នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ព្រះទ្រង់ជ្រាប

ព្រះទ្រង់ជ្រាប

ដោយMonica Larose

October 22, 2025

ហេព្រើរ ២:៧-១៥
នោះទ្រង់ក៏ទទួលចំណែកជាសាច់ឈាមដូច្នោះដែរ ដើម្បីឲ្យទ្រង់បានបំផ្លាញអានោះ ដែលមានអំណាចលើសេចក្ដីស្លាប់ គឺជាអារក្ស ដោយទ្រង់សុគត។ ហេព្រើរ ២:១៤
ក្នុងវចនានុក្រមនៃការសោកសង្រេងដែលគេមិនសូវស្គាល់ លោកចូ ខូនីក(Joe Koenig) បានប្រមូលផ្តុំពាក្យថ្មីៗ ដែលពាក្យនីមួយៗត្រូវបានគេច្នៃបង្កើតមក ដើម្បីដាក់ឈ្មោះឲ្យអារម្មណ៍ដ៏រញ៉េរញ៉ៃ ដែលយើងខ្វះពាក្យដាក់។ សៀវភៅរបស់គាត់រាប់បញ្ចូលពាក្យដូចជាពាក្យ dés vu មានន័យថា “ការដឹងថា ពេលនេះនឹងនៅជាប់ក្នុងការចងចាំ” និងពាក្យ onism មានន័យថា “អារម្មណ៍នឿយណាយ ដោយសារខ្លួនឯងជាប់នៅក្នុងរូបកាយតែមួយ ដែលអាចនៅកន្លែងតែមួយ ក្នុងពេលតែមួយ”។ លោកខូនីក បានលើកឡើងថា បេសកកម្មរបស់គាត់ គឺដើម្បីពន្យល់អំពីបទពិសោធន៍ពិសេស និងចម្លែកៗ ក្នុងការរស់នៅជាមនុស្ស ដើម្បីឲ្យពួកគេអាចមានអារម្មណ៍ថា មិនមែនមានតែពួកគេទេ ដែលមានបញ្ហានោះ។ 
យើងមិនតែងតែអាចរកឃើញពាក្យ ដើម្បីពិពណ៌នាអំពីបញ្ហាដែលយើងកំពុងឆ្លងកាត់ទេ តែអ្នកជឿព្រះយេស៊ូវ អាចមានការកម្សាន្តចិត្ត ដោយដឹងថា ព្រះទ្រង់ឲ្យតម្លៃ និងជ្រាបថា ការរស់នៅជាមនុស្សមានលក្ខណៈដូចម្តេច។ ព្រះអង្គឲ្យតម្លៃមកលើមនុស្សខ្លាំងណាស់ បានជាព្រះអង្គផ្ទុកផ្ដាក់មនុស្សជាតិ ឲ្យថែរក្សាស្នាព្រះហស្តរបស់ព្រះអង្គ(ហេព្រើរ ២:៧-៨)។ ហើយតាមរយៈព្រះយេស៊ូវ យើងអាចដឹងថា ព្រះទ្រង់ជ្រាបច្បាស់ថា ការរស់នៅជាមនុស្សមានលក្ខណៈដូចម្តេច។ ព្រះគ្រីស្ទទ្រង់ជាព្រះ ដែលបានយកកំណើតជាមនុស្សទាំងស្រុង ដែលមានន័យថា អ្នកជឿព្រះអង្គបានក្លាយជា “ពួកបងប្អូន” របស់ព្រះយេស៊ូវ(ខ.១២)។
ព្រះគ្រីស្ទមិនគ្រាន់តែជ្រាប អំពីទុក្ខលំបាក និងការល្បួងរបស់យើងប៉ុណ្ណោះទេ(៤:១៥) តែទ្រង់ក៏បានវាយបំបាក់ “អំណាចដែលសេចក្តីស្លាប់” មានមកលើជីវិតយើង(២:១៤)។ ដោយសារព្រះអង្គ យើងមិនចាំបាច់ត្រូវមានការភ័យខ្លាច ឬឯកោ ដោយសារបញ្ហាដែលយើងជួបប្រទះនោះទេ។ ផ្ទុយទៅវិញ ចូរយើងអបអរអំណោយនៃការរស់នៅជាមនុស្ស។—Monica La Rose

