នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ការប្រកបស្និទ្ធស្នាលជាមួយព្រះ

ការប្រកបស្និទ្ធស្នាលជាមួយព្រះ

ដោយArthur Jackson

October 12, 2025

ទំនុកដំកើង ១៥
ឱព្រះយេហូវ៉ាអើយ តើអ្នកណានឹងនៅក្នុងរោងឧបោសថរបស់ទ្រង់ តើអ្នកណានឹងនៅលើភ្នំបរិសុទ្ធនៃទ្រង់បាន។ ទំនុកដំកើង ១៥:១
ក្នុងសៀវភៅដែលលោករ៉េយ ព្រីឆាត(Ray Pritchard)បាននិពន្ធ មានចំណងជើងថា បុរសកិត្តិយស គាត់បានចែកចាយរឿងដែលនិយាយអំពីពេលដែលគាត់ដើរ នៅក្នុងកន្លែងបញ្ចុះសព ដែលនៅទីនោះ គាត់បានឃើញផ្លាកឈ្មោះផ្នូរបស់បុរសម្នាក់ ដែលមានសរសេរពាក្យរំឭកជាច្រើនឃ្លាពីលើ។ តែបន្ទាប់មក គាត់ក៏បានពិពណ៌នាអំពីផ្លាកឈ្មោះផ្នូរបស់កូនប្រុសរបស់បុរសនោះ ដែលមានលក្ខណៈគួរឲ្យចាប់អារម្មណ៍ជាង ដោយមានអក្សរសរសេរពីលើថា “បុរសដែលមានភាពស្អាតស្អំយ៉ាងឥតខ្ចោះ”។ លោកព្រីឆាតក៏បានសរសេរថា “គេបានពិពណ៌នា អំពីជីវិតគាត់ដោយសង្ខេប ដោយប្រើពាក្យតែ៥ម៉ាត់។ ជីវិតរបស់គាត់ជាង៦០ឆ្នាំ ត្រូវបានសម្រិតសំរាំង មកនៅត្រឹមពាក្យ៥ម៉ាត់នេះ។ ប៉ុន្តែ គេពិតជាពិពណ៌នាបានល្អណាស់”។ 
បទគម្ពីរទំនុកដំកើង ជំពូក១៥:១ បានសួររកមនុស្សមួយប្រភេទថា “ឱព្រះយេហូវ៉ាអើយ តើអ្នកណានឹងនៅក្នុងរោងឧបោសថរបស់ទ្រង់? តើអ្នកណានឹងនៅលើភ្នំបរិសុទ្ធនៃទ្រង់បាន? ចម្លើយនោះគឺ ពួកគេជាមនុស្សទៀងត្រង់ និងពោលតែសេចក្តីពិត ដូចមានចែងក្នុងខ.២ថា ពួកគេ “គឺជាអ្នកណាដែលដើរដោយទៀងត្រង់ ហើយប្រព្រឹត្តសេចក្ដីសុចរិត ព្រមទាំងពោលសេចក្ដីពិតពីក្នុងចិត្តផង”។ សំណួរ(ខ.១) និងចម្លើយ(ខ.២) បានគួបផ្សំគ្នា ដោយនិយាយសំដៅលើការប្រកបជាមួយព្រះអម្ចាស់។ ខគម្ពីរផ្សេងទៀត ក្នុងបទគម្ពីរទំនុកដំកើងនេះ ក៏បានប្រើពាក្យវិជ្ជមាន និងអវិជ្ជមាន ក្នុងការនិយាយដោយសង្ខេប អំពីលក្ខណៈនៃជីវិតដែលថ្វាយព្រះកិត្តិនាមដល់ព្រះ។
ពេលណាយើងមានការប្រកបស្និទ្ធស្នាលជាមួយព្រះ ជីវិតរបស់យើងមានភាពទៀងត្រង់ ជាពិសេស ក្នុងរបៀបដែលយើងប្រព្រឹត្តចំពោះអ្នកដទៃ តាមការបណ្តាលចិត្តពីព្រះវិញ្ញាណបរិសុទ្ធ(មើលម៉ាថាយ ២២:៣៤-៤០ ១យ៉ូហាន ៣:១៦-១៨)។ នេះជាលក្ខណៈនៃជីវិតដែលយើងមាន ពេលណាយើងជឿ និងដើរតាមព្រះយេស៊ូវ ជាអង្គបុគ្គលដែលបានរស់នៅ ក្នុងការប្រកបដ៏ឥតខ្ចោះជាមួយព្រះវរបិតាទ្រង់។—Arthur Jackson

