នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ការដើរក្នុងពន្លឺរបស់ព្រះគ្រីស្ទ

ការដើរក្នុងពន្លឺរបស់ព្រះគ្រីស្ទ

ដោយKaren Huang

October 15, 2025

១យ៉ូហាន ១:៥-១០
បើសិនជាយើងរាល់គ្នាថា យើងមានសេចក្ដីប្រកបនឹងទ្រង់ តែដើរក្នុងសេចក្ដីងងឹតវិញ នោះឈ្មោះថាយើងកុហក ហើយមិនប្រព្រឹត្តតាមសេចក្ដីពិតទេ។ ១យ៉ូហាន ១:៦
កាលក្មួយស្រីរបស់ខ្ញុំនៅក្មេង ពួកគេចូលចិត្តនាំខ្ញុំលេងល្បែងកម្សាន្ត បន្ទាប់ពីអាហារពេលល្ងាច។ ពួកគេបិទភ្លើងក្នុងផ្ទះ ហើយយើងក៏បានដើរក្នុងភាពងងឹតដោយគ្មានគោលដៅ ពេលយើងប៉ះគ្នាយើងក៏បានចាប់ដៃគ្នាជាប់ ហើយអស់សំណើច។ ពួកគេចូលចិត្តលេងបន្លាចខ្លួនឯង ដោយសម្រេចចិត្តដើរក្នុងកន្លែងងងឹត ដោយដឹងថា ពួកគេអាចបើកភ្លើងឲ្យភ្លឺឡើងវិញ នៅពេលណាក៏បាន។ 
ក្នុងសំបុត្រដែលសាវ័កយ៉ូហានបានសរសើរផ្ញើទៅអ្នកជឿព្រះយេស៊ូវ នៅសម័យពួកជំនុំដំបូង គាត់បាននិយាយអំពីការសម្រេចចិត្តដើរ ក្នុងភាពងងឹតមួយប្រភេទទៀត។ បទគម្ពីរ ១យ៉ូហាន ១:៦ បាននិយាយអំពី “ភាពងងឹត” សំដៅទៅលើអំពើបាប។ ការដើរក្នុងភាពងងឹត មិនគ្រាន់តែជាការធ្វើអំពើបាបតែមួយពេល តែក៏ជាការសម្រេចចិត្តបន្តធ្វើអំពើបាបនោះ។ សាវ័កយ៉ូហានបានរំឭកយើងថា ព្រះដ៏បរិសុទ្ធនៃយើងគឺជា “ពន្លឺ” ហើយ “គ្មានសេចក្ដីងងឹតណា នៅក្នុងទ្រង់សោះ”(ខ.៥)។ ដូចនេះ ពេលណាយើងអះអាងថា យើងមានទំនាក់ទំនងជាមួយព្រះអង្គ តែបន្តធ្វើអំពើបាបដោយស្ម័គ្រពីចិត្ត នោះមានន័យថា “យើងកុហក ហើយមិនប្រព្រឹត្តតាមសេចក្ដីពិតទេ”(ខ.៦)។ ព្រះយេស៊ូវដែលជាពន្លឺក្នុងលោកិយ បានយាងមក ដើម្បីឲ្យ “អ្នកណាដែលតាម[ព្រះអង្គ] នោះមិនដែលដើរក្នុងសេចក្ដីងងឹតឡើយ គឺនឹងមានពន្លឺនៃជីវិតវិញ”(យ៉ូហាន ៨:‌១២)។ 
ដោយសារព្រះគុណព្រះ បន្ទាប់ពីយើងវង្វេងក្នុងភាពងងឹតខាងវិញ្ញាណ ហើយងាកបែរមករកព្រះអង្គ ដោយការប្រែចិត្ត យើងអាចដើរក្នុងពន្លឺរបស់ព្រះអង្គឡើងវិញ តាមផ្លូវ និងគោលបំណងរបស់ព្រះអង្គ។ ព្រះអង្គនឹង “នឹងអត់ទោសបាបឲ្យយើង ហើយនឹងសំអាតយើង ពីគ្រប់អំពើទុច្ចរិតទាំងអស់ផង”(១យ៉ូហាន ១:៩)។ ទាល់តែយើងរស់នៅ ដោយការស្តាប់បង្គាប់ព្រះ ទើបយើងអាចអរសប្បាយនឹងព្រះពរដ៏ពេញលេញ ក្នុងទំនាក់ទំនងជាមួយព្រះអង្គ និងជាមួយអ្នកជឿដទៃទៀត(ខ.៧)។—Karen Huang

