នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ព្រះទ្រង់តាមរកយើង

ព្រះទ្រង់តាមរកយើង

ដោយMarvin Williams

October 16, 2025

ទំនុកដំកើង ១១៩:១៦៩-១៧៦
ទូលបង្គំបានវង្វេងទៅ ដូចជាចៀមបាត់បង់ សូមដេញរកអ្នកបំរើទ្រង់ផង ដ្បិតទូលបង្គំមិនភ្លេចសេចក្ដីបង្គាប់របស់ទ្រង់ឡើយ ។ ទំនុកដំកើង ១១៩:១៧៦
លោកដាវីឌ អ៊ូថល(David Uttal) គឺជាអ្នកវិទ្យាសាស្ត្រចិត្តវិទ្យាទាក់ទងនឹងការគិត ដែលបានធ្វើការសិក្សាអំពីការស្ទង់មើលទិសដៅ ប៉ុន្តែ គាត់មានបញ្ហា ក្នុងការស្វែងរកផ្លូវ ក្នុងទីតាំងភូមិសាស្រ្តមួយចំនួន។ នេះមិនមែនជាបញ្ហាដែលទើបតែកើតឡើងចំពោះគាត់នោះឡើយ។ គាត់ចាប់ផ្តើមមានបញ្ហានេះតាំងពីពេលដែលគាត់មានអាយុ១៣ឆ្នាំ ដោយបានវង្វេងផ្លូវអស់រយៈពេល២ថ្ងៃកន្លះ ក្នុងការដើរកម្សាន្តក្នុងព្រៃភ្នំ។ លោកអ៊ូថលបានទទួលស្គាល់ថា គាត់នៅតែមានការពិបាកយ៉ាងខ្លាំង ក្នុងការធ្វើដំណើរ តាមទិសដៅដ៏សាមញ្ញ ក្នុងការរស់នៅ។ ប៉ុន្តែ អ្នកខ្លះមានជំនាញស្វែងរកផ្លូវ ពីកំណើត ដោយដឹងច្បាស់ថា ពួកគេកំពុងស្ថិតនៅកន្លែងណា ហើយដឹងអំពីរបៀបដែលពួកគេអាចទៅកន្លែងដែលពួកគេចង់ទៅ។ អ្នកផ្សេងទៀត មិនខុសពីលោកអ៊ូថលទេ គឺពួកគេមានការពិបាកក្នុងការស្វែងរកផ្លូវ ហើយច្រើនតែវង្វេងផ្លូវ ទោះមានការបង្ហាញទិសដៅច្បាស់លាស់ក៏ដោយ។
អ្នកនិពន្ធបទគម្ពីរទំនុកដំកើង ក៏ធ្លាប់មានបទពិសោធន៍ នៅក្នុងការវង្វេងផងដែរ បានជាគាត់អធិស្ឋានថា “ទូលបង្គំបានវង្វេងទៅ ដូចជាចៀមបាត់បង់ សូមដេញរកអ្នកបំរើទ្រង់ផង ដ្បិតទូលបង្គំមិនភ្លេចសេចក្ដីបង្គាប់របស់ទ្រង់ឡើយ”(ទំនុកដំកើង ១១៩:១៧៦)។ គាត់បានប្រៀបធៀបខ្លួនគាត់ ជាមួយនឹងសត្វចៀមដែលវង្វេងផ្លូវ។ ទោះសត្វចៀមអាចជាសត្វដែលមានតម្លៃក៏ដោយ ក៏ពួកវាចេះបះបោរប្រឆាំងនឹងអ្នកគង្វាល ហើយជួនកាល ពួកវាវង្វេងចេញពីគាត់ និងត្រូវការឲ្យគាត់ស្វែងរក និងជួយសង្គ្រោះពួកវាផងដែរ។ ជំនាញស្វែងរកទិសដៅខាងវិញ្ញាណរបស់អ្នកនិពន្ធបទគម្ពីរទំនុកដំកើង មានការអន់ខ្សោយ បានជាគាត់ត្រូវការឲ្យព្រះទ្រង់តាមរកគាត់ និងប្រទានគាត់នូវ “យោបល់តាមព្រះបន្ទូលទ្រង់”(ខ.១៦៩)។ 
ពេលណាយើងវង្វេងចេញពីការថែរក្សារបស់ព្រះ ព្រះអង្គនៅតែស្រឡាញ់យើង បានជាព្រះអង្គស្វែងរក និងដឹកនាំយើងត្រឡប់ទៅរកព្រះអង្គវិញ។ យើងអាចជៀសវាងការវង្វេងខាងវិញ្ញាណ ខណៈពេលដែលព្រះអង្គជួយយើងឲ្យយល់បទគម្ពីរ ហើយដើរតាម “គ្រប់ទាំងសេចក្តីបង្គាប់”របស់ទ្រង់(ខ.១៧២)។—Marvin Williams