តើការរស់នៅរបស់អ្នកបានបង្ហាញថា អ្នកមានភាពជិតស្និទ្ធជាមួយព្រះអង្គយ៉ាងណាខ្លះ? 
តើអ្នកត្រូវការការលត់ដំខាងវិញ្ញាណដូចម្តេចខ្លះ ដើម្បីមានទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយព្រះយេស៊ូវ? 
ឱព្រះវរបិតា សូមព្រះអង្គប្រទានកម្លាំង ឲ្យទូលបង្គំស្រឡាញ់ព្រះអង្គ អស់ពីចិត្ត 
និងដើម្បីបង្ហាញសេចក្តីស្រឡាញ់នេះ ដោយភាពទៀងត្រង់ក្នុងជីវិតទូលបង្គំ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសាយ ៣៩-៤០ និង កូល៉ុស ៤

 

ល្ងាច

បង្កើត​មក​ដើម្បី​ធ្វើ​ការ​ល្អ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

បង្កើត​មក​ដើម្បី​ធ្វើ​ការ​ល្អ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

October 12, 2025

«ហើយ​ត្រូវ​ឲ្យ​ពួក​យើង​ហាត់​ធ្វើ​ការ​ល្អ​ឲ្យ​អស់​ពី​ចិត្ត សម្រាប់​បំពេញ​កិច្ច​ដែល​ខ្វះ​ខាត ដើម្បី​កុំ​ឲ្យ​គេ​នៅ​តែ​ឥត​ផល​ប្រយោជន៍​នោះ​ឡើយ»  (ទីតុស ៣:១៤)។
អ្នក​មាន​វត្ត​មាន​នៅ​លើ​ផែនដី​នេះ មិន​មែន​ដោយ​ចៃដន្យ​នោះ​ទេ ប៉ុន្តែ​ជា​ជម្រើស​របស់​ព្រះ​អម្ចាស់។ អ្នក​មិន​ច្នៃ​បង្កើត​ខ្លួន​ឯង ឬ​មាន​ផ្នែក​ណា​មួយ​នៃ​រូប​កាយ ដែល​បាន​បង្កើត​ដោយ​ខ្លួន​ឯង​ទេ។ ព្រះ​អង្គ​បាន​ផ្សំ​គ្រឿង​ទាំង​អស់​នៃ​រូប​កាយ​អ្នក​ចូល​គ្នា​ក្នុង​ផ្ទៃ​ម្តាយ​របស់​អ្នក​យ៉ាង​ផ្ចិត​ផ្ចង់ (ទំនុកតម្កើង ១៣៩:១៣)។ ព្រះ​ហស្ត​របស់​ព្រះ​បាន​សូន​រូប​អ្នក​ឲ្យ​ធ្វើ​ជា​មនុស្ស​ម្នាក់​ដែល​មាន​អត្ត​សញ្ញាណ។ ព្រះ​អង្គ​បង្កើត​អ្នក​ចំ​ពេល​ដែល​ព្រះ​អង្គ​សព្វ​ព្រះ​ទ័យ​នឹង​បង្កើត​អ្នក ហើយ​ព្រះ​អង្គ​ដាក់​អ្នក​ក្នុង​ចំណុច​នេះ​ក្នុង​ប្រវត្តិ​សាស្ត្រ ដើម្បី​ឲ្យ​អ្នក​អាច​ធ្វើ​ការ​ល្អ ដែល​ព្រះ​អង្គ​មាន​ផែនការ​ឲ្យ​អ្នក​ធ្វើ​ដោយ​ព្រះ​គុណ​តាម​រយៈ​សេចក្តី​ជំនឿ (អេភេសូរ ២:១០)។ 
