នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

គិតពីប្រយោជន៍អ្នកដទៃ

គិតពីប្រយោជន៍អ្នកដទៃ

ដោយMarvin Williams

October 6, 2025

ភីលីព ២:១-១១
ចូររាប់អានគេឲ្យលើសជាងខ្លួនដោយចិត្តសុភាពវិញ កុំឲ្យគ្រប់គ្នាស្វែងរកតែប្រយោជន៍ផ្ទាល់ខ្លួនឡើយ ត្រូវស្វែងរកចំពោះអ្នកដទៃផង។ ភីលីព ២:៣-៤
នៅស្ថានីយសាកអាគុយរថយន្តអគ្គិសនី នៅទូទាំងសហរដ្ឋអាមេរិក មានអ្នកបើកបរខ្លះ បានសម្រាកនៅក្នុងស្ថានីយអស់ពេលយូរជាងធម្មតា នៅពេល “សាកអាគុយឆាប់រហ័ស” ដែលបានរៀបចំមក ដើម្បីជួយអ្នកបើកប្រាស់ឲ្យសាកអាគុយឡានរបស់ខ្លួនក្នុងរយៈពេលខ្លី ហើយបន្តដំណើរទៅមុខទៀត។ ដើម្បីឆ្លើយតបចំពោះអាកប្បកិរិយាដែលមិនកោតក្រែងចិត្តអ្នកដទៃនេះ បណ្ដាញសាកអាគុយឡានធំបំផុត នៅសហរដ្ឋអាមេរិក បានធ្វើការកំណត់ពេលដ៏តឹងរឹង នៅស្ថានីយដែលមានភាពមមាញឹកបំផុត។ នៅពេលដែលអាគុយរបស់ឡានសាកបាន៨៥ភាគរយហើយ អ្នកបើកបរត្រូវតែចាកចេញ ដើម្បីទុកកន្លែងឲ្យឡានផ្សេងទៀតចូលសាកអាគុយ។ 
សាវ័កប៉ុលបានលើកទឹកចិត្តអ្នកជឿព្រះយេស៊ូវ ឲ្យគិតប្រយោជន៍អ្នកដទៃលើសខ្លួនឯង(ភីលីព ២:៣)។ គាត់ក៏បានលើកឡើង អំពីបញ្ហាមួយដែលបានរំខានពួកជំនុំទៅទីក្រុងភីលីពយ៉ាងខ្លាំង គឺភាពអាត្មានិយម។ ពួកគេចង់បានការទទួលស្គាល់ និងចង់បានមុខមាត់ ក្នុងពួកជំនុំ មិនមែនដោយចិត្តបរិសុទ្ធនោះទេ តែដោយចិត្ត “អាត្មានិយម”(ខ.៣)។ សាវ័កប៉ុលបានជំរុញអ្នកជឿ ឲ្យមានគំនិតគិតដូចព្រះគ្រីស្ទ ហើយគិតប្រយោជន៍អ្នកដទៃ(ខ.៤)។ ការនេះមិនមានន័យថា ពួកគេគួរឈប់គិតអំពីតម្រូវការផ្ទាល់ខ្លួននោះទេ តែពួកគេត្រូវបំពេញតម្រូវការរបស់អ្នកដទៃ ក្នុងនាមជាអ្នកដែល “មានគំនិតគិតដូចជាព្រះគ្រីស្ទយេស៊ូវ”(ខ.៥)។ សាវ័កប៉ុលក៏បានលើកទឹកចិត្តពួកជំនុំនៅទីក្រុងភីលីព ឲ្យជម្រុះចោលសេចក្តីអំនួត ហើយគិតប្រយោជន៍អ្នកដទៃ ដោយការបន្ទាបខ្លួន។ តើមានអ្វីជាកត្តាជំរុញចិត្តពួកគេឲ្យគិតប្រយោជន៍អ្នកដទៃ? គឺសេចក្តីស្រឡាញ់។
ខណៈពេលដែលយើងព្យាយាមយកតម្រាប់តាមព្រះគ្រីស្ទ ជារៀងរាល់ថ្ងៃ(ខ.៦-១១) ព្រះអង្គអាចជួយយើងគិតប្រយោជន៍អ្នកដទៃ ដោយគិតអំពីពួកគេដោយក្តីស្រឡាញ់ដូចព្រះយេស៊ូវ។—Marvin Williams

