នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ការឈឺចាប់ ដោយការអាណិត

ការឈឺចាប់ ដោយការអាណិត

ដោយElisa Morgan

October 5, 2025

១កូរិនថូស ១២:២១-២៦
ចូរយកអាសាគ្នាទៅវិញទៅមក យ៉ាងនោះ ទើបបានសំរេចតាមក្រិត្យវិន័យនៃព្រះគ្រីស្ទ។ កាឡាទី ៦:២
នៅពេលដែលដៃរបស់ខ្ញុំមានរបួស នៅត្រង់ម្រាមនាង ខ្ញុំរំពឹងថា ខ្ញុំនឹងមានការឈឺចាប់អស់ជាច្រើនខែ ទំរាំតែវាអាចមានមុខងារពេញលេញឡើងវិញ។ នៅពេលដែលខ្ញុំបានធ្វើចលនា តាមការណែនាំរបស់ពេទ្យ ម្រាមដែលនៅជាប់ម្រាមនាង ក៏បានចាប់ផ្តើមឈឺខ្ទោកៗ ដូចនេះ ខ្ញុំក៏បានទៅប្រឹក្សាយោបល់ជាមួយវេជ្ជបណ្ឌិតរបស់ខ្ញុំ។ គាត់ក៏បានប្រាប់ខ្ញុំថា “វាជាការឈឺចាប់ ដោយការអាណិត”។ ប្រព័ន្ធប្រសាទមានមែកធាងរបស់វា ដែលជាប់ទាក់ទងគ្នារវាងម្រាមនាង និងម្រាមកូន ធ្វើឲ្យពួកវាមានការពឹងផ្អែកទៅលើគ្នាទៅវិញទៅមក។ បើម្រាមមួយឈឺ នោះម្រាមផ្សេងទៀតក៏ចូលរួមឈឺជាមួយដែរ ពោលគឺពួកវាហាក់ដូចជាអាណិតគ្នាទៅវិញទៅមក។ 
សាវ័កប៉ុលក៏បាននិយាយអំពីរូបកាយរបស់មនុស្ស ក្នុងន័យធៀប ដើម្បីបកស្រាយអំពីលក្ខណៈពិសេស និងការរួបរួមរបស់រាស្រ្តរបស់ព្រះ។ ក្នុងបទគម្ពីរ ១កូរិនថូស ១២:២១-២៦ គាត់បាននិយាយសង្កត់ធ្ងន់ អំពីតម្លៃនៃអវយវៈនីមួយៗ ដើម្បីឲ្យរួបកាយទាំងមូលបំពេញមុខងារ និងមានសុខភាពល្អ។ បន្ទាប់មក គាត់ក៏បាននិយាយ អំពីការរួបរួមដែលយើងសម្រេចបាន នៅពេលណាយើងមានចំណងទាក់ទងជាមួយគ្នា។ “បើអវយវៈ១ឈឺ នោះទាំងអស់នឹងឈឺជាមួយគ្នា”(ខ.២៦)។ គាត់ក៏បានពិពណ៌នា អំពីចំណងទាក់ទងក្នុងពួកជំនុំ ក្នុងកណ្ឌគម្ពីរសំបុត្រផ្សេងទៀតផងដែរ គឺដូចដែលគាត់បានបង្រៀនយើងឲ្យ “យំ ជាមួយនឹងអ្នកណាដែលយំផង” ហើយ “យកអាសាគ្នាទៅវិញទៅមក”(រ៉ូម ១២:១៥ កាឡាទី ៦:២)។ 
នៅថ្ងៃនេះ ខណៈពេលដែលខ្ញុំចាប់ដៃនរណាម្នាក់ ដើម្បីស្វាគមន៍គាត់ ឬចាប់កាន់ស្រាបព្រា រៀបចំម្ហូបអាហារដើម្បីទទួលភ្ញៀវ ខ្ញុំបានកត់សំគាល់ឃើញថា ម្រាមនាង និងម្រាមកូនរបស់ខ្ញុំមានការឈឺចាប់។ ផ្នែកផ្សេងៗនៃរូបកាយរបស់យើង ធ្វើការជាមួយគ្នា ដើម្បីបង្ហាញការឈឺចាប់ និងជួយទ្រទ្រង់គ្នាទៅវិញទៅមក ឆ្ពោះទៅរកសុខភាពល្អ។ ខ្ញុំសូមអរព្រះគុណព្រះអង្គ ដែលបានបើកបង្ហាញឲ្យយើងដឹងថា យើងត្រូវការចំណងទាក់ទងជាមួយគ្នា ក្នុងរូបកាយខាងវិញ្ញាណ ដែលជាពួកជំនុំ តាមរយៈការអាណិតគ្នាទៅវិញមក ក្នុងពេលដែលនរណាម្នាក់មានការឈឺចាប់។—Elisa Morgan

