នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

រស់នៅឲ្យសក្តិសមនឹងការត្រាស់ហៅ

រស់នៅឲ្យសក្តិសមនឹងការត្រាស់ហៅ

ដោយadamholz

October 8, 2025

អេភេសូរ ៤:១-៦,១១-១៦
ខ្ញុំទូន្មានអ្នករាល់គ្នាថា ចូរឲ្យអ្នករាល់គ្នាដើរបែបគួរនឹងការងារ ដែលទ្រង់បានហៅមកធ្វើចុះ។ អេភេសូរ ៤:១
កាលពីឆ្នាំ១៩៩៧ សកលវិទ្យាល័យរដ្ឋអាយអូវ៉ា បានដាក់ឈ្មោះឲ្យពហុកីឡាដ្ឋានរបស់ខ្លួន ដូចឈ្មោះលោក ជែក ត្រាយ(Jack Trice) ជាកីឡាករស្បែកខ្មៅទីមួយរបស់សាលារៀននេះ។ គួរឲ្យសោកស្តាយណាស់ ដែលលោកត្រាយ មិនបានចូលរួមប្រកួត នៅក្នុងទីក្រុងអាមេស រដ្ឋអាយអូវ៉ា ដោយសារគាត់បានបាត់បង់ជីវិត ដោយសារការរបួសគ្រឿងក្នុង ក្នុងអំឡុងពេលប្រកួតកីឡាបាល់ទាល់មហាវិទ្យាល័យ លើកទីពីរ ក្នុងទីក្រុងមេនាប៉ូលីស រដ្ឋមីនេសូតា កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ១៩២៣។ 
នៅពេលយប់មុនថ្ងៃប្រកួត លោកត្រាយក៏បានសរសេរពាក្យប្ដេជ្ញាចិត្តសម្រាប់ខ្លួនឯងយ៉ាងដូចនេះថា :
“កិត្តិយសរបស់ពូជសាសន៍ គ្រួសារ និងខ្លួនខ្ញុំនឹងត្រូវបានកំណត់ក្នុងពេលខាងមុខនេះ។ គ្រប់គ្នារំពឹងថា ខ្ញុំនឹងសម្រេចបានជោគជ័យដ៏សំខាន់។ ខ្ញុំនឹងឈ្នះ! ខ្ញុំនឹងលះបង់រូបកាយ និងវិញ្ញាណរបស់ខ្ញុំ នៅក្នុងទីលានប្រកួតនៅថ្ងៃស្អែក។ រៀងរាល់ពេលគេបោះបាល់ឲ្យខ្ញុំ ខ្ញុំនឹងព្យាយាមធ្វើឲ្យបានលើសផ្នែករបស់ខ្ញុំ”។ លោកត្រាយបានយល់ឃើញថា ការអ្វីដែលគាត់បានធ្វើ គឺបានបង្ហូរចេញពីកិត្តិយស និងភាពថ្លៃថ្នូរនៃអត្តសញ្ញាណរបស់គាត់ ដោយគួបផ្សំចារិតលក្ខណៈរបស់គាត់ ជាមួយភាពក្លាហាន។ 
សាវ័កប៉ុលក៏បាននិយាយស្រដៀងនេះផងដែរ ក្នុងសំបុត្រដែលគាត់សរសើរផ្ញើពួកជំនុំនៅទីក្រុងអេភេសូរ ដោយជំរុញអ្នកជឿទាំងឡាយឲ្យធ្វើការសម្រេចចិត្ត ក្នុងគ្រប់ការទាំងអស់ ផ្អែកទៅលើអត្តសញ្ញាណរបស់ពួកគេ នៅក្នុងព្រះគ្រីស្ទ។ គឺដូចដែលគាត់មានប្រសាសន៍ថា “ខ្ញុំជាអ្នកជាប់គុកក្នុងព្រះអម្ចាស់ ខ្ញុំទូន្មានអ្នករាល់គ្នាថា ចូរឲ្យអ្នករាល់គ្នាដើរបែបគួរនឹងការងារ ដែលទ្រង់បានហៅមកធ្វើចុះ”(អេភេសូរ ៤:‌១)។ សាវ័កប៉ុលបានជំរុញយើងឲ្យឱបក្រសោបយករបៀបនៃការរស់នៅ ដែលបានផ្លាស់ប្រែដោយសារកិច្ចការដែលព្រះយេស៊ូវបានធ្វើសម្រាប់យើង ក្នុងយើង និងតាមរយៈយើង ដែលនាំឲ្យមានការបន្ទាបខ្លួន ចិត្តសុភាព ការអត់ធ្មត់ ការរួបរួម សេចក្តីស្រឡាញ់ និងសន្តិភាព(ខ.២-៣) ខណៈពេលដែលយើងប្រើអំណោយទានដែលព្រះបានប្រទាន ដើម្បីបម្រើគ្នាទៅវិញទៅមក(ខ.១៥-១៦)។—Adam R. Holz