តើអ្នកបានសម្រេចចិត្ត “ដើរក្នុងភាពងងឹត” នៅពេលណា? តើការសម្រេចចិត្តនេះមានផលប៉ះពាល់អ្វីខ្លះ
មកលើទំនាក់ទំនងដែលអ្នកមានជាមួយព្រះ និងជាមួយអ្នកជឿដទៃទៀត? 
ឱព្រះអម្ចាស់ ទូលបង្គំសូមអរព្រះគុណព្រះអង្គ សម្រាប់ការអត់ទោសបាប និងជួយទូលបង្គំ។ 
សូមព្រះអង្គជួយទូលបង្គំឲ្យដើរក្នុងពន្លឺរបស់ព្រះអង្គ។ 
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសាយ ៤៥-៤៦ និង ១ថែស្សាឡូនិច ៣
 

ល្ងាច

សន្តិភាព​ក្នុង​ចិត្ត​ដ៏​ជាប់លាប់ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

សន្តិភាព​ក្នុង​ចិត្ត​ដ៏​ជាប់លាប់ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

October 15, 2025

«មួយ​ទៀត បង​ប្អូន​អើយ ឯ​សេចក្ដី​ណា​ដែល​ពិត សេចក្ដី​ណា​ដែល​គួរ​រាប់អាន សេចក្ដី​ណា​ដែល​សុចរិត សេចក្ដី​ណា​ដែល​បរិសុទ្ធ សេចក្ដី​ណា​ដែល​គួរ​ស្រឡាញ់ សេចក្ដី​ណា​ដែល​មាន​ឈ្មោះ​ល្អ បើ​មាន​សគុណ​ណា ឬ​ជា​សេចក្ដី​សរសើរ​ណា នោះ​ចូរ​ពិចារណា​ពី​សេចក្ដី​ទាំង​នោះ​ចុះ» (ភីលីព ៤:៨)។
យើង​ចង់​ស្គាល់​សន្តិភាព​របស់​ព្រះ និង​នៅ​ក្នុង​ព្រះ​វត្ត​មាន​របស់​ព្រះ​អង្គ។ ប៉ុន្តែ សន្តិភាព​របស់​ព្រះ​ដែល​ការពារ​ចិត្ត និង​គំនិត​យើង (ភីលីព ៤:៧)  មិន​កើត​មាន​ដោយ​ឯក​ឯង​ឡើយ។ យើង​នឹង​បាន​ដក​ពិសោធន៍​ជា​មួយ​នឹង​សន្តិភាព ឬ​សេចក្តី​សុខ​សាន្ត​ដ៏​ស្ថិត​ស្ថេរ​របស់​ព្រះ ពេល​ណា​យើង​បណ្ដុះ​គំនិត​យើង​ឲ្យ​គិត​អំពី​អ្វី​ដែល​ព្រះ​អង្គ​សព្វ​ព្រះ​ទ័យ។ ដូច​នេះ ដើម្បី​ស្គាល់​សន្តិភាព ជា​ដំបូង​យើង​ត្រូវ​សួរ​ខ្លួន​ឯង​ថា «តើ​ខ្ញុំ​ត្រូវ​មាន​ការ​គិត​យ៉ាង​ដូច​ម្ដេច​ខ្លះ?»
សាវ័ក ប៉ុល បាន​ឆ្លើយ​សំណួរ​នេះ ក្នុង​បទ​គម្ពីរ​ខាង​លើ ដោយ​លើក​ទឹក​ចិត្ត​យើង​ឲ្យ​បង្កើត​របៀប​នៃ​ការ​គិត ផ្អែក​ទៅ​លើ​សេចក្តី​អ្វី​ដែល​ល្អ​ប្រសើរ និង​គួរ​ឲ្យ​សរសើរ។ ហេតុ​នេះ​ហើយ គាត់​បាន​បង្រៀន​យើង​អំពី​គុណ​ធម៌​ទាំង៦ ធ្វើ​ជា​មូលដ្ឋាន​នៃ​ការ​គិត​របស់​គ្រីស្ទ​បរិស័ទ។ 
