នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ថ្វាយការព្រួយបារម្ភ

ថ្វាយការព្រួយបារម្ភ

ដោយKatara Patton

October 19, 2025

១ពេត្រុស ៥:៦-៩
ចូរផ្ទេរគ្រប់ទាំងសេចក្ដីទុក្ខព្រួយរបស់អ្នករាល់គ្នាទៅលើទ្រង់ ដ្បិតទ្រង់តែងយកព្រះទ័យទុកដាក់នឹងអ្នករាល់គ្នា ។ ១ពេត្រុស ៥:៧
មានពេលមួយ ខ្ញុំបានដើរទៅរកបញ្ជររបស់ក្រុមហ៊ុនអាកាសចរណ៍ ដោយប្រើលេខកូដបញ្ជាក់ ដែលខ្ញុំមានក្នុងទូរស័ព្ទរបស់ខ្ញុំ។ ប៉ុន្តែ ខ្ញុំបានបាត់ទូរស័ព្ទ! ខ្ញុំប្រហែលជាភ្លេចទូរស័ព្ទ នៅក្នុងឡានតាក់ស៊ី ដែលខ្ញុំបានជិះមកអាកាសយានដ្ឋាន។ ដូចនេះ តើខ្ញុំអាចទាក់ទងអ្នកបើកបរតាក់ស៊ីនោះ ដោយរបៀបណា? 
បន្ទាប់ពីខ្ញុំប្រញាប់តភ្ជាប់កុំព្យូទ័រយួរដៃរបស់ខ្ញុំ ជាមួយនឹងWi-Fi របស់អាកាសយានដ្ឋានហើយ ខ្ញុំមានការបារម្ភខ្លាចហួសពេល ក្នុងការទាក់ទងទៅគាត់។ តាមរយៈកម្មវិធីមួយដែលស្វាមីរបស់ខ្ញុំបានប្រើ គាត់ក៏បានកត់សំគាល់ឃើញថា ទូរស័ព្ទខ្ញុំមិននៅជាមួយខ្ញុំ ក្នុងអាកាសយានដ្ឋានទេ ហើយគាត់បានអ៊ីមែលមកខ្ញុំរួចហើយ ដោយរង់ចាំខ្ញុំបើកមើលវា ពេលណាខ្ញុំបានតភ្ជាប់ Wi-Fi ហើយ។ ក្នុងអ៊ីមែលរបស់គាត់ គាត់បានសរសេរថា “សូមផ្ញើលេខរៀងរបស់ឡានតាក់ស៊ីនោះមកបង បងនឹងទាក់ទងគាត់”។ ស្វាមីរបស់ខ្ញុំបានប្រញាប់ចូលមកជួយដោះស្រាយបញ្ហានេះ ធ្វើឲ្យខ្ញុំមានសន្តិភាពនៅក្នុងចិត្តភ្លាមៗ។ 
ខ្ញុំជឿថា ព្រះទ្រង់សព្វព្រះទ័យឲ្យយើងអរសប្បាយនឹងសន្តិភាពក្នុងចិត្ត ក្នុងទំនាក់ទំនងដែលយើងអាចមានជាមួយព្រះអង្គ តាមរយៈព្រះគ្រីស្ទ។ បទគម្ពីរ ១ពេត្រុស ៥:៧ បានក្រើនរំឭកយើងឲ្យ “ផ្ទេរគ្រប់ទាំងសេចក្ដីទុក្ខព្រួយរបស់អ្នករាល់គ្នាទៅលើទ្រង់ ដ្បិតទ្រង់តែងយកព្រះទ័យទុកដាក់នឹងអ្នករាល់គ្នា”។ ខគម្ពីរនេះបានចែងថា ព្រះទ្រង់សព្វព្រះទ័យនឹងទទួលយកការព្រួយបារម្ភ និងទុក្ខព្រួយរបស់យើង។ ហេតុអ្វី? ព្រោះព្រះអង្គយកព្រះទ័យទុកដាក់ចំពោះយើងរាល់គ្នា។ យើងអាចថ្វាយការព្រួយបារម្ភរបស់យើងដល់ព្រះអង្គ ជាជាងអនុញ្ញាតឲ្យពួកវាហែលចុះឡើងក្នុងក្បាលរបស់យើង ខណៈពេលដែលយើងព្យាយាមស្វែងរកដំណោះស្រាយ ឬច្រកចេញ។ 
ការថ្វាយការថប់បារម្ភរបស់យើងដល់ព្រះអង្គ គឺជាការបន្ទាបខ្លួនមួយប្រភេទ ដែលទទួលស្គាល់ថា ព្រះអង្គមានសមត្ថភាពច្រើនជាងយើង ក្នុងការជម្នះការថប់បារម្ភរបស់យើង(ខ.៦)។ ហើយទោះមានបញ្ហាអ្វីមួយដែលអាចលេចឡើង ធ្វើឲ្យយើងមានការរងទុក្ខក៏ដោយ(ខ.១០) ក៏យើងអាចសម្រាក ក្នុងការថែរក្សា និងការផ្គត់ផ្គង់របស់ព្រះអង្គ។—Katara Patton