តើជំនឿ និងការប្រព្រឹត្តរបស់អ្នកមានទំនាក់ទំនងអ្វីនឹងគ្នា? 
តើព្រះទ្រង់បានប្រទានអំណោយទានអ្វីខ្លះ សម្រាប់ឲ្យអ្នកបម្រើអ្នកដទៃ? 
ឱព្រះវរបិតា ទូលបង្គំសូមអរព្រះគុណព្រះអង្គ សម្រាប់ការអញ្ជើញទូលបង្គំ ចូលទៅក្នុងជីវិតដែលមានន័យ 
និងមានតម្លៃ។ សូមព្រះអង្គជួយទូលបង្គំឲ្យស្រឡាញ់ និងបម្រើអ្នកដទៃ ដោយអំណោយទានដែលព្រះអង្គបានប្រទាន។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសាយ ៣០-៣១ និង ភីលីព ៤

 

ល្ងាច

ជម្នះ​ការ​ប៉ះ​ទង្គិច (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ជម្នះ​ការ​ប៉ះ​ទង្គិច (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

October 8, 2025

ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ដើរ​បែប​គួរ​នឹង​ការងារ ដែល​ទ្រង់​បាន​ហៅ​មក​ធ្វើ​ចុះ ព្រម​ទាំង​មាន​ចិត្ត​សុភាព ហើយ​ស្លូតបូត​គ្រប់​ជំពូក ទាំង​អត់ធ្មត់ ហើយ​ទ្រាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ស្រឡាញ់ ហើយ​ខំ​ប្រឹង​រក្សា​សេចក្ដី​រួបរួម​គ្នា​របស់​ព្រះ​វិញ្ញាណ ដោយ​សេចក្ដី​មេត្រី ទុក​ជា​ចំណង​ផង» (អេភេសូរ ៤:១-៣)។
ការ​កកិត​គ្នា ឬ​ការ​ប៉ះ​ទង្គិច​បង្កើត​ជា​កម្តៅ គឺ​នៅ​ពេល​ដែល​វត្ថុ​ពីរ មាន​ការ​កកិត​គ្នា កម្តៅ​ក៏​បាន​កើន​ឡើង។ ដូច​គ្នា​នេះ​ដែរ នៅ​ពេល​ដែល​យើង​ដាក់​មនុស្ស​មាន​បាប​ឲ្យ​នៅ​ជា​មួយ​គ្នា សូម្បី​តែ​ក្នុង​ពួក​ជំនុំ​ដែល​បាប​មិន​សោយ​រាជ្យ តែ​ការ​ប៉ះ​ទង្គិច​គ្នា​នៅ​តែ​កើត​មាន។ យើង​មិន​គួរ​មាន​ការ​ភ្ញាក់​ផ្អើល ចំពោះ​បញ្ហា​នេះ​ទេ។ យើង​ម្នាក់ៗ​មិន​មែន​ជាដុំ​ឥដ្ឋ​ដែល​គេ​បង្កើត​យ៉ាង​ឥត​ខ្ចោះ ដែល​តម្រៀប​ចូល​គ្នា​យ៉ាង​ស្រស់​ស្អាត។ យើង​ជា​មនុស្ស​ដែល​មិន​ល្អ​ឥត​ខ្ចោះ។ តែ​ទន្ទឹម​នឹង​នោះ យើង​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ការ​ប៉ះ​ទង្គិច បង្វែរ​អារម្មណ៍​យើង​ចេញ​ពី​គោល​ដៅ​របស់​យើង​ទេ។ 
