នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

មានគ្នាពីរនាក់ ល្អជាងម្នាក់ឯង

មានគ្នាពីរនាក់ ល្អជាងម្នាក់ឯង

ដោយDave Branon

October 14, 2025

សាស្តា ៤:៨-១០
មានគ្នា២នាក់ នោះវិសេសជាងនៅតែឯង ពីព្រោះគេមានរង្វាន់យ៉ាងល្អកើតពីការនឿយហត់របស់ខ្លួន។ សាស្តា ៤:៩
ការឡើងភ្នំនៅប្រទេសចាម៉ៃកា ដែលមានទឹកជ្រោះ បានផ្តល់ឲ្យភ្ញៀវទេសចរណ៍ទាំងឡាយ នូវបទពិសោធន៍ដ៏រីករាយយ៉ាងខ្លាំង។ ទឹកជ្រោះបានធ្លាក់មកលើផ្ទាំងថ្មដែលមានផ្ទៃរលោង ហូរចុះតាមដងទន្លេឆ្ពោះទៅរកសមុទ្រខារីបៀន។ អ្នកឡើងភ្នំទាំងឡាយត្រូវជម្នះបញ្ហាប្រឈម ក្នុងការឡើងទៅដល់កំពូលរបស់ជ្រោះ ដោយការតយុទ្ធនឹងទឹកជ្រោះដែលធ្លាក់ពីលើមក។ សម្រាប់ក្មេងជំទង់ឈ្មោះ ជេ ដាប់ប៊លយូ(JW) ការឡើងទឹកជ្រោះនេះ ស្ទើរតែមិនអាចធ្វើទៅបាន។ គាត់មានបញ្ហាភ្នែក ដែលអាចមើលឃើញពិភពលោកជុំវិញខ្លួនគាត់តែបន្តិច ដូចមើលតាមរន្ធតូចមួយ។
ប៉ុន្តែ ជេដាប់ប៊លយូ បានប្តេជ្ញាចិត្តឡើងជ្រោះនោះ ដោយមានយ៉ូសាយអាហ(Josiah) ជាមិត្តភក្តិ ស្ម័គ្រចិត្តឡើងជាមួយគាត់។ យ៉ូសាយអាហបានធ្វើជាភ្នែករបស់ជេដាប់ប៊លយូ ដោយប្រាប់គាត់ ឲ្យដឹងថា មានថ្មណារអិល ដែលត្រូវជៀសវាង និងត្រូវដាក់ដៃ និងជើងនៅកន្លែងណា។ ហើយជេដាប់ប៊លយូ បានលើកទឹកចិត្តយ៉ូសាយអាហយ៉ាងខ្លាំង ដោយបង្ហាញគាត់ឲ្យបានដឹងថា សេចក្តីក្លាហាននៅចំពោះមុខគ្រោះថ្នាក់ មានលក្ខណៈដូចម្តេច។ 
ដំណើរជីវិតរបស់យើង ភាគច្រើនមានលក្ខណៈមិនខុសពីការឡើងជ្រោះ ដ៏គ្រោះថ្នាក់នេះទេ បានជាយើងមិនគួរដើរតែម្នាក់ឯងឡើយ។ ស្តេចសាឡូម៉ូនបានចង្អុលបង្ហាញសេចក្តីពិតនេះ ដល់យើងយ៉ាងដូចនេះថា “មានគ្នា២នាក់ នោះវិសេសជាងនៅតែឯង ពីព្រោះគេមានរង្វាន់យ៉ាងល្អកើតពីការនឿយហត់របស់ខ្លួន”(សាស្តា ៤:៩)។ យ៉ូសាយអាហ និងជេដាប់ប៊លយូបានធ្វើជាគំរូដ៏ល្អនៃមិត្តភាព នៅក្នុងការឡើងភ្នំនោះ ដោយជួយគ្នាទៅវិញទៅមក។ បទគម្ពីរនេះក៏បានចែងផងដែរថា “ដ្បិតបើដួល នោះម្នាក់នឹងជ្រោងគ្នាឡើងវិញ”(ខ.‌១០)។ ប៉ុន្តែ ពួកគេទាំងពីរនាក់មិនបានដួលចុះ ហើយក៏មិនបានបរាជ័យក្នុងការឡើងភ្នំនោះឡើយ។ ពួកគេបានឈានទៅដល់គោលដៅជាមួយគ្នា។ 
ស្តេចសាឡូម៉ូនបានធ្វើការបកស្រាយយ៉ាងច្បាស់ថា ការរៀបចំដែលព្រះទ្រង់មានសម្រាប់ទំនាក់ទំនងរបស់មនុស្ស គឺដើម្បីឲ្យយើងធ្វើការជាមួយគ្នា គឺដូចដែលក្មេងជំទង់ទាំងពីរនោះបានធ្វើជាគំរូស្រាប់។ កិច្ចការដែលព្រះទ្រង់បានត្រាស់ហៅឲ្យយើងធ្វើ គឺធ្វើបានល្អបំផុត នៅពេលដែលយើងធ្វើជាមួយអ្នកដទៃ ដោយប្រើជំនឿ និងទឹកចិត្តដែលព្រះទ្រង់បានប្រទាន ដើម្បីនាំមកនូវលទ្ធផលដែលចង្អុលបង្ហាញ ឲ្យគេងាកទៅរកព្រះអង្គ។—Dave Branon

