នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

រឿងនិទានដាស់តឿនចិត្ត

រឿងនិទានដាស់តឿនចិត្ត

ដោយSheridan Voysey

October 9, 2025

សាស្តា ៥:១៣-២០
មានការអាក្រក់យ៉ាងធ្ងន់១មុខ ដែលយើងបានឃើញនៅក្រោមថ្ងៃ គឺមានទ្រព្យសម្បត្តិដែលម្ចាស់រក្សាទុកដរាបដល់កើតអន្តរាយដល់ខ្លួន។ សាស្តា ៥:១៣
ក្នុងខ្សែភាពយន្តចាស់មួយ មានចំណងជើងថា ពលរដ្ឋខេន លោកឆាល ហ្វូស្ទ័រ ខេន(Charles Foster Kane) បានបង្គរទ្រព្យសម្បត្តិទុក និងស្វែងរកអំណាច តាមរយៈការបង្កើតក្រុមហ៊ុនកាសែតធំមួយ។ រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំបទគម្ពីរសាស្តា ២:៤-១១ ត្រង់ចំណុចដែលថា លោកខេន បានធ្វើឲ្យខ្លួនសប្បាយអស់ដៃ ដោយសាងសង់វិមានដ៏ធំស្កឹមស្កៃ មានសួរច្បារធំៗ ដែលមានពេញដោយស្នាដៃសិល្បៈដែលមានតម្លៃ។ 
អ្វីដែលលោកខេន ពិតជាចង់បាននោះគឺការសរសើរ គឺមិនខុសពីមហាសេដ្ឋីដទៃទៀតទេ។ គាត់បានចំណាយទ្រព្យសម្បត្តិជាច្រើន ដើម្បីភាពជោគជ័យក្នុងអាជីពនយោបាយរបស់គាត់ នៅពេលដែលគាត់បរាជ័យក្នុងការបោះឆ្នោត គាត់ក៏បានដោះសារដើម្បីការពារខ្លួនឯងថា គាត់បរាជ័យដោយសារគេក្លែងបន្លំក្នុងការបោះឆ្នោត។ គាត់បានសាងសង់សាលមហោស្រពអូប៉េរ៉ាសម្រាប់ប្រពន្ធគាត់ ហើយបានបង្ខំនាងឲ្យធ្វើជាអ្នកចម្រៀងអាជីព ដើម្បីឲ្យគេសរសើរគាត់ ទោះវាមិនសក្ដិសមនឹងអំណោយទានរបស់នាងក៏ដោយ។ រឿងរបស់លោកខេនក៏បានធ្វើឲ្យខ្ញុំនឹកចាំកណ្ឌគម្ពីរសាស្តា ដែលបានចែងថា ទ្រព្យសម្បត្តិបំផ្លាញមនុស្សដែលខំដេញតាម និងបង្គរវាទុក ដោយចិត្តលោភ(៩:១០-១៥) ដោយធ្វើឲ្យពួកគេ “ត្រូវរោយរៀវទៅក្នុងសេចក្ដីងងឹត” និង “ក្រហល់ក្រហាយចិត្តផង”(៥:១៧)។ នៅចុងបញ្ចប់នៃរឿងនេះ លោកឆាលី ខេន ក៏បានធ្លាក់ខ្លួនរស់នៅម្នាក់ឯង ក្នុងប្រាសាទនោះ ដោយភាពឯកោ និងចិត្តក្រហល់ក្រហាយ។
រឿងពលរដ្ឋខេន បានបញ្ចប់ដោយការបង្ហាញឲ្យយើងដឹងថា លោកខេនបានខិតខំដេញតាមទ្រព្យសម្បត្តិ ដើម្បីបំពេញចន្លោះប្រហោងក្នុងចិត្តគាត់ ដែលកើតឡើងពីការបាត់បង់សេចក្តីស្រឡាញ់របស់ឪពុកម្តាយគាត់ តាំងពីក្មេងមក។ អ្នកនិពន្ធកណ្ឌគម្ពីរសាស្តាក៏បានបកស្រាយផងដែរថា ព្រះវរបិតានៃយើងបាន “ធ្វើឲ្យចិត្តគេសង្ឃឹមដល់អស់កល្បទៅមុខ”(៣:១១) ហើយទាល់តែមានព្រះអង្គ ទើបជីវិតយើងមានអំណរ(២:២៥)។ រឿងនិទានរបស់លោកខេន បានដាស់តឿនយើងរាល់គ្នា មិនឲ្យស្វែងរកភាពស្កប់ស្កល់ តាមរយៈទ្រព្យសម្បត្តិ និងអំណាចឡើយ តែតាមរយៈព្រះមួយអង្គ ដែលបានចាក់បង្ហូរសេចក្តីស្រឡាញ់ចូលទៅក្នុងចិត្តយើង(រ៉ូម ៥:៥)។—Sheridan Voysey

