នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ឥរិយាបថនៃការអធិស្ឋាន

ឥរិយាបថនៃការអធិស្ឋាន

ដោយTom Felten

October 18, 2025

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសាយ ៥៣-៥៥ និង ២ថែស្សាឡូនិច ១
២របាក្សត្រ ២០:៥-១២
នោះយ៉ូសាផាតទ្រង់ក្រាបព្រះភក្ត្រចុះដល់ដី ... ក៏ក្រាបថ្វាយបង្គំនៅចំពោះព្រះយេហូវ៉ាដែរ។ ២របាក្សត្រ ២០:១៨
ការតយុទ្ធនឹងជំងឺប្រចាំកាយអស់រយៈពេលជាច្រើនឆ្នាំ បានធ្វើឲ្យជីមមី(Jimmy) មានការហត់នឿយយ៉ាងខ្លាំង។ ទោះគាត់មានចិត្តចង់ចំណាយពេលជាមួយព្រះ រៀងរាល់ពេលព្រឹក ដោយអធិស្ឋានទៅកាន់ព្រះអង្គ និងជញ្ជឹងគិតព្រះបន្ទូលក្តី គាត់មានការពិបាកក្នុងការអង្គុយនៅលើកៅអី ដោយមិនដឹងថា ត្រូវអង្គុយដូចម្តេចកុំឲ្យមានការឈឺចាប់។ គាត់បានត្រឡប់ខ្លួនចុះឡើងៗនៅលើកៅអី នៅតែមិនអាចមានអារម្មណ៍ធូរស្បើយ។ ទីបំផុត គាត់ក៏បានលត់ជង្គង់ចុះ ដោយអស់សង្ឃឹម។ ខណៈពេលដែលគាត់លត់ជង្គង់ចុះ ឥរិយាបថនៃការអធិស្ឋានដូចនេះបានកាត់បន្ថយការឈឺចុកចាប់នោះ។ នៅពេលព្រឹក នៅថ្ងៃក្រោយៗទៀត ជីមមីក៏បានចំណាយពេលជាមួយព្រះ ដោយការលត់ជង្គង់អធិស្ឋាន ដោយទទួលបានការកម្សាន្តចិត្ត ខណៈពេលដែលគាត់ស្រែករកព្រះអង្គ ដោយការអធិស្ឋាន។ 
ស្តេចយ៉ូសាផាត ជាស្តេចនគរយូដា ទ្រង់ក៏ប្រឈមមុខដាក់សង្គ្រាមផងដែរ គឺមិនមែនជាការតយុទ្ធនឹងការឈឺចាប់ផ្លូវកាយទេ តែជាការប្រឈមមុខដាក់ការគំរាមកំហែងរបស់សត្រូវ(២របាក្សត្រ ២០:១-២)។ ទ្រង់“ភ័យខ្លាច ហើយតាំងព្រះទ័យស្វែងរកព្រះយេហូវ៉ា”(ខ.៣)។ ប្រជាជនក្នុងនគរយូដា “ក៏មូលគ្នាមករកទីពឹងដល់ព្រះយេហូវ៉ា”(ខ.៤)។ ព្រះអម្ចាស់ក៏បានឮការអធិស្ឋានរបស់ពួកគេ ហើយព្រះវិញ្ញាណរបស់ព្រះអង្គ ក៏បានគង់សណ្ឋិតនៅលើពួកលេវីម្នាក់ ឈ្មោះ យ៉ាហាសៀល ដែលបាននាំព្រះរាជសារនៃការកម្សាន្តចិត្តពីព្រះអង្គ ទៅប្រកាសដល់ស្តេចថា “កុំឲ្យភ័យខ្លាចអ្វីឡើយ ក៏កុំឲ្យស្រយុតចិត្ត ដោយព្រោះពួកធំទាំងម្ល៉េះនេះដែរ ... ពីព្រោះព្រះយេហូវ៉ាទ្រង់គង់នៅជាមួយនឹងអ្នករាល់គ្នាហើយ”(ខ.១៥,១៧)។ ស្តេចយ៉ូសាផាត “ទ្រង់ក្រាបព្រះភក្ត្រចុះដល់ដី ហើយពួកយូដា នឹងពួកអ្នកនៅក្រុងយេរូសាឡិមទាំងអស់គ្នា ក៏ក្រាបថ្វាយបង្គំនៅចំពោះព្រះយេហូវ៉ាដែរ”(ខ.១៨)។ 
ក្នុងពេលដ៏ឈឺចាប់ និងមានបញ្ហាប្រឈម ជាញឹកញាប់ យើងអាចដកពិសោធន៍ជាមួយនឹងព្រះវត្តមានរបស់ព្រះគង់នៅក្បែរយើង តាមរបៀបដ៏មានអំណាច។ យើងអាចស្វែងរកការកម្សាន្តចិត្ត និងសន្តិភាពក្នុងព្រះអង្គ ខណៈពេលដែលព្រះអង្គជួយយើង ឲ្យចុះចូលបំណងព្រះទ័យរបស់ព្រះអង្គ និងរស់នៅដោយឥរិយាបថនៃការអធិស្ឋាន និងការពឹងផ្អែកលើជំនួយរបស់ព្រះអង្គ ក្នុងចិត្តយើង។—Tom Felten

តើព្រះទ្រង់បានកម្សាន្តចិត្តអ្នកទេ នៅពេលដែលអ្នកអធិស្ឋានទៅរកព្រះអង្គ? 
តើមានរឿងដ៏ឈឺចាប់អ្វីខ្លះ ដែលអ្នកអាចថ្វាយដល់ព្រះអង្គនៅថ្ងៃនេះ? 
ឱព្រះនៃសេចក្តីស្រឡាញ់ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបានបំពេញតម្រូវការ 
និងកម្សាន្តចិត្តទូលបង្គំ នៅពេលដែលទូលបង្គំអធិស្ឋានទៅរកព្រះអង្គ។
 

ល្ងាច

ត្រៀម​ខ្លួន​សម្រាប់​ឆ្លើយ​តប(សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ត្រៀម​ខ្លួន​សម្រាប់​ឆ្លើយ​តប(សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

October 18, 2025

«ដូច្នេះ ចូរ​ក្រវាត់​គំនិត​អ្នក​រាល់​គ្នា​ឲ្យ​មាំ​មួន​ចុះ ទាំង​ដឹង​ខ្លួន ហើយ​ឲ្យ​មាន​សេចក្ដី​សង្ឃឹម​គ្រប់​ជំពូក ដល់​ព្រះ​គុណ​ដែល​ត្រូវ​ផ្ដល់​មក​ដល់​អ្នក​រាល់​គ្នា ក្នុង​កាល​ដែល​ព្រះ​យេស៊ូវ​គ្រីស្ទ​ទ្រង់​លេច​មក​ផង» (១ពេត្រុស ១:១៣)។
ការ​ហ្វឹក​ហាត់ ដើម្បី​ក្លាយ​ជា​អ្នក​បើក​យន្តហោះ តម្រូវ​ឲ្យ​មាន​ការ​រៀបចំ​ដ៏​តឹង​រ៉ឹង​អស់​រយៈ​ពេល​ជា​ច្រើន​ម៉ោង។ ការ​ហ្វឹក​ហាត់​មួយ​ចំនួន​ប្រព្រឹត្ត​ទៅ​ក្នុង​បន្ទប់​កុំព្យូទ័រ​ដែល​ធ្វើ​ឲ្យ​គេ​មាន​អារម្មណ៍​ដូច​នៅ​ក្នុង​យន្តហោះ​ពិត ដោយ​បង្កើត​ឲ្យ​មាន​ភាព​តានតឹង​ក្នុង​កម្រិត​ខ្ពស់​ល្មម​នឹង​ធ្វើ​ឲ្យ​មាន​ការ​បែកញើស និង​សម្ពាធ។ ហេតុ​អ្វី​អ្នក​បើក​យន្តហោះ​ត្រូវ​ឆ្លង​កាត់​ការ​ហ្វឹក​ហាត់​តឹង​រ៉ឹង​ដូច​នេះ? គឺ​ដើម្បី​ឲ្យ​ពួក​គេ​អាច​រៀន​ធ្វើ​ការ​សម្រេច​ចិត្ត​បាន​ត្រឹម​ត្រូវ​នៅ​ក្នុង​ពេល​ដ៏​សំខាន់​ដែរ។ 