តើអ្នកមានបញ្ហាអ្វីដែលចាំបាច់ត្រូវថ្វាយដល់ព្រះអម្ចាស់? 
តើអ្នកមានការលើកទឹកចិត្តប៉ុណ្ណា ពេលដែលអ្នកបានដឹងថា ព្រះអង្គយកព្រះទ័យទុកដាក់ចំពោះអ្នក? 
ឱព្រះប្រកបដោយព្រះគុណ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបានអនុញ្ញាតឲ្យទូលបង្គំថ្វាយការថប់បារម្ភ 
និងទុក្ខព្រួយ នៅក្នុងព្រះហស្តដ៏ស្មោះត្រង់របស់ព្រះអង្គ។ 
 គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសាយ ៥៦-៥៨ និង ២ថែស្សាឡូនិច ២

ល្ងាច

ស្ងាត់ស្ងៀម នៅ​ចំពោះ​មុខ​នៃ​ទុក្ខ​វេទនា (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ស្ងាត់ស្ងៀម នៅ​ចំពោះ​មុខ​នៃ​ទុក្ខ​វេទនា (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

October 19, 2025

«រីឯ​មិត្រ​សំឡាញ់​របស់​យ៉ូប​ទាំង​៣នាក់ កាល​បានឮ​និយាយ​ពី​សេចក្ដី​អាក្រក់​ទាំង​នោះ ដែល​កើត​ដល់​លោក នោះ​គេ​ក៏​មក​ពី​លំនៅ​របស់​គេ​រៀង​ខ្លួន...រួច​គេ​អង្គុយ​នៅ​ដី​ជា​មួយ​នឹង​លោក​អស់​៧យប់​៧ថ្ងៃ ឥត​មាន​អ្នក​ណា​និយាយ​ទៅ​លោក​១ម៉ាត់​សោះ...អេលីផាស ជា​សាសន៍​ថេម៉ាន គាត់​ឆ្លើយ​តប​ថា បើ​សិន​ជា​យើង​ស៊ក​ឆ្លើយ​នឹង​អ្នក នោះ​តើ​អ្នក​នឹង​អន់​ចិត្ត​ឬ​ទេ តែ​តើ​អ្នក​ឯ​ណា​នឹង​ទ្រាំ​មិន​និយាយ​បាន» (យ៉ូប ២:១១, ១៣ ៤:១-២)។
មិត្ត​ភក្តិ​របស់​លោក យ៉ូប បាន​បង្ហាញ​យើង​នូវ​របៀប​ឆ្លើយ​តប ចំពោះ​នរណា​ម្នាក់​ដែល​កំពុង​ឆ្លង​កាត់​ការ​ឈឺ​ចាប់ និង​ការ​សោក​សង្រេង​ខ្លាំង​បំផុត ហើយ​ពួក​គេ​ក៏​បាន​បង្ហាញ​អំពី​របៀប​ដែល​យើង​មិន​ត្រូវ​ឆ្លើយ​តប​ផង​ដែរ។ 
មិត្ត​ភក្តិ​របស់​លោក យ៉ូប មាន​ភាព​ជិតដិត​បំផុត នៅ​ក្នុង​ការ​យល់​អំពី​ជម្រៅ​នៃ​ទុក្ខ​វេទនា​របស់​គាត់ ហើយ​ពួក​គេ​ពិបាក ក្នុង​ការ​កម្សាន្ត​ចិត្ត​ដោយ​ប្រើ​ពាក្យ​សម្ដី។ ទី​បំផុត​ពួក​គេ​ក៏​បាន​ឆ្លើយ​តប​ដោយ​ពាក្យ​សម្ដី តែ​មាន​លក្ខណៈ​ជា​ទ្រឹស្ដី​យ៉ាង​ខ្លាំង ហើយ​មិន​សូវ​បាន​លើក​ទឹក​ចិត្ត​គាត់​ប៉ុន្មាន​ទេ។ 
