបាកជាច្រើន បានជាគាត់ត្រូវការភាពរឹងមាំ និងសេចក្តីក្លាហាន តែព្រះអម្ចាស់ក៏បានជួយគាត់។ 
យើងដែលជាអ្នកជឿព្រះយេស៊ូវ ទោះព្រះអង្គត្រាស់ហៅយើងឲ្យនៅកន្លែងណាមួយ ឬចេញទៅកន្លែងផ្សេងទៀតក្តី យើងនឹងជួបគ្រោះថ្នាក់ បញ្ហាប្រឈម និងទុក្ខវេទនាក្នុងជីវិតនេះ។ ប៉ុន្តែ យើងអាចប្រកាន់ខ្ជាប់តាមព្រះបន្ទូលសន្យារបស់ព្រះ ដែលនឹងមិនចាកចោលយើង។ ដោយសារជំនួយមកពីព្រះអង្គ នោះយើងក៏អាចមានភាពរឹងមាំ និងមានចិត្តក្លាហានផងដែរ។—AMY BOUCHER PYE

នៅពេលណាអ្នកប្រឈមមុខដាក់ទុក្ខលំបាក តើអ្នកបានដកពិសោធន៍ជាមួយនឹងព្រះវត្តមានរបស់ព្រះ 
ដូចម្តេចខ្លះ? តើអ្នកអាចងាកទៅរកព្រះអង្គ ដើម្បីសូមជំនួយ សេចក្តីស្រឡាញ់ និងការផ្គត់ផ្គង់ដូចម្តេចខ្លះ? 
ឱព្រះដ៏ជួយសង្គ្រោះ ពេលណាព្រះអង្គដឹកនាំទូលបង្គំឆ្លងកាត់វាលរហោស្ថាន 
ហើយទូលបង្គំមានការភ័យខ្លាច សូមព្រះអង្គជួយទូលបង្គំឲ្យនឹកចាំថា ព្រះអង្គតែងតែគង់នៅក្បែរទូលបង្គំជានិច្ច។ 
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសាយ ៣-៤ និង កាឡាទី ៦
 

ល្ងាច

ស្គាល់​គ្រូ​ល្អ ឬ​អាក្រក់ ដោយ​សារ​ផល​ផ្លែ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ស្គាល់​គ្រូ​ល្អ ឬ​អាក្រក់ ដោយ​សារ​ផល​ផ្លែ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

