នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ធ្វើឲ្យខ្យល់ព្យុះស្ងប់

ធ្វើឲ្យខ្យល់ព្យុះស្ងប់

ដោយJennifer Benson Schuldt

October 21, 2025

ម៉ាកុស ៤:៣៥-៤១
ហេតុអ្វីបានជាអ្នករាល់គ្នាភ័យដល់ម្ល៉េះ? ម្ដេចក៏គ្មានសេចក្ដីជំនឿ? ម៉ាកុស ៤:៤០
ក្មួយស្រីរបស់ខ្ញុំអាយុ៣ឆ្នាំ បានចាប់ផ្តើមយល់ដឹងថា នាងអាចទុកចិត្តលើព្រះយេស៊ូវ ក្នុងគ្រប់កាលៈទេសៈទាំងអស់។ នៅពេលយប់មួយនោះ ខណៈពេលដែលនាងអធិស្ឋាន មុនពេលចូលគេង ក្នុងអំឡុងព្យុះរន្ទះបាញ់ នាងក៏បានសង្រួមដៃចូលគ្នា បិទភ្នែក ហើយនិយាយថា “ឱព្រះយេស៊ូវ ទូលបង្គំដឹងថា ព្រះអង្គគង់នៅជាមួយយើងខ្ញុំ។ ទូលបង្គំដឹងថា ព្រះអង្គស្រឡាញ់យើងខ្ញុំ។ ហើយទូលបង្គំដឹងថា ខ្យល់ព្យុះនឹងស្ងប់នៅពេលដែលព្រះអង្គប្រាប់វាឲ្យស្ងប់”។
ខ្ញុំសង្ស័យថា ថ្មីៗនេះ នាងប្រហែលជាបានស្តាប់រឿងព្រះយេស៊ូវ និងពួកសាវ័កឆ្លងសមុទ្រកាលីឡេ។ ក្នុងរឿងនោះ ព្រះយេស៊ូវបានផ្ទំលក់ នៅលើកន្សៃទូក មុនពេលមានខ្យល់ព្យុះបក់បោកមក ធ្វើឲ្យទូកហៀបនឹងលិច។ ពួកសាវ័កក៏បានដាស់ព្រះយេស៊ូវ ហើយទូលថា “លោកគ្រូអើយ យើងវិនាសហើយលោកមិនរវល់ទេឬអី?” ព្រះយេស៊ូវមិនបានមានបន្ទូលទៅកាន់ពួកគេភ្លាមៗទេ តែផ្ទុយទៅវិញ ព្រះអង្គបានបង្គាប់ខ្យល់ព្យុះឲ្យស្ងប់ ហើយវាក៏បានស្ងប់(ម៉ាកុស ៤:៣៨-៣៩)។
ភ្លាមៗនោះ ទឹកក៏បានឈប់សាចចូលក្នុងទូកទៀត។ កម្លាំងខ្យល់បោកបក់ក៏បានស្ងប់។ ភាពស្ងាត់ស្ងៀមក៏បានកើតមាន ព្រះយេស៊ូវងាកទៅរកពួកសិស្ស ហើយមានបន្ទូលថា “ហេតុអ្វីបានជាអ្នករាល់គ្នាភ័យដល់ម្ល៉េះ? ម្ដេចក៏គ្មានសេចក្ដីជំនឿ?”(ខ.៤០)។ ខ្ញុំស្រមៃថា ពួកគេមើលមកព្រះអង្គ ដោយបើកភ្នែកធំៗ ខណៈពេលដែលទឹកកំពុងស្រក់ពីលើមុខ កាត់តាមពុកចង្ការបស់ពួកគេ។ 
ចុះបើសិនជាយើងអាចរស់នៅក្នុងពេលសព្វថ្ងៃ ដោយចិត្តស្ញប់ស្ញែងដូចពួកសាវ័ក ក្នុងហេតុការណ៍នោះ? ចុះបើសិនជាយើងអាចជម្នះការព្រួយបារម្ភនីមួយៗ ដោយនឹកចាំអំពីអំណាច និងព្រះចេស្តារបស់ព្រះយេស៊ូវសារជាថ្មី? ជំនឿរបស់យើង ដែលមានលក្ខណៈដូចកូនក្មេង អាចបណ្តេញការភ័យខ្លាចរបស់យើង។ ចូរយើងជឿថា យើងអាចជម្នះខ្យល់ព្យុះនីមួយៗដែលយើងជួបប្រទះក្នុងជីវិត ដោយសេចក្តីមេត្តារបស់ព្រះអង្គ។—Jennifer Benson Schuldt

