នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

មានផ្លូវចូល ដោយសារព្រះគ្រីស្ទ

មានផ្លូវចូល ដោយសារព្រះគ្រីស្ទ

ដោយNancy Gavilanes

October 11, 2025

ហេព្រើរ ៤:១៤-១៦ ៥:១-៦
ដូច្នេះ ត្រូវឲ្យយើងរាល់គ្នា មកដល់បល្ល័ង្ក នៃព្រះគុណដោយក្លាហាន ដើម្បីនឹងទទួលសេចក្ដីមេត្តា ហើយរកបានព្រះគុណសំរាប់នឹងជួយដល់ពេលត្រូវការចុះ។ ហេព្រើរ ៤:‌១៦
ក្នុងនាមខ្ញុំជាអ្នកកាសែតវ័យក្មេង ខ្ញុំបានយល់អំពីអំណាចនៃ “បណ្ណអនុញ្ញាតរបស់អ្នកកាសែត” នៅពេលដែលខ្ញុំទើបតែចាប់ផ្តើមអាជីពមួយនេះ។ បណ្ណអនុញ្ញាតនេះមានឈ្មោះ រូបថត និងឈ្មោះក្រុមហ៊ុនរបស់ខ្ញុំ បានផ្តល់ឲ្យខ្ញុំនូវសិទ្ធិចូលទៅជួប និងសម្ភាសកីឡាករ និងជនល្បីឈ្មោះដទៃទៀត នៅមុន ឬនៅក្រោយព្រឹត្តិការណ៍ធំៗណាមួយ។
ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីខ្ញុំបានទទួលជឿព្រះយេស៊ូវ ជាព្រះអង្គសង្គ្រោះ ខ្ញុំក៏បានដឹងថា កីឡា និងអាជីពរបស់ខ្ញុំបានក្លាយជារូបព្រះរបស់ខ្ញុំ។ ខ្ញុំក៏បានទៅតាមការត្រាស់ហៅរបស់ព្រះអង្គ ឲ្យទៅកន្លែងផ្សេង ហើយក៏បានបាត់បណ្ណអនុញ្ញាតនោះ តែខ្ញុំទទួលបានឯកសិទ្ធិចូលទៅរកបល្ល័ង្ករបស់ព្រះដែលគង់នៅស្ថានសួគ៌ តាមរយៈការអធិស្ឋាន ដោយសារការសុគត និងការមានព្រះជន្មឡើងវិញរបស់ព្រះយេស៊ូវ។ 
អ្នកនិពន្ធកណ្ឌគម្ពីរហេព្រើរបានចង្អុលបង្ហាញថា មានសម្តេចសង្ឃម្នាក់ ត្រូវបានជ្រើសរើស ក្នុងចំណោមរាស្រ្តអ៊ីស្រាអែល ជាពិសេសពីក្នុងចំណោមកូនចៅជំនាន់ក្រោយរបស់លោកអើរ៉ុន និងបានទទួលការតែងតាំង ធ្វើជាបុគ្គលកណ្តាល ជាតំណាងឲ្យរាស្រ្តរបស់ព្រះ នៅចំពោះព្រះអង្គ។ មានតែគាត់ទេ ដែលអាចចូលទៅក្នុងកន្លែងបរិសុទ្ធបំផុត ក្នុងព្រះវិហារមួយឆ្នាំម្តង ដើម្បីថ្វាយដង្វាយ និងយញ្ញបូជា ឲ្យធួននឹងបានរបស់គាត់ និងប្រជាជនរបស់គាត់(៥:‌១) ព្រោះគាត់ក៏ជាមនុស្សមានបាបដែរ។ 
បន្ទាប់មក ព្រះគ្រីស្ទក៏បានយាងមក ក្នុងនាមជាសម្តេចសង្ឃដ៏ធំប្រសើរ និងល្អឥតខ្ចោះ។ នៅពេលទ្រង់សុគត វាំងននក្នុងព្រះវិហារក៏បានរហែក ហើយរនាំងនៅចន្លោះព្រះ និងមនុស្សជាតិ ក៏លែងមានទៀត(ម៉ាថាយ ២៧:៥១)។
ដោយសារព្រះដ៏ប្រោសលោះនៃយើង បានផ្សះផ្សាយើងឲ្យជានឹងព្រះ យើងអាចអធិស្ឋានទៅកាន់ព្រះអង្គ នៅពេលណាក៏បាន។ គឺដូចមានសេចក្តីចែងថា “ត្រូវឲ្យយើងរាល់គ្នា មកដល់បល្ល័ង្ក នៃព្រះគុណដោយក្លាហាន ដើម្បីនឹងទទួលសេចក្ដីមេត្តា ហើយរកបានព្រះគុណសំរាប់នឹងជួយដល់ពេលត្រូវការចុះ”(ហេព្រើរ ៤:១៦)។
យើងពិតជាមានឯកសិទ្ធិពិសេសណាស់ ដែលអាចចូលទៅរកបល្ល័ង្ករបស់ព្រះ ដើម្បីនិយាយទៅកាន់ព្រះអង្គ ដោយការអធិស្ឋាន។—Nancy Gavilanes

តើអ្នកអាចចំណាយពេលអធិស្ឋាន ឲ្យបានញឹកញាប់ដូចម្តេចខ្លះ? តើមានអ្វីរារាំងអ្នក មិនឲ្យអធិស្ឋាន? 
ឱព្រះយេស៊ូវ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបានបើកផ្លូវឲ្យទូលបង្គំចូលទៅរកព្រះវរបិតា។ 
Visit ODBU.org/SF120 to discover why we pray and why it is important.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសាយ ៣៧-៣៨ និង កូល៉ុស ៣
 

ល្ងាច

ក្តី​អំណរ នៅ​ក្នុង​សេចក្ដី​ល្បួង (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ក្តី​អំណរ នៅ​ក្នុង​សេចក្ដី​ល្បួង (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

October 11, 2025

«បង​ប្អូន​អើយ កាល​ណា​អ្នក​រាល់​គ្នា​មាន​សេចក្ដី​ល្បួង​ផ្សេង នោះ​ត្រូវ​រាប់​ជា​សេចក្ដី​អំណរ​សព្វ​គ្រប់​វិញ ដោយ​ដឹង​ថា ការ​ល្បងល​មើល​សេចក្ដី​ជំនឿ​នៃ​អ្នក​រាល់​គ្នា នោះ​នាំ​បង្កើត​ឲ្យ​មាន​សេចក្ដី​ខ្ជាប់ខ្ជួន ចូរ​ទុក​ឲ្យ​សេចក្ដី​ខ្ជាប់ខ្ជួន​នោះ បាន​ធ្វើ​ការ​ឲ្យ​សំរេច​ពេញ​លេញ​ចុះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​គ្រប់​លក្ខណ៍ ហើយ​ពេញ​ខ្នាត​ឥត​ខ្វះ​អ្វី​ឡើយ»  (យ៉ាកុប ១:២-៤)។
តាំង​ពី​យូរ​មក​ហើយ ខ្ញុំ​ធ្លាប់​ស្រមៃ​ថា មនុស្ស​ម្នាក់ៗ​សុទ្ធ​តែ​រុញ​រទេះ​ដឹក​ដី​ម្នាក់​មួយ។ ខ្ញុំ​ក៏​មាន​មួយ​ដែរ។ យើង​រុញ​រទេះ​នោះ​ចុះ​ឡើង ហើយ​ខាង​ក្នុង​រទេះ​នោះ​មាន​ទុក្ខ​លំបាក ការ​ល្បួង ការ​ភ័យ​ខ្លាច បរាជ័យ ការ​ខក​ចិត្ត ការ​ឈឺ​ចិត្ត និង​ការ​ស្រេក​ឃ្លាន។ បញ្ហា​ទាំង​អស់​នេះ សុទ្ធ​តែ​ដាស់​ឲ្យ​យើង​ភ្ញាក់​ពី​ដំណេក​នៅ​ម៉ោង​៣ រំលង​អធ្រាត្រ ហើយ​ធ្វើ​ឲ្យ​យើង​មិន​អាច​ដេក​លក់​វិញ។ 