ការ​និយាយ​អំពី​ទុក្ខ​វេទនា ឬ​និយាយ​ទៅ​កាន់​នរណា​ម្នាក់​ដែល​កំពុង​វេទនា​អាច​ជា​ទង្វើ​ដ៏​គ្រោះ​ថ្នាក់ បើ​សិន​ជា​យើង​មិន​ធ្លាប់​បាន​ឆ្លង​កាត់​បទ​ពិសោធន៍​ស្រដៀង​នឹង​គាត់ ឬ​មិន​បាន​ចំណាយ​ពេល​ស្តាប់​គាត់​និយាយ​ឲ្យ​បាន​ច្បាស់ និង​បន្ទាប​ខ្លួន​អធិស្ឋាន​ឲ្យ​គាត់​ទេ​នោះ។ នៅ​ក្នុង​កណ្ឌ​គម្ពីរ​យ៉ូប​ជំពូក១៦ បាន​ពណ៌នា​ថា មិត្ត​ភក្តិ​របស់​លោក យ៉ូប គឺ​ជា​អ្នក​កម្សាន្ត​ចិត្ត​ដែល​ធ្វើ​ឲ្យ​លោក យ៉ូប កាន់​តែ​ពិបាក​ចិត្ត​ដោយ​ពួក​គេ «ប្រមុំ​ពាក្យ» ទាស់​នឹង​លោក យ៉ូប និង​ប្រើ​ពាក្យ​សម្ដី​ឥតបើ​គិត (១៦:៤)។ 
នៅ​ក្នុង​ការ​ស្វែងរក​ការ​ព្យាបាល​ភ្លាមៗ និង​ចម្លើយ​ដ៏​ឆាប់​រហ័ស​សម្រាប់​ទុក្ខ​វេទនា​របស់​លោក យ៉ូប មិត្ត​ភក្តិ​របស់​គាត់​បែរ​ជា​ប្រមូល​ផ្តុំ​ការ​ចោទ​ប្រកាន់​ទៅ​វិញ។ ឧទាហរណ៍៖ លោក សូផារ បាន​រំឭក​លោក យ៉ូប ថា គាត់​សម​នឹង​រង​ទុក្ខ​លើស​អ្វី​ដែល​គាត់​កំពុង​តែ​ជួប​ទៅ​ទៀត (យ៉ូប ១១:៤-៦)។ លោក អេលីផា ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា លោក យ៉ូប កំពុង​វង្វេង​ចេញ​ពី​ព្រះ ហើយ​ចាំ​បាច់​ត្រូវ​ស្តាប់​ព្រះ​អង្គ​ដោយ​ប្រុង​ប្រយ័ត្ន​ជាង​មុន (២២:២១-២៣)។ 
បុរស​ទាំង​នេះ​បាន​ប្រើ​វិធី​សាស្ត្រ​សាមញ្ញ​ពេក ដើម្បី​ជួយ​សម្រាល​ទុក្ខ​លោក យ៉ូប គឺ​វិធី​សាស្ត្រ​ដែល​ធ្វើ​ឲ្យ​កាន់​តែ​ឈឺ​ចាប់​ជា​ជាង​ប្រោស​ឲ្យ​ជា។ ពួក​គេ​ប្រញាប់​ឆ្លើយ​តប​ចំពោះ​ទំនួញ​របស់​លោក យ៉ូប ពេក។ នៅ​ពេល​ដែល​លោក អេលីផា បើក​មាត់​និយាយ​ជា​លើក​ដំបូង គាត់​សួរ​ថា «តើ​នរណា​អាច​ឈប់​និយាយ​បាន?» ពេល​នោះ គាត់​គួរ​តែ​ឆ្លើយ​ដោយ​ខ្លួន​ឯង​ថា គឺ​គាត់​អាច​ឈប់​និយាយ!
លោក យ៉ូប ក៏​បាន​រិះ​គន់​របៀប​ដែល​ពួក​គេ​ប្រឹក្សា​យោបល់​គាត់ យ៉ាង​ដូច​នេះ​ថា «ឯ​អ្នក​រាល់​គ្នា​សុទ្ធ​តែ​ជា​អ្នក​បង្កើត​សេចក្ដី​កំភូត​ទេ អ្នក​រាល់​គ្នា​ជា​គ្រូ​ពេទ្យ​ឥត​ប្រយោជន៍​ទាំង​អស់ ឱ​បើ​អ្នក​រាល់​គ្នា​នឹង​នៅ​ស្ងៀម​វិញ​ទៅ​អេះ នោះ​នឹង​សំដែង​ថា អ្នក​រាល់​គ្នា​មាន​ប្រាជ្ញា​មែន» (យ៉ូប ១៣:៤-៥)។ ហើយ​តាម​ពិត មិត្ត​ភក្តិ​គាត់​បាន​នៅ​ស្ងៀម​ដោយ​មិន​មាត់​ក​នៅ​ពេល​ដំបូង។ ពួក​គេ​បាន​អង្គុយ​ជា​មួយ​គាត់​មួយ​សប្តាហ៍ ដោយ​មិន​បាន​និយាយ​អ្វី​សោះ។
