ព្រឹក

ផ្លូវរបស់ព្រះគឺជាសេចក្តីស្រឡាញ់
ដោយAnne Cetas
October 17, 2025
រ៉ូម ១២:៩-១៦
ខាងសេចក្ដីខ្វះខាតរបស់ពួកបរិសុទ្ធ នោះក៏ចូរផ្គត់ផ្គង់ឲ្យ។ រ៉ូម ១២:១៣
ដោយសារខ្ញុំមានពេលទំនេរច្រើនជាងមុន ផែនការរបស់ខ្ញុំសម្រាប់ខែបន្ទាប់ គឺបានផ្ដោតទៅលើការបម្រើអ្នកដទៃ ឲ្យបានច្រើនបំផុត តាមដែលអាចធ្វើទៅបាន។ ប៉ុន្តែ ខណៈពេលដែលខ្ញុំកំពុងយកអសារមិត្តភក្តិថ្មីម្នាក់ ខ្ញុំក៏បានដួលបាក់ឆ្អឹងដៃអស់បីកំណាត់។ ភ្លាមៗនោះ ខ្ញុំក៏បានក្លាយជាមនុស្សដែលត្រូវការឲ្យគេជួយវិញ។ រាស្រ្តរបស់ព្រះបានយកចិត្តទុកដាក់ចំពោះខ្ញុំ ដោយការមកសួរសុខទុក្ខ និងបានឲ្យកាតសម្រាប់ទិញឥវ៉ាន់ឥតគិតថ្លៃ និងផ្កា ហើយខ្លះក៏បានទូរស័ព្ទមកខ្ញុំ និងផ្ញើសារ ព្រមទាំងអធិស្ឋានឲ្យខ្ញុំ ហើយយកអាហារមកឲ្យខ្ញុំ(ហើយថែមទាំងឲ្យស្ករសូកូឡាមួយប្រអប់ផងដែរ) ខណៈពេលដែលអ្នកខ្លះទៀតក៏បានធ្វើកិច្ចការមួយចំនួនឲ្យខ្ញុំ។ ខ្ញុំពិតជាមិននឹកស្មានសោះថា ក្រុមគ្រួសារ មិត្តភក្តិ និងសមាជិកពួកជំនុំរបស់ខ្ញុំ មានចិត្តល្អចំពោះខ្ញុំយ៉ាងនេះ។ ក្នុងរឿងនេះ ព្រះអង្គហាក់ដូចជាកំពុងប្រាប់ខ្ញុំថា “ចូរអង្គុយចុះ។ អ្នកត្រូវការឲ្យគេជួយ។ អ្នកនឹងបានដឹងថា អ្នកដទៃនឹងយកចិត្តទុកដាក់ចំពោះអ្នកប៉ុណ្ណា”។ ដោយសារពួកគេ ខ្ញុំមានការយល់ដឹងកាន់តែច្បាស់ អំពីការបម្រើចេញពីក្នុងចិត្ត និងមានការដឹងគុណចំពោះព្រះអង្គ ដែលបានបណ្តាលចិត្តពួកគេឲ្យមកយកអសារខ្ញុំ។
បងប្អូនរួមជំនឿរបស់ខ្ញុំមានចិត្តឆេះឆួល ក្នុងការជួយយកអាសាខ្ញុំ តាមរបៀបដែលសាវ័កប៉ុលបានបង្រៀនពួកជំនុំ នៅទីក្រុងរ៉ូមឲ្យធ្វើ(រ៉ូម ១២)។ គាត់បានលើកទឹកចិត្តពួកគេ តាមរបៀបជាច្រើន ដោយរាប់បញ្ចូលទាំងការស្រឡាញ់ដោយចិត្តស្មោះត្រង់ មានចិត្តប្តូរផ្តាច់ចំពោះគ្នាទៅវិញទៅមក គោរពអ្នកដទៃ និងចែករំលែកដល់អ្នកដែលខ្វះខាត(ខ.៩-១៣)។ សាវ័កប៉ុលបានបង្រៀនពួកគេនូវគោលលទ្ធិ ក្នុងកណ្ឌគម្ពីរសំបុត្ររបស់គាត់ទាំងមូល។ ប៉ុន្តែ គាត់ក៏បានចែកចាយផងដែរថា ជីវិតក្នុងព្រះគ្រីស្ទ មិនមែនជាទេវសាស្ត្រអាថ៌កំបាំងនោះទេ តែជាអ្វីដែលត្រូវបង្ហាញចេញមក ក្នុងការប្រព្រឹត្តជាក់ស្តែង ជារៀងរាល់ថ្ងៃ(ជំពូក ១២-១៦)។ ផ្លូវរបស់ព្រះអង្គគឺជាសេចក្តីស្រឡាញ់។ ការទទួល និងការចាក់បង្ហូរសេចក្តីស្រឡាញ់របស់ព្រះអង្គ មកលើអ្នកដទៃ គឺជាមធ្យោបាយមួយ ក្នុងចំណោមមធ្យោបាយជាច្រើនដែលយើងអាចបង្ហាញអ្នកដទៃ ឲ្យស្គាល់សេចក្តីស្រឡាញ់ដែលព្រះអង្គមានចំពោះយើង។
ខណៈពេលដែលយើងរិះរកវិធីបម្រើអ្នកដទៃ ជារៀងរាល់ថ្ងៃ ក្នុងពួកជំនុំ ឬក្នុងសហគមន៍របស់យើង ពួកគេនឹងទទួលបានការលើកទឹកចិត្ត យើងនឹងទទួលបានព្រះពរ ហើយព្រះនាមទ្រង់នឹងបានតម្កើងឡើង។—Anne Cetas
តើនរណាខ្លះត្រូវការជំនួយអ្នក ក្នុងសប្តាហ៍នេះ? តើអ្នកនឹងធ្វើអ្វីខ្លះ ដើម្បីជួយពួកគេ?
