នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ធំឧត្តមល្មមនឹងអាចខ្វល់ពីយើង

ធំឧត្តមល្មមនឹងអាចខ្វល់ពីយើង

ដោយJames Banks

October 20, 2025

យ៉ូណាស ៤:៥-១១
រួចព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ... តើមិនគួរឲ្យអញអាល័យចំពោះក្រុងនីនីវេ ជាទីក្រុងយ៉ាងធំនេះ ..ទេឬអី ។ យ៉ូណាស ៤:១០-១១
តើព្រះទ្រង់អាចយកព្រះទ័យទុកដាក់ចំពោះមនុស្សច្រើនយ៉ាងនេះ ដោយរបៀបណា? សំណួរនេះបានលេចឡើងក្នុងគំនិតខ្ញុំ នៅពេលដែលខ្ញុំបោះជំហានចេញពីកន្លែងរង់ចាំ នៅស្ថានីយរថភ្លើង ក្នុងទីក្រុងមួយដែលមានមនុស្សរស់នៅកកកុញ ស្ថិតនៅចម្ងាយរាប់ពាន់គីឡូម៉ែត្រពីផ្ទះរបស់ខ្ញុំ។ កាលនោះ ខ្ញុំគឺជាក្មេងជំទង់ម្នាក់ដែលធ្វើដំណើរក្រៅប្រទេស ជាលើកដំបូង ហើយខ្ញុំមានចិត្តស្ញប់ស្ញែង ចំពោះទំហំនៃពិភពលោកនៅជុំវិញខ្លួនខ្ញុំ។ ខ្ញុំមានអារម្មណ៍ថា ខ្លួនខ្ញុំហាក់ដូចជាតូចល្អិតណាស់បើធៀបនឹងពិភពលោកទាំងមូល ហើយឆ្ងល់ថា តើព្រះទ្រង់អាចស្រឡាញ់មនុស្សច្រើនយ៉ាងនេះ ដោយរបៀបណា។
កាលនោះ ខ្ញុំមិនទាន់បានយល់អំពីទំហំនៃសេចក្តីស្រឡាញ់ដ៏ឥតខ្ចោះរបស់ព្រះអង្គនៅឡើយទេ។ ក្នុងព្រះគម្ពីរប៊ីប ហោរាយ៉ូណាសក៏មិនទាន់អាចយល់ដែរ។ នៅពេលដែលលោកយ៉ូណាស បានស្តាប់បង្គាប់តាមការត្រាស់ហៅរបស់ព្រះ ឲ្យផ្សាយព្រះបន្ទូលទៅកាន់ទីក្រុងនីនីវេ ឲ្យប្រជាជននៅទីនោះប្រែចិត្ត រាជធានីនៃចក្រភពអាសស៊ើរដ៏កាចសាហាវនេះ បានសង្កត់សង្កិននគរអ៊ីស្រាអែលជាទឹកដីកំណើតរបស់គាត់ បានជាគាត់មិនចង់ឲ្យព្រះអង្គអត់ទោសបាបឲ្យពួកគេទេ។ ប៉ុន្តែ លោកយ៉ូណាសក៏បានខឹង នៅពេលដែលទីក្រុងនោះពិតជាបានប្រែចិត្ត ហើយព្រះទ្រង់មិនបានបំផ្លាញពួកគេទេ។ ព្រះទ្រង់បានប្រទានជម្រកសម្រាប់លោកយ៉ូណាស ដោយប្រើដើមវល្លិដែលដុះលឿន តែបន្ទាប់មក ព្រះអង្គក៏បានដកម្លប់នោះចេញពីគាត់ បានជាគាត់មានកំហឹងកាន់តែខ្លាំងឡើង។ លោកយ៉ូណាសក៏បានរអ៊ូរទាំ តែព្រះទ្រង់បានឆ្លើយតបថា “ឯងបានអាល័យចំពោះដើមវល្លិ ដែលឯងមិនបានដាំ ... ដូច្នេះ តើមិនគួរឲ្យអញអាល័យចំពោះក្រុងនីនីវេ ជាទីក្រុងយ៉ាងធំនេះ ដែលមានមនុស្សជាង១សែន២ម៉ឺននាក់...ទេឬអី”(យ៉ូណាស ៤:១០-១១)។ 
ព្រះទ្រង់មានសេចក្តីស្រឡាញ់ដ៏លើសលប់ បានជាព្រះអង្គអាចយកព្រះទ័យទុកដាក់យ៉ាងជ្រាលជ្រៅ ដល់អ្នកដែលនៅឆ្ងាយពីព្រះអង្គ។ សេចក្តីស្រឡាញ់របស់ព្រះអង្គបានឈានទៅដល់ការសុគតនៅលើឈើឆ្កាង និងផ្នូរដែលនៅទទេ ដើម្បីបំពេញតម្រូវការធំបំផុតរបស់យើង។ ភាពធំឧត្តមរបស់ព្រះអង្គបានបង្ហាញចេញមក នៅក្នុងសេចក្តីល្អរបស់ព្រះអង្គ ហើយព្រះអង្គសព្វព្រះទ័យនឹងនាំយើងចូលទៅជិតព្រះអង្គ។—James Banks

