នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ព្រះអង្គសង្គ្រោះដែលបានធ្វើបន្លាស់ទី

ព្រះអង្គសង្គ្រោះដែលបានធ្វើបន្លាស់ទី

ដោយMatt Lucas

October 4, 2025

ម៉ាថាយ ២:១៣-១៥
ចូរក្រោកឡើងនាំបុត្រតូច នឹងមាតាទ្រង់ រត់ទៅឯស្រុកអេស៊ីព្ទទៅ។ ម៉ាថាយ ២:‌១៣ 
កាលពីឆ្នាំ១៩៤៧ នៅពេលដែលចក្រភពអង់គ្លេសប្រគល់ឯករាជ្យឲ្យប្រទេសឥណ្ឌា មានមនុស្សជាង១៥លាននាក់ បានធ្វើបន្លាស់ទី ដោយសារជម្លោះសាសនា និងការបែងចែកប្រទេសឥណ្ឌាជាពីរ។ ភាពវឹកវរនេះបានប្រែជាអាក្រក់កាន់តែខ្លាំង ដោយសារគ្រោះទឹកជំនន់នៅរដូវភ្លៀង និងការរាតត្បាតជំងឺឆ្លង។ មានជនភៀសខ្លួនជាង១លាននាក់ បានបាត់បង់ជីវិត។
ក្នុងប្រវត្តិសាស្រ្តរបស់មនុស្សជាតិ មនុស្សបានចំណាកស្រុក ដើម្បីស្វែងរកសេរីភាព សុវត្ថិភាព ឬជីវិតដែលប្រសើរជាងមុន។ ការជំរុញចិត្តឲ្យចង់ផ្លាស់ទីលំនៅ បានដិតដាមជាប់ក្នុងបទពិសោធន៍របស់មនុស្សជាតិ។ ឧទាហរណ៍ដែលល្បីបំផុត ក្នុងព្រះគម្ពីរប៊ីប គឺរឿងនៃការភៀសខ្លួនរបស់ជនជាតិហេព្រើរ ចូលទៅក្នុងទឹកដីសន្យា។ ការភៀសខ្លួនក៏ជាអ្វីដែលព្រះយេស៊ូវធ្លាប់បានឆ្លងកាត់ផងដែរ។ កាលទ្រង់នៅជាទារក ឪពុកម្តាយទ្រង់បាននាំទ្រង់រត់គេចទៅទឹកដីអេស៊ីព្ទ ដើម្បីការពារព្រះជន្មទ្រង់ឲ្យរួចពីស្តេចហេរ៉ូឌដែលកំពុងតាមសម្លាប់ទ្រង់។ នេះជារឿងដែលគួរឲ្យចាប់អារម្មណ៍ គឺដូចដែលពួកអ៊ីស្រាអែលបានរត់គេចទៅទឹកដីសន្យា(និក្ខមនំ ៣:‌១៧) ដើម្បីគេចពីស្តេចដែលសម្លាប់រំគាលក្មេងប្រុសជាយ៉ាងណា(១:១៦) នោះទេវតាក៏បានប្រាប់លោកយ៉ូសែបឲ្យនាំព្រះយេស៊ូវ និងមាតាទ្រង់ រត់គេចទៅទឹកដីអេស៊ីព្ទ ដើម្បីគេចពីស្តេចផ្តាច់ការ ដែលសម្លាប់រំគាលក្មេងប្រុសយ៉ាងនោះដែរ(ម៉ាថាយ ២:១៣ និង ខ.១៦-១៨)។
កណ្ឌគម្ពីរម៉ាថាយ បានចែងឲ្យយើងដឹងថា ការធ្វើដំណើរនេះបានសម្រេចបទទំនាយ ក្នុងបទគម្ពីរហូសេ ១១:១ ដែលបានចែងថា “អញបានហៅកូនអញ ចេញពីស្រុកអេស៊ីព្ទមក”(ម៉ាថាយ ២:‌១៥)។ តែរឿងនេះក៏បានក្រើនរំឭកយើងថា ព្រះគ្រីស្ទបានឆ្លងកាត់បទពិសោធន៍របស់មនុស្សដោយផ្ទាល់(ហេព្រើរ ៤:១៥)។ យើងមានព្រះសង្គ្រោះមួយអង្គដែលយល់អំពីយើង និងបានឆ្លងកាត់ទុក្ខលំបាក និងការឈឺចាប់ដូចយើងដែរ។ យើងអាចស្វែងរកព្រះអង្គ ក្នុងពេលដែលយើងជួបការលំបាក។ ព្រះអង្គព្រះសណ្ដាប់ការអធិស្ឋានរបស់យើង និងទូលអង្វរព្រះវរបិតាឲ្យយើង(ហេព្រើរ ៤:១៤-១៦)។—Matt Lucas