តើអ្នកអាចគិតប្រយោជន៍អ្នកដទៃ លើសខ្លួនឯងដូចម្តេចខ្លះ? 
តើការមើលទៅអ្នកដទៃ ដូចដែលព្រះទ្រង់ទតមើលពួកគេ មានន័យយ៉ាងណាខ្លះ ចំពោះអ្នក? 
ឱព្រះអម្ចាស់ សូមព្រះអង្គជួយទូលបង្គំឲ្យលះបង់ប្រយោជន៍ផ្ទាល់ខ្លួន និងអំនួត ហើយគិតប្រយោជន៍អ្នកដទៃ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសាយ ២៦-២៧ និង ភីលីព ២
 

ល្ងាច

គោល​លទ្ធិ​អំពី​ព្រះ​គម្ពីរ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

គោល​លទ្ធិ​អំពី​ព្រះ​គម្ពីរ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

October 6, 2025

«បទ​គម្ពីរ​ទាំង​ប៉ុន្មាន...មាន​ប្រយោជន៍​សម្រាប់​ការ​បង្រៀន ការ​រំឭក​ឲ្យ​ដឹង​ខ្លួន ការ​ប្រដៅ​ដំរង់ នឹង​ការ​បង្ហាត់​ខាង​ឯ​សេចក្ដី​សុចរិត ដើម្បី​ឲ្យ​អ្នក​សំណប់​របស់​ព្រះ​បាន​គ្រប់​លក្ខណ៍ ហើយ​មាន​គ្រប់​ទាំង​ចំណេះ សម្រាប់​នឹង​ធ្វើ​ការ​ល្អ​គ្រប់​មុខ»  (២ធីម៉ូថេ ៣:‌១៥-១៧)។
អំណាច ភាព​គ្រប់​គ្រាន់ ភាព​ត្រឹម​ត្រូវ និង​ភាព​មិន​ចេះ​ខុស​នៃ​ព្រះ​គម្ពីរ គឺ​ជា​មូលដ្ឋាន​គ្រឹះ​ដាច់​ខាត សម្រាប់​ព្រះ​រាជ​កិច្ច និង​ពួក​ជំនុំ​របស់​ព្រះ ដែល​កំពុង​បន្ត​ទៅ​មុខ។ យើង​មិន​អាច​ទៅ​ឈោង​ចាប់​លោកីយ៍​ដែល​បាត់បង់ និង​កំពុង​ឈឺ​ចាប់​ដោយ​ប្រើ​ដំណឹង​ល្អ​បាន​ទេ ទាល់​តែ​យើង​ជឿ​ថា លក្ខណសម្បត្តិ​ទាំង​នេះ មាន​ប្រភព​មក​ពី​ព្រះ។1
គឺ​ដូច​ដែល​លោក ជេ ស៊ី រ៉ាយ បាន​សរសេរ​ថា បើ​គ្មាន​ព្រះ​គម្ពីរ ធ្វើ​ជា «សៀវភៅ​មក​ពី​ព្រះ សម្រាប់​ឲ្យ​យើង​ងា​ក​ទៅ​រក ធ្វើ​ជា​មូលដ្ឋាន​គ្រឹះ​នៃ​គោល​លទ្ធិ និង​ការ​អនុវត្ត​ទេ» នោះ​គ្រីស្ទ​បរិស័ទ «គ្មាន​មូលដ្ឋាន​គ្រឹះ​ដ៏​រឹងមាំ ដើម្បី​ឲ្យ​មាន​សន្តិភាព និង​ក្តី​សង្ឃឹម ហើយ​ក៏​គ្មាន​សិទ្ធិ​ទាមទារ​មនុស្ស​ជាតិ​ឲ្យ​ចាប់​អារម្មណ៍​ចំពោះ​ការ​ចែក​ចាយ​របស់​ខ្លួន​ឡើយ»។