តើក្នុងការរស់នៅ ជំនឿរបស់អ្នកមានឧបសគ្គអ្វីខ្លះ? តើធ្វើដូចម្តេចឲ្យអ្នក
អាចមានចិត្តស្ញប់ស្ញែងសារជាថ្មី ចំពោះភាពអស្ចារ្យនៃព្រះយេស៊ូវ? 
ឱព្រះយេស៊ូវ សូមព្រះអង្គបង្កើនជំនឿរបស់ទូលបង្គំ ខណៈពេលដែលទូលបង្គំ
ជញ្ជឹងគិតអំពីព្រះចេស្តា និងព្រះវត្តមានរបស់ព្រះអង្គ។ 
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសាយ ៦២-៦៤ និង ១ធីម៉ូថេ ១
 

ល្ងាច

ព្រះ​អង្គ​សព្វ​ព្រះទ័យ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ព្រះ​អង្គ​សព្វ​ព្រះទ័យ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

October 21, 2025

«ចូរ​ខំ​ប្រឹង​នឹង​ថ្វាយ​ខ្លួន​ដល់​ព្រះ ទុក​ជា​មនុស្ស​ដែល​បាន​ល្បងល​ជាប់​ហើយ ជា​អ្នក​ធ្វើ​ការ ដែល​មិន​ត្រូវ​ខ្មាស​ឡើយ» (២ធីម៉ូថេ ២:១៥)។
តើ​អ្នក​រស់​នៅ ដើម្បី​ការ​សរសើរ​របស់​នរណា? 
តាម​សាច់​ឈាម យើង​ចង់​បាន​ការ​សរសើរ​របស់​អ្នក​ដទៃ។ ប៉ុន្តែ ក្នុង​នាម​យើង​ជា​អ្នក​ជឿ​ព្រះ ការ​សរសើរ​ដែល​យើង​គួរ​ប្រាថ្នា​ចង់​បាន​លើស​ការ​សរសើរ​ទាំង​អស់ គឺ​ការ​សរសើរ​របស់​ព្រះ។ យើង​គួរ​ឈប់​បង្អង់​សិន ដើម្បី​ពិចារណា​អំពី​សេចក្តី​ពិត​គួរ​ស្ញប់​ស្ញែង​ដែល​ថា នៅ​ថ្ងៃ​នេះ ការ​អ្វី​ដែល​យើង​ធ្វើ​អាច​គាប់​ព្រះ​ទ័យ​ដល់​ព្រះ ដែល​ទ្រទ្រង់​ចក្រវាល​ទាំង​មូល (១ថែស្សាឡូនីច ៤:១) ហើយ​នៅ​ថ្ងៃ​មួយ ព្រះ​អង្គ​នឹង​ស្វាគមន៍​អ្នក​ដែល​បាន​រស់​នៅ​ថ្វាយ​ព្រះ​អង្គ​ទាំង​ស្រុង ដោយ​ព្រះ​បន្ទូល​ដ៏​ពីរោះ​បំផុត​ថា «ប្រពៃ​ហើយ បាវ​ល្អ​ស្មោះ​ត្រង់​អើយ» (ម៉ាថាយ ២៥:២១, ២៣)។ ចូរ​យើង​គ្រាន់​តែ​ស្រមៃ​ថា អ្នក​បានឮ​ព្រះ​បន្ទូល​នេះ ដែល​សំដៅ​មក​រក​អ្នក ចេញ​ពី​ព្រះ​ឱស​របស់​ព្រះ​អង្គ!