ម្យ៉ាង​ទៀត អ្នក​បាន​ទទួល​ព្រះ​គុណ​ថែម​ពី​លើ​ព្រះ​គុណ ដើម្បី​ឲ្យ​អ្នក​បាន​ធ្វើ​ការ​ល្អ។ ការ​បង្រៀន​អំពី «ការ​ធ្វើ​ការ​ល្អ» ប្រហែល​មិន​មែន​ជា​អ្វី​ដែល​យើង​គិត​មុន​គេ នៅ​ពេល​ដែល​យើង​ពិចារណា​អំពី​ការ​ផ្លាស់​ប្ដូរ​ដែល​ព្រះ​គុណ​របស់​ព្រះ​មាន​មក​លើ​ជីវិត​យើង​ឡើយ ប៉ុន្តែ​វា​ជា​ចំណុច​ចម្បង​គេ ដែល​សាវ័ក ប៉ុល បាន​ផ្ដោត​ទៅ​លើ។ ក្នុង​សំបុត្រ​ដែល​គាត់​សរសេរ​ផ្ញើ​ទៅ​លោក ទីតុស គាត់​បាន​បង្រៀន​ថា «ទ្រង់​បាន​ថ្វាយ​ព្រះ​អង្គ​ទ្រង់​ជំនួស​យើង​រាល់​គ្នា ដើម្បី​នឹង​លោះ​យើង​ឲ្យ​រួច​ពី​គ្រប់​ទាំង​សេចក្ដី​ទទឹង​ច្បាប់ ហើយ​នឹង​សម្អាត​មនុស្ស​១ពួក ទុក​ដាច់​ជា​រាស្ត្រ​របស់​ផង​ទ្រង់ ដែល​ឧស្សាហ៍​ធ្វើ​ការ​ល្អ» (ទីតុស ២:‌១៤)។ សាវ័ក ប៉ុល បាន​និយាយ​សង្កត់​ធ្ងន់​ដូច​នេះ​ជា​ច្រើន​ដង ក្នុង​សំបុត្រ​នេះ ហើយ​និយាយ​សង្កត់​ធ្ងន់​ខ្លាំង​បំផុត​នៅ​ក្នុង​ការ​លើក​ទឹក​ចិត្ត​ចុង​ក្រោយ​របស់​គាត់ យ៉ាង​ដូច​នេះ​ថា «ត្រូវ​ឲ្យ​ពួក​យើង​ហាត់​ធ្វើ​ការ​ល្អ​ឲ្យ​អស់​ពី​ចិត្ត សម្រាប់​បំពេញ​កិច្ច​ដែល​ខ្វះខាត»  (៣:១៤)។ 
ភាព​ឆេះឆួល​របស់​សាវ័ក ប៉ុល ក្នុង​ការ​ធ្វើ​ការ​ល្អ ដែល​គាត់​បាន​លើក​យក​និយាយ​នេះ គឺ​ផ្ទុយ​ស្រឡះ​នឹង​វប្បធម៌​របស់​គាត់​ទាំង​ស្រុង ទាំង​ក្នុង​សម័យ​គាត់​ក៏​ដូច​ជា​សម័យ​របស់​យើង។ យើង​រស់​នៅ​ក្នុង​លោកីយ៍ ដែល​មាន​ពេញ​ទៅ​ដោយ​ការ​ជំរុញ​ចិត្ត​ឲ្យ​ដេញ​តាម​ការ​រស់​នៅ ចូល​ចិត្ត​ការ​សម្រាក​លំហែ​បែប​អាត្មា​និយម។ ដូច​នេះ តើ​ធ្វើ​ដូច​ម្ដេច​ឲ្យ​យើង​អាច​យក​តម្រាប់​តាម​សាវ័ក ប៉ុល ហើយ​ពូកែ​ខាង​ធ្វើ​ការ​ល្អ?
ទីមួយ យើង​ចាំបាច់​ត្រូវ​ដឹង​ច្បាស់​ថា ការ​ខិតខំ​ធ្វើ​ការ​ល្អ មិន​នាំ​ឲ្យ​យើង​ទទួល​បាន​សេចក្តី​សង្គ្រោះ​ព្រះ​នោះ​ទេ។ យើង​ធ្វើ​ការ​ល្អ មិន​មែន​ដើម្បី​ឲ្យ​បាន​សង្គ្រោះ​នោះ​ទេ។ បើ​គ្មាន​ព្រះ​គុណ​ព្រះ​ធ្វើ​ជា​គ្រឹះ​ទេ ការ​ត្រាស់​ហៅ​ឲ្យ​រស់​នៅ​ដោយ​ការ​ប្រព្រឹត្ត​ល្អ គឺ​ជា​ការ​ផ្លាស់​ប្ដូរ​តែ​សម្បក​ក្រៅ​ប៉ុណ្ណោះ ហើយ​វា​នឹង​ធ្វើ​ឲ្យ​យើង​ខ្សោះ​អស់​កម្លាំង ឬ​ធ្វើ​ឲ្យ​យើង​អួត​បំប៉ោង។ ទីពីរ យើង​ចាំ​បាច់​ត្រូវ​ចាំ​ថា