តើការបន្លាស់ទីមានផលប៉ះពាល់ដោយផ្ទាល់មកលើជីវិតអ្នកដូចម្តេចខ្លះ? 
តើរឿងរបស់ព្រះយេស៊ូវបានផ្តល់ឲ្យនូវការលើកទឹកចិត្តយ៉ាងណាខ្លះ ដល់មនុស្ស
ដែលត្រូវរត់គេច ទៅរកកន្លែងដែលមានសេរីភាព និងសុវត្ថិភាព? 
ឱព្រះវរបិតា សូមព្រះអង្គការពារមនុស្សដែលត្រូវបង្ខំចិត្តធ្វើបន្លាស់ទី ទៅរកកន្លែងមានសុវត្ថិភាព។ 
For further study, read The God Who Is with Us—The Difference the Incarnation Makes at ODBM.org.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសាយ ២០-២២ និង អេភេសូរ ៦

 

ល្ងាច

ថ្មដា​មិន​នឹង​នរ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ថ្មដា​មិន​នឹង​នរ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

October 4, 2025

«កាល​គេ​បាន​បរិភោគ​រួច​ហើយ នោះ​ព្រះ​យេស៊ូវ​មាន​ព្រះ​បន្ទូល​នឹង ស៊ីម៉ូន-ពេត្រុស ថា ស៊ីម៉ូន​កូន​យ៉ូណាស អើយ តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ជាជាង​របស់​ទាំង​នេះ​ឬអី គាត់​ទូល​ឆ្លើយ​ថា ព្រះ​ករុណា​វិសេស​ព្រះ​អម្ចាស់ ទ្រង់​ជ្រាប​ថា​ទូល​បង្គំ​ពេញ​ចិត្ត​នឹង​ទ្រង់​ហើយ ទ្រង់​មាន​ព្រះ​បន្ទូល​ថា ចូរ​ឲ្យ​ចំណី​ដល់​កូន​ចៀម​ខ្ញុំ​ស៊ី​ផង» (យ៉ូហាន ២១:១៥)។
ព្រះ​យេស៊ូវ​បង្ហាញ​អង្គ​ទ្រង់ នៅ​លើ​ឆ្នេរ​សមុទ្រ ក្នុង​បទ​គម្ពីរ​យ៉ូហាន​ជំពូក២១ បន្ទាប់​ពី​សុគត​នៅ​លើ​ឈើ​ឆ្កាង និង​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ និង​ព្រឹត្តិការណ៍​នៅ​ជុំ​វិញ​ការ​សុគត​របស់​ព្រះ​អង្គ ដែល​រាប់​បញ្ចូល​ទាំង​ការ​បដិសេធន៍​ដ៏​កំសាក​របស់​សាវ័ក ពេត្រុស ថា​មិន​ស្គាល់​ព្រះ​គ្រីស្ទ។ យើង​អាច​សន្និដ្ឋាន​ថា