ដូច​នេះ តើ​យើង​ត្រូវ​រស់​នៅ​ជា «មនុស្ស​ដែល​ព្រះ​ទ្រង់​សរសើរ» ជា «អ្នក​បម្រើ​ដែល​មិន​ត្រូវ​មាន​សេចក្តី​ខ្មាស» ដោយ​របៀប​ណា? 
ទី​មួយ យើង​ត្រូវ​ប្ដេជ្ញា​ចិត្ត​ថា យើង​នឹង​ប្រកាន់​ខ្ជាប់​សេចក្តី​ជំនឿ​ដល់​ទី​បញ្ចប់។ សាវ័ក ប៉ុល បាន​និយាយ​អំពី​ទី​បញ្ចប់​របស់​គាត់​ដោយ​ប្រកាស​ទៅ​កាន់​លោក ធីម៉ូថេ ថា «ខ្ញុំ​បាន​ត​យុទ្ធ​យ៉ាង​ល្អ ខ្ញុំ​បាន​រត់​ប្រណាំង​ជា​ស្រេច ខ្ញុំ​បាន​រក្សា​សេចក្ដី​ជំនឿ​ទៅ​ហើយ» (២ធីម៉ូថេ ៤:៧)។ ជីវិត​របស់​សាវ័ក ប៉ុល មិន​មាន​លក្ខណៈ​ជា​សន្ទុះ​នៃ​ភាព​ឆេះឆួល​តែ​មួយ​រយៈ​ពេល​ខ្លី ហើយ​ក្រោយ​មក​ប្រែ​ជា​មាន​ភាព​ខ្ជិល​ច្រអូស​ដ៏​រ៉ាំរ៉ៃ​នោះ​ទេ។ គាត់​ដឹង​ថា ការ​រត់​ប្រណាំង​នៃ​សេចក្តី​ជំនឿ គឺ​ជា​ការ​រត់​ប្រណាំង​ម៉ារ៉ាតុន​ពេញ​មួយ​ជីវិត​រហូត​ដល់ទី​បញ្ចប់។
យើង​មិន​ចង់​ឲ្យ​គេ​ដឹង​ថា យូរៗ​ម្តង យើង​មាន​សន្ទុះ​នៃ​ភាព​ឆេះឆួល​រយៈ​ពេល​ខ្លី​នោះ​ទេ។ ជា​ពិសេស យើង​ត្រូវ​តែ​ជៀស​វាង​ការ​ធ្វើ​ការ​បម្រើ​ព្រះ តែ​នៅ​ពេល​ដែល​មាន​មនុស្ស​មើល​យើង។ ផ្ទុយ​ទៅ​វិញ យើង​ត្រូវ​ខិតខំ​រត់​ជា​រៀង​រាល់​ថ្ងៃ ដោយ​ចាំ​ថា ព្រះ​នេត្រ​របស់​ព្រះអង្គ​តែង​តែ​ទត​មើល​យើង​ជានិច្ច។ 
ខណៈ​ពេល​ដែល​យើង​មមុល​ទៅ​មុខ​ដោយ​ជំនឿ យើង​អាច​នឹក​ចាំ​ថា ព្រះ​អង្គ​បាន​សន្យា​ថា នឹង​ប្រទាន «មកុដ​នៃ​សេចក្តី​សុចរិត» ដែល​បាន «បម្រុង​ទុក» ឲ្យ​យើង «ដែល​ព្រះ​អម្ចាស់​ដ៏​ជា​ចៅ​ក្រម​សុចរិត ទ្រង់​នឹង​ប្រទាន​មក» យើង (២ធីម៉ូថេ ៤:៨)។ ហើយ​យើង​ត្រូវ​ចាំ​ថា