តើព្រះទ្រង់បានហៅអ្នកឲ្យរងទុក្ខជាមួយអ្នកដទៃដូចម្តេចខ្លះ ដើម្បីជួយអ្នក
និងគាត់ឲ្យមានភាពរឹងមាំ? តើអ្នកដទៃបានរងទុក្ខជាមួយអ្នកដូចម្តេចខ្លះ? 
ឱព្រះអម្ចាស់ សូមព្រះអង្គជួយទូលបង្គំឲ្យបើកចំហចិត្តទទួលការត្រាស់ហៅ 
ឲ្យរងទុក្ខជាមួយបងប្អូនក្នុងព្រះគ្រីស្ទ ដើម្បីជួយឲ្យយើងខ្ញុំមានភាពរឹងមាំឡើង។
Visit ODBU.org/CC205 to discover how to best help people through their pain.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសាយ ២៣-២៥ និង ភីលីព ១
 

ល្ងាច

ភាព​ក្លាហាន​ដោយ​ព្រះ​វិញ្ញាណ​ដឹក​នាំ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ភាព​ក្លាហាន​ដោយ​ព្រះ​វិញ្ញាណ​ដឹក​នាំ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

October 5, 2025

«តែ​បើ​ឯង​ខ្លាច​នឹង​ទៅ នោះ​ឲ្យ​នាំ​ពូរ៉ា ជា​អ្នក​បំរើ​របស់​ឯង ចុះ​ទៅ​ជា​មួយ​ផង​ចុះ។ ឯង​នឹង​បានឮ​សេចក្ដី​ដែល​គេ​ថា ហើយ​លំដាប់​នោះ​ឯង​នឹង​មាន​កម្លាំង​ដៃ​ខ្លាំង​ឡើង អាច​ចុះទៅ​ទាស់​នឹងគេ​បាន» (ពួកចៅហ្វាយ ៧:១០-១១)។
ការ​រាថយ​ដោយ​ការ​ភ័យ​ខ្លាច តែង​តែ​ងាយ​ស្រួល​ជាង​ការ​បោះ​ជំហាន​ទៅ​មុខ​ដោយ​ជំនឿ។ វា​ងាយ​ស្រួល​ជាង តែ​មិន​ដែល​ល្អ​ជាង​ទេ។ លោក គេឌាន មាន​ការ​ភ័យ​ខ្លាច​ច្រើន ដែល​បណ្ដាល​ឲ្យ​មាន​ការ​ស្ទាក់​ស្ទើរ។ គាត់​ស្ទាក់​ស្ទើរ នៅ​ពេល​ដែល​ទេវតា​របស់​ព្រះ​យេហូវ៉ា​បាន​ត្រាស់​ហៅ​គាត់​ឲ្យ​ដឹក​នាំ​ប្រជាជន​អ៊ីស្រាអែល (ពួកចៅហ្វាយ ៦:១៣, ១៥)។ គាត់​ស្ទាក់​ស្ទើរ នៅ​ពេល​ដែល​សត្រូវ​របស់​ពួក​អ៊ីស្រាអែល​ប្រមូល​ផ្តុំ​គ្នា ដើម្បី​តតាំង​នឹង​គាត់ (ខ៣-៤០)។ ហើយ​គាត់​ហាក់​ដូចជា​ស្ទាក់​ស្ទើរ​ម្តង​ទៀត នៅ​ពេល​យប់ មុន​ពេល​សង្គ្រាម​ ដែល​ក្នុង​នោះ​ព្រះ​ទ្រង់​បាន​សន្យា​ថា នឹង​ប្រទាន​ជ័យ​ជម្នះ (៧:៩-១០)។ ហើយ​ព្រះ​អង្គ​ក៏​បាន​មាន​បន្ទូល ចូល​ទៅ​ក្នុង​ការ​ភ័យ​ខ្លាច និង​ការ​ស្ទាក់ស្ទើរ​នេះ។ ចូរ​យើង​កត់​សម្គាល់​អំពី​ព្រះ​គុណ និង​ភាព​អត់​ធ្មត់​ដែល​ទ្រង់​មាន ចំពោះ​លោក គេឌាន នៅ​ពេល​ដែល​ទ្រង់​មាន​បន្ទូល​ថា «បើ​ឯង​ខ្លាច​នឹង​ទៅ…» ហើយ​ព្រះ​អង្គ​ក៏​បាន​លើក​ទឹក​ចិត្ត​គាត់ ឲ្យ​នាំ​អ្នក​បម្រើ​គាត់​ទៅ​កន្លែង​បោះ​ជំរុំ​ជា​មួយ​គាត់។ នេះ​ជា​របៀប​ឆ្លើយ​តប​ចំពោះ​ការ​ភ័យ​ខ្លាច​របស់​លោក គេឌាន ដោយ​យល់​ចិត្ត​គាត់។ គឺ​បាន​ទទួល​ស្គាល់​ថា ក្នុង​សាច់​ឈាម​របស់​គាត់​ជា​មនុស្ស គាត់​មាន​ហេតុផល​ធំ​មួយ​ដែល​ត្រូវ​ភ័យ​ខ្លាច។ គាត់​ហៀប​នឹង​ចូល​ទៅ​ច្បាំង​នឹង​សត្រូវ​ដែល​មាន​កង​ទ័ព​ច្រើន​ជាង​គាត់​១០ដង។ ព្រះ​អម្ចាស់​មិន​បាន​ស្តី​បន្ទោស​គាត់ ដោយ​សារ​ការ​ភ័យ​ខ្លាច​នេះ​ទេ តែ​ព្រះ​អង្គ​បាន​ផ្តល់​ឲ្យ​គាត់​នូវ​ហេតុ​ផល​ដែល​ត្រូវ​ទុក​ចិត្ត​ព្រះ​អង្គ។ 
យើង​ក៏​ត្រូវ​ការ​ព្រះ​បន្ទូល​លើក​ទឹក​ចិត្ត​ដូច​នេះ​ពី​ព្រះ​អម្ចាស់​ផង​ដែរ។ យើង​ច្រើន​តែ​មិន​ងាយ​នឹក​ឃើញ​ថា យើង​អាច​ថ្វាយ​ការ​ព្រួយ​បារម្ភ​របស់​យើង​ដល់​ព្រះ​អង្គ​ទេ (១ពេត្រុស ៥:៧)។ យើង​អាច​ដាក់​បន្ទុក និង​ការ​ភ័យ​ខ្លាច​របស់​យើង​ចុះ នៅ​ទាប​ព្រះ​បាទ​របស់​ព្រះ​អង្គ។ ព្រះ​អង្គ​អនុញ្ញាត​ឲ្យ​យើង​ចូល​មក​រក​ព្រះ​អង្គ ពេល​យើង​មិន​ដឹង​ថា ត្រូវ​ធ្វើ​ដូច​ម្ដេច។ ហើយ​ព្រះ​អង្គ​តែង​តែ​ឆ្លើយ​តប​ដោយ​ព្រះ​គុណ និង​ការ​យល់​ចិត្ត​យើង។ 
អ្វី​ដែល​ធ្វើ​ឲ្យ​រឿង​នេះ​កាន់​តែ​មាន​ន័យ​ទៀត​នោះ គឺ​ការ​ឆ្លើយ​តប​របស់​លោក គេឌាន ចំពោះ​ព្រះ​បន្ទូល​ដ៏​សុភាព​របស់​ព្រះ។ ក្នុង​អំឡុង​ពេល​គាត់​ទៅ​ឈ្លប​មើល​ទី​បោះ​ជំរុំ​របស់​កងទ័ព​សត្រូវ គាត់​បាន​ឮ​មនុស្ស​ពីរ​នាក់​ជជែក​គ្នា អំពី​ការ​យល់​សប្តិ​ដែល​ក្នុង​ចំណោម​ពួក​គេ​មាន​ម្នាក់​កាត់​ស្រាយ​ថា ពួក​គេ​នឹង​ដួល​​នៅ​ពី​ក្រោម​ដាវ​របស់​លោក គេឌាន ព្រោះ​ព្រះ​បាន​ប្រគល់​ពួក​ម៉ាឌាន ព្រម​ទាំង​កងទ័ព​របស់​ពួក​គេ​ទាំង​អស់​ទៅ​ក្នុង​កណ្ដាប់​ដៃ​គាត់​ហើយ (ពួកចៅហ្វាយ ៧:១៤)។ នៅ​ពេល​ដែល​លោក គេឌាន បាន​ឮ​ដូច​នេះ គាត់​ក៏​បាន​ដឹង​ថា ព្រះ​ទ្រង់​ពិត​ជា​បាន​យាង​ទៅ​មុខ​គាត់ ដើម្បី​ធ្វើ​អ្វី​ដែល​គាត់​មិន​អាច​ធ្វើ​ដោយ​ខ្លួន​ឯង​បាន តើ​គាត់​ធ្វើ​ដូច​ម្ដេច? គឺ «គាត់​ក្រាប​ថ្វាយ​បង្គំ» (ខ.