ហេតុអ្វីយើងចាំបាច់ត្រូវធ្វើការបម្រើ ជាមួយអ្នកដទៃ? តើអ្នកមានអារម្មណ៍ដូចម្តេច 
នៅពេលដែលអ្នករួបរួមគ្នា ដើម្បីនាំអ្នកដទៃងាកទៅរកព្រះអង្គ?
ឱព្រះអម្ចាស់ សូមព្រះអង្គជួយទូលបង្គំធ្វើការជាមួយព្រះអង្គ និងអ្នកដទៃ ដើម្បីសម្រេចបេសកកម្មរបស់ព្រះអង្គ នៅលើផែនដី។ 
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសាយ ៤៣:៤៤ និង ១ថែស្សាឡូនិច ២
 

ល្ងាច

ទុក្ខ​វេទនា​ដ៏​អយុត្តិធម៌ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ទុក្ខ​វេទនា​ដ៏​អយុត្តិធម៌ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

October 14, 2025

«ពួក​ស្ងួន​ភ្ងា​អើយ កុំ​ឲ្យ​មាន​ប្លែក​ក្នុង​ចិត្ត ដោយ​ភ្លើង​ដ៏​ក្ដៅ​ក្រហាយ ដែល​កំពុង​តែ​ល្បង​អ្នក​រាល់​គ្នា ទុក​ដូច​ជា​កើត​មាន​សេចក្ដី​ចំឡែក​នោះ​ឡើយ។ ត្រូវ​អរ​សប្បាយ​វិញ ដោយ​ព្រោះ​មាន​ចំណែក​ក្នុង​ការ​រង​ទុក្ខ​របស់​ព្រះ​គ្រីស្ទ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ត្រេកអរ​រីករាយ​ជា​ខ្លាំង ក្នុង​កាល​ដែល​សិរី​ល្អ​ទ្រង់​លេច​មក» (១ពេត្រុស ៤:១២-១៣)។
អ្នក​ជឿ​ព្រះ​ពិត​ប្រាកដ​នឹង​ជួប​ទុក្ខ​វេទនា​ដ៏​អយុត្តិធម៌​នៅ​ពេល​ណា​មួយ​មិន​ខាន។ បើ​យើង​ពិត​ជា​ដើរ​តាម​ព្រះ​គ្រីស្ទ យើង​នឹង​ឆ្លង​កាត់​រដូវ​កាល​ដែល​យើង​នឹង​ទទួល​រង​ការ​ចោទ​ប្រកាន់ ការ​មួល​បង្កាច់ ឬ​ការ​ព្យាបាទ។ វា​អាច​កើត​ឡើង​ក្នុង​ផ្ទះ​យើង នៅ​កន្លែង​ធ្វើ​ការ ឬ​នៅ​សាលា​រៀន ហើយ​ថែម​ទាំង​អាច​កើត​ឡើង​ក្នុង​ព្រះ​វិហារ​ផង​ដែរ។ 
ទុក្ខ​លំបាក​ទាំង​នេះ គឺ​ជា​បញ្ហា​ប្រឈម​ពិត​ប្រាកដ​មែន។ ពេល​ណា​យើង​យក​ការ​ពិត​មក​លាត​ត្រដាង ពី​មុខ​យើង យើង​គិត​ឃើញ​ថា «តើ​អ្នក​ដឹង​ទេ?  គាត់​គ្មាន​សិទ្ធិ​និយាយ​អញ្ចឹង​ទេ! នាង​គ្មាន​សិទ្ធិ​គិត​អញ្ចឹង​ទេ! ពួក​គេ​គ្មាន​សិទ្ធិ​ធ្វើ​អញ្ចឹង​ទេ! ប៉ុន្តែ ពួក​គាត់​នៅ​តែ​ធ្វើ​មក​លើ​ខ្ញុំ។ អយុត្តិធម៌​ណាស់!»