ការ​រស់​នៅ​ក្នុង​លោកីយ៍​នេះ មាន​ការ​តម្រូវ​ជា​ច្រើន​មក​លើ​យើង ធ្វើ​ឲ្យ​យើង​ជួប​បញ្ហា​ប្រឈម​ជា​ច្រើន ហើយក៏​ចាប់​បញ្ច្រក​យើង តាម​របៀប​ដ៏​ឈឺ​ចាប់ និង​សោក​សង្រេង។ ពេល​ណា​យើង​ជួប​ទុក្ខ​លំបាក​ទាំង​អស់​នេះ គេ​ច្រើន​តែ​ប្រាប់​យើង​ឲ្យ​បដិសេធ លាក់​បាំង ឬ​បណ្ដេញ​បញ្ហា​ទាំង​អស់​នេះ ឬ​មួយ​រស់​នៅ​ជា​ធម្មតា ដោយ​មិន​អើពើ​ចំពោះ​ពួក​វា។ តែ​ទន្ទឹម​នឹង​នោះ យើង​ក៏​បាន​ជួប​ការ​ល្បួង​ឲ្យ​មាន​ចិត្ត​ជូរ​ល្វីង​ចំពោះ​ទុក្ខ​លំបាក ហើយ​ក៏​ចិត្ត​យើង​ក៏​ប្រែ​ជា​ជូរ​ល្វីង​កាន់​តែ​ខ្លាំង។
ការ​បង្រៀន​ក្នុង​ព្រះ​គម្ពីរ​អំពី​ទុក្ខ​លំបាក មាន​ការ​ខុស​ប្លែក​យ៉ាង​ខ្លាំង​ពី​ជម្រើស​ទាំង​អស់​នេះ។ សាវ័ក យ៉ាកុប មាន​ប្រសាសន៍​ថា យើង​អាច​ស្គាល់​ក្តី​អំណរ​ពិត​ប្រាកដ និង​ពេញ​លេញ​ក្នុង​ទុក្ខ​លំបាក​របស់​យើង។ តើ​យើង​អាច​មាន​ដោយ​របៀប​ណា? ការ​ទទួល​បាន​ក្តី​អំណរ​ក្នុង​ទុក្ខ​លំបាក ហាក់​ដូច​ជា​មាន​ភាព​ផ្ទុយ​គ្នា​ទាំង​ស្រុង។ ក្នុង​របៀប​ដែល​មនុស្ស​រស់​នៅ​ក្នុង​បច្ឆិម​ប្រទេស​នៅ​សតវត្សរ៍​ទី២១ ភាគ​ច្រើន​គេ​ហាក់​ដូច​ជា​កំពុង​រស់​នៅ ដោយ​ព្យាយាម​ជៀស​វាង​ទុក្ខ​លំបាក។ ជាក់​ស្ដែង ពួក​គេ​ហាក់​ដូច​ជា​យល់​ឃើញ​ថា ដើម្បី​ស្វែង​រក​អំណរ ពួក​គេ​ត្រូវ​ចៀស​វាង​ទុក្ខ​លំបាក។ 
ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ សាវ័ក យ៉ាកុប បាន​ប្រាប់​យើង​ថា វិធី​មួយ​ដែល​យើង​អាច «រាប់​ទុក្ខ​លំបាក​ជា​ក្តី​អំណរ​គ្រប់​យ៉ាង» គឺ​មិន​មែន​ដោយ​ចូល​ទៅ​ជ្រកកោន​ក្នុង​កំផែង​ដែល​គ្មាន​បញ្ហា​ទេ ប៉ុន្តែ​តាម​រយៈ​ការ​ផ្លាស់​ប្ដូរ​អាកប្ប​កិរិយា​ដែល​យើង​មាន​ចំពោះ​បញ្ហា​ទាំង​នោះ។ ពេល​ដែល​គាត់​បាន​ប្រើ​ពាក្យ «ដោយ​ដឹង​ថា» គឺ​គាត់​កំពុង​ក្រើន​រំឭក​យើង​ថា យើង​ត្រូវ​ឲ្យ​អារម្មណ៍​របស់​យើង​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​នៃ​ការ​ពិត។ តើ​ការ​ពិត​អ្វី​ខ្លះ? គឺ​ការ​ពិត​ដែល​ថា ជំនឿ​មិន​ធ្វើ​ឲ្យ​យើង​ស៊ាំ​ថ្នឹក​ដោយ​ខ្លួន​ឯង​បាន​ទេ។ ជំនឿ​ពិត​បង្ហាញ​ចេញ​មក និង​មាន​ភាព​រឹងមាំ នៅ​ពេល​ដែល​មាន​ការ​ល្បងល។ ទុក្ខ​លំបាក​ដែល​យើង​ព្យាយាម​ជៀសវាង គឺ​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​យើង​មាន​ភាព​រឹងមាំ។ 
