នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ការអធិស្ឋានរបស់អ្នកអស់សង្ឃឹម

ការអធិស្ឋានរបស់អ្នកអស់សង្ឃឹម

ដោយTim Gustafson

October 10, 2025

ទំនុកដំកើង ៨៨:១,៦-១៨
ទ្រង់បានធ្វើឲ្យទាំងអ្នកដែលស្រឡាញ់ទូលបង្គំ នឹងពួកភឿនឃ្លាតឆ្ងាយពីទូលបង្គំទៅ ពួកមិត្រភក្តិរបស់ទូលបង្គំក៏បាត់ទៅ ក្នុងសេចក្ដីងងឹតហើយ ។ ទំនុកដំកើង ៨៨:១៨
លោកឆាល(Charles)បានលិចលង់នៅក្នុងជំងឺធ្លាក់ទឹកចិត្ត។ ទោះគាត់មានគ្រួសារដែលមានក្តីស្រឡាញ់ក៏ដោយ ក៏គាត់នៅតែមានអារម្មណ៍ឯកោ។ គាត់បានរៀបរាប់ថា “ខ្ញុំបានទទួលរងសម្ពាធដ៏លើសលប់កាន់តែខ្លាំងឡើងៗ ក្នុងការខិតខំរកប្រាក់ចំណូលចិញ្ចឹមពួកគេ។ ហើយខ្ញុំមានអារម្មណ៍ចង់សម្លាប់ខ្លួន”។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ លោកឆាល ម៉ូរីស(Charles Morris) ក៏កំពុងតែដឹកនាំការងារបម្រើព្រះមួយផងដែរ។ 
មិត្តភក្តិប្រកបដោយប្រាជ្ញាម្នាក់បានប្រាប់គាត់ថា ពេលណាយើងប្រឈមមុខដាក់ជំងឺធ្លាក់ទឹកចិត្ត “យើងត្រូវចំណាយពេលអានបទគម្ពីរទំនុកដំកើង ដោយការជញ្ជឹងគិត ឲ្យបានជ្រួតជ្រាបនៅក្នុងចិត្ត”។ លោកឆាល ក៏បានឆ្លងកាត់ទុក្ខលំបាក និងការបាក់ទឹកចិត្តធ្ងន់ធ្ងរនោះ ដោយអានខគម្ពីរដែលទាក់ទងនឹងបញ្ហារបស់គាត់ ដោយទទួលការព្យាបាលជាទៀងទាត់ និងថ្វាយចិត្តរបស់គាត់ដល់ព្រះអង្គ។
បទគម្ពីរទំនុកដំកើង ច្រើនតែនិយាយត្រង់ៗ អំពីបញ្ហារបស់មនុស្ស។ លោក ហេម៉ាន ជាពូកអេសរ៉ាគីត បាននិពន្ធទំនុកដំកើង ដែលឆ្លុះបញ្ចាំងអំពីភាពល្វីងជូរចត់យ៉ាងខ្លាំង។ គាត់អាចរកឃើញក្តីសង្ឃឹម នៅក្នុងដើមដំបូងនៃទំនុកដំកើងនេះ ដែលជាការអធិស្ឋានដល់ព្រះអម្ចាស់ថា “ឱព្រះយេហូវ៉ា ជាព្រះដ៏ជួយសង្គ្រោះទូលបង្គំអើយ”។ លោកហេម៉ាន ហាក់ដូចជាកំពុងតែចោទប្រកាន់ព្រះអម្ចាស់ថា “ទ្រង់បានផ្ដេកទូលបង្គំនៅក្នុងរណ្ដៅជ្រៅបំផុត គឺក្នុងទីងងឹត នៅទីជំរៅ”(ខ.៦)។ “សេចក្ដីក្រោធរបស់ទ្រង់កំពុងតែសង្កត់លើទូលបង្គំជាធ្ងន់”(ខ.៧)។ ហើយគាត់ក៏បានទូលសួរព្រះអង្គថា “ឱព្រះយេហូវ៉ាអើយ ...ម្ដេចក៏ទ្រង់លាក់ព្រះភក្ត្រនឹងទូលបង្គំដូច្នេះ?”(ខ.‌១៤)។ បទគម្ពីរទំនុកដំកើងភាគច្រើន បញ្ចប់ដោយការនិយាយអំពីសេចក្តីសង្ឃឹម តែបទគម្ពីរទំនុកដំកើងនេះ មិនបានបញ្ចប់ដូចនេះទេ។ លោកហេម៉ាន ក៏បានសន្និដ្ឋានថា “ពួកមិត្រភក្តិរបស់ទូលបង្គំក៏បាត់ទៅ ក្នុងសេចក្ដីងងឹតហើយ”(ខ.១៨)។ នេះជាសេចក្តីអធិស្ឋានរបស់មនុស្សដែលពិតជាអស់សង្ឃឹមយ៉ាងខ្លាំង។ ប៉ុន្តែ លោកហេម៉ាន ក៏បានទូលថ្វាយការឈឺចាប់ទាំងអស់ ដល់ព្រះអង្គ។
ពេលណាយើងអានបទគម្ពីរទំនុកដំកើង ដែលមានខ្លឹមសារដូចនេះ យើងអាចដឹងថា មិនមែនមានតែយើងទេ ដែលកំពុងបាក់ទឹកចិត្ត។ អ្នកដទៃក៏មានអារម្មណ៍អស់សង្ឃឹម និងហ៊ានរៀបរាប់អំពីទុក្ខលំបាករបស់ខ្លួន ដល់ព្រះអម្ចាស់។ ព្រះអង្គអាចទទួលយកការអធិស្ឋានត្រង់ៗដូចនេះ ពីលោកហេម៉ាន។ ព្រះអង្គក៏អាចទទួលយកការអធិស្ឋានត្រង់ៗដូចនេះ ពីអ្នកផងដែរ។ ព្រះអង្គគង់នៅក្បែរអ្នកស្រាប់ ហើយក៏កំពុងផ្ទៀងព្រះកាណ៌ចាំស្តាប់អ្នក។—Tim Gustafson