តើអ្នកមើលឃើញជីវិតអ្នកបានត្រាប់តាមលោកឆាលី ខេន ដូចម្តេចខ្លះ? 
តើអ្នកមានតម្រូវការខាងវិញ្ញាណអ្វីខ្លះ ដែលព្រះអង្គត្រូវបំពេញឲ្យអ្នកនៅថ្ងៃនេះ? 
ឱព្រះនៃសេចក្តីស្រឡាញ់ សូមព្រះអង្គអត់ទោសឲ្យទូលបង្គំ ដែលចង់ឲ្យខ្លួនឯងសំខាន់ 
តាមរយៈការទិញអ្វីៗ ឬស្វែងរកការសរសើរ។ មានតែព្រះអង្គទេដែលអាចបំពេញតម្រូវការខាងវិញ្ញាណរបស់ទូលបង្គំបាន!
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសាយ ៣២-៣៣ និង កូល៉ុស ១
 

ល្ងាច

បាន​ធានា​ដោយ​ពាក្យ​សម្បថ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

បាន​ធានា​ដោយ​ពាក្យ​សម្បថ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

October 9, 2025

«ដែល​ទ្រង់​មាន​ព្រះ​ហឫទ័យ​​សង្វាត​លើស​ទៅ​ទៀត ចង់​សំដែង​ឲ្យ​ពួក​គ្រង​សេចក្ដី​សន្យា​ទុក​ជា​មរដក បាន​ឃើញ​ព្រះ​ទ័យ​សំរេច​របស់​ទ្រង់​ថា មិន​ចេះ​ប្រែ​ប្រួល​ឡើយ នោះ​ទ្រង់​ក៏​បញ្ចូល​ពាក្យ​សម្បថ​ដូច្នោះ​ដែរ ដើម្បី​ឲ្យ​យើង​រាល់​គ្នា ដែល​បាន​រត់​មក​ចាប់​កាន់​សេចក្ដី​សង្ឃឹម ដែល​ដាក់​នៅ​មុខ​យើង ទុក​ជាទី​ជ្រក​កោន បាន​សេចក្ដី​កំឡា​ចិត្ត​ឡើង​ជា​ខ្លាំង ដោយសារ​សេចក្ដី​ទាំង​២មុខ​នេះ​ដ៏​មិន​ចេះ​ប្រែប្រួល ដែល​ខាង​ឯ​សេចក្ដី​ទាំង​២​នោះ ព្រះ​ទ្រង់​កុហក​ពុំ​បាន​ទេ យើង​ខ្ញុំ​មាន​សេចក្ដី​សង្ឃឹម​នោះ ទុក​ដូចជា​យុថ្កា​នៃ​ព្រលឹង​ដ៏​ជាប់​លាប់​មាំមួន ដែល​ចូល​ទៅ​ខាង​ក្នុង​នៃ​វាំង​នន» (ហេព្រើរ ៦:១៧-១៩)។
ពាក្យ​សម្បថ​មាន​សារៈ​សំខាន់​យ៉ាង​ខ្លាំង ចំពោះ​អ្នក​ធ្វើ​ពាក្យ​សម្បថ និង​អ្នក​ទទួល​ពាក្យ​សម្បថ​នោះ។ វា​ជា​ការ​សុំ​ការ​គាំទ្រ​ពី​អំណាច​ខ្ពស់​បំផុត ក្នុង​គោល​បំណង​ដើម្បី​បំបាត់​ការ​សង្ស័យ​ទាំង​អស់ ចំពោះ​ពាក្យ​សម្ដី​របស់​នរណា​ម្នាក់ ហើយ​ធ្វើ​ការ​បញ្ជាក់​ថា ការ​សន្យា​នោះ​អាច​ទុក​ចិត្ត​បាន។ ទោះ​មនុស្ស​បាន​ធ្វើ​ការ​សច្ចា​ដែល​គ្មាន​ន័យ​ដោយ​កុហក និង​ធ្វើ​បន្ទាល់​ក្លែង​ក្លាយ​ក៏​ដោយ ក៏​គេ​នៅ​តែ​ត្រូវ​ធ្វើ​ការ​សច្ចា ដើម្បី​បង្ហាញ​ភាព​អាច​ទុក​ចិត្ត​បាន​នៃ​ពាក្យ​សម្ដី​របស់​នរណា​ម្នាក់។