យើង​មិន​ត្រូវ​កុហក​ខ្លួន​ឯង​អំពី​ទុក្ខ​លំបាក​ដែល​យើង​ជួប​ឡើយ។ យើង​មិន​ទាន់​ចូល​នគរ​ស្ថាន​សួគ៌​នៅ​ឡើយ​ទេ ដូច​នេះ ជំនឿ​របស់​យើង​នៅ​តែ​ជួប​ការ​ល្បងល។ ជំនឿ​របស់​យើង​មិន​បង្ហាញ​ចេញ​មក​នៅ​ក្នុង​ភាព​សប្បាយ​រីករាយ​តែ​សម្បក​ក្រៅ​នោះ​ទេ ប៉ុន្តែ​នៅ​ក្នុង​ភាព​រលាក់ និង​ការ​ដួល​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ។ ហើយ​ការ​ល្បងល​ជំនឿ តែង​តែ​ជួយ​ឲ្យ​យើង​មាន​ភាព​ខ្ជាប់ខ្ជួន​ក្នុង​ជំនឿ។ វា​ធ្វើ​ឲ្យ​យើង​កាន់​តែ​ដូច​ព្រះ​យេស៊ូវ និង​អាច​កម្សាន្ត​ចិត្ត​អ្នក​ដទៃ។ 
ដូច​នេះ យើង​អាច​ទុក​ចិត្ត​ថា តាម​រយៈ​ទុក្ខ​លំបាក​របស់​យើង ព្រះ​ទ្រង់​នឹង​បន្ត​ជួយ​ជំនឿ​យើង ឲ្យ​ល្អ​ឥត​ខ្ចោះ និង​ពេញ​លេញ។ ទាល់​តែ​យើង​ប្រកាន់​ខ្ជាប់​តាម​ព្រះ​បន្ទូល​សន្យា​នេះ ទើប​យើង​អាច «រាប់​ទុក្ខ​លំបាក​ជា​ក្តី​អំណរ​សព្វ​គ្រប់» ខណៈ​ពេល​ដែល​ទុក្ខ​លំបាក​កំពុង​រង់​ចាំ​យើង​នៅ​ផ្លូវ​ខាង​មុខ ឬ​យើង​ដឹង​ថា យើង​កំពុង​ជាប់​នៅ​ក្នុង​ទុក្ខ​លំបាក​យ៉ាង​ជ្រៅ​រួច​ហើយ។ យើង​អាច​គិត​ថា «ខ្ញុំ​មិន​ចង់​ជ្រើស​រើស​យក​ផ្លូវ​នេះ​ទេ តែ​ព្រះ​អម្ចាស់​បាន ហើយ​នឹង​ប្រើ​វា ដើម្បី​ឲ្យ​ខ្ញុំ​ស្គាល់​ព្រះ​អង្គ​កាន់​តែ​ច្បាស់ ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​កាន់​តែ​ដូច​ព្រះ​អង្គ។ 
តើ​អ្នក​កំពុង​មាន​ទុក្ខ​លំបាក​អ្វី​ខ្លះ នៅ​ក្នុង​រទេះ​រុញ​របស់​អ្នក?  មាន​រឿង​ជា​ច្រើន​ដែល​អ្នក​មិន​ចង់​ជ្រើស​រើស។ ប៉ុន្តែ តើ​ជីវិត​អ្នក​នឹង​មាន​អ្វី​ខ្លះ​ផ្លាស់​ប្ដូរ បើ​សិន​ជា​អ្នក​បាន​មើល​ឃើញ​វា​ជា​ឱកាស ដើម្បី​ល្បងល​ជំនឿ និង​ពង្រឹង​ជំនឿ​របស់​យើង រហូត​ដល់​ល្អ​ឥត​ខ្ចោះ?  នេះ​ជា​ផ្លូវ​ឆ្ពោះ​ទៅ​រក​ក្តី​អំណរ​កាន់​តែ​ស៊ី​ជម្រៅ និង​ស្ថិត​ស្ថេរ។ 


ខ​គម្ពីរ​សញ្ជឹង​គិត៖ រ៉ូម ៥:១-១១
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ បទ​ចម្រៀង​សាឡូម៉ូន ៤-៥ និង​អេភេសូរ ១

ប្រភេទ