នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ការដឹងគុណព្រះអម្ចាស់

ការដឹងគុណព្រះអម្ចាស់

ដោយLisa Samra

October 13, 2025

១របាក្សត្រ ១៦:៨-១៤,១៩-២៤
ចូរអរព្រះគុណដល់ព្រះយេហូវ៉ា ដ្បិតទ្រង់ល្អ ពីព្រោះសេចក្ដីសប្បុរសនៃទ្រង់នៅអស់កល្បជានិច្ច។ ១របាក្សត្រ ១៦:៣៤
ប្រទេសកាណាដា និងកោះសន្តលូសៀ តែងតែប្រារព្ធទិវាដឹងគុណ ក្នុងខែតុលា ជារៀងរាល់ឆ្នាំ។ ប្រទេសលីបេរៀ បានញែកពេលមួយថ្ងៃ សម្រាប់ប្រារព្ធទិវាដឹងគុណ នៅដើមខែវិច្ឆិកា ខណៈពេលដែលសហរដ្ឋអាមេរិក និងប្រទេសអូស្ត្រាលី បានប្រារព្ធទិវានេះជាពិធីបុណ្យជាតិប្រចាំឆ្នាំ នៅចុងខែនេះ។ ប្រទេសផ្សេងទៀត ដូចជាចក្រភពអង់គ្លេស ប្រេស៊ីល រ៉ូវ៉ាន់ដា និងភីលីពីន បានប្រារព្ធទិវានេះ នៅថ្ងៃផ្សេងគ្នា ក្នុងលក្ខណៈមិនផ្លូវការណ៍ ដើម្បីលើកកម្ពស់ការដឹងគុណ។ 
ការរួបរួមគ្នាក្នុងជាតិសាសន៍មួយ ដើម្បីបង្ហាញចេញនូវការដឹងគុណ គឺពិតជាមានន័យជ្រៅ និងមានសារៈសំខាន់។ រឿងនេះក៏បានធ្វើឲ្យយើងនឹកចាំ អំពីពេលដែលស្តេចដាវីឌប្រមូលផ្តុំប្រជាជនអ៊ីស្រាអែល ឲ្យអរព្រះគុណព្រះ សម្រាប់ការប្រទានព្រះវត្តមាន ការការពារ និងព្រះបន្ទូលសន្យារបស់ព្រះអង្គដល់ពួកគេ។ ការអបអរនេះ បានប្រារព្ធឡើង នៅពេលដែលគេសែង “ហិបរបស់ព្រះ” ត្រឡប់មកវិញ(១របាក្សត្រ ១៦:‌១)។ ពួកបណ្តាជនបានអរសប្បាយនឹងហិបសញ្ញាក្នុងទីក្រុងយេរូសាឡិម ជានិមិត្តរូបនៃព្រះវត្តមានរបស់ព្រះអង្គ ក្នុងចំណោមពួកគេ។ នៅពេលដែលស្តេចដាវីឌ ដឹកនាំពួកអ៊ីស្រាអែលសរសើរដំកើងព្រះ ទ្រង់ក៏បានរំឭកពួកគេ អំពីការពាររបស់ព្រះអម្ចាស់ ខណៈពេលដែលប្រជាជាតិរបស់ពួកគេបានចូលកាន់កាប់ទឹកដីកាណាន(ខ.១៨-២២) ហើយអបអរសេចក្តីស្មោះត្រង់របស់ទ្រង់ ក្នុងការសម្រេចព្រះបន្ទូលសន្យារបស់ព្រះអង្គ(ខ.១៥)។
បើអ្នកចង់អបអរទិវាដឹងគុណ ជាមួយមិត្តភក្តិ និងក្រុមគ្រួសារ សូមជួបជុំគ្នា ដើម្បីអរព្រះគុណព្រះ និងជញ្ជឹងគិតទាំងអស់គ្នា អំពីព្រះវត្តមាន ការការពារ និងព្រះបន្ទូលសន្យា ដែលអ្នកបានដកពិសោធជាមួយ ក្នុងពេលមួយឆ្នាំនេះ។ ទោះយើងកំពុងរស់នៅក្នុងប្រទេសដែលប្រារព្ធពិធីនេះជាផ្លូវការឬអត់ យើងម្នាក់ៗអាចចំណាយពេលអរព្រះគុណព្រះអម្ចាស់ ដ្បិតទ្រង់ល្អ ពីព្រោះសេចក្ដីសប្បុរសនៃទ្រង់នៅអស់កល្បជានិច្ច(ខ.៣៤)។—Lisa M. Samra