តើអ្នកបានរសាត់អណ្តែតចេញពីព្រះ និងប្រាជ្ញារបស់ព្រះអង្គ ដោយរបៀបណា? 
តើអ្នកនឹងនឹកចាំសេចក្តីបង្គាប់របស់ព្រះអង្គ ដោយរបៀបណា នៅថ្ងៃនេះ? 
ឱព្រះប្រកបដោយព្រះគុណ ទូលបង្គំទទួលស្គាល់ថា ទូលបង្គំមានលក្ខណៈដូចសត្វចៀមដែលវង្វេងជាញឹកញាប់ 
ដោយទូលបង្គំងាយនឹងបែកអារម្មណ៍ ហើយវង្វេងចេញពីព្រះអង្គ។ សូមព្រះអង្គនាំទូលបង្គំវិលត្រឡប់ទៅក្បែរព្រះអង្គវិញ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសាយ ៤៧-៤៩ និង ១ថែស្សាឡូនិច ៤

 

ល្ងាច

គ្រប់​គ្រង​បបូរ​មាត់​របស់​អ្នក (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

គ្រប់​គ្រង​បបូរ​មាត់​របស់​អ្នក (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

October 16, 2025

«អ្នក​ណា​ដែល​រវាំង​មាត់ នោះ​រមែង​រក្សា​ជីវិត​ខ្លួន តែ​អ្នកណា​ដែល​ហា​មាត់​ធំ នោះ​នឹង​ត្រូវ​វិនាស​ទៅ» (សុភាសិត ១៣:៣)។
លោក ថូម៉ាស ប្រ៊ូក (Thomas Brooks) ជា​ពួក​ភ្យួរីធិន ធ្លាប់​បាន​សរសេរ​ពាក្យ​មួយ​ឃ្លា​ថា «យើង​ស្គាល់​លោហធាតុ ដោយសារ​សម្លេង​គោះ​របស់​វា ហើយ​យើង​ស្គាល់​មនុស្ស ដោយ​សារ​ការ​និយាយ​ស្តី​របស់​ពួកគេ»។1
ពាក្យ​សម្ដី​របស់​មនុស្ស​កម្រ​មាន​ភាព​អព្យា​ក្រិត​ណាស់។ ព្រះ​ទ្រង់​ស្តាប់​ឮ​ពាក្យ​សម្ដី​គ្រប់​ម៉ាត់​ដែល​យើង​និយាយ ហើយ​ព្រះ​អង្គ​ទត​ឃើញ​ជីវិត​យើង​នៅ​ចំពោះ​មុខ​ព្រះអង្គ ហើយ​ព្រះ​គម្ពីរ​មាន​សមត្ថភាព​ចាក់​ទម្លុះ ហើយ​បើក​បង្ហាញ​គំនិត​ដែល​កប់​ជ្រៅ​បំផុត​ក្នុង​ចិត្ត​យើង ដែល​យើង​ព្យាយាម​លាក់​បាំង​ពី​ខ្លួន​ឯង និង​អ្នក​ដទៃ។ 