ពេល​ណា​យើង​ប្រឈម​មុខ​ដាក់​ទុក្ខ​វេទនា យើង​ពិត​ជា​ចង់​ចាត់​ទុក​វា​ជា​សំណាង​អាក្រក់​ដ៏​ចម្លែក​មួយ តែ​ការ​ដើរ​តាម​ព្រះ​យេស៊ូវ​មិន​មាន​លក្ខណៈ​ដូច​នេះ​ទេ។ ក្នុង​ជម្រៅ​ចិត្ត​យើង យើង​ងាយ​នឹង​គិត​ឃើញ​ថា អ្វីៗ​គួរ​តែ​មាន​ភាព​ងាយ​ស្រួល នៅ​ពេល​ដែល​យើង​ដើរ​តាម​ព្រះ​យេស៊ូវ។ ក្នុង​ផ្នែក​ខ្លះ​នៃ​ពិភពលោក (រាប់​បញ្ចូល​ទាំង​លោក​ខាង​លិច ក្នុង​ពេល​សព្វ​ថ្ងៃ​ដែរ) យើង​ងាយ​នឹង​យល់​ឃើញ​ដូច​នេះ​ដែរ ដោយ​ចិត្ត​រីករាយ។ ប៉ុន្តែ នៅ​ពេល​ដែល​យើង​ប្រឈម​មុខ​ដាក់ «ទុក្ខ​លំបាក​ដែល​ក្តៅ​ដូច​ភ្លើង» ហើយ​ភ្លាមៗ​នោះ បទ​ពិសោធន៍​ក្នុង​ជីវិត​យើង​ក៏​បាន​បង្ហាញ ការ​រស់​នៅ​ជា​គ្រីស្ទ​បរិស័ទ​មិន​ងាយ​ស្រួល​ទេ។ 
ក្នុង​ការ​ឃ្វាល​ពួក​ជំនុំ ក្នុង​សម័យ​ពួក​ជំនុំ​ដំបូង សាវ័ក ពេត្រុស បាន​លើក​ទឹក​ចិត្ត​ពួក​គេ មិន​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ចំពោះ​ទុក្ខ​លំបាក។ សាវ័ក ពេត្រុស បាន​ជំរុញ​អ្នក​ជឿ​ព្រះ​ទាំងឡាយ​ឲ្យ​ត្រៀម​ខ្លួន​សម្រាប់​ទុក្ខ​លំបាក គឺ​ប្រៀប​ដូច​ជា​ឪពុក​ម្តាយ​ដែល​អង្គុយ​ប្រាប់​កូន​មុន​នឹង​កូន​នោះ​ប្រ​លូក​​ក្នុង​សង្គម។ មិន​មែន​ក្នុង​ន័យ​ថា ពួក​គេ​នឹង​ប្រព្រឹត្ត​ខុស នៅ​ណា​មួយ ហើយ​នឹង​ជួប​ផល​វិបាក​ដោយ​យុត្តិ​ធម៌​នោះ​ទេ។ ប៉ុន្តែ ពួក​គេ​នឹង​រង​ទុក្ខ ដោយ​សារ​ពួក​គេ​បាន​ប្ដេជ្ញា​ចិត្ត​ចំពោះ​ព្រះ​យេស៊ូវ​គ្រីស្ទ។ សាវ័ក ពេត្រុស ប្រាប់​ពួក​គេ​ថា នេះ​ជា​ផ្នែក​មួយ​នៃ​ជីវិត​ជា​គ្រីស្ទ​បរិស័ទ។ ពួក​គេ​មិន​គួរ​មាន​ការ​ភ្ញាក់​ផ្អើល​ទេ តែ​ត្រូវ​មាន​ការ​រំពឹង​ទុក​ជា​មុន។