តើអ្នកមានការកម្សាន្តចិត្តយ៉ាងណា ពេលដែលបានដឹងថា ព្រះទ្រង់យកព្រះទ័យទុកដាក់ចំពោះអ្នក? 
តើអ្នកនឹងឆ្លើយតប ចំពោះសេចក្តីស្រឡាញ់របស់ព្រះអង្គដូចម្តេចខ្លះ? 
ឱព្រះនៃសេចក្តីស្រឡាញ់ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបានសង្គ្រោះទូលបង្គំ។ 
|សូមព្រះអង្គជួយទូលបង្គំឲ្យស្រឡាញ់អ្នកដទៃ ដូចព្រះអង្គដែរ។ 
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសាយ ៥៩-៦១ និង ២ថែស្សាឡូនិច ៣

ល្ងាច

ភាព​អត់​ធ្មត់ ខុស​ពី​ធម្មតា (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ភាព​អត់​ធ្មត់ ខុស​ពី​ធម្មតា (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

October 20, 2025

«បង​ប្អូន​អើយ យើង​ខ្ញុំ​ទូន្មាន​ឲ្យ​អ្នក​រាល់​គ្នា​បន្ទោស ដល់​ពួក​អ្នក​ដែល​គ្មាន​សណ្ដាប់​ធ្នាប់ ហើយ​ជួយ​កំសាន្ត​ដល់​ពួក​អ្នក​ណា​ដែល​មាន​សេចក្ដី​ទន់​ក្រំ​ចិត្ត ទាំង​គាំពារ​ពួក​អ្នក​ដែល​ខ្សោយ នឹង​អត់​ឱន​ចំពោះ​មនុស្ស​ទាំង​អស់» (១ថែស្សាឡូនីច ៥:‌១៤)។
ភាព​អត់​ធ្មត់​ជា​គុណ​ធម៌​ដ៏​ប្រសើរ ប៉ុន្តែ​ក៏​ជា​បញ្ហា​ប្រឈម​ដ៏​ធំ​មួយ​ដែរ។ 
កាល​សាវ័ក ប៉ុល សរសេរ​សំបុត្រ​ផ្ញើ​ទៅ​ពួក​ជំនុំ​នៅ​ទីក្រុង​ថែស្សាឡូនីច គាត់​បាន​បញ្ចប់​សំបុត្រ​នោះ ដោយ​ការ​បង្រៀន​អំពី​គោលការណ៍​ដ៏​មាន​តម្លៃ​ដែល​មាន​ជា​លំដាប់​លំដោយ។ គោល​ការណ៍​នីមួយៗ គឺ​ប្រៀប​ដូច​ជា​គ្រាប់​ត្បូង​នៅ​ក្នុង​ខ្សែក​ជា​សេចក្តី​ពិត​ប្រកប​ដោយ​ប្រាជ្ញា សម្រាប់​ឲ្យ​យើង​ពាក់​នៅ​ក​របស់​យើង ខណៈ​ពេល​ដែល​កំពុង​ធ្វើ​ដំណើរ​ឆ្លង​កាត់​ជីវិត​នេះ (សុភាសិត ៣:៣)។ ការ​បង្គាប់​ឲ្យ​មាន​ចិត្ត​អត់​ធ្មត់ គឺ​ជា​គោលការណ៍​សំខាន់​បំផុត ក្នុង​ចំណោម​គោល​ការណ៍​ទាំង​នោះ។ 
ក្នុង​ព្រះ​គម្ពីរ​ដើម​ជា​ភាសាក្រិក សាវ័ក ប៉ុល បាន​ប្រើ​ពាក្យ ម៉ាក្រូធូមេអូ (makrothumeo) ជា​ពាក្យ​ដែល​មាន​ន័យ​ត្រង់​ថា «អត់​ធ្មត់» ហើយ​តាម​ធម្មតា ព្រះ​គម្ពីរ​ប្រើ​ពាក្យ​នេះ ដើម្បី​ពណ៌នា​អំពី​ចរិត​លក្ខណៈ​របស់​ព្រះ (ឧទាហរណ៍៖ រ៉ូម ២:៤, ២ធីម៉ូថេ ១:១៦, យ៉ាកុប ៥:១០)។ ចិត្ត​អត់​ធ្មត់ គឺ​មិន​ឆាប់​ខឹង​ចំពោះ​អ្នក​ដែល​ធ្វើ​ខុស។ សាវ័ក ប៉ុល បាន​ប្រាប់​យើង​ឲ្យ​មាន​ចិត្ត​អត់​ធ្មត់​តាម​គំរូ​របស់​ព្រះ ខណៈ​ពេល​ដែល​យើង​ប្រឈម​មុខ​ដាក់​មនុស្ស​គ្មាន​របៀប មនុស្ស​ដែល​ឆាប់​បាក់​ទឹក​ចិត្ត និង​អ្នក​ទន់​ខ្សោយ។ ការ​ប្រឈម​មុខ​ដាក់​មនុស្ស​ទាំង​នេះ គឺ​ជា​ឱកាស​សម្រាប់​ឲ្យ​យើង​បង្ហាញ​ចេញ​ភាព​អត់​ធ្មត់​តាម​គំរូ​របស់​ព្រះ​អម្ចាស់។ 
តើ​ធ្វើ​ដូច​ម្ដេច​ឲ្យ​យើង​អាច​មាន​ចិត្ត​អត់​ធ្មត់​ប្រភេទ​នេះ? ភាព​អត់​ធ្មត់​នេះ មិន​កើត​មាន​ដោយ​ឯក​ឯង​ទេ! ដូច​នេះ ជា​ដំបូង​យើង​ចាំបាច់​ត្រូវ​មើល​ទៅ​ព្រះ។ យើង​មាន​ព្រះ​មួយ​អង្គ​ដែល «មាន​សេចក្ដី​មេត្តា​ករុណា ហើយ​នឹង​សេចក្ដី​អាណិត​អាសូរ ទ្រង់​យឺត​នឹង​ខ្ញាល់ ហើយ​មាន​សេចក្ដី​សប្បុរស​ដ៏​បរិបូរ» (ទំនុកតម្កើង ១០៣:៨)។ ព្រះ​អង្គ​ទត​មើល​ចិត្ត​ដែល​បះបោរ​របស់​យើង ហើយ​នៅ​តែ​អត់​ទោស​ឲ្យ​យើង។ ព្រះ​អង្គ​ទត​ឃើញ​កំហុស​ច្រំ​ដែល​របស់​យើង ហើយ​នៅ​តែ​មិន​បោះ​បង់​ចោល​យើង។ ព្រះ​អង្គ​ទត​ឃើញ​ការ​សង្ស័យ និង​ការ​ថប់​បារម្ភ​របស់​យើង ហើយ​នៅ​តែ​ប្រព្រឹត្ត​ដោយ​សុភាព​ចំពោះ​យើង។ ព្រះ​អង្គ​បាន​ត្រាស់ហៅ​យើង​ឲ្យ​យក​គំរូ​តាម​ភាព​អត់​ធ្មត់​របស់​ព្រះ​អង្គ។ ហើយ​ទីពីរ យើង​ចាំ​បាច់​ត្រូវ​ទូល​សូម​ជំនួយ​មក​ពី​ព្រះ។ ភាព​ស្មោះ​ត្រង់​លើស​ពី​ធម្មតា​យ៉ាង​ដូច​នេះ គឺ​ជា​មាន​តែ​ព្រះ​ទេ ដែល​អាច​បង្កើត​ឲ្យ​មាន​ក្នុង​ជីវិត​យើង​តាម​រយៈ​ព្រះ​វិញ្ញាណ​ព្រះ​អង្គ។ ឧទាហរណ៍៖ សាវ័ក ប៉ុល បាន​អធិស្ឋាន​សូម​ឲ្យ​ពួក​ជំនុំ​នៅ​ទីក្រុង​កូល៉ុស «បាន​គ្រប់​ទាំង​ព្រះ​ចេស្ដា​ចំរើន​កម្លាំង តាម​ឫទ្ធិ​បារមី​ដ៏​ឧត្ដម​របស់​ទ្រង់ ដើម្បី​ឲ្យ​បាន​ចេះ​ទ្រាំទ្រ ហើយ​អត់ធន់​គ្រប់​យ៉ាង​ដោយ​អំណរ» (កូឡូស ១:‌១១)។ យើង​ម្នាក់ៗ​សុទ្ធ​តែ​ត្រូវ​ការ​ឲ្យ​នរណា​ម្នាក់​អធិស្ឋាន​យ៉ាង​ដូច​នេះ​ឲ្យ​យើង ហើយ​ក៏​ត្រូវ​អធិស្ឋាន​ដូច​នេះ​ឲ្យ​ខ្លួន​ឯង។ យើង​រាល់​គ្នា​ក៏​គួរ​តែ​អធិស្ឋាន​ឲ្យ​អ្នក​ដទៃ​ដូច​នេះ​ផង​ដែរ ព្រោះ​វា​ជា​ការ​អធិស្ឋាន​ដែល​ព្រះ​ទ្រង់​សព្វ​ព្រះ​ទ័យ​នឹង​ឆ្លើយ​តប។ ពេល​ណា​ព្រះ​ចេស្ដា​របស់​ព្រះ​ធ្វើ​ការ​ក្នុង​ជីវិត​យើង យើង​នឹង​អាច​ស៊ូ​ទ្រាំ​ពេល​ណា​យើង​មាន​អារម្មណ៍​ថា ចង់​បោះ​បង់​ចោល​ការ​តស៊ូ ហើយ​ដើម្បី​ឲ្យ​យើង​អាច​មាន​ចិត្ត​អត់​ធ្មត់ នៅ​ពេល​ដែល​យើង​មាន​អារម្មណ៍​ថា យើង​មិន​អាច​គ្រប់​គ្រង​អារម្មណ៍​ខ្លួន​ឯង​បាន។ 
តើ​អ្នក​នឹង​ឆ្លើយ​តប​ចំពោះ​ការ​រំខាន​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​ដូច​ម្ដេច​ខ្លះ ខណៈ​ពេល​ដែល​អ្នក​កំពុង​ឈរ​តម្រង់​ជួរ​រង់​ចាំ​ទទួល​សេវា​កម្ម​អ្វី​មួយ ឬ​នៅ​ពេល​ដែល​ឡាន​នៅ​មុខ​អ្នក​មិន​បើក​ទៅ​មុខ នៅ​ពេល​ដែល​ភ្លើង​ស្តុប​ចេញ​ពណ៌​បៃតង​ហើយ? តើ​អ្នក​នឹង​ឆ្លើយ​តប​ដូច​ម្ដេច ចំពោះ​បង​ប្អូន​ប្រុស​ស្រី​របស់​អ្នក​ដែល​គ្មាន​របៀប ឆាប់​បាក់​ទឹក​ចិត្ត និង​ទន់​ខ្សោយ? ចូរ​ឲ្យ​អាកប្ប​កិរិយា​របស់​អ្នក​នៅ​ក្នុង​ស្ថាន​ភាព​ទាំង​នោះ​មាន​ភាព​អត់​ធ្មត់​ចំពោះ​ពួក​គេ។ មនុស្ស​នៅ​ជុំ​វិញ​អ្នក​មិន​មាន​ចិត្ត​ស្ញប់​ស្ញែង​ចំពោះ​ចំណេះ​ដឹង​ខាង​ទេវ​សាស្ត្រ​របស់​អ្នក​នោះ​ទេ តែ​ពួក​គេ​នឹង​កត់​សម្គាល់​ឃើញ​អ្នក​ខ្វះ​ភាព​អត់​ធ្មត់​ដែល​បង្ហាញ​ថា អ្នក​គិត​អំពី​ពេល​វេលា និង​ផល​ប្រយោជន៍​របស់​អ្នក ខ្លាំង​ជាង​ពួក​គេ។ តែ​ផ្ទុយ​ទៅ​វិញ ពួក​គេ​នឹង​កត់​សម្គាល់​ឃើញ​អ្នក​មាន​ចិត្ត​អត់​ធ្មត់ ដែល​បង្ហាញ​ឲ្យ​ពួក​គេ​ដឹង​ថា អ្នក​ឲ្យ​តម្លៃ​មក​លើ​ផល​ប្រយោជន៍ និង​សុខុមាល​ភាព​របស់​អ្នក​ដទៃ លើស​ខ្លួន​ឯង (ភីលីព ២:៣) តាម​គំរូ​របស់​ព្រះ​វរបិតា​នៃ​អ្នក​ដែល​គង់​នៅ​ស្ថាន​សួគ៌។
នៅ​ថ្ងៃ​នេះ អ្នក​នឹង​មាន​ឱកាស​បង្ហាញ​ភាព​អត់​ធ្មត់​តាម​គំរូ​របស់​ព្រះ​អង្គ ពេល​ណា​អ្នក​ចង់​បង្ហាញ​ការ​ខ្វះ​ភាព​អត់​ធ្មត់។ ក្នុង​ពេល​នោះ ចូរ​ទទួល​ស្គាល់​ទំហំ​នៃ​ភាព​អត់​ធ្មត់​ដែល​ព្រះ​អង្គ​មាន​ចំពោះ​អ្នក ហើយ​អ្នក​នឹង​មាន​ចិត្ត​អត់​ធ្មត់​ចំពោះ​អ្នក​ដទៃ។ 


ខ​គម្ពីរ​សញ្ជឹង​គិត៖ កូឡូស ១:៩-១២
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ ១សាំយ៉ូអែល ១៩-២១ និង​២ពេត្រុស ៣

ប្រភេទ