មនុស្ស​ម្នាក់ៗ​មាន​ការ​ដិត​ជាប់​ទៅ​ដោយ​ការ​ចង​ចាំ​ពាក្យ​សម្ដី ដែល​គេ​បាន​និយាយ​មក​កាន់​យើង។ យើង​ប្រហែល​ជា​សញ្ជឹង​គិត​អំពី​ក្តី​អំណរ​ដែល​យើង​មាន កាល​យើង​បាន​ឮ​ពាក្យ​សម្ដី​ដំបូង​របស់​កូន ឬ​នៅ​តែ​មាន​អារម្មណ៍​ល្វីង​ជូរ​ចត់ ចំពោះ​ពាក្យ​សម្ដី​របស់​មិត្ត​ភក្តិ​ដែល​ធ្វើ​ឲ្យ​យើង​ឈឺ​ចាប់។ ចាប់​តាំងពី​ថ្ងៃ​ដំបូង​នៃ​ជីវិត​យើង យើង​បាន​រៀន​ប្រើ​ពាក្យ​សម្ដី​ដែល​នាំ​ឲ្យ​មាន​ការ​ខូចខាត និង​ពាក្យ​សម្ដី​ដែល​នាំ​ឲ្យ​មាន​ភាព​សប្បាយ​រីករាយ។ ស្ដេច សាឡូម៉ូន មាន​បន្ទូល​ត្រូវ​ណាស់ «ទោះ​ទាំង​សេចក្ដី​ស្លាប់ ហើយ​នឹង​ជីវិត​ក៏​នៅ​ក្នុង​អំណាច​នៃ​អណ្ដាត​ដែរ» (សុភាសិត ១៨:២១)។ 
យើង​រាល់​គ្នា​សុទ្ធ​តែ​ធ្លាក់​ចូល​ក្នុង​អំពើ​បាប។ ដូច​នេះ ពាក្យ​សម្ដី​ដែល​ធ្វើ​ឲ្យ​ឈឺ​ចាប់​ពិត​ជា​ងាយ​នឹង​ហើរ​ចេញ​ពី​មាត់​របស់​យើង។ វា​អាច​ជា​ពាក្យ​សម្ដី​ឥត​បើ​គិត ដូច​ជា​ការ​គ្រវី​គ្រវាត់​ដាវ​ដោយ​មិន​ខ្វល់​អ្វី​សោះ ហើយ​វា​អាច​ជា​ពាក្យ​ដែល​មិន​ប្រយ័ត្ន នៅ​ពេល​ដែល​យើង​ឆ្លើយ​មុន​ពេល​យើង​ស្តាប់។ ជួន​កាល យើង​គ្រាន់​តែ​និយាយ​ច្រើន​ពេក ហើយ​ដោយ​ជៀស​មិន​រួច យើង​និយាយ​អំពី​រឿង​ដែល​យើង​គួរ​តែ​ទុក​សម្រាប់​ខ្លួន​ឯង។ ពាក្យ​សម្ដី​អាច​បំផ្លាញ​អ្នក​ជិត​ខាង ធ្វើ​ឲ្យ​មិត្ត​ភក្តិ​មាន​អារម្មណ៍​ឈឺ​ចាប់ ហើយ​បញ្ឆេះ​ភ្លើង ក្នុង​ទំនាក់​ទំនង​ដែល​យើង​មាន​ជា​មួយ​អ្នក​ដទៃ។ ពាក្យ​សម្ដី​ខុស​មួយ​មាត់ ធ្វើ​ឲ្យ​ខូច​ចរិត​លក្ខណៈ​របស់​មនុស្ស​ម្នាក់ ធ្វើ​ឲ្យ​ខូច​កេរ្តិ៍​ឈ្មោះ ឬ​ធ្វើ​ឲ្យ​ជីវិត​របស់​មនុស្ស​ម្នាក់​ប្រែ​ជា​ឥត​ប្រយោជន៍​អស់​រយៈ​ពេល​យ៉ាង​យូរ។ យើង​សុទ្ធ​តែ​ដឹង​អំពី​រឿង​នេះ ប៉ុន្តែ​យើង​ពិត​ជា​ពិបាក​គ្រប់​គ្រង​មាត់​របស់​ខ្លួន​ឯង។ មាន​ពេល​ប៉ុន្មាន​ដង​ហើយ ដែល​យើង​ជ្រុល​ជ្រួស​ពាក្យ​សម្ដី បណ្ដាល​ឲ្យ​មាន​ការ​ខូច​ខាត​មក​លើ​ខ្លួន​ឯង និង​អ្នក​ដទៃ។ 