តើអ្នកបានដកពិសោធន៍នឹងព្រះវត្តមាន ការការពារ និងព្រះបន្ទូលសន្យារបស់ព្រះអង្គ 
ដូចម្តេចខ្លះ? តើអ្នកអាចបង្ហាញចេញការដឹងគុណដល់ព្រះអង្គ ដូចម្តេចខ្លះ
ឱព្រះអម្ចាស់ សូមព្រះអង្គជួយទូលបង្គំឲ្យមានវិញ្ញាណនៃការដឹងគុណ 
ខណៈពេលដែលទូលបង្គំនឹកចាំអ្វីៗគ្រប់យ៉ាងដែលព្រះអង្គបានធ្វើ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសាយ ៤១-៤២ និង ១ថែស្សាឡូនិច ១
 

ល្ងាច

ចង់​ទៅ​រស់​នៅ​ក្នុង​ប្រទេស​ល្អ​ជាង (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ចង់​ទៅ​រស់​នៅ​ក្នុង​ប្រទេស​ល្អ​ជាង (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

October 13, 2025

«ឯ​យ៉ូសែប​នឹង​ពួក​គ្រួ​ឪពុក​គាត់​ទាំង​ប៉ុន្មាន ក៏​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ​ត​ទៅ យ៉ូសែប​គាត់​រស់​នៅ បាន​អាយុ​១១០ឆ្នាំ...រួច​គាត់​និយាយ​ទៅ​បង​ប្អូន​ថា ខ្ញុំ​ហៀប​នឹង​ស្លាប់​ហើយ តែ...ព្រះ​ទ្រង់​នឹង​ប្រោស​អ្នក​រាល់​គ្នា​ជា​មិន​ខាន នោះ​អ្នក​រាល់​គ្នា​ត្រូវ​យក​ឆ្អឹង​ខ្ញុំ​ចេញ​ពី​នេះ​ឡើង​ទៅ​ជា​មួយ​ផង» (លោកុប្បត្ដិ ៥០:២២,២៤-២៥)។
រយៈ​ពេល​៦០ឆ្នាំ​ចុង​ក្រោយ​នៃ​ជីវិត​របស់​លោក យ៉ូសែប ត្រូវ​បាន​សង្ខេប​មក​នៅ​ត្រឹម​ឃ្លា «លោក​យ៉ូសែប​បន្ត​រស់​នៅ​ក្នុង​ទឹក​ដី​អេស៊ីព្ទ»។ ព្រះ​គម្ពីរ​មិន​សូវ​បាន​និយាយ​អំពី​រយៈ​ពេល​នេះ ដូច​រយៈ​ពេល​ដើម​ដំបូង​នៃ​ជីវិត​គាត់​នោះ​ទេ។ ប៉ុន្តែ រយៈ​ពេល​៦០ឆ្នាំ​ទាំង​មូល​មិន​មែន​មិន​សំខាន់​នោះ​ទេ។ ពេល​យើង​ពិចារណា​អំពី​រយៈ​ពេល​ចុង​ក្រោយ​នេះ យើង​គួរ​តែ​សួរ​ខ្លួន​ឯង​ថា តើ​យើង​កំពុង​រស់​នៅ​ដើម្បី​អ្វី? តើ​យើង​មាន​គម្រោង​ប្រើ​ពេល​វេលា​ដែល​ព្រះ​បាន​ប្រទាន​យើង​សម្រាប់​ធ្វើ​អ្វី​ខ្លះ?