គុណ​ធម៌ទី១ គឺ​ជា​សេចក្តី​ពិត។ យើង​ត្រូវ​តែ​ពាក់​ខ្សែ​ក្រវាត់​នៃ​សេចក្តី​ពិត មុន​ពេល​យើង​អាច​ទទួល​បាន​អត្ថប្រយោជន៍​ពី​ផ្នែក​ដទៃ​ទៀត​នៃ​គ្រឿង​សឹក​របស់​ព្រះ (អេភេសូរ ៦:‌១៤)។ ដូច​នេះ ជាបឋម យើង​ត្រូវ​ក្រវាត់​ខ្លួន​ដោយ​សេចក្តី​ពិត​ដែល​រក​បាន​ក្នុង​ព្រះ​គ្រីស្ទ ដោយ​មិន​ផ្តេក​ផ្ដួល​តាម​គំនិត​ខ្លួន​ឯង ហើយ​មាន​ការ​ដក​ពិសោធន៍​ផ្ទាល់​ខ្លួន​ជា​មួយ​សេចក្តី​ពិត​នោះ ពេល​ណា​យើង​ប្រកាស​ដំណឹង​ល្អ​ទៅ​កាន់​ខ្លួន​ឯង និង​អ្នក​ដទៃ។ ទីពីរ សាវ័ក ប៉ុល បាន​បង្គាប់​យើង​ឲ្យ​គិត​អំពី «សេចក្តី​ណា​ដែល​គួរ​រាប់​អាន» ឬ «គួរ​ឲ្យ​គោរព»។ ការ​ផ្ដោត​គំនិត​របស់​យើង​ទៅ​លើ​សេចក្តី​អ្វី​ដែល​គួរ​ឲ្យ​គោរព​រាប់​អាន គឺ​ផ្ទុយ​នឹង​ការ​គិត​អំពី​អ្វី​ដែល​ខុស​សីលធម៌ និង​ស្រប​តាម​លោកីយ៍។ ក្នុង​នាម​យើង​ជា​អ្នក​ជឿ​ព្រះ យើង​មិន​ត្រូវ​ចម្អែត​គំនិត​យើង ដោយ​ការ​កម្សាន្ត​សប្បាយ​អសីលធម៌ ឬ​ការ​សប្បាយ​ដែល​គ្មាន​ន័យ ដែល​កំពុង​គ្រប​ដណ្តប់​យ៉ាង​ខ្លាំង​មក​លើ​សង្គម​លោកីយ៍​សព្វ​ថ្ងៃ។ ផ្ទុយ​ទៅ​វិញ យើង​ត្រូវ​គិត​អំពី​អ្វី​ដែល​លើក​វិញ្ញាណ​យើង​ទៅ​រក​ព្រះ និង​កិច្ចការ​ដ៏​ធំ​ប្រសើរ​របស់​ព្រះ​អង្គ។ ទី៣ និង​ទី៤ សាវ័ក ប៉ុល បាន​បង្រៀន​យើង​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ផ្អែក​ទៅ​លើ​អ្វី​ដែល​សុចរិត និង​បរិសុទ្ធ ជាជាង​ផ្អែក​ទៅលើ​អ្វី​ដែល​សុខ​ស្រួល ឬ​ពេញ​ចិត្ត។ គឺ​ការ​គិត​របៀប​នេះ​ហើយ ដែល​បាន​ធ្វើ​ឲ្យ​លោក យ៉ូសែប មាន​ភាព​ខុស​ប្លែក​ពី​ស្ដេច ដាវីឌ ក្នុង​ស្ថានភាព​ស្រដៀង​គ្នា ដែល​ក្នុង​នោះ​ប្រពន្ធ​របស់​លោក បូទីផា បាន​តាម​ស្រឡាញ់​លោក យ៉ូសែប ហើយ​គាត់​បាន​សម្រេច​ចិត្ត​គេច​ចេញ​ពី​នាង ផ្អែក​ទៅ​លើ​អ្វី​ដែល​ត្រឹម​ត្រូវ មិន​មែន​ទៅ​លើ​អ្វី​ដែល​ងាយ​ស្រួល ឬ​ធ្វើ​ឲ្យ​គាត់​សប្បាយ​ភ្លាមៗ​នោះ​ទេ (លោកុប្បត្ដិ ៣៩:៦-១២)។ រីឯ​ស្ដេច ដាវីឌ វិញ ទ្រង់​ធ្វើ​តាម​អារម្មណ៍​របស់​ទ្រង់ ដោយ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ធ្ងន់ធ្ងរ ដោយ​រួម​ដំណេក​ជា​មួយ​នាង បាសេបា ហើយ​សម្លាប់​ស្វាមី​របស់​នាង (២សាំយ៉ូអែល ១១)។ ការ​ដែល​យើង​បាន​ទទួល​សេចក្តី​សង្គ្រោះ​ហើយ មិន​មាន​ន័យ​ថា យើង​នឹង​ជៀស​ផុត​ពី​ការ​ទាស់​ប្រឆាំង​នឹង​ព្រះ ដែល​ផ្តើម​ចេញពី​គំនិត​របស់​យើង ហើយ​កើត​ចេញ​ជា​អំពើ​បាប​នោះ​ទេ។ ប៉ុន្តែ ការ​គិត​ឲ្យ​សម​ជា​មនុស្ស​ដែល​បាន​សង្គ្រោះ​នឹង​ជួយ​យើង​ជៀសវាង​អំពើ​បាប។ ទី៥ និង​ទី៦ យើង​ត្រូវ​តែ​គិត អំពី «សេចក្តី​អ្វី​ដែល​មាន​ឈ្មោះ​ល្អ» និង «សេចក្តី​អ្វី​ដែល​គួរ​សរសើរ» ដែល​អាច​ប្រែ​មក​ថា «របាយ​ការណ៍​ល្អ»។ ពេល​ណា​យើង​គិត​ដូច​នេះ យើង​នឹង​ស្តាប់​តាម​របាយ​ការណ៍​ដែល​ស្អាង​អ្នក​ដទៃ ជា​ជាង​ស្តាប់​តាម​របាយ​ការណ៍​ដែល​បំផ្លាញ ឬ​ធ្វើ​ឲ្យ​ពួក​គេ​ខក​ចិត្ត។ នេះ​ជា​ផ្នត់​គំនិត ដែល​លើក​កម្ពស់​សេចក្តី​ស្រឡាញ់​ជា​បង​ប្អូន និង​ផ្អែក​ទៅ​លើ​ព្រះ​គុណ​ព្រះ ដែល​ធ្វើ​ការ​ក្នុង​ជីវិត​យើង។ 
ចូរ​រៀប​ចំ​ការ​គិត​របស់​អ្នក តាម​គំរូ​ដែល​សាវ័ក ប៉ុល បាន​ផ្តល់​ឲ្យ ហើយ​ត្រូវ​ប្រាកដ​ថា អ្នក​អធិស្ឋាន​សូម​ព្រះ​អង្គ​ជួយ​កែ​តម្រង់​ការ​គិត​របស់​អ្នក (ភីលីព ៤:៦-៨) ហើយ​អ្នក​នឹង​មិន​មាន​ឱកាស​ច្រើន ដើម្បី​ថប់​បារម្ភ ជា​សណ្ឋាន​នៃ​គំនិត​ដែល​ធ្វើ​ឲ្យ​ខូច​សន្តិភាព បំផ្លាញ​ក្តី​អំណរ​ក្នុង​ចិត្ត​ដែល​ច្រើន​តែ​លួច​ចូល​ក្នុង​ជីវិត​យើង។ ផ្ទុយ​ទៅ​វិញ ចូរ​ហ្វឹក​ហាត់​ការ​គិត​របស់​អ្នក​ឲ្យ​មាន​គំនិត​គិត​ដូច​ព្រះ​អង្គ ហើយ​អ្នក​អាច​ដក​ពិសោធន៍​ជា​មួយ​នឹង​សន្តិភាព និង​ព្រះ​វត្ត​មាន​របស់​ព្រះ​អង្គ​កាន់​តែ​ខ្លាំង។ 


ខ​គម្ពីរ​សញ្ជឹង​គិត៖ ទំនុកតម្កើង ១១៩:៩៧-១០៤
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ ១សាំយ៉ូអែល ៧-៩ និង អេភេសូរ​៥:១-១៦

ប្រភេទ