ការ​ខិតខំ​ធ្វើ​ការ​ល្អ មិន​នាំ​ឲ្យ​ព្រះ​សប្បាយ​ព្រះ​ទ័យ​ទេ ព្រោះ​យើង​រស់​នៅ «មិន​មែន​ដូច​ជា​ចង់​ផ្គាប់​ដល់​ចិត្ត​មនុស្ស​ទេ គឺ​ផ្គាប់​ដល់​ព្រះ​ហឫទ័យ​នៃ​ព្រះ​វិញ ដែល​ទ្រង់​ល្បង​ល​ចិត្ត​របស់​យើង​ខ្ញុំ» (១ថែស្សាឡូនីច ២:៤)។ ដូច​នេះ យើង​ត្រូវ​មាន​ចរិត​លក្ខណៈ​ដែល​ថ្វាយ​ព្រះ​កិត្តិនាម​ដល់​ព្រះ ជា​សេចក្តី​ល្អ​ដែល​លើក​តម្កើង​ព្រះ​គ្រីស្ទ ធ្វើ​ជា​ទី​បន្ទាល់​រស់ នៃ​សេចក្តី​សង្គ្រោះ​ដ៏​អស្ចារ្យ​របស់​យើង។ 
សាវ័ក ប៉ុល ក៏​បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា សមត្ថភាព​របស់​យើង​ក្នុង​ការ​ធ្វើ​អំពើ​ល្អ កើត​ចេញ​ពី​ការ​រៀន។ ព្រះ​អង្គ​បាន​ត្រាស់​ហៅ​យើង​ឲ្យ «ហាត់​ធ្វើ​ការ​ល្អ» ឲ្យ​អស់​ពី​ចិត្ត។ ការ​ប្រព្រឹត្ត​របស់​យើង មិន​ត្រូវ​ផ្តេក​ផ្ដួល​តាម​អារម្មណ៍​របស់​យើង​ឡើយ។ ផ្ទុយ​ទៅ​វិញ យើង​ត្រូវ​ព្យាយាម​ស្វែង​រក​ឱកាស​ជា​រៀង​រាល់​ថ្ងៃ ដើម្បី​ធ្វើ​ការ​ថ្វាយ​នគរ​របស់​ព្រះ ដែល​ព្រះ​អង្គ​មាន​ផែនការ​ឲ្យ​យើង​ម្នាក់ៗ​ធ្វើ ហើយ​ត្រូវ​ធ្វើ​ស្ម័គ្រ​ពី​ចិត្ត និង​ធ្វើ​ជា​ទម្លាប់។ ហើយ​យើង​ត្រូវ​មើល​ទៅ​អ្នក​ដែល​ពេញ​វ័យ​ខាង​វិញ្ញាណ មាន​ជំនឿ​រឹងមាំ​ជាង​យើង ដែល​បាន​រស់​នៅ​យ៉ាង​ដូច​នេះ ហើយ​រៀន​សូត្រ​ពី​ពួក​គេ​ផង​ដែរ។
ក្នុង​ព្រះ​គ្រីស្ទ ថ្ងៃ​ទាំង​អស់ និង​ការ​ប្រព្រឹត្ត​ទាំង​អស់​របស់​អ្នក អាច​ល្អ​សម្រាប់​នរណា​ម្នាក់ និង​សម្រាប់​អ្វី​មួយ។ ចូរ​យើង​រៀន​ចាប់​ផ្តើម​ថ្ងៃ​ថ្មី ដោយ​ទូល​សូម​ព្រះ​អង្គ​ជួយ​យើង​ធ្វើ​ការ​ល្អ​ចំពោះ​អ្នក​ដទៃ ជា​ការ​ឆ្លើយ​តប​ចំពោះ​ព្រះ​គុណ​របស់​ព្រះ​អង្គ ដោយ​ទុក​ចិត្ត​ថា ព្រះ​អង្គ​នឹង​ជួយ​អ្នក ដោយ​ព្រះ​គុណ​របស់​ព្រះ​អង្គ​ឲ្យ​អ្នក​មាន​ការ​ប្រព្រឹត្ត​ធ្វើ​ជា​ភស្តុតាង​នៃ​ជំនឿ​របស់​អ្នក។ 


ខ​គម្ពីរ​សញ្ជឹង​គិត៖ យ៉ាកុប ១:២៧-២:១៣
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ បទ​ចម្រៀង​សាឡូម៉ូន ៦-៨ និង​អេភេសូរ ២

ប្រភេទ