យើង​ពិត​ជា​ងាយ​នឹង​ប្រើ​ជីវិត​យើង ដេញ​តាម​សាច់​ឈាម​ក្នុង​លោកីយ៍​ដែល​មាន​ដូច​ជា ភាព​ជោគ​ជ័យ​ក្នុង​អាជីព ស្ថេរ​ភាព​ផ្នែក​ហិរញ្ញ​វត្ថុ ឬ​ភាព​សុខ​ស្រួល។ គេ​ចូល​ចិត្ត​និយាយ​កុហក​យើង​ថា គោល​ដៅ​នៃ​ជីវិត​គឺ​សម្រាប់​រស់​នៅ​ជា​ទាសករ​នៅ​ក្នុង​មុខរបរ រហូត​ដល់​ពេល​ដែល​អ្នក​លែង​មាន​កម្លាំង​ធ្វើ​ការ​ទៀត ដើម្បី​ឲ្យ​អ្នក​អាច​មាន​ភាព​សុខ​ស្រួល​នៅ​ពេល​អនាគត និយាយ​រួម​គោល​បំណង​នៃ​ជីវិត​គឺ​ដើម្បី​រៀប​ចំ​ខ្លួន​សម្រាប់​ការ​ចូល​និវត្តន៍។ នៅ​ពេល​ដែល​អ្នក​ជឿ​ព្រះ​ឈាន​ទៅ​ដល់​រដូវ​កាល​មួយ​ដែល​ពួក​គេ​មាន​លុយ ភាព​នឹង​នរ និង​ប្រាជ្ញា ដែល​ពួក​គេ​គិត​ថា ខ្លួន​អាច​លះបង់​ដើម្បី​ធ្វើ​ការ​បម្រើ​ព្រះ ពួក​គេ​ក៏​បាន​ចាប់​ផ្តើម​ស្រមៃ​អំពី​ការ​គេច​ខ្លួន​ទៅ​សំងំ​ក្នុង​រូង​ភ្នំ​ដ៏​សុខ​ស្រួល​ដែល​ជា​ការ​ចូល​និវត្តន៍។ 
ក្នុង​នាម​យើង​ជា​អ្នក​ដើរ​តាម​ព្រះ​យេស៊ូវ យើង​មិន​ត្រូវ​តែ​រស់​នៅ ធ្វើ​មើល​តែ​ជីវិត​របស់​យើង មាន​តែ​នៅ​លើ​ផែនដី​នេះ​ឡើយ។ ប៉ុន្តែ អ្នក​ខ្លះ​មិន​អាច​និយាយ​ដោយ​ស្មោះ​ត្រង់​ថា «ជីវិត​របស់​យើង​មិន​មែន​សម្រាប់​រស់​នៅ​តែ​នៅ​លើ​ផែនដី​នេះ​ទេ» ព្រោះ​តាម​រយៈ​អ្វីៗ​ដែល​យើង​កំពុង​ធ្វើ ដោយ​ប្រើ​ពេល​វេលា ទេព​កោសល្យ និង​លុយ​របស់​យើង យើង​ហាក់​ដូចជា​កំពុង​និយាយ​ថា «នេះ​ជា​មូល​ហេតុ​ដែល​ខ្ញុំ​ធ្វើ​ការ​៦០ម៉ោង​ក្នុង​មួយ​សប្តាហ៍។ ហេតុ​នេះ​ហើយ ខ្ញុំ​មិន​ត្រឡប់​មក​ផ្ទះ​វិញ ឬ​ទៅ​សម្រាក​លំហែ។ ហេតុ​នេះ​ហើយ ខ្ញុំ​មិន​បាន​ទៅ​ព្រះ​វិហារ​នៅ​ថ្ងៃ​អា​ទិត្យ​មុន។ ហេតុ​នេះ​ហើយ ខ្ញុំ​មិន​ចំណាយ​ពេល ហ៊ាន​បម្រើ និង​ចែក​ចាយ​ដំណឹង​ល្អ​ដល់​អ្នក​ជិត​ខាង។ គឺ​ដោយ​សារ​មូល​ហេតុ​នេះ​ហើយ»។
យើង​ពិបាក​នឹង​មាន​ជំនឿ​ដែល​ឆេះឆួល និង​មិន​រេរា ក្នុង​ពេល​ដែល​យើង​ស្ថិត​ក្នុង​សង្គ្រាម ប៉ុន្តែ​ការ​រស់​នៅ​ក្នុង​ជីវិត​ដែល​មាន​ការ​ស្តាប់​បង្គាប់​ជាប់​ជានិច្ច​ជា​រៀង​រាល់​ថ្ងៃ គឺ​កាន់​តែ​មាន​ការ​ពិបាក​ជាង​នេះ​ទៀត។ ដើម្បី​ឲ្យ​យើង​ប្រើ​ជីវិត​បាន​ល្អ ជា​ពិសេស​ទាក់ទង​នឹង​ធនធាន និង​កេរ​ដំណែល​ដែល​ត្រូវ​បន្សល់​ទុក យើង​ត្រូវ​តែ​ពិចារណា មិន​គ្រាន់​តែ​អំពី​អ្វី​ដែល​យើង​ចង់​បាន​ក្នុង​ជីវិត តែ​គិត​អំពី​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ផង​ដែរ។ យើង​ត្រូវ​ការ​ផ្នត់​គំនិត​ដែល​គិត​ដល់​ពេល​អស់​កល្ប​ជានិច្ច។