តើបទគម្ពីរទំនុកដំកើង ជំពូក៨៨ មានចំណុចណា ដែលជាប់ទាក់ទងនឹងបញ្ហារបស់អ្នក? 
តើអ្នកនឹងទូលសូមអ្វីពីព្រះអង្គ នៅថ្ងៃនេះ? 
ឱព្រះវរបិតា ជួនកាល ទូលបង្គំមានការឈឺចាប់ខ្លាំងពេក បានជាទូលបង្គំមិនអាចអធិស្ឋាន។
ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដ្បិតព្រះអង្គធំជាងបញ្ហារបស់ទូលបង្គំ និងអាចទទួលយកការឈឺចាប់ និងការទូលថ្វាយត្រង់ៗពីទូលបង្គំ។ 
Visit ODBU.org/OT020 to learn how to gain wisdom from the book of Psalms.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសាយ ៣៤-៣៦ និង កូល៉ុស ២
 

ល្ងាច

លើក​ទឹក​ចិត្ត ដោយ​ការ​អធិស្ឋាន (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

លើក​ទឹក​ចិត្ត ដោយ​ការ​អធិស្ឋាន (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

October 10, 2025

«ដ្បិត​ពួក​កូនចៅ​អ៊ីស្រាអែល គេ​បាន​បោះ​បង់​ចោល​សេចក្ដី​សញ្ញា​ទ្រង់ គេ​បាន​រំលំ​អស់​ទាំង​អាសនា​ទ្រង់ ហើយ​បាន​សំឡាប់​ពួក​ហោរា​ទ្រង់ ដោយ​ដាវ​ផង នៅ​សល់​តែ​ទូល​បង្គំ​ម្នាក់ឯង​ប៉ុណ្ណោះ ហើយ​គេ​ស្វែងរក​ជីវិត​ទូល​បង្គំ​ថែម​ទៀត» (១ពង្សាវតាក្សត្រ ១៩:១៤)។
សន្និបាត​គ្រូ​គង្វាល​មួយ មាន​វគ្គ​សិក្សា​មួយ​ដែល​បង្រៀន​អំពី​វិធី​សាស្ត្រ​ប្រឈម​មុខ​ដោះ​ស្រាយ​បញ្ហា​នៃ​ភាព​អស់​សង្ឃឹម និង​ការ​ធ្លាក់​ទឹក​ចិត្ត នៅ​ក្នុង​ការងារ​បម្រើ​ព្រះ។ សិក្ខា​សាលា​នេះ​ពិត​ជា​បាន​លើក​ទឹក​ចិត្ត​អ្នក​ចូល​រួម​ណាស់ ប៉ុន្តែ​ខ្ញុំ​ក៏​មាន​ការ​សោក​ស្តាយ​យ៉ាង​ខ្លាំង ពេល​ដែល​បាន​ដឹង​ថា គ្រូ​គង្វាល​ជា​ច្រើន​កំពុង​មាន​ការ​ធ្លាក់​ទឹក​ចិត្ត និង​អស់​សង្ឃឹម។ សិក្ខា​សាលា​នេះ​ជា​វគ្គ​សិក្សា​ល្អ​បំផុត​នៅ​ក្នុង​សន្និបាត​ទាំង​មូល