ឱព្រះអង្គអើយ ព្រះអង្គមានព្រះទ័យសប្បុរសមិនអាចវាស់បាន។ សូមព្រះអង្គជួយទូលបង្គំឲ្យទទួល
និងចែករំលែកសេចក្តីស្រឡាញ់របស់ព្រះអង្គ ដល់មនុស្សនៅជុំវិញទូលបង្គំ។
For further study, read A Family Dedicated to Serving at ODBM.org.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសាយ ៥០-៥២ និង ១ថែស្សាឡូនិច ៥
ប្រភេទ
ល្ងាច

គ្រូដ៏អត់ធ្មត់របស់យើង (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
October 17, 2025
«តែអ្នកទាំងនោះមិនបានយល់សេចក្ដីនោះទេ ក៏ខ្លាចមិនហ៊ានទូលសួរទ្រង់ផង» (ម៉ាកុស ៩:៣២)។
សូមស្រមៃថា មានសិស្សម្នាក់កំពុងអង្គុយមើលរូបមន្តនៅលើក្តារខៀនក្នុងថ្នាក់រៀន។ នាងមើលមិនយល់និមិត្តសញ្ញាក្នុងរូបមន្តនោះសោះ តែនាងខ្លាចមិនហ៊ានលើកដៃសួរគ្រូ។ មនុស្សជាច្រើនទំនងជាធ្លាប់ឆ្លងកាត់ស្ថានភាពស្រដៀងនេះដែរ ដោយការស្ទាក់ស្ទើរ ព្រោះយើងខ្លាចខ្មាសគេ ឬខ្លាចអ្វីដែលយើងត្រូវធ្វើបន្ទាប់ពីយើងទទួលបានចម្លើយហើយ តែម្យ៉ាងទៀតយើងក៏ដឹងដែរថា យើងនឹងជាប់គាំងទៅមុខមិនរួច បើយើងមិនសួរទេនោះ។
ទោះពួកសាវ័កបានរស់នៅជាមួយព្រះយេស៊ូវ និងដើរតាមព្រះអង្គដោយបានស្តាប់ការបង្រៀន និងទទួលការណែនាំពីព្រះអង្គ ហើយបានឃើញព្រះអង្គធ្វើការអស្ចារ្យជាប្រចាំ ក៏ពួកគេនៅតែពិបាកយល់ផែនការទាំងមូលនៃព្រះរាជកិច្ចរបស់ព្រះអង្គ។ មានពេលជាច្រើនដងហើយដែលព្រះយេស៊ូវមានបន្ទូលយ៉ាងច្បាស់ទៅកាន់ពួកគេ អំពីរឿងទាំងអស់ដែលព្រះអង្គនឹងប្រឈមមុខដែលមានដូចជា ការក្បត់របស់យូដាស ការសុគត និងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអង្គ។ ប៉ុន្តែ ពួកគេបានប្រឈមមុខដាក់ការទាល់គំនិតអាក្រក់បំផុត ដោយពួកគេមិនយល់ព្រះបន្ទូលព្រះអង្គ ហើយខ្លាចមិនហ៊ានទូលសួរព្រះអង្គផង។
សាវ័ក ពេត្រុស យ៉ាកុប និងយ៉ូហាន ទើបតែបានឃើញព្រះយេស៊ូវប្រែព្រះភក្ត្រ (ម៉ាកុស ៩:២-៨)។ ពួកគេដឹងថា ព្រះអង្គជាព្រះរាជបុត្រានៃព្រះ។ ប៉ុន្តែ ភាពស្មោះត្រង់របស់ពួកសាវ័កក្នុងការជឿថា ព្រះយេស៊ូវជាព្រះមេស្ស៊ី មិនសក្តិសមនឹងការយល់ដឹងរបស់ពួកគេអំពីលក្ខណសម្បត្តិរបស់ព្រះមេស្ស៊ីឡើយ។ ការយល់ដឹងរបស់ពួកគេអំពីព្រះមេស្ស៊ីមានភាពស្រពេចស្រពិល