សាវ័ក ពេត្រុស មាន​អារម្មណ៍​ខ្មាសអៀន​ចំពោះ​ភាព​បរាជ័យ​របស់​គាត់​ក្នុង​ការ​បង្ហាញ​ភាព​ស្មោះ​ត្រង់ និង​សេចក្តី​ជំនឿ។ យើង​អាច​ស្រមៃ​ថា គាត់​បាន​និយាយ​ប្រាប់​សាវ័ក​ដទៃ​ទៀត​ស្ងាត់ៗ​ថា «ខ្ញុំ​មាន​ឱកាស​បង្ហាញ​ភាព​ស្មោះ​ត្រង់ ប៉ុន្តែ​ខ្ញុំ​បែរ​ជា​ក្បត់​ព្រះ​អង្គ​ទៅ​វិញ។ ពី​ដំបូង​ខ្ញុំ​គិត​ថា ខ្ញុំ​បាន​ដើរតួ​ជា​វីរ​បុរស ប៉ុន្តែ​ឥឡូវ​នេះ ខ្ញុំ​ក្លាយ​ជា​ទី​បន្ទាល់​នៃ​ភាព​កំសាក​ដែល​អាក្រក់​បំផុត»។ ដូច​នេះ នៅ​ពេល​ដែល​ព្រះ​យេស៊ូវ​មាន​បន្ទូល​ទៅ​កាន់​លោក ពេត្រុស គាត់​ប្រាកដ​ជា​ឆ្ងល់​ថា ព្រះ​អង្គ​នឹង​មាន​បន្ទូល​អ្វី​ខ្លះ​អំពី​គាត់? តើ​ខ្ញុំ​មាន​ចំណែក​អ្វី​ជា​មួយ​រាស្ត្រ​របស់​ព្រះ​អង្គ?
ព្រះ​យេស៊ូវ​មិន​បាន​ធ្វើ​ព្រងើយ​ចំពោះ​កំហុស​របស់​លោក ពេត្រុស ទេ ប៉ុន្តែ​ទ្រង់​បាន​ទទួល​ស្គាល់​កំហុស​គាត់។ បន្ទាប់​ពី​ព្រះ​អង្គ​បាន​សោយ​អាហារ​ជា​មួយ​ពួក​គេ ព្រះ​អង្គ​ក៏​បាន​ហៅ​ឈ្មោះ​ចាស់​របស់​លោក​ពេត្រុស​ថា ស៊ីម៉ូន ដែល​មាន​ន័យ​ថា «ស្តាប់»។ នៅ​ដើម​ដំបូង​នៃ​ព្រះ​រាជ​កិច្ច​របស់​ព្រះ​អង្គ ព្រះ​អង្គ​បាន​ប្ដូរ​ឈ្មោះ​ស៊ីម៉ូន ទៅ​ជា​ពេត្រុស ដែល​មាន​ន័យ​ថា «ថ្ម» (យ៉ូហាន ១:៤២)។ ការ​ប្ដូរ​ឈ្មោះ​នេះ​ជា​និមិត្ត​សញ្ញា​បង្ហាញ​អំពី​ការ​ផ្លាស់​ប្ដូរ​នៃ​ចរិត​លក្ខណៈ និង​ការ​ត្រាស់​ហៅ​របស់​គាត់ ដោយ​គាត់​មិន​មាន​ភាព​នឹង​នរ ប៉ុន្តែ​គាត់​នឹង​ប្រែ​ក្លាយ​ជា​រឹងមាំ​ដូច​ថ្ម។ ទោះជា​យ៉ាង​ណា​ក៏​ដោយ ព្រះ​យេស៊ូវ​សព្វ​ព្រះ​ទ័យ​នឹង​ក្រើន​រំឭក​គាត់​អំពី​ភាព​មិន​នឹង​នរ​នោះ។ មុន​ពេល​គាត់​អាច​មាន​ភាព​នឹង​នរ គាត់​ចាំបាច់​ត្រូវ​យល់​ថា អាកប្ប​កិរិយា​របស់​គាត់​មិន​បាន​បង្ហាញ​ចេញ​នូវ​ជំនឿ​រឹងមាំ ឬ​ភាព​ក្លាហាន​ដែល​បាន​ចាក់​ឫស​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ព្រះ​គ្រីស្ទ​ទេ។