តើអ្នកមានទុក្ខលំបាកអ្វី ដែលពេលខ្លះ អ្នកពិបាកស្វែងរកពាក្យពិពណ៌នា?
 តើវាបានលើកទឹកចិត្តអ្នកឲ្យស្គាល់ព្រះ និងជួយឲ្យអ្នកយល់អំពីអត្ថប្រយោជន៍នៃទុក្ខលំបាករបស់អ្នកដូចម្តេចខ្លះ? 
ឱព្រះអង្គអើយ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបានឲ្យតម្លៃមកលើការរស់នៅជាមនុស្ស និងជ្រាបអំពីទុក្ខលំបាករបស់ទូលបង្គំ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសាយ ៦៥-៦៦ និង ១ធីម៉ូថេ ២

ល្ងាច

ចម្លើយ​នីមួយៗ​ដែល​យើង​ត្រូវ​ការ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ចម្លើយ​នីមួយៗ​ដែល​យើង​ត្រូវ​ការ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

October 22, 2025

«កំពុង​ដែល​ប៉ុល​ចាំ​គេ​នៅ​ក្រុង​អាថែន នោះ​គាត់​មាន​សេចក្ដី​រំជួល​ក្នុង​ចិត្ត​ជា​ខ្លាំង ដោយ​ឃើញ​មាន​រូប​ព្រះ​នៅ​ពេញ​ក្នុង​ទីក្រុង​នោះ ដូច្នេះ គាត់​ក៏​ជជែក​ពន្យល់​ដល់​សាសន៍​យូដា នឹង​ពួក​អ្នក​ដែល​ថ្វាយ​បង្គំ​ក្នុង​សាលា​ប្រជុំ​គេ ហើយ​នៅ​ទី​ផ្សារ ជា​មួយ​នឹង​អស់​អ្នក​ដែល​មក​ជួប​នឹង​គាត់​រាល់​តែ​ថ្ងៃ​ដែរ» (កិច្ចការ ១៧:១៦-១៨)។
នៅ​ពេល​ដែល​សាវ័ក ប៉ុល និយាយ​អំពី​បញ្ញា​វន្ត​នៅ​សម័យ​គាត់​ក្នុង​ទីក្រុង​អាថែន គាត់​បាន​រក​ឃើញ​ថា អ្នក​ស្តាប់​ការ​បង្រៀន​របស់​គាត់ បាន​ទទួល​រង​ឥទ្ធិពល​ពី​ទស្សន​វិជ្ជា​ជា​មូល​ដ្ឋាន​ពីរ​គឺ លទ្ធិ​ស្ទយអ៊ីក (Stoicism) និង​លទ្ធិ​អេពីឃើរាន (Epicureanism)។ លទ្ធិ​ស្ទយអ៊ីក​ជឿ​ថា ហេតុការណ៍​ក្នុង​លោកីយ៍​ត្រូវ​បាន​កំណត់​ដោយ​ជោគ​វាសនា​ដែល​គ្មាន​ក្តី​មេត្តា គ្មាន​មនោសញ្ចេតនា និង​អមនុស្ស​ធម៌ តែ​ចំណែក​ឯ​លទ្ធិ​អេពីឃើរីន​វិញ បាន​បង្រៀន​ថា អ្វី​ដែល​ល្អ​គឺ​ត្រូវ​បាន​កំណត់​ដោយ​វា​នាំ​ឲ្យ​សប្បាយ​ចិត្ត​បំផុត។ ទស្សន​វិជ្ជា​ទាំង​ពីរ​នេះ​សុទ្ធ​តែ​មិន​អាច​ឲ្យ​កូន​របស់​ព្រះ​ដ៏​មាន​ចេស្ដា​ពឹង​ផ្អែក​បាន​ទេ។ លក្ខណៈ​ពិសេស​បំផុត​របស់​ជំនឿ​របស់​គ្រីស្ទ​បរិស័ទ គឺ​នៅ​ត្រង់​ថា យើង​អាច​បក​ស្រាយ​ទស្សនៈ​ដែល​យើង​មាន​ចំពោះ​លោក​បាន​យ៉ាង​ច្បាស់។ យើង​ដឹង​ថា ពេល​វេលា​របស់​យើង​ស្ថិត​ក្នុង​ព្រះ​ហស្ត​ព្រះ (ទំនុកតម្កើង ៣១:‌១៥) គឺ​ខុស​ពី​វប្បធម៌​ជា​ច្រើន​នៅ​ជុំ​វិញ​យើង ដែល​ជឿ​ថា យើង​កំពុង​ជាប់​ខ្លួន ក្នុង​ចំណង​នៃ​អំណាច​ដែល​យថា​កម្ម​ដែល​គ្មាន​សណ្ដាប់​ធ្នាប់ ឬ​ត្រូវ​បក់​បោក​ចុះ​ឡើងៗ ក្នុង​មហា​សមុទ្រ​នៃ​ភាព​ចៃដន្យ​នោះ​ឡើយ។ ទោះ​មនុស្ស​បាន​ទទួល​ការ​អូសទាញ ពី​លទ្ធិ​ម៉ាក​និយម សាសនា​ហិណ្ឌូ លទ្ធិ​បដិវត្ត ឬ​ទស្សន​វិជ្ជា និង​សាសនា​ជា​ច្រើន​រាប់​មិន​អស់​ក៏​ដោយ ក៏​ពួក​គេ​រាល់​គ្នា​នៅ​តែ​ប្រឈម​មុខ​ដាក់​សំណួរ​ដែល​គ្មាន​ចម្លើយ និង​ភាព​ខ្វះ​ចន្លោះ​នៃ​ជំនឿ​របស់​ពួក​គេ។ តើ​ពួក​គេ​បាន​ជាប់​ខ្លួន​នៅ​ក្នុង​ការ​តស៊ូ ដើម្បី​បង្កើត​សង្គម​ដែល​គ្មាន​វណ្ណៈ ឬ​ក្នុង​វាល​វដ្ដ​សង្សារ​នៃ​ការ​ស្លាប់ និង​ការ​កើត និង​ការ​ស្លាប់​ឬ?  ប្រហែល​ជា​ពួក​គេ​គិត​ថា ជីវិត​គ្មាន​ន័យ​ទាល់​តែ​សោះ។ ទោះ​នរណា​ម្នាក់​មាន​សំណួរ ឬ​ជំនឿ​ដូច​ម្ដេច​ក៏​ដោយ ព្រះ​ទ្រង់​បាន​ប្រទាន​ចម្លើយ​ទាំង​អស់​ដែល​ពួក​គេ​ត្រូវ​ការ។ យើង​មិន​រស់​នៅ​ក្នុង​ទ្រុង​នៃ​ជោគ​វាសនា​ដែល​គ្មាន​ន័យ គ្មាន​មេត្តា ឬ​នៅ​ក្នុង​ភាព​មិន​ច្បាស់​លាស់​ដែល​គ្មាន​ទី​បញ្ចប់​នោះ​ទេ ផ្ទុយ​ទៅ​វិញ យើង​ដែល​ជា​អ្នក​ជឿ​ព្រះ រស់​នៅ​ដោយ​ក្តី​សង្ឃឹម​ដ៏​ស្ថិត​ស្ថេរ។ ព្រះ​ទ្រង់​បាន​ផ្ទុកផ្ដាក់​ចម្លើយ​ទាំង​អស់​ដល់​យើង តាម​រយៈ​ព្រះ​បន្ទូល​ព្រះ​អង្គ ដូច​សាវ័ក ប៉ុល ផង​ដែរ គឺ​ចម្លើយ​ដែល​យើង​ត្រូវ​ចែក​ចាយ​ដល់​លោកីយ៍​ទាំង​មូល។ ព្រះ​អង្គ​បាន​ប្រទាន​យើង នូវ​ទំនុក​ចិត្ត​ខ្លាំង​បំផុត ហើយ​ព្រះ​នាម​ព្រះ​អង្គ​គឺ​ព្រះ​យេស៊ូវ។ 
ដូច​នេះ យើង​មិន​ត្រូវ​សួរ​ថា តើ​យើង​មាន​ព្រះ​បន្ទូល​ព្រះ​ដែល​អាច​ឆ្លើយ​តប​ចំពោះ​តម្រូវ​ការ​ជ្រាល​ជ្រៅ​បំផុត​របស់​មនុស្ស និង​ការ​បដិសេធន៍​ផ្សេង​របស់​ទស្សន​វិជ្ជា និង​សាសនា​ដទៃ​នោះ​ទេ ព្រោះ​យើង​មាន​ហើយ។ សំណួរ​ដែល​ត្រូវ​សួរ​នោះ​គឺ តើ​យើង​នឹង​ចែក​ចាយ​ព្រះ​បន្ទូល​នោះ​ដែរ​ឬ​ទេ?  