សាវ័ក ប៉ុល បាន​លើក​ឡើង​អំពី​បញ្ហា​នេះ នៅ​ពេល​ដែល​គាត់​ក្រើន​រំឭក​លោក ធីម៉ូថេ ថា «គ្រប់​ទាំង​បទ​គម្ពីរ គឺ​ជា​ព្រះ​ទ្រង់​បាន​បញ្ចេញ​ព្រះ​វិញ្ញាណ​បណ្ដាល​ឲ្យ​តែង​ទេ»។ អាច​និយាយ​ម្យ៉ាង​ទៀត​ថា ព្រះ​គម្ពីរ​មិន​មែន​ជា​សមិទ្ធផល​ដែល​មនុស្ស​បាន​បង្កើត ដែល​ក្រោយ​មក ព្រះ​ទ្រង់​បាន​បញ្ចូល​អំណាច​របស់​ទ្រង់​នោះ​ទេ តែ​ជា​អំណោយ​មក​ពី​ព្រះ​អង្គ​ដែល​បាន​បង្កើត​ឡើង ដោយ​ប្រើ​ប្រាស់​មនុស្ស​ជា​ឧបករណ៍​សម្រាប់​សរសេរ។ ក្នុង​កណ្ឌ ជំពូក ប្រយោគ និង​ព្យាង្គ​នីមួយៗ គឺ​សុទ្ធ​តែ​បាន​ទទួល​ការ​បណ្ដាល​ពី​ព្រះ​តាំង​ពី​ដំបូង​មក។ 
គោល​លទ្ធិ​អំពី​ព្រះ​គម្ពីរ​ក៏​អាច​ពិបាក​ឲ្យ​យើង​យល់ មិន​ខុស​ពី​គោល​លទ្ធិ​ផ្សេង​ទៀត​របស់​គ្រីស្ទ​បរិស័ទ​ទេ។ ប៉ុន្តែ ការ​ដែល​អ្វីមួយ​ពិបាក​ឲ្យ​យើង​យល់ មិន​មាន​ន័យ​ថា វា​ខ្វះ​សេចក្តី​ពិត​នោះ​ទេ។ ជាង​នេះ​ទៅ​ទៀត ពេល​ណា​យើង​ស្វែង​យល់​អំពី​គោល​លទ្ធិ​អំពី​ព្រះ​គម្ពីរ មាន​រឿង​ជា​ច្រើន​ដែល​យើង​ត្រូវ​ពិចារណា​តាម​សេចក្តី​ពិត។ ឧទាហរណ៍៖ យើង​ងាយ​នឹង​មើល​ឃើញ​ថា ព្រះ​គម្ពីរ​គឺ​ជា​ស្នា​ដៃ​និពន្ធ ដែល​មាន​ភាព​ស៊ីសង្វាក់​គ្នា​ពី​ដើម​ដល់​ចប់។ ព្រះ​គម្ពីរ​ត្រូវ​បាន​និពន្ធ​ដោយ​អ្នក​និពន្ធ​ជាង​៣០នាក់ ក្នុង​រយៈ​ពេល​១៥០០ឆ្នាំ ប៉ុន្តែ អ្នក​និពន្ធ​ទាំង​អស់​សុទ្ធ​តែ​បាន​និយាយ​អំពី​រឿង​តែ​មួយ និង​ធ្វើ​ការ​ពណ៌នា​ដែល​ស៊ីសង្វាក់​គ្នា​អំពី​ពិភពលោក​នេះ អំពី​ព្រះ​ដែល​បាន​បង្កើត​ពិភពលោក និង​អំពី​បញ្ហា​នៃ​ចិត្ត​របស់​មនុស្ស ហើយ​បាន​ចង្អុល​បង្ហាញ​ទៅ​រក​ការ​សង្គ្រោះ​តែ​មួយ ដែល​ព្រះអង្គ​បាន​ប្រទាន​តាម​រយៈ​យញ្ញ​បូជា​នៃ​កូន​ចៀម​នៃ​ព្រះ ចាប់​តាំងពី​កណ្ឌ​លោកុប្បត្ដិ ដល់​កណ្ឌ​វិវរណៈ! 