នៅ​ក្នុង​ការ​ឆ្លង​កាត់​ទុក្ខ​វេទនា ការ​រក្សា​ភាព​ស្ងៀម​ស្ងាត់ នៅ​ចំពោះ​វត្ត​មាន​របស់​អ្នក​កាន់​ទុក្ខ ច្រើន​តែ​មាន​ប្រយោជន៍​ជាង​ការ​និយាយ​ច្រើន។ លោក យ៉ូប អាច​ទទួល​បាន​ការ​កម្សាន្ត​ចិត្ត និង​ការ​នៅ​កំដរ​បាន​ច្រើន​ជាង​នេះ បើសិន​ជា មិត្ត​ភក្តិ​គាត់​នៅ​តែ​រក្សា​ភាព​ស្ងៀម​ស្ងាត់​ដូច​ពី​ដំបូង ដោយ​ចូល​រួម​ជា​មួយ​គាត់​ក្នុង​ការ​អង្គុយ​នៅ​លើ​ដី ដោយ​មិន​និយាយ​អ្វី​ទាំង​អស់។
ភាព​ស្ងាត់​ស្ងៀម​គឺ​ជា​គ្រឿង​ផ្សំ ដែល​យើង​ច្រើន​តែ​ខ្វះ ក្នុង​ការ​ឆ្លើយ​តប​ចំពោះ​ទុក្ខ​លំបាក​របស់​អ្នក​ដទៃ។ ក្រៅ​ពី​ភាព​ស្ងាត់​ស្ងៀម នៅ​មាន​វិធី​សាស្ត្រ​ផ្សេង​ទៀត​ដែល​គេ​ត្រូវ​ការ តែ​ភាព​ស្ងៀម​ស្ងាត់​ពិត​ជា​មាន​តម្លៃ​ខ្លាំង​ណាស់។ បើ​យើង​ស្ម័គ្រ​ចិត្ត​ដក​ខ្លួន​ចេញ​ពី​សម្លេង​រំខាន​ដែល​មាន​ជាប់​ជានិច្ច ហើយ​គ្រាន់​តែ​នៅ​កំដរ​អ្នក​មាន​ទុក្ខ ដោយ​ស្តាប់​គាត់​និយាយ ដោយ​មិន​ព្យាយាម​ដោះ​ស្រាយ ពន្យល់ ឬ​កែ​ប្រែ​ស្ថានភាព យើង​អាច​រក​ឃើញ​ថា ការ​ព្យាយាម​យល់​ចិត្ត​គេ ដោយ​ភាព​ស្ងាត់​ស្ងៀម នាំ​មក​នូវ​ការ​ប្រោស​ឲ្យ​ជា​លើស​ការ​រំពឹង​គិត​ទៅ​ទៀត។ ហើយ​នៅ​ពេល​ដែល​យើង​ត្រូវ​និយាយ​យើង​អាច​ដឹង​ថា ពាក្យ​សម្ដី​របស់​យើង​មាន​ប្រយោជន៍​ជាង​ទាំង​ក្នុង​ខ្លឹម​សារ និង​របៀប​ដែល​យើង​បង្ហាញ​ចេញ​មក។ លោក យ៉ូប ពិត​ជា​បាន​គិត​ដូច​នេះ។ តើ​អ្នក​អាច​ធ្វើ​ជា​ព្រះ​ពរ​សម្រាប់​នរណា​ខ្លះ តាម​រយៈ​វត្ត​មាន​ដ៏​ស្ងាត់​ស្ងៀម​របស់​អ្នក​នៅ​សប្តាហ៍​នេះ? 


ខ​គម្ពីរ​សញ្ជឹង​គិត៖ ទំនុកតម្កើង ៤២-៤៣
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ ១សាំយ៉ូអែល ១៧-១៨ និង​២ពេត្រុស ២

ប្រភេទ