នៅ​ក្នុង​បញ្ហា​នៃ​សេចក្តី​បរិសុទ្ធ មនុស្ស​ច្រើន​តែ​ធ្លាក់​ចូល​ក្នុង​អំពើបាប​ដោយ​សារ​ពួកគេ​ព្យាយាម​ធ្វើ​ការ​សម្រេច​ចិត្ត​សំខាន់ៗ​ក្នុង​ពេល​ដែល​តាន​តឹង​ខ្លាំង។ ការ​ធ្វើ​ដូច​នេះ​នឹង​បរាជ័យ។ បើ​យើង​ចង់​រក្សា​សេចក្តី​បរិសុទ្ធ យើង​ចាំបាច់​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ទុក​ជា​មុន និង​ផ្អែក​ទៅ​លើ​ព្រះ​បន្ទូល​ព្រះ។ ហេតុ​នេះ​ហើយ សាវ័ក ពេត្រុស បាន​ប្រាប់​យើង​ឲ្យ​រៀប​ចំ​គំនិត​ឲ្យ​មាំមួន​ទាំង​ដឹង​ខ្លួន។ អាច​និយាយ​ម្យ៉ាង​ទៀត​ថា យើង​ចាំ​បាច់​ត្រូវ​គ្រប់​គ្រង​គំនិត​របស់​យើង ដោយ​តាម​ដាន​ដំណើរ​ការ​នៃ​ការ​គិត​របស់​យើង ដើម្បី​ឲ្យ​យើង​អាច​ដេញ​តាម​ការ​អ្វី​ដែល​ល្អ ហើយ​រត់​គេច​ការ​អ្វី​ដែល​អាក្រក់។ 
បើ​យើង​មិន​បាន​ហ្វឹក​ហាត់​ការ​គិត​ទុក​ជា​មុន នោះ​យើង​នឹង​ងាយ​ចាញ់​ការ​ល្បួង និង​ជួប​ការ​ខក​ចិត្ត។ យើង​នឹង​ច្រើន​តែ​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​ពិបាក​ដែល​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ក្នុង​ជីវិត ក្នុង​ពេល​ដែល​តានតឹង​បំផុត ពេល​ណា​អារម្មណ៍​របស់​យើង​កញ្ជ្រោល​ឡើង ហើយ​ហេតុ​ផល​របស់​យើង​ពេញ​ដោយ​ភាព​ស្រពេចស្រពិល។ ប៉ុន្តែ ជីវិត​ដែល​បរិសុទ្ធ​មិន​កើត​មាន​ដោយ​ចៃដន្យ​ទេ តែ​វា​មាន​ការ​ប្ដេជ្ញា​ចិត្ត​ដាច់ខាត ដែល​ជំរុញ​ដោយ​ព្រះ​វិញ្ញាណ​នៃ​ព្រះ និង​ទទួល​ការ​ដឹក​នាំ​ពី​ព្រះ​បន្ទូល​ព្រះ​អង្គ ហើយ​អាច​ធ្វើ​បាន​ដោយ​ព្រះ​ចេស្ដា​របស់​ព្រះ​អង្គ។
យើង​ចាំ​បាច់​ត្រូវ​ធ្វើ​ការ​ប្ដេជ្ញា​ចិត្ត​ចំពោះ​សេចក្តី​បរិសុទ្ធ គឺ​ដូច​ដែល​អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​តម្កើង​បាន​ប្រកាស​ថា «ទូល​បង្គំ​បាន​ស្បថ​ហើយ ក៏​នឹង​សំរេច​តាម​ថា ទូល​បង្គំ​នឹង​កាន់​តាម​បញ្ញត្ត​ដ៏​សុចរិត​របស់​ទ្រង់» (ទំនុកតម្កើង ១១៩:១០៦)។ ចូរ​ធ្វើ​ការ​ប្ដេជ្ញា​ចិត្ត​ជា​មុន​សិន ដើម្បី​កុំ​ឲ្យ​យឺត​ពេល។