ការ​ប៉ះ​ទង្គិច​មិន​រលាយ​ទៅ​វិញ​ដោយ​ខ្លួន​ឯង នៅ​ពេល​ដែល​យើង​មិន​ខ្វល់​ពី​វា​នោះ​ទេ ផ្ទុយ​ទៅ​វិញ យើង​អាច​ជម្នះ​វា​បាន ពេល​ណា​យើង​ផ្ដោត​ទៅ​លើ​ព្រះ​គ្រីស្ទ និង​ឲ្យ​តម្លៃ​មក​លើ​អ្វី​ដែល​ព្រះ​អង្គ​ឲ្យ​តម្លៃ ដើម្បី​អ្នក​ជឿ​ជា​រូប​កាយ​ព្រះ​អង្គ គឺ​ឲ្យ​តម្លៃ​មក​លើ​អាទិភាព​ដូច​ជា ភាព​ចៅ​រ៉ាវ ការ​ជួយ​សម្រាល​បន្ទុក​គ្នា ការ​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ការ​អធិស្ឋាន និង​ការ​ដាក់​ដង្វាយ។ ការ​ឲ្យ​តម្លៃ​នេះ មិន​ជំរុញ​យើង​ឲ្យ​សួរ​ថា «តើ​រូប​កាយ​ព្រះ​គ្រីស្ទ​អាច​ធ្វើ​អ្វី​ខ្លះ​សម្រាប់​ខ្ញុំ?» តែ​សួរ​ថា «តើ​ខ្ញុំ​អាច​ធ្វើ​អ្វី​សម្រាប់​រូប​កាយ​ព្រះ​គ្រីស្ទ?» ទាល់​តែ​យើង​អនុវត្ត ដោយ​ផ្នត់​គំនិត​ដូច​នេះ ទើប​ការ​អាណិត​ខ្លួន​ឯង ការ​រំខាន និង​ការ​ព្រួយ​បារម្ភ​ចាប់​ផ្តើម​រលាយ​បាត់។
យើង​គួរ​តែ​រំពឹង​ថា នឹង​ជួប​​ការ​ប៉ះ​ទង្គិច តែ​យើង​មិន​ត្រូវ​បណ្តែត​បណ្តោយ​ឲ្យ​វា​បន្ត​មាន​ឡើយ។ ក្នុង​នាម​យើង​ជា​អ្នក​ជឿ យើង​គួរ​តែ​បង្ហាញ​ភស្តុតាង បញ្ជាក់​ថា​យើង​មាន​ចិត្ត​ដែល​បន្ទាប​ខ្លួន និង​ប្រែ​ចិត្ត។ ពេល​ណា​យើង​មិន​បង្ហាញ​ទេ អ្នក​ដទៃ​ក្នុង​ពួក​ជំនុំ​ត្រូវ​ជួយ​យើង ហើយ​ជំរុញ និង​កែ​តម្រង់​យើង បើ​សិន​ជា​ចាំ​បាច់។ អ្នក​ដឹក​នាំ​ពួក​ជំនុំ​នៅ​សម័យ​កំណែ​ទម្រង់​មាន​ប្រសាសន៍​ថា ដើម្បី​ឲ្យ​ពួក​ជំនុំ ក្លាយ​ជា​ពួក​ជំនុំ​ពិត​ប្រាកដ ពួក​គេ​ត្រូវ​ចែក​ចាយ​ព្រះ​បន្ទូល​ព្រះ ធ្វើ​ពិធី​លៀង​ព្រះ​អម្ចាស់ និង​បុណ្យ​ជ្រមុជ​ទឹក និង​ដាក់​វិន័យ​ពួក​ជំនុំ។ 
ការ​ទ្រាំទ្រ​ការ​បែក​បាក់​ដែល​មិន​ប្រែ​ចិត្ត​ក្នុង​ពួក​ជំនុំ មិន​គ្រាន់​តែ​បណ្ដាល​ឲ្យ​កើន​កម្តៅ ដោយ​ការ​ប៉ះ​ទង្គិច​បន្ត​កើត​មាន ដោយ​គ្មាន​ដំណោះ​ស្រាយ​ប៉ុណ្ណោះ​ទេ តែ​ក៏​អាច​នាំ​ទៅ​រក​សេចក្តី​ហិន​វិនាស​ផង​ដែរ។ យើង​ឲ្យ​នរណា​ម្នាក់​អង្គុយ​នៅ​តុ​បាយ​ជា​មួយ​យើង តែ​យើង​មិន​បណ្តោយ​ឲ្យ​គាត់​បំផ្លាញ​គ្រួសារ​យើង ដោយ​គ្រាន់​​តែ​គាត់​មាន​អាកប្ប​កិរិយា​អាក្រក់​នោះ​ឡើយ តែ​យើង​ច្រើន​តែ​ទ្រាំទ្រ​ភាព​តាន​តឹង និង​ការ​បាក់​បែក​ក្នុង​ពួក​ជំនុំ គ្រាន់​តែ​ដើម្បី​រក្សា​ភាព​សុខដុម និង​ភាព​ចៅ​រ៉ាវ តែ​សម្បក​ក្រៅ​ប៉ុណ្ណោះ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យើង​ត្រូវ​ជ្រើស​រើស​យក​ជម្រើស​ដែល​ពិបាក​ជាង និង​ចាំបាច់​ជាង។ អនាគត​នៃ​ពួក​ជំនុំ​ពឹង​ផ្អែក​ទៅ​លើ​ការ​សម្រេច​ចិត្ត​នេះ។
ការ​ប៉ះ​ទង្គិច​នឹង​កើត​មាន។ យើង​នឹង​ជួប​បញ្ហា។ ហេតុ​នេះ​ហើយ យើង​ចាំ​បាច់​ត្រូវ​ទ្រាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​សេចក្តី​ស្រឡាញ់។ យើង​ត្រូវ​មាន​ចិត្ត​អត់​ធ្មត់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។ យើង​ចាំបាច់​ត្រូវ​ខិត​ខំ​រក្សា​ការ​រួបរួម ដែល​ព្រះ​វិញ្ញាណ​បាន​ប្រទាន នៅ​ពេល​ព្រះ​អង្គ​នាំ​យើង​ចូល​មហា​គ្រួសារ​របស់​ព្រះ ដោយសារ​សេចក្តី​ជំនឿ (អេភេសូរ ៤:៣)។ អាច​និយាយ​ម្យ៉ាង​ទៀត​ថា យើង​ចាំ​បាច់​ត្រូវ​មាន​ចារិក​លក្ខណៈ​ដូច​ព្រះ​គ្រីស្ទ ព្រោះ​សេចក្តី​ស្រឡាញ់​បែប​អាហ្កាពេ​របស់​ព្រះ​អង្គ ដែល​មិន​គិត​ប្រយោជន៍​ផ្ទាល់​ខ្លួន បាន​បង្ហាញ​យើង​នូវ​របៀប​ស្រឡាញ់​គ្នា ដោយ​ការ​លះ​បង់ និង​ជម្នះ​ការ​ប៉ះ​ទង្គិច​គ្នា។ ការ​រួបរួម​គឺ​ជា​អំណោយ​ដែល​មាន​តម្លៃ ដូច​នេះ យើង​ត្រូវ​លើក​យក​បញ្ហា​នៃ​ការ​ប៉ះ​ទង្គិច​មក​និយាយ ដោយ​សុភាព និង​អត់​ធ្មត់ ពោល​គឺ​ត្រូវ​លើក​មក​និយាយ ទោះ​ក្នុង​ហេតុ​ផល​ណា​ក៏​ដោយ។ ប្រហែល​ជា​មាន​នរណា​ម្នាក់ ដែល​អ្នក​ត្រូវ​និយាយ​ជា​មួយ​នៅ​ថ្ងៃ​នេះ។ ប្រហែល​នៅ​ថ្ងៃ​នេះ មាន​មនុស្ស​ដែល​អ្នក​ត្រូវ​បង្ហាញ​ការ​ប្រែ​ចិត្ត​ដល់​គាត់ ឬ​អត់​ទោស​ឲ្យ​គាត់ ឬ​ក៏​ជួយ​គាត់​ដោះ​ស្រាយ​បញ្ហា​នៃ​ការ​បះ​ទង្គិច​ជា​មួយ​សមាជិក​ដទៃ​ទៀត ក្នុង​ពួក​ជំនុំ។


ខ​គម្ពីរ​សញ្ជឹង​គិត៖ យ៉ាកុប ៣:១៣-១៨
គម្រោង​អាន​ព្រះគម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ អេសេគាល ៤៥-៤៦ និង​យ៉ូហាន ១៩:២៣-៤២

ប្រភេទ