យើង​មិន​រត់​ដោយ​ពឹង​អាង​កម្លាំង​ខ្លួន​ឯង​នោះ​ទេ ផ្ទុយ​ទៅ​វិញ យើង​ត្រូវ​មាន​ទំនុក​ចិត្ត​ថា «ព្រះ​អង្គ​ដែល​ទ្រង់​បាន​ចាប់​តាំង​ធ្វើ​ការ​ល្អ​ក្នុង​អ្នក​រាល់​គ្នា ទ្រង់​នឹង​ធ្វើ​ឲ្យ​កាន់​តែ​ពេញ​ខ្នាត​ឡើង ទាល់​តែ​ដល់​ថ្ងៃ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ» (ភីលីព ១:៦)។ ព្រះ​ទ្រង់​សន្យា​ថា ព្រះ​អង្គ​នឹង​មិន​ចាក​ចេញពី​យើង ឬ​បោះបង់​យើង​ចោល នៅ​តាម​ផ្លូវ​ដែល​យើង​កំពុង​រត់​ឡើយ (ហេព្រើរ ១៣:៥)។ បើ​ទី​ផ្តាច់​ព្រាត់ ហាក់​ដូច​ជា​នៅ​ឆ្ងាយ ព្រះ​អង្គ​មិន​បាន​ត្រាស់​ហៅ​ឲ្យ​យើង​មើល​ទៅ​ទីនោះ​ទេ តែ​មើល​ទៅ​ព្រះ​យេស៊ូវ​ដោយ​ឲ្យ​ភ្នែក​យើង​ផ្ដោត​ទៅ​លើ «មេ​ផ្ដើម ហើយ​ជា​មេ​សំរេច​សេចក្ដី​ជំនឿ​របស់​យើង» (ហេព្រើរ ១២:២)។ 
ចូរ​យើង​កុំ​មើល​ស្រាល​ឥទ្ធិពល​នៃ​ជីវិត​ដែល​រស់​នៅ​ថ្វាយ​សិរី​ល្អ​ដល់​ព្រះ​នោះ​ឡើយ។ ចូរ​យើង​គិត​ទុក​ជា​មុន អំពី​ការ​ឈរ​នៅ​ចំពោះ​ព្រះ​វរបិតា​របស់​យើង នៅ​ស្ថាន​សួគ៌ ក្នុង​នាម​ជា​អ្នក​បម្រើ​ដែល​ព្រះ​អង្គ​សព្វ​ព្រះ​ទ័យ ហើយ​អ្នក​នឹង​បាន​ទៅ​ដល់​ចំណុច​មួយ ដែល​អ្នក​នឹង​និយាយ​ដោយ​បន្ទាប​ខ្លួន​ថា «ព្រះ​អម្ចាស់ ទូល​បង្គំ​ចង់​ខិតខំ​រស់​នៅ​អស់​ពី​ចិត្ត ដើម្បី​ឲ្យ​ព្រះ​អង្គ​សព្វ​ព្រះ​ទ័យ​នឹង​ការ​រស់​នៅ​របស់​ទូល​បង្គំ»។ ទូល​បង្គំ​មាន​ជីវិត​តែ​មួយ ហើយ​អ្វី​ដែល​ទូល​បង្គំ​អាច​ធ្វើ និង​គួរ​ធ្វើ ទូល​បង្គំ​នឹង​ធ្វើ​ដោយ​សារ​ព្រះ​គុណ​របស់​ព្រះ​អង្គ»។1 


ខ​គម្ពីរ​សញ្ជឹង​គិត៖ ម៉ាថាយ ២៥:១៤-៤៦
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ ១សាំយ៉ូអែល ២២-២៤ និង​១ធីម៉ូថេ ១

ប្រភេទ