September 27, 2025

«ដ្បិត​គ្មាន​ដើម​ឈើ​ល្អ​ណា ដែល​មានផល​ផ្លែ​អាក្រក់​ទេ ក៏​គ្មាន​ដើម​អាក្រក់​ណា ដែល​មាន​ផល​ផ្លែ​ល្អ​ដែរ ពីព្រោះ​គេ​ស្គាល់​ដើមឈើ​នីមួយៗ ដោយសារតែ​ផ្លែ​ទេ» (លូកា ៦:៤៣-៤៤)។
ការ​រស់​នៅ​របស់​សិស្ស​តែង​តែ​ឆ្លុះ​បញ្ចាំង​ការ​បង្រៀន ដែល​ពួក​គេ​ទទួល​បាន​ពី​គ្រូ។ ទោះ​សិស្ស​ធ្វើ​បាន​ល្អ​លើស​សមត្ថភាព​របស់​គ្រូ​របស់​ពួក​គេ​យ៉ាង​ណា​ក៏​ដោយ ក៏​ពួក​គេ​តែងតែ​ជំពាក់​គុណ​របស់​គ្រូ​ដែល​បាន​ត្រួស​ត្រាយ​ផ្លូវ​ឲ្យ​ពួក​គេ។ 
កាល​ព្រះ​យេស៊ូវ​មាន​បន្ទូល​អំពី​ដើម​ឈើ និង​ផ្លែ​របស់​ពួក​វា ព្រះ​អង្គ​កំពុង​មាន​បន្ទូល​សំដៅ​ទៅ​លើ​អ្នក​ដឹក​នាំ​ខាង​វិញ្ញាណ ក្នុង​សម័យ​របស់​ព្រះ​អង្គ។ គោល​បំណង​របស់​ព្រះ​អង្គ គឺ​ដើម្បី​ដាស់​តឿន​យើង មិន​ឲ្យ​ជ្រើស​រើស​គ្រូ​ខុស។ ហើយ​តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​អាច​ដឹង​ថា គ្រូ​ណា​ល្អ គ្រូ​ណា​អាក្រក់? ព្រះ​យេស៊ូវ​មាន​បន្ទូល​ថា យើង​ត្រូវ​មើល​ផល​ផ្លែ​របស់​ពួក​គេ ដែល​ជា​លទ្ធផល​ដែល​គេ​ទទួល​បាន​ពី​ការ​ដើរ​តាម​ការ​បង្រៀន និង​ការ​ប្រព្រឹត្ត​របស់​ពួក​គេ។ 
យើង​ត្រូវ​តែ​គិត​អំពី​ផល​ផ្លែ ផ្អែក​ទៅលើ​ចារិក​លក្ខណៈ​របស់​គ្រូ​នោះ ដោយ​ដឹង​ថា គេ​មិន​អាច​វាស់​ស្ទង់​ចារិក​លក្ខណៈ ដោយ​ផ្អែក​ទៅ​លើ​វេហា​ស័ព្ទ ការ​មាន​អំណោយ​ទាន ឬ​មាន​អ្នក​ដើរ​តាម​ច្រើន​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ កាល​ព្រះ​យេស៊ូវ​ប្រទាន​ការ​បង្រៀន​អំពី​ដើម​ទំពាំង​បាយ​ជូរ និង​ខ្នែង​របស់​វា ព្រះ​អង្គ​កំពុង​បង្ហាញ​ថា ការ​បង្កើត​ផល​ផ្លែ គឺ​ជា​ការ​មាន​ចារិក​លក្ខណៈ​ដូច​ព្រះ​គ្រីស្ទ (យ៉ូហាន ១៥:១-៨)។ គេ​ស្គាល់​ដើម​ឈើ​នីមួយៗ​ដោយ​សារ​ផ្លែ​របស់​វា ដូច​នេះ ផល​ផ្លែ​នៃ​ព្រះ​វិញ្ញាណ​ដែល​មាន​ដូច​ជា​សេចក្តី​ស្រឡាញ់ អំណរ​អរ មេ​ត្រី​ភាព អត់​ធ្មត់ សុភាព សប្បុរស ស្មោះ​ត្រង់ ស្លូតបូត ហើយ​ដឹង​ខ្នាត (កាឡាទី ៥:២២-២៣) នឹង​បង្ហាញ​ចេញ​មក នៅ​ក្នុង​ការ​រស់​នៅ​របស់​គ្រូ​ដែល​ល្អ។ 