បើ​យើង​ពិត​ជា​ស្មោះ​ត្រង់ ក្នុង​ការ​ទទួល​ស្គាល់​គ្រោះ​ថ្នាក់​នៃ​អណ្តាត​របស់​យើង យើង​ប្រាកដ​ជា​មាន​ការ​យោគ​យល់ និង​អត់​ធ្មត់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​មិន​ខាន។ ហើយ​យើង​នឹង​មាន​ចិត្ត​ឆេះឆួល​កាន់​តែ​ខ្លាំង ក្នុង​ការ​ព្យាយាម​គ្រប់​គ្រង​អណ្តាត​របស់​យើង និង​លះ​បង់​ចោល​ពាក្យ​សម្ដី​ដែល​បង្ខូច​បំផ្លាញ ដោយ​ជំនួយ​មក​ពី​ព្រះ​អង្គ។ យើង​នឹង​បង្ហាញ​ការ​យោគ​យល់​ចំពោះ​មិត្ត​ភក្តិ ក្រុម​គ្រួសារ និង​អ្នក​ជិត​ខាង​របស់​យើង! មាន​តែ​ព្រះ​យេស៊ូវ​ទេ​ដែល​ល្អ​ឥត​ខ្ចោះ ព្រះ​អង្គ​មិន​ដែល​ប្រព្រឹត្ត​អំពើ​បាប ដោយ​សារ​ព្រះ​បន្ទូល​របស់​ព្រះ​អង្គ​ឡើយ (យ៉ាកុប ៣:២)។ បើ​យើង​ព្យាយាម​ផ្លាស់​ប្រែ​ឲ្យ​មាន​លក្ខណៈ​ដូច​ព្រះ​អង្គ​ក្នុង​ការ​និយាយ​ស្ដី យើង​ប្រហែល​ជា​នឹង​បាន​ឃើញ​មនុស្ស​កាន់​តែ​ច្រើន មាន​ការ​ស្ញប់​ស្ញែង​ចំពោះ​ព្រះ​បន្ទូល​ដែល​មាន​ក្តី​អាណិត សុភាព សប្បុរស ចេញ​ពី​ព្រះ​ឱស​របស់​ព្រះ​អង្គ (លូកា ៤:២២)។ 
ពាក្យ​សម្ដី និង​ការ​ប្រព្រឹត្ត​របស់​អ្នក មិន​អាច​សម្រេច​អ្វី​មួយ​បាន​សម្រាប់​អ្នក ដោយ​ខ្លួន​ឯង​នៅ​ពី​មុខ​ទ្វារ​ស្ថាន​សួគ៌​ទេ ប៉ុន្តែ​ពាក្យ​សម្ដី និង​ការ​ប្រព្រឹត្ត​ទាំង​នោះ​គឺ​ជា​ភស្តុតាង​បញ្ជាក់​ថា អ្នក​ពិត​ជា​មាន​ជំនឿ​លើ​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ ដូច​ដែល​អ្នក​បាន​ប្រកាស​មែន។ «ដូច្នេះ បង​ប្អូន​ស្ងួន​ភ្ងា​អើយ ចូរ​ឲ្យ​គ្រប់​គ្នា​បាន​ឆាប់​នឹង​ស្ដាប់ ក្រ​នឹង​និយាយ ហើយ​យឺត​នឹង​ខឹង​ដែរ» (យ៉ាកុប ១:១៩)។ តើ​អ្នក​នឹង​អនុវត្ត​តាម​បទ​គម្ពីរ​នេះ ដោយ​ការ​ប្រុង​ប្រយ័ត្ន​ដូច​ម្ដេច​ខ្លះ? 


ខ​គម្ពីរ​សញ្ជឹង​គិត៖ យ៉ាកុប ៣:២-១២
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ ១សាំយ៉ូអែល ១០-១២ និង​អេភេសូរ ៥:១៧-៣៣

ប្រភេទ