លោក យ៉ូសែប មាន​គោល​បំណង​សម្រាប់​ជីវិត​ខ្លួន​ឯង​ក្នុងរយៈ​ពេល​ចុង​ក្រោយ​នៃ​ជីវិត​គាត់ ដែល​ព្រះ​គម្ពីរ​មិន​សូវ​បាន​លើក​មក​និយាយ។ ចក្ខុ​វិស័យ​របស់​គាត់​បាន​មើល​ហួស​ព្រំដែន​នៃ​ទឹកដី​អេស៊ីព្ទ​ទៅ​ទៀត។ គាត់​មិន​ផ្ដោត​ទៅ​លើ​ខ្លួន​ឯង​ដោយ​គាត់​មាន​ការ​ទទួល​ខុស​ត្រូវ នៅ​ក្នុង​ការ​ធានា​ថា កូន​ចៅ​ជំនាន់​ក្រោយ​របស់​គាត់​នឹង​មិន​មាន​ភាព​សុខ​ស្រួល​ពេក ក្នុង​ទឹកដី​អេស៊ីព្ទ​ឡើយ តែ​ផ្ទុយ​ទៅ​វិញ ពួក​គេ​បន្ត​រស់​នៅ បាន​រយៈ​ពេល​យូរ​ល្មម​នឹង​អាច​ចូល​ទៅ​រស់​នៅ​ក្នុង​ទឹកដី​សន្យា។ ព្រះ​ទ្រង់​បាន​ប្រទាន​ដល់​គាត់​នូវ​សន្តិភាព ឥទ្ធិពល មិន​ភាព​សម្បូរ​សប្បាយ ក្នុង​ទឹកដី​អេស៊ីព្ទ ជា​អ្វី​ដែល​មនុស្ស​ជា​ច្រើន​កំពុង​ដេញ​តាម​សព្វថ្ងៃ​នេះ។ ប៉ុន្តែ គាត់​តែង​តែ​មើល​ហួស​ព្រំដែន​របស់​ទឹកដី​អេស៊ីព្ទ។ គាត់​ដឹង​ថា នគរ​អេស៊ីព្ទ​គ្រាន់​តែ​ជា​កន្លែង​បណ្ដោះអាសន្ន​របស់​គាត់ និង​រាស្ត្រ​របស់​ព្រះ​ប៉ុណ្ណោះ។ គាត់​មិន​ទាន់​បាន​ទៅ​ដល់​ផ្ទះ​ពិត​ប្រាកដ​នៅ​ឡើយ​ទេ។ យើង​ក៏​ត្រូវ​រស់​នៅ តាម​របៀប​ដែល​ជួយ​មនុស្ស​ជា​ទី​ស្រឡាញ់ និង​ចិត្ត​របស់​យើង​ឲ្យ​ចង់​រស់​នៅ​ក្នុង «ស្រុក​១ដ៏​ប្រសើរ​ជាង គឺ​ខាង​ស្ថាន​សួគ៌​វិញ» (ហេព្រើរ ១១:១៦)។ អ្នក​មិន​ទាន់​បាន​ទៅ​ដល់​ផ្ទះ​ពិត​ប្រាកដ​ទេ ទោះ​អ្នក​មាន ឬ​គ្មាន​អ្វី​ក៏​ដោយ ក្នុង​ពេល​សព្វ​ថ្ងៃ។ មាន​ផ្ទះ​មួយ​ដែល​ប្រសើរ​ជាង​កន្លែង​ដែល​យើង​កំពុង​រស់​នៅ។ ចូរ​ប្រាកដ​ថា របៀប​ដែល​អ្នក​ប្រើ​ពេល​វេលា អំណោយ​ទាន និង​ធនធាន​របស់​អ្នក បាន​ឆ្លុះ​បញ្ចាំង​អំពី​ការ​យល់​ដឹង​នេះ។ 


ខ​គម្ពីរ​សញ្ជឹង​គិត៖ ១ថែស្សាឡូនីច ៥:១-១១
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ ១សាំយ៉ូអែល ១-៣ និង​អេភេសូរ ៣