ហេតុ​នេះ​ហើយ នៅ​ពេល​យប់​មុន​ពេល​ភាព​សម្អប់​របស់​មនុស្ស​បាន​ឆ្កាង​ព្រះ​យេស៊ូវ ព្រះ​អង្គ​បាន​ប្រាប់​ពួក​សាវ័ក​ថា «បាវ​មិន​មែន​ធំ​ជាង​ចៅហ្វាយ​ទេ បើ​គេ​បាន​បៀតបៀន​ដល់​ខ្ញុំ នោះ​គេ​នឹង​បៀតបៀន​ដល់​អ្នក​រាល់​គ្នា» (យ៉ូហាន ១៥:២០)។ ចូរ​យើង​ពិចារណា​អំពី​របៀប​ដែលគេ​បាន​ប្រព្រឹត្ត​មក​លើ​ព្រះ​អង្គ នៅ​ក្នុង​ទីលាន​របស់​លោក ពីឡាត់ ចុះ។ ក្នុង​អំឡុង​ពេល​សួរ​ចម្លើយ លោក ពីឡាត់ បាន​ប្រកាស​អំពី​ព្រះ​យេស៊ូវ​បី​ដង​ថា «ខ្ញុំ​មិន​ឃើញ​ជា​អ្នក​នោះ​មាន​ទោស​ខុស​អ្វី​សោះ»  (១៨:៣៨ ១៩:៤, ៦)។ គាត់​ជឿ​ថា សត្រូវ​របស់​ព្រះ​យេស៊ូវ​កំពុង​ព្យាយាម​គ្រប់​គ្រង​កាលៈទេសៈ ដើម្បី​សម្រេច​គោល​បំណង​អាក្រក់​របស់​ពួក​គេ។ ហើយ​គាត់​ទុក​ចិត្ត​ថា ព្រះ​យេស៊ូវ​មិន​មាន​ទោស​ដូច​គេ​ចោទ​ប្រកាន់​ទេ។ ប៉ុន្តែ គាត់​មិន​បាន​ដោះ​លែង​ព្រះ​អង្គ​ទេ ផ្ទុយ​ទៅ​វិញ គាត់​ឲ្យ​គេ​វាយ​ដំ​ព្រះ​អង្គ​មុន​នឹង​ឲ្យ​គេ​ឆ្កាង​ព្រះ​អង្គ។ 
គ្រប់​ទាំង​ទុក្ខ​សោក និង​ការ​ឈឺ​ចាប់​ដែល​ព្រះ​យេស៊ូវ​បាន​ទទួល​រង សុទ្ធ​តែ​អយុត្តិធម៌។ ដូច​នេះ ពេល​យើង​សម្រេច​ចិត្ត​ដើរ​តាម​ព្រះ​គ្រីស្ទ ព្រះ​អង្គ​ត្រាស់​ហៅ​យើង​ឲ្យ​រង​ទុក្ខ​ដូច​ព្រះ​អង្គ​ដែរ។ 
តើ​អ្នក​កំពុង​ជួប​ទុក្ខ​លំបាក​ដែល​ឆួល​ក្តៅ នៅ​ថ្ងៃ​នេះ ឬ​នៅ​មាន​ការ​ឈឺ​ចាប់ បន្ទាប់​ពី​បាន​ឆ្លង​កាត់​វា​ហើយ​ដែរ​ឬ​ទេ? ចូរ​មាន​សង្ឃឹម​ឡើង។ ពេល​ណា​ដំណើរ​ជីវិត​គ្រីស្ទ​បរិស័ទ​មាន​ការ​ឈឺ​ចាប់ យើង​កំពុង​រង​ទុក្ខ តាម​គំរូ​របស់​ព្រះ​ដែល​បាន​រង​ទុក្ខ​លើស​យើង​ជា​ច្រើន​ដង។ យើង​កំពុង​លះបង់​ខ្លួន​យើង ថ្វាយ​ដល់​ព្រះ​ដែល​បាន​ថ្វាយ​អង្គ​ទ្រង់​ដល់​យើង។ ហើយ​យើង​អាច​មើល​ឆ្ពោះ​ទៅ​ថ្ងៃ ដែល​ទុក្ខ​លំបាក​លែង​មាន​ទៀត ព្រះ​អង្គ​បាន​សម្រេច​យុត្តិ​ធម៌ ហើយ​យើង​នឹង​រស់​នៅ​ក្នុង​សិរី​ល្អ​របស់​ព្រះ​អង្គ​សង្គ្រោះ​ជា​រៀង​រហូត។ 


ខ​គម្ពីរ​សញ្ជឹង​គិត៖ យ៉ូហាន ១៥:១៨-១៦:៤
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ ១សាំយ៉ូអែល ៤-៦ និង​អេភេសូរ ៤

ប្រភេទ