ដែល​មាន​មនុស្ស​ចូល​រួម​ពេញ​បន្ទប់​រហូត​ដល់​ថ្នាក់​អ្នក​ខ្លះ​ត្រូវ​ឈរ ដោយ​សារ​គ្មាន​កន្លែង​អង្គុយ។ គ្រូ​គង្វាល​ខ្លះ​បាន​មក​ចូល​រួម​ជា​មួយ​ភរិយា​របស់​ខ្លួន ក្នុង​សិក្ខា​សាលា​នេះ ដើម្បី​ស្វែង​រក​ក្តី​សង្ឃឹម និង​ដំណោះ​ស្រាយ សម្រាប់​ការ​បាក់​ទឹក​ចិត្ត​ធ្ងន់ធ្ងរ​ក្នុង​ការងារ​បម្រើ​ព្រះ។ 
បើ​ហោរា អេលីយ៉ា បាន​ចូល​រួម​ក្នុង​សិក្ខា​សាលា​នោះ គាត់​ប្រាកដ​ជា​យល់​អំពី​អារម្មណ៍​របស់​អ្នក​បម្រើ​ព្រះ ក្នុង​បន្ទប់​នោះ ដែល​មាន​ការ​បាក់​ទឹក​ចិត្ត​ខ្លាំង​បំផុត។ គាត់​ធ្លាប់​ឆ្លង​កាត់​ភាព​អស់​សង្ឃឹម​ដោយ​ផ្ទាល់ ក្នុង​ការងារ​ដែល​គាត់​ធ្វើ​ថ្វាយ​ព្រះ។ គាត់​ធ្លាប់​ឈរ​ម្នាក់​ឯង នៅ​ចំពោះ​មុខ​មនុស្ស​៤៥០នាក់ ដែល​សុទ្ធតែ​មាន​អាវុធ​នៅ​ក្នុង​ដៃ គឺ​ពួក​ហោរា​របស់​ព្រះបាល ជា​ព្រះ​ក្លែង​ក្លាយ។ ពួក​គេ​ទាស់​ប្រឆាំង​នឹង​គាត់​ទាំងស្រុង តែ​នៅ​ពេល​នោះ គាត់​ក៏​បាន​ដក​ពិសោធន៍​នឹង​ព្រះ​ចេស្ដា​របស់​ព្រះ ដែល​បាន​បំផ្លាញ​ខ្មាំង​សត្រូវ​របស់​ទ្រង់​ឲ្យ​វិនាស។ ប៉ុន្តែ បន្ទាប់​ពី​ហេតុការណ៍​នោះ​បាន​កើត​ឡើង​ហើយ មិន​ទាន់​បាន​យូរ​ប៉ុន្មាន​ផង ម្ចាស់ក្សត្រី​យេសិបិល ក៏​បាន​ផ្ញើ​សារ​គម្រាម​កំហែង​ជីវិត​គាត់ ធ្វើ​ឲ្យ​គាត់​រត់​គេច​ខ្លួន​នៅ​ក្នុង​វាល​រហោស្ថាន។ គាត់​ក៏​បាន​ពួន​នៅ​ក្នុង​រូង​ភ្នំ​មួយ​យប់ ដោយ​ការ​ធ្លាក់​ទឹក​ចិត្ត ដោយ​យល់​ឃើញ​ថា មាន​តែ​គាត់​ម្នាក់​ប៉ុណ្ណោះ ដែល​នៅ​មាន​ការ​ប្ដូរ​ផ្តាច់​ចំពោះ​ព្រះ។ ក្នុង​ស្ថានភាព​ដែល​អស់​សង្ឃឹម​បំផុត​នោះ ព្រះ​ទ្រង់​ក៏​បាន​លើក​ទឹក​ចិត្ត​គាត់ ដោយ​ព្រះ​បន្ទូល​សន្យា​ថា «អញ​នឹង​ទុក​ឲ្យ​មាន​មនុស្ស​៧ពាន់​នាក់​សល់​នៅ ក្នុង​ពួក​អ៊ីស្រាអែល ជា​ពួក​អ្នក​ដែល​មិន​បាន​លុត​ជង្គង់​ក្រាប នៅ​ចំពោះ​ព្រះ​បាល ឬ​ថើប​វា​ឡើយ» (១ពង្សាវតាក្សត្រ ១៩:១៨)។