ជួន​កាល យើង​ក៏​មាន​អារម្មណ៍​ថា យើង​អស់​តម្លៃ​ដោយ​សារ​កំហុស ឬ​ការ​រាថយ ដែល​ជា​ការ​មិន​ជឿ មិន​ខុស​ពី​សាវ័ក ពេត្រុស ទេ។ យើង​នឹង​មាន​អារម្មណ៍​ឈឺ​ចាប់​ចំពោះ​បញ្ហា​ជំនឿ​របស់​យើង បាន​ជា​យើង​ត្រូវ​ការ​ព្រះ​ដែល​ជា​គ្រូ​ពេទ្យ​វះ​កាត់​ល្អ​បំផុត ឲ្យ​វះ​កាត់​វិញ្ញាណ​យើង​ចូល​ឲ្យ​ជ្រៅ ធ្វើ​ឲ្យ​យើង​មាន​សេចក្តី​ស្រឡាញ់​ឡើង​វិញ ជួន​កាល​យើង​មាន​ការ​ឈឺ​ចាប់ តែ​ព្រះ​អង្គ​តែង​តែ​ស្អាង​យើង​ឡើង​វិញ។ 
គួរ​កត់​សម្គាល់​ថា ព្រះ​យេស៊ូវ​យក​ព្រះ​ទ័យ​ទុក​ដាក់​បំផុត ចំពោះ​ចិត្ត​របស់​សាវ័ក ពេត្រុស ដែល​មាន​ក្តី​ស្រឡាញ់ និង​ការ​ប្ដូរ​ផ្តាច់។ លក្ខណសម្បត្តិ​ដទៃ​ទៀត​ក៏​គួរ​ឲ្យ​ចង់​បាន និង​ចាំ​បាច់​ដែរ តែ​សេចក្តី​ស្រឡាញ់​ចំពោះ​ព្រះ​គ្រីស្ទ គឺ​មិន​អាច​ខ្វះ​បាន​ទេ។ តើ​សេចក្តី​ស្រឡាញ់​យើង​នៅ​ឯ​ណា?  តើ​វា​បាន​សង់​ឡើង​ពី​ដីខ្សាច់​ពុក​ផុយ ឬ​នៅ​លើ​ថ្មដា​ដ៏​រឹង​មាំ? 
ប៉ុន្តែ នៅ​ពេល​ដែល​ព្រះ​គ្រីស្ទ​បាន​តម្រង់​សេចក្តី​ស្រឡាញ់​របស់​យើង​ឲ្យ​ត្រឹម​ត្រូវ ព្រះ​អង្គ​ក៏​ផ្ទុកផ្ដាក់​ការងារ​នៃ​នគរ​ព្រះ​អង្គ​ដល់​យើង​ផង​ដែរ។ ព្រះ​យេស៊ូវ​នៅ​តែ​សម្រេច​ព្រះ​ទ័យ​ប្រើ​លោក ពេត្រុស ឲ្យ​សង់​ពួក​ជំនុំ​របស់​ទ្រង់។ គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ណាស់​ដែល​ព្រះ​យេស៊ូវ​បាន​ផ្ទុកផ្ដាក់ «ចៀម» របស់​ព្រះ​អង្គ ដល់​សាវ័ក (លើក​លែង​តែ​យូដាស)  ដែល​ធ្លាប់​បដិសេធ​ថា​មិន​ស្គាល់​ព្រះ​អង្គ ហើយ​ក៏​មាន​ចន្លោះ​ប្រហោង​ធំ​មួយ រវាង​ការ​ប្រកាស​ជំនឿ និង​ការ​អនុវត្ត​ជំនឿ។ ប៉ុន្តែ យើង​មាន​ការ​លើក​ទឹក​ចិត្ត​ណាស់ ដែល​ព្រះ​យេស៊ូវ​បាន​ធ្វើ​ដូច​នេះ ព្រោះ​ថា បើ​ព្រះ​អង្គ​ស្ម័គ្រ​ព្រះ​ទ័យ​ប្រើ​មនុស្ស​ដូច​លោក ពេត្រុស នោះ​ព្រះ​អង្គ​ក៏​ស្ម័គ្រ​ព្រះ​ទ័យ​ប្រើ​មនុស្ស​ដូច​ខ្ញុំ និង​អ្នក​ផង​ដែរ។ ព្រះ​យេស៊ូវ​នៅ​តែ​សម្រេច​ព្រះ​ទ័យ​ប្រទាន​ការ​ទទួល​ខុស​ត្រូវ​ដ៏​ធំ​ដល់​លោក ពេត្រុស ប៉ុន្តែ​ការ​ទទួល​ខុស​ត្រូវ​នោះ​ក៏​សម្រាប់​ល្បងល​គាត់។ ការ​ល្បងល​សេចក្តី​ស្រឡាញ់​ដែល​គាត់​មាន​ចំពោះ​ព្រះ​យេស៊ូវ គឺ​ដើម្បី​ឲ្យ​ដឹង​ថា ការ​រស់នៅ​របស់​គាត់​បាន​បង្ហាញ​ការ​ស្តាប់​បង្គាប់ និង​សកម្ម​ភាព​ដែរ​ឬ​ទេ។ កណ្ឌ​គម្ពីរ​កិច្ចការ​បាន​បង្ហាញ​អំពី​របៀប​ដែល​គាត់​ឆ្លើយ​តប​ចំពោះ​ការ​ល្បងល​នេះ ដោយ​ជំនួយ​ពី​ព្រះ​វិញ្ញាណ​បរិសុទ្ធ។
រឿង​របស់​លោក ពេត្រុស ជា​ថ្ម​ដា​ដែល​មិន​នឹង​នរ បាន​ក្រើន​រំឭក​យើង​ថា ព្រះ​ទ្រង់​ជា​ព្រះ​នៃ​ព្រះ​គុណ និង​ព្រះ​ដែល​ប្រទាន​ឱកាស​លើក​ទី២។ ភាព​កម្សោយ​របស់​យើង​បង្ហាញ​ឲ្យ​យើង​ដឹង​ថា យើង​ត្រូវ​ការ​កម្លាំង ដែល​មិន​មែន​ជា​កម្លាំង​របស់​យើង ដែល​ជា​រង្វាន់​នៃ​កម្លាំង ដែល​មាន​នៅ​ក្នុង​ព្រះ​ដ៏​ជា​ថ្មដា​អស់​កល្ប។ ដូច​នេះ ដែល​យើង​បាន​ដឹង​ថា យើង​អាច​រក​កម្លាំង​នេះ​នៅ​ក្នុង​ព្រះ​អង្គ​សង្គ្រោះ​ដែល​បាន​សុគត​ជំនួស​យើង ហើយ​ត្រាស់​ហៅ​យើង​ឲ្យ​បម្រើ​ព្រះ​អង្គ នោះ​យើង​អាច​ដើរ​ជា​រៀង​រាល់​ថ្ងៃ និង​ធ្វើ​តាម​បង្គាប់​ព្រះ​អង្គ ដោយ​សេចក្តី​ស្រឡាញ់​ចំពោះ​ព្រះអង្គ។ 


ខ​គម្ពីរ​សញ្ជឹង​គិត៖ កិច្ចការ ៥:១៧-៤២
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ អេសេគាល ៣៥-៣៦ និង​យ៉ូហាន ១៧

ប្រភេទ