មនុស្ស​អាច​ប្រើ​ព្រះ​គម្ពីរ ដោយ​មិន​ប្រកាន់​សម័យ​កាល វប្បធម៌ ភេទ និង​កម្រិត​បញ្ញា។ សៀវភៅ​ខ្លះ​មាន​ភាព​សម​ស្រប​តែ​សម្រាប់​មនុស្ស​ខ្លះ នៅ​សម័យ ឬ​កន្លែង​ណា​មួយ ប៉ុន្តែ​គ្មាន​សៀវភៅ​ណា​ដែល​អាច​ឲ្យ​គេ​ប្រើ​បាន​ជា​រៀង​រាល់​ថ្ងៃ និង​គ្រប់​សម័យ​កាល​យ៉ាង​ឥត​ខ្ចោះ និង​ឆ្លើយ​សំណួរ​អំពី​ជីវិត​ដូច​ព្រះ​គម្ពីរ​ឡើយ។ មនុស្ស​ដែល​រៀន​សូត្រ​បាន​ជ្រៅ​បំផុត អាច​រៀន​ព្រះ​បន្ទូល​របស់​ព្រះ​មិន​ចេះ​ចប់ ប៉ុន្តែ​ទន្ទឹម​នឹង​នោះ ក្មេងៗ​ក៏​អាច​អាន​ព្រះ​គម្ពីរ ហើយ​រក​ឃើញ​សេចក្តី​ពិត​ក្នុង​ព្រះ​គម្ពីរ​ដែល​កែ​ប្រែ​ជីវិត។ 
អំណាច ភាព​គ្រប់​គ្រាន់ ភាព​ត្រឹម​ត្រូវ និង​ភាព​មិន​ចេះ​ខុស​នៃ​ព្រះ​គម្ពីរ គឺ​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​ឲ្យ​យើង​ឈរ​ពី​លើ​ដោយ​ជំនួយ​មក​ពី​ព្រះ។ ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន​បណ្ដាល​ចិត្ត​ឲ្យ​គេ​និពន្ធ​ព្រះ​គម្ពីរ ហើយ​ក៏​បាន​ជួយ​ឲ្យ​យើង​យល់​ព្រះ​បន្ទូល​ព្រះ និង​នាំ​ឲ្យ​យើង​ជឿ​ថា ខ​គម្ពីរ​នីមួយៗ​ជា​ព្រះ​បន្ទូល​ព្រះ ដែល​បាន​ប្រទាន​មក​យើង ដើម្បី​ឲ្យ​យើង​ជឿ​ព្រះ​អង្គ ជា​ព្រះ​បន្ទូល​ដែល​យក​កំណើត​ជា​មនុស្ស។ ដោយ​សារ​ព្រះ​វិញ្ញាណ​បាន​ធ្វើ​ការ​នេះ ក្នុង​អ្នក ដើម្បី​ឲ្យ​អ្នក​ជឿ​ថា ព្រះ​គម្ពីរ​គឺ​ជា​ស្នាដៃ​និពន្ធ​របស់​ព្រះ ដោយ​ជួយ​ឲ្យ​អ្នក​មិន​គ្រាន់​តែ​យល់​ស្រប​នឹង​គោល​លទ្ធិ តែ​ក៏​មាន​ចិត្ត​ស្រេក​ឃ្លាន​ព្រះ​បន្ទូល​ព្រះ​កាន់​តែ​ខ្លាំង និង​ស្រេក​ឃ្លាន​រក​ព្រះ​ដែល​ជា​អ្នក​និពន្ធ និង​ជា​ប្រធានបទ​នៃ​ព្រះ​គម្ពីរ។ 


ខ​គម្ពីរ​សញ្ជឹង​គិត៖ ទំនុកតម្កើង ១២
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ អេសេគាល ៤០-៤១ និង​យ៉ូហាន ១៨:១៩-៤០

ប្រភេទ