និងមិនគ្រប់ជ្រុងជ្រោយ បណ្ដាលឲ្យមានការភាន់ច្រលំ និងការភ័យខ្លាច។ ពួកគេមិនបានសូមព្រះយេស៊ូវពន្យល់បន្ថែមទៀត ប្រហែលមកពីពួកគេមិនចង់ទទួលស្គាល់ភាពល្ងង់ខ្លៅរបស់ខ្លួន ឬប្រហែលមកពីពួកគេមិនចង់ប្រឈមមុខដាក់រឿងដែលព្រះអង្គកំពុងប្រាប់ពួកគេ គឺរឿងដែលព្រះអង្គត្រូវជួប (ខ.៣០-៣១) និងរឿងដែលពួកគេត្រូវធ្វើ (៨:៣៤-៣៥)។
សូម្បីតែ បន្ទាប់ពីព្រះយេស៊ូវបានសុគត ហើយមានព្រះជន្មរស់ឡើងវិញ សិស្សពីរនាក់ដែលកំពុងដើរតាមផ្លូវទៅភូមិអេម៉ោស ក៏ត្រូវការឲ្យព្រះអង្គពន្យល់បទគម្ពីរសញ្ញាចាស់ ដើម្បីឲ្យពួកគេអាចយល់អំពីការរងទុក្ខ ហើយយល់សាច់រឿងទាំងមូល (លូកា ២៤:២៦-២៧)។ មុនពេលព្រះអង្គយាងឡើងស្ថានសួគ៌វិញ ពួកសាវ័កនៅតែមិនទាន់យល់ច្បាស់អំពីលក្ខណៈនៃនគររបស់ព្រះគ្រីស្ទនៅឡើយ។ តែលើកនេះ ពួកគេបានសួរព្រះអង្គ ហើយព្រះអង្គមិនបានមានបន្ទូលថា «ហេតុអ្វីអ្នកសួរសំណួរដដែល? តើអ្នកនឹងសួរសំណួរដដែលប៉ុន្មានដងទៀត?» នោះទេ ផ្ទុយទៅវិញ ព្រះអង្គបានពន្យល់ដោយព្រះគុណរបស់ព្រះអង្គថា នគរព្រះនឹងមកដល់ មិនមែនតាមរយៈការសាងសង់ព្រះវិហារនៅទីក្រុងយេរូសាឡឹមឡើងវិញ តែតាមរយៈព្រះរាជកិច្ចនៃព្រះវិញ្ញាណបរិសុទ្ធក្នុងពួកសាវ័កម្នាក់ៗ (កិច្ចការ ១:៨)។
អ្នកប្រហែលជារកឃើញថា ខ្លួនអ្នកមិនខុសពីពួកសាវ័កទេ ព្រោះអ្នកក៏ពិបាកយល់ព្រះបន្ទូលឲ្យអស់ ឬមិនច្បាស់ថា អ្នកពិតជាចង់ប្រឈមមុខដាក់ការអនុវត្តតាមការអ្វីដែលអ្នកបានយល់ហើយឬអត់ទេ។ ប៉ុន្តែ ស្ថានភាពរបស់អ្នកមិនចាំបាច់ត្រូវមានពេញដោយការភ័យខ្លាចនោះទេ។ ពីព្រោះព្រះយេស៊ូវគឺជាគ្រូដែលមានចិត្តសប្បុរស និងអត់ធ្មត់យ៉ាងខ្លាំង ចំពោះពួកសាវ័កក៏ដូចជាចំពោះយើងរាល់គ្នាដែរ។ ហើយព្រះវិញ្ញាណបរិសុទ្ធក៏គង់នៅក្នុងអ្នក ដោយជួយអ្នកឲ្យអាចធ្វើការគ្រប់យ៉ាង ដែលព្រះអង្គបានត្រាស់ហៅឲ្យអ្នកធ្វើ (អេសេគាល ៣៦:២៦-២៧, កាឡាទី ៥:១៦)។ ថ្ងៃនេះ បើអ្នកដឹងថា ខ្លួនឯងខ្វះប្រាជ្ញា និងការយល់ដឹង ចូរទូលសូមព្រះអង្គដែល «ទ្រង់ប្រទានដល់មនុស្សទាំងអស់ដោយសទ្ធា ឥតបន្ទោសផង» (យ៉ាកុប ១:៥)។
ខគម្ពីរសញ្ជឹងគិត៖ ១កូរិនថូស ២:១-១៦
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ១សាំយ៉ូអែល ១៣-១៤ និងអេភេសូរ ៦