កាល​សាវ័ក ប៉ុល នៅ​ទីក្រុង​អាថែន គាត់​បាន​មើល​ឃើញ​អ្វី​ដែល​អ្នក​ដទៃ​មើល​មិន​ឃើញ។ គាត់​មិន​បាន​អរ​សប្បាយ​នឹង​វិមាន​ដែល​មនុស្ស​ស្ញប់​ស្ញែង ហើយ​គាត់​ក៏​មិន​ស្ងើច​សរសើរ​ទីក្រុង​ដែល​មាន​កេរ្តិ៍​ឈ្មោះ​ខាង​បញ្ជា​វន្ត​នោះ​ទេ។ ប៉ុន្តែ គាត់​បាន​ឃើញ​ទី​ក្រុង​មួយ ដែល​កំពុង​វង្វេង​នៅ​ក្នុង​ការ​ថ្វាយ​បង្គំ​រូប​ព្រះ ដែល​បាន​លួច​សិរី​ល្អ ដែល​មានតែ​ព្រះអង្គ​ទេ​សក្តិ​សមនឹង​ទទួល។ ហេតុ​នេះ​ហើយ គាត់​មិន​បាន​ខ្វល់​អំពី​មុខ​មាត់​របស់​គាត់​ទេ តែ​គាត់​បាន​ចែក​ចាយ និង​ប្រកាស​ដោយ​មាន​ហេតុផល​អំពី​ដំណឹង​ល្អ​នៃ​ក្តី​សង្ឃឹម​នៃ​ការ​រស់​ពី​ស្លាប់​ឡើង​វិញ ទៅ​កាន់​ប្រជាជន​នៅ​ទីក្រុង​នោះ (កិច្ចការ ១៧:‌១៨)។ 
ទោះ​អ្នក​រស់​នៅ​កន្លែង​ណា​ក៏​ដោយ អ្នក​ប្រហែល​ជា​មាន​អារម្មណ៍​ថា អ្នក​ហាក់​ដូច​ជា​កំពុង​រស់​នៅ​ក្នុង​ទីក្រុង​អាថែន​សម័យ​ទំនើប​តាម​របៀប​ណា​មួយ។ តើ​មាន​រូប​ព្រះ​អ្វី​ខ្លះ​ដែល​មនុស្ស​នៅ​ជុំ​វិញ​អ្នក​កំពុង​ថ្វាយ​បង្គំ? តើ​វិញ្ញាណ​របស់​អ្នក​មាន​ការ​ឈឺ​ចាប់​ដោយ​សារ​រឿង​នេះ​ទេ?  អ្នក​មាន​ចម្លើយ​មួយ ដែល​អាច​ចម្អែត​ការ​ស្រេក​ឃ្លាន​របស់​មនុស្ស​តាម​របៀប​ដែល​រូប​ព្រះ​មិន​អាច​ធ្វើ​បាន។ អ្នក​មាន​ឱកាស​ថ្វាយ​សិរី​ល្អ​ដល់​ព្រះ។ តើ​អ្នក​អាច​និយាយ​លើក​ហេតុផល​ជា​មួយ​នរណា​ដោយ​សួរ​គេ​ថា «តើ​អ្នក​ដឹង​ទេ​ថា អ្វី​ដែល​អ្នក​កំពុង​តែ​ថ្វាយ​បង្គំ​នឹង​មិន​ធ្វើ​ឲ្យ​អ្នក​ស្កប់​ចិត្ត​ទេ?  តើ​ខ្ញុំ​អាច​ដាស់​តឿន​អ្នក​បាន​ទេ​ថា អ្នក​កំពុង​តែ​ព្រងើយ​កន្តើយ​ចំពោះ​ព្រះ​ពិត ដែល​ជួយ​ឲ្យ​ជីវិត​អ្នក​មាន​ន័យ និង​មាន​ក្តី​សង្ឃឹម តែ​គេ​មិន​អាច​ចំអក​ឲ្យ​ព្រះអង្គ​បានទេ? តើ​ខ្ញុំ​អាច​ប្រាប់​អ្នក​អំពី​ចម្លើយ​ដែល​ខ្ញុំ​បាន​រក​ឃើញ ក្នុង​ការ​ស្គាល់​ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​ទេ?» 


ខ​គម្ពីរ​សញ្ជឹង​គិត៖ ១ថែស្សាឡូនីច ១:១-១០
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ ១សាំយ៉ូអែល ២៥-២៦ និង​១ធីម៉ូថេ ២

ប្រភេទ