ហើយ​ការ​ប្ដេជ្ញា​ចិត្ត​ដែល​យើង​ត្រូវ​មាន​នោះ​គឺ ត្រូវ​ប្ដេជ្ញា​ចិត្ត​រស់​នៅ​កណ្ដាល​ផ្លូវ​ចង្អៀត មិន​មែន​រស់​នៅ​លើ​ចិញ្ចើម​ផ្លូវ​ជាប់​មាត់​ជ្រោះ​នោះ​ទេ។ បុរស​វ័យ​ក្មេង​ក្នុង​បទ​គម្ពីរ​សុភាសិត​ជំពូក៧ ដែល​បាន​ធ្លាក់​ចូល​ក្នុង​ការ​ល្បួង​របស់​ស្ត្រី​រកស៊ី​ផ្លូវភេទ កំពុង​រស់​នៅ​លើ​ចិញ្ចើម​ផ្លូវ​ជាប់​មាត់​ជ្រោះ ដោយ​គាត់ «កំពុង​តែ​ដើរ​ទៅ​តាម​ជ្រុង​ផ្លូវ​របស់​ស្ត្រី​នោះ ក៏​ដំរង់​ទៅ​ឯ​ផ្ទះ​នាង» (សុភាសិត ៧:៥, ៨-៩)។ 
ព្រះ​គម្ពីរ​បាន​បង្រៀន​យ៉ាង​ច្បាស់​ថា យើង​មិន​ត្រូវ​ទៅ​កន្លែង​មិន​ត្រូវ​ទៅ នៅ​ពេល​ដែល​មិន​ត្រូវ​ទៅ​នោះ​ទេ។ នៅ​ក្នុង​ដំណើរ​នៃ​សេចក្តី​បរិសុទ្ធ យើង​នឹង​មិន​ទទួល​បាន​អ្វី​ឡើយ ពី​ការ​រស់​នៅ​លើ​ចិញ្ចើម​ផ្លូវ​ជាប់​មាត់​ជ្រោះ។ ចូរ​ធ្វើ​ការ​ប្ដេជ្ញា​ចិត្ត​មុន​ពេល​អ្នក​ជួប​ការ​ល្បួង ដើម្បី​ពេល​ណា​ថ្ងៃ​អាក្រក់​មក​ដល់ អ្នក​នឹង​បាន​ត្រៀម​ខ្លួន​ជា​ស្រេច ដើម្បី​និយាយ​ថា «ទេ! ខ្ញុំ​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​រួច​ជា​ស្រេច​ហើយ»។ ចូរ​ឲ្យ​ជីវិត​របស់​អ្នក​នៅ​តែ​បន្ត​ដំណើរ​ជាប់​នៅ​លើ​កណ្ដាល​ផ្លូវ​ចង្អៀត ហើយ​ប្ដេជ្ញា​ចិត្ត​ថា អ្នក​នឹង​មិន​រេរា​ទៅ​ស្តាំ ឬ​ទៅ​ឆ្វេង​ទេ។ នៅ​ថ្ងៃ​ដែល​ព្រះ​យេស៊ូវ​គ្រីស្ទ​យាង​មក​វិញ ហើយ​ដោយ​ព្រះ​គុណ​របស់​ទ្រង់ នៅ​ពេល​ដែល​រាស្ត្រ​របស់​ព្រះ​អង្គ​នឹង​បាន​ឈរ​នៅ​មុខ​បល្ល័ង្ក​របស់​ព្រះ​អង្គ គ្មាន​នរណា​ម្នាក់​និយាយ​ថា ការ​ដេញ​តាម​សេចក្តី​បរិសុទ្ធ​គឺ​ជា​រឿង​ឥត​ប្រយោជន៍​នោះ​ទេ។ 


ខ​គម្ពីរ​សញ្ជឹង​គិត៖ សុភាសិត ៧
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ ១សាំយ៉ូអែល ១៥-១៦ និង​២ពេត្រុស ១

ប្រភេទ