សេចក្តី​ជំនឿ និង​ការ​លូត​លាស់​របស់​អ្នក កាន់​តែ​មាន​លក្ខណៈ​ដូច​ព្រះ​គ្រីស្ទ គឺ​បាន​លើក​ទឹក​ចិត្ត​គ្រូ​គង្វាល​របស់​អ្នក​យ៉ាង​ខ្លាំង។ នៅ​ពេល​ដែល​សាវ័ក ប៉ុល បាន​ដឹង​ថា ពួក​ជំនុំ​ក្មេង​ខ្ចី​នៅ​ទីក្រុង​ថែស្សាឡូនីច នៅ​តែ​ឈរ​មាំ​ក្នុង​ជំនឿ គាត់​ក៏​បាន​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​ពួក​គេ​ថា «ដ្បិត​ឥឡូវ​នេះ បើ​អ្នក​រាល់​គ្នា​ឈរ​​នៅ​មាំមួន​ក្នុង​ព្រះ​អម្ចាស់ នោះ​ទើប​យើង​ខ្ញុំ​នឹង​រស់​នៅ។ តើ​យើង​ខ្ញុំ​អាច​នឹង​អរ​ព្រះ​គុណ​ដល់​ព្រះ ពី​ដំណើរ​អ្នក​រាល់​គ្នា​ដោយ​ប្រការ​ដូច​ម្ដេច ឲ្យ​បាន​ល្មម​ធួន​នឹង​អស់​ទាំង​សេចក្ដី​អំណរ ដែល​យើង​ខ្ញុំ​មាន​នៅ​ចំពោះ​ព្រះ​នៃ​យើង ដោយ​ព្រោះ​អ្នក​រាល់​គ្នា​បាន» (១ថែស្សាឡូនីច ៣:៨-៩)។
អ្នក​បម្រើ​ព្រះ ក្នុង​គ្រប់​ផ្នែក​ទាំង​អស់​នៃ​ការងារ​បម្រើ​ព្រះ មិន​មាន​ភាព​ស៊ាំ​នឹង​ការ​បាក់​ទឹក​ចិត្ត​ឡើយ។ ផ្លូវ​នៃ​ការងារ​បម្រើ​ព្រះ មាន​ដំណើរ​ឡើង​ចុះ មាន​ថ្ងៃ​ដែល​រីករាយ ហើយក៏​មាន​ថ្ងៃ​គ្រោះ​មហន្ត​រាយ​ផង​ដែរ។ នៅ​ពេល​ណា​យើង​បាក់​ទឹក​ចិត្ត យើង​ហាក់​ដូច​ជា​ពិបាក​បន្ត​ដំណើរ​ទៅ​មុខ​ទៀត តែ​ព្រះ​ទ្រង់​ប្រើ​រាស្ត្រ​របស់​ព្រះ​អង្គ ដើម្បី​លើក​ទឹក​ចិត្ត​គ្រូ​គង្វាល និង​អ្នក​ដឹក​នាំ​ពួក​ជំនុំ ដោយ​ជំនឿ និង​ការ​លូត​លាស់ ព្រម​ទាំង​ការ​អធិស្ឋាន​របស់​ពួក​គេ​ផង​ដែរ។ នៅ​ពេល​ដែល​លោក​គ្រូ ឆាល ស្ព័រជិន (C.H Spurgeoun) នាំ​គេ​ធ្វើ​ទស្សន​កិច្ច ក្នុង​ព្រះ​វិហារ​មេត្រូផូលីធិន នៅ​ទីក្រុងឡុងដ៍ (Metropolitan Tabernacle in London) គាត់​បាន​នាំ​ពួក​គេ​ទៅ​មើល​បន្ទប់​ក្រោម​ដី ដើម្បី​បង្ហាញ «បន្ទប់​កម្តៅ»។ ប៉ុន្តែ គេ​មិន​ឃើញ​មាន​ឧបករណ៍​កម្តៅ​ទេ ផ្ទុយ​ទៅ​វិញ គេ​ឃើញ​តែ​កន្លែង​អង្គុយ​ប៉ុណ្ណោះ។ នៅ​ទីនោះ មនុស្ស​រាប់​រយ​នាក់​តែង​តែ​ជួប​ជុំ​គ្នា​រៀង​រាល់​ពេល​ព្រឹក​ថ្ងៃ​អាទិត្យ ដើម្បី​អធិស្ឋាន​ឲ្យ​លោក​គ្រូ ស្ព័រជិន ខណៈ​ពេល​ដែល​គាត់​អធិប្បាយ​ព្រះ​បន្ទូល។ គាត់​ដឹង​ថា ប្រសិទ្ធភាព​នៃ​ការងារ​ដែល​គាត់​ធ្វើ​ថ្វាយ​ព្រះ ពឹង​ផ្អែក​ទៅ​លើ​អ្នក​ដែល​អធិស្ឋាន​ឲ្យ​គាត់ និង​ពឹង​ផ្អែក​ទៅ​លើ​ព្រះ ដែល​ឆ្លើយ​តប​ការ​អធិស្ឋាន​របស់​ពួក​គេ។ 
បើ​អ្នក​កំពុង​ធ្វើ​ការ​បម្រើ​ព្រះ (ទោះ​បាន​ប្រាក់​ខែ​ឬ​អត់)  ហើយ​មាន​អារម្មណ៍​បាក់​ទឹក​ចិត្ត សូម​ចាំ​ថា អ្នក​បាន​ជះ​ឥទ្ធិពល​អស់​កល្ប​ជានិច្ច ក្នុង​ជីវិត​មនុស្ស​ជា​ច្រើន។ ពេល​ដែល​អ្នក​ក្រឡេក​មក​ក្រោយ មើល​ទៅ​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក និង​មើល​ទៅ​ទុក្ខ​លំបាក​ដែល​អ្នក​បាន​ឆ្លង​កាត់ អ្នក​នឹង​អាច​ដឹង​ច្បាស់​ថា ព្រះ​ទ្រង់​ពិត​ជា​បាន​ធ្វើ​ការ​តាម​រយៈ​អ្នក​ពិត​មែន។ សូម​ឲ្យ​ការ​នេះ​បាន​លើក​ទឹក​ចិត្ត​អ្នក! ហើយ​ទោះ​អ្នក​ជា​នរណា​ក៏​ដោយ តើ​អ្នក​បាន​សរសេរ​សារ​លើក​ទឹក​ចិត្ត​ទៅ​នរណា​ម្នាក់ ឬ​អធិស្ឋាន​ឲ្យ​អ្នក​បម្រើ​ព្រះ​ដទៃ​ទៀត​តាំង​ពី​ពេល​ណា?  កិច្ចការ​ទាំង​អស់​នេះ​ពិត​ជា​សំខាន់​ណាស់។ ទោះ​អ្នក​ដឹក​នាំ​ទាំង​នេះ បន្ត​អធិប្បាយ​ព្រះ​បន្ទូល និង​បង្រៀន​តាម​របៀប​ដដែល​ក៏​ដោយ ក៏​ការ​អធិស្ឋាន​ឲ្យ​ពួក​គេ​ដោយ​ជំនឿ ពិត​ជា​បាន​ជួយ​ការងារ​របស់​ពួក​គេ​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព។ ជា​ការ​ពិត​ណាស់ យើង​ម្នាក់ៗ​សុទ្ធ​តែ​មាន​កាតព្វកិច្ច​អធិស្ឋាន​ឲ្យ​ពួក​គេ។ 


ខ​គម្ពីរ​សញ្ជឹង​គិត៖ ១ថែស្សាឡូនីច ២:១៧-៣:១៣
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ បទ​ចម្រៀង​សាឡូម៉ូន ១-៣ និង​យ៉ូហាន ២១

ប្រភេទ