ជា​ការ​ពិត​ណាស់ ពាក្យ​សម្បថ​មិន​គ្រានតែ​ល្អ ស្រប​តាម​ចរិត​លក្ខណៈ​របស់​អ្នក​ធ្វើ​ពាក្យ​សម្បថ​ប៉ុណ្ណោះ​ទេ។ ដូច​នេះ យើង​ដឹង​ថា ព្រះ​បន្ទូល​សន្យា​របស់​ព្រះ​អាច​ឲ្យ​យើង​ទុក​ចិត្ត​បាន ដោយសារ​ការ​ពិត​ដែល​ថា ព្រះ​អង្គ​ជា​អ្នក​សន្យា។ ព្រះ​អង្គ​មិន​ចាំបាច់​ត្រូវ​ធានា​ព្រះ​បន្ទូល​សន្យា​របស់​ទ្រង់ ដោយ​ពាក្យ​សម្បថ​នោះ​ទេ ដូច​នេះ ព្រះ​បន្ទូល​សន្យា​តែ​ម្យ៉ាង គឺ​គ្រប់​គ្រាន់​ល្មម​នឹង​ឲ្យ​យើង​ជឿ​ព្រះ​អង្គ​ហើយ។ ប៉ុន្តែ ព្រះ​អង្គ​បាន​ធ្វើ​ថែម​មួយ​ជំហាន​ទៀត ដោយ​សម្បថ​ដោយ​ព្រះ​នាម​ទ្រង់ ព្រោះ​ព្រះអង្គ​មិន​អាច​ស្បថ​ដោយ​ឈ្មោះ​នរណា​ម្នាក់ ហើយ​ក៏​គ្មាន​នាម​អ្វី​ធំ​ជាង​ព្រះ​នាម​ព្រះ​អង្គ​ដែរ។
ព្រះ​អង្គ​បាន​នាំ​យើង​ចេញពី​ពិភព​នៃ​ភាព​អស់​សង្ឃឹម ចូល​ទៅ​ក្នុង​ពិភព​ពិត​នៃ​សេចក្តី​សង្ឃឹម និង​យុថ្កា​នៃ​វិញ្ញាណ​យើង​ក៏​បាន​ជាប់​នៅ និង​ច្បាស់​លាស់។ គឺ​បាន​ជាប់​នឹង​ព្រះ​បន្ទូល​សន្យា​របស់​ព្រះ ដែល​មិន​អាច​ផ្លាស់​ប្ដូរ​បាន ហើយ​ក៏​ជាប់​នឹង​ពិភព​នៃ​ស្ថាន​សួគ៌​ដែល​មើល​មិន​ឃើញ ដោយ​ព្រះ​ដែល​មិន​អាច​កុហក។ តាម​ពិត ព្រះ​បន្ទូល​សន្យា​ទាំង​នេះ​មាន​ភាព​ជាប់​លាប់​យ៉ាង​ខ្លាំង បាន​ជា​ការ​ចែក​ចាយ​ព្រះបន្ទូល​សន្យា​នេះ​ដល់​អ្នក​ដទៃ ក្នុង​ការ​ផ្សាយ​ដំណឹង​ល្អ គឺ​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ចិត្ត​ពួកគេ ព្រោះ​យើង​កំពុង​រស់នៅ​ក្នុង​លោកីយ៍ ដែល​មាន​ពេញ​ដោយ​ភាព​អស់​សង្ឃឹម និង​វប្បធម៌​ដែល​ព្យាយាម​គ្រប​បាំង​ការ​មិន​ពេញ​ចិត្ត ដោយ​ការ​ញញឹម​ក្លែង​ក្លាយ ការ​ដើរ​កម្សាន្ត និង​សម្ភារៈ​និយម។ 
ពិត​ជា​អស្ចារ្យ​ណាស់ ដែល​យើង​អាច​ធ្វើ​ជា​មនុស្ស ដែល​ចាក់​ឫស​ក្នុង​ជំនឿ ដោយ​មាន​ព្រះ​បន្ទូល​សន្យា​ធ្វើ​ជា​យុថ្កា។ ព្រះ​យេស៊ូវ​គ្រីស្ទ សក្តិ​សមនឹង​ឲ្យ​យើង​ជឿ ហើយ​​អាច​ដឹង​ថា សេចក្ដី​សន្យា​របស់​ព្រះ «ក៏​នៅ​សុទ្ធ​តែ​ជា «បាទ» ក្នុង​ទ្រង់ ហើយ «អាម៉ែន» ក្នុង​ទ្រង់» (២កូរិនថូស ១:២០) ដែល​ព្រះ​ជន្ម និង​ការ​សុគត​របស់​ព្រះ​អង្គ​ព្រម​ទាំង​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ និង​ការ​យាង​ឡើង​នគរ​ស្ថាន​សួគ៌​វិញ បាន​នាំ​មក​នូវ​ជ័យ​ជម្នះ​ដ៏​អស្ចារ្យ និង​អស់​កល្ប​ជានិច្ច។ 
តើ​ព្រះ​ទ្រង់​មាន​ព្រះ​បន្ទូល​សន្យា​ចំពោះ​អ្នក​ត្រង់​ចំណុច​ណា ដែល​អ្នក​ពិបាក​ជឿ និង​សង់​ជីវិត​អ្នក​ពីលើ? ចូរ​ចាំ​ថា នរណា​ជា​អ្នក​ប្រទាន​ព្រះ​បន្ទូល​សន្យា​នោះ។ ព្រះ​អង្គ​ជា​ព្រះ ដែល​បាន​សន្យា​ចំពោះ​លោក​អ័ប្រាហាំ ជា​មនុស្ស​ដែល​គ្មាន​កូន​ក្នុង​វ័យ​ចាស់​ថា កូន​ចៅ​ជំនាន់​ក្រោយ​របស់​គាត់ នឹង​មាន​គ្នា​ច្រើន​ដូចជា​ផ្កាយ​នៅ​លើ​មេឃ ហើយក៏​ធ្វើ​តាម​ព្រះ​បន្ទូល​សន្យា​នោះ។ ព្រះ​អង្គ​ក៏​ជា​ព្រះ​ដែល​បាន​ស្បថ​ចំពោះ​សាវ័ក​របស់​ព្រះ​អង្គ​ថា ព្រះ​អង្គ​នឹង​ត្រូវ​គេ​បដិសេធ ហើយ​ធ្វើ​គុត ហើយ​បី​ថ្ងៃ​ក្រោយ​មក ព្រះ​អង្គ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ហើយ​ព្រះ​អង្គ​ក៏​បាន​ធ្វើ​តាម​ព្រះ​បន្ទូល​សន្យា​នេះ។ 
ចូរ​យើង​រង់​ចាំ​ព្រះ​ដែល​បាន​ប្រទាន​ព្រះ​បន្ទូល​សន្យា​ដែល​យើង​ពិបាក​ជឿ។ ចូរ​យើង​ចាំ​ថា ព្រះ​អង្គ​មាន​លក្ខណៈ​ដូច​ម្ដេច។ នេះ​ជា​យុថ្កា​សម្រាប់​វិញ្ញាណ​របស់​អ្នក និង​ជា​ក្តី​សង្ឃឹម​សម្រាប់​ពេល​អនាគត​របស់​អ្នក។


ខ​គម្ពីរ​សញ្ជឹង​គិត៖ ទំនុកតម្កើង ១០៥
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ អេសេគាល ៤៧-៤៨ និង​យ៉ូហាន ២០

ប្រភេទ