យើង​ក៏​ត្រូវ​តែ​ពិនិត្យ​មើល​ការ​បង្រៀន​របស់​គ្រូ​នោះ​ដែរ។ សាវ័ក ប៉ុល បាន​លើក​ឡើង​អំពី​បញ្ហា​នេះ កាល​គាត់​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​លោក ធីម៉ូថេ ជា​សិស្ស​ដែល​គាត់​បាន​បង្រៀន​ឲ្យ​ធ្វើ​ជា​គ្រូ​គង្វាល។ គឺ​ដូច​ដែល​គាត់​បាន​ផ្តាំ​ថា «ចូរ​ប្រុង​ប្រយ័ត្ន​នឹង​ខ្លួន​អ្នក ហើយ​និង​សេចក្តី​បង្រៀន ចូរ​កាន់​ខ្ជាប់​តាម​សេចក្តី​ទាំង​នេះ» (១ធីម៉ូថេ ៤:១៦)។ មិន​មែន​គ្រូ​ទាំង​អស់​ដែល​កាន់​ព្រះ​គម្ពីរ​អធិប្បាយ​ព្រះ​បន្ទូល សុទ្ធ​តែ​គិត​ដល់​តម្រូវ​ការ​ខាង​វិញ្ញាណ​ពិត​ប្រាកដ​របស់​អ្នក​ស្តាប់​ឡើយ។ មិន​មែន​គ្រប់​គ្នា​ដែល​ថ្លែង​ព្រះ​នាម​ព្រះ​គ្រីស្ទ សុទ្ធ​តែ​ជា​គ្រូ​បង្រៀន​ព្រះ​បន្ទូល​ពិត​ប្រាកដ​នោះ​ឡើយ។ ហោរា​ក្លែង​ក្លាយ​បាន​លេច​ឡើង​នៅ​គ្រប់​ទី​កន្លែង។ ដូច​នេះ ក្នុង​នាម​យើង​ជា​អ្នក​ជឿ យើង​ត្រូវ​រៀន​សូត្រ​ពី​ព្រះ​គម្ពីរ មិន​គ្រាន់​តែ​ដើម្បី​ចម្រើន​ឡើង ក្នុង​សេចក្តី​បរិសុទ្ធ តែ​ក៏​ដើម្បី​ឲ្យ​ស្គាល់​គោល​លទ្ធិ​ត្រឹម​ត្រូវ ដែល​ជា​សញ្ញា​សម្គាល់​របស់​គ្រូ​ដែល​កោត​ខ្លាច​ព្រះ។ ជាង​នេះ​ទៅ​ទៀត យើង​អាច​ទទួល​ការ​កម្សាន្ត​ចិត្ត ពី​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ដែល​គង់​សណ្ឋិត ដែល​បង្រៀន​យើង​អំពី​អ្វីៗ​គ្រប់​យ៉ាង និង​ជួយ​យើង​ឲ្យ​អាច​ញែក​ឲ្យ​ដាច់​រវាង​សេចក្តី​ពិត និង​សេចក្តី​ខុស​ឆ្គង (១យ៉ូហាន ២:២៧)។ 
មាន​ការ​ជាប់​ទាក់ទង​គ្នា​ដោយ​ផ្ទាល់ រវាង​ចារិក​លក្ខណៈ​របស់​គ្រូ និង​ការ​បង្រៀន​របស់​គាត់ ព្រម​ទាំង​ឥទ្ធិពល​ដែល​គាត់​មាន​មក​លើ​អ្នក​ដែល​គាត់​បង្រៀន។ ដូច​នេះ ចូរ​ជ្រើស​រើស​គ្រូ​ខាង​វិញ្ញាណ និង​គ្រូ​ឱវាទ ដោយ​ប្រាជ្ញា។ ចូរ​កុំ​មើលទៅ​សមត្ថភាព​ខាង​ការ​អធិប្បាយ សមត្ថ​ភាព​បត់​បែន​តាម​វប្បធម៌ ទំនុក​ចិត្ត ឬ​ភាព​កំប្លុក​កំប្លែង​របស់​ពួក​គេ​ឡើយ តែ​ត្រូវ​មើល​ទៅ​ចារិក​លក្ខណៈ និង​ខ្លឹម​សារ​នៃ​ការ​បង្រៀន​របស់​ពួក​គេ។ ការ​រស់​នៅ​របស់​អ្នក​នឹង​បង្ហាញ​លោកីយ៍​ឲ្យ​ឃើញ​ផល​ផ្លែ​នៃ​ការ​បង្រៀន ដែល​អ្នក​បាន​ទទួល។ នៅ​ពេល​ដែល​អ្នក​ដទៃ​មើល​មក​អ្នក តើ​ពួក​គេ​នឹង​រក​ឃើញ​អ្វី? តើ​ពួក​គេ​មើល​ឃើញ​អ្នក ជា​មនុស្ស​ចូល​ចិត្ត​ថ្កោល​ទោស​អ្នក​ដទៃ មាន​ចិត្ត​ល្វីង​ជូរចត់ កោងកាច ឬ​តាំង​ខ្លួន​ជា​អ្នក​សុចរិត​ឬ? តើ​ពួក​គេ​នឹង​មើល​ឃើញ​អ្នក​ព្រងើយ​កន្តើយ ឬ​ក្តៅ​មិន​ក្តៅ​ត្រជាក់​មិន​ត្រជាក់? ឬ​មួយ​ពួក​គេ​ឃើញ​អ្នក​មាន​ផល​ផ្លែ​ដ៏​ផ្អែម​ឆ្ងាញ់​នៃ​អំណរ មេ​ត្រី​ភាព សេចក្តី​ស្រឡាញ់ និង​សេចក្តី​សុចរិត? 


ខគម្ពីរ​សញ្ជឹង​គិត៖ ២ធីម៉ូថេ ២:១៥-២៦
គម្រោង​អាន​ព្រះគម្ពីរ​រយៈ​ពេល១ឆ្នាំ៖ អេសេគាល ១៨-១៩ និង​យ៉ូហាន ១២:១-២៦
 

ប្រភេទ