១៥)។ ការ​ឆ្លើយ​តប​ដូច​នេះ គឺ​ពិត​ជា​មាន​ន័យ​ណាស់។ នៅ​ចំពោះ​មុខ​ឧបសគ្គ​ដែល​មិន​អាច​ឆ្លង​កាត់​ដោយ​ខ្លួន​ឯង​បាន តែ​បាន​ទទួល​ការ​ធានា​ពី​ព្រះ​បន្ទូល​សន្យា អ្នក​ដឹក​នាំ​ដែល​មាន​ការ​ភ័យ​ខ្លាច មាន​ភាព​ផុយ​ស្រួយ និង​មិន​ទំនង បាន​បង្ហូរ​ចេញ​ការ​សរសើរ​តម្កើង ហើយ​ក៏​បាន​ប្រើ​សេចក្តី​ក្លាហាន​មក​ពី​ព្រះ ដើម្បី​ដឹក​នាំ​ទ័ព​របស់​គាត់។ ភាព​ក្លាហាន​របស់​គាត់​កើត​ចេញពី​ពេល​ស្ងាត់​ស្ងៀម​ជា​មួយ​ព្រះ​អម្ចាស់។ 
ភាព​ក្លាហាន​តាម​បែប​មនុស្ស ដែល​ប្រើ​ប្រាស់​អ្នក​ដទៃ​ដើម្បី​ប្រយោជន៍​ខ្លួន​ឯង មាន​ភាព​ខុស​គ្នា​ស្រឡះ​ពី​ភាព​ក្លាហាន​ដែល​ដឹកនាំ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ។ ភាព​ក្លាហាន​ទី​មួយ​ពឹង​ផ្អែក​ទៅ​លើ​ការ​ប្រឹង​ប្រែង​របស់​មនុស្ស ហើយ​មាន​ភាព​ផុយ​ស្រួយ តែ​ភាព​ក្លាហាន​ទីពីរ​កើត​ចេញ​ពី​ការ​បន្ទាប​ខ្លួន​នោះ​ចំពោះ​ព្រះ ដោយ​ទទួល​ស្គាល់​ភាព​កម្សោយ​របស់​យើង ហើយ​ទុក​ចិត្ត​លើ​ព្រះ​ចេស្ដា​របស់​ព្រះ ដែល​នេះ​ជា​គ្រឹះ​ដ៏​រឹងមាំ​ដែល​យើង​អាច​ឈរ​ពីលើ​បាន។ 
ថ្នាំ​បន្សាប​សម្រាប់​ការ​ភ័យ​ខ្លាច មិន​មែន​ជា​ការ​គិត​បែប​សរសើរ​ខ្លួន​ឯង​កាន់​តែ​ខ្លាំង ដូច​ដែល​មនុស្ស​ជា​ច្រើន​បាន​អះអាង​នោះ​ទេ។ តែ​ជា​ការ​គិត បែប​សរសើរ​តម្កើង​ព្រះ​កាន់​តែ​ខ្លាំង​ឡើង។ គឺ​ត្រូវ​ទុក​ចិត្ត​លើ​ជំនួយ​របស់​ព្រះ​អង្គ ដែល​អាច​ប្រទាន​ឲ្យ​អ្នក​មាន​ភាព​ក្លាហាន​ដែល​បរិសុទ្ធ និង​មាន​ការ​បន្ទាប​ខ្លួន គ្មាន​អ្វី​អាច​ប្រៀប​ផ្ទឹម​បាន។ 
តើ​អ្នក​កំពុង​ខ្លាច​អ្វី នៅ​ពេល​ឥឡូវ​នេះ? តើ​អ្នក​បាន​ជួប​ការ​ល្បួង​ឲ្យ​ចង់​រាថយ​ដូច​ម្ដេច​ខ្លះ ទោះ​ព្រះ​កំពុង​ត្រាស់​ហៅ​អ្នក​ឲ្យ​ដើរទៅ​មុខ​ដោយ​ការ​ស្តាប់​បង្គាប់​ក៏​ដោយ?  ចូរ​នាំ​ការ​ភ័យ​ខ្លាច​របស់​អ្នក​មក​ថ្វាយ​ដល់​ព្រះ។ ចូរ​ទូល​សូម​ព្រះ​អង្គ​បង្ហាញ​អ្នក នូវ​សមត្ថភាព​ធ្វើ​អ្វី​ដែល​អ្នក​មិន​អាច​ធ្វើ​បាន។ ចូរ​ទុក​ចិត្ត ថ្វាយ​បង្គំ ហើយ​ស្តាប់​បង្គាប់​ព្រះ​អង្គ។ 


ខ​គម្ពីរ​សញ្ជឹង​គិត៖ យ៉ូស្វេ ១:១-១១
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ អេសេគាល ៣៧-៣៩ និង​យ៉ូហាន ១៨:១-១៨

ប្រភេទ