នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ចម្រើនឡើង យ៉ាងរឹងមាំក្នុងព្រះ

ចម្រើនឡើង យ៉ាងរឹងមាំក្នុងព្រះ

ដោយBill Crowder

October 24, 2025

១ធីម៉ូថេ ១:១២-២០
ដើម្បីឲ្យអ្នកបានច្បាំងជាចំបាំងយ៉ាងល្អ ដោយសារសេចក្ដីទាំងនោះ ព្រមទាំងរក្សាសេចក្ដីជំនឿ នឹងបញ្ញាចិត្តជ្រះថ្លា។ ១ធីម៉ូថេ ១:១៨-១៩ 
កាលពីក្មេង ខ្ញុំចូលចិត្តអានរឿងនិទានអំពីចោរសមុទ្រ។ ដំណើរផ្សងព្រេង ក្នុងរឿងនិទានទាំងនោះបានជួយជំរុញខ្ញុំឲ្យមានការស្រមៃច្រើនណាស់។ សព្វថ្ងៃនេះ ខ្ញុំរស់នៅក្នុងតំបន់មួយ ដែលចោរសមុទ្រល្បីល្បាញបំផុតឈ្មោះ ប្ល៊ែកបៀដ(Blackbeard ឈ្មោះពិតគឺ Edward Teach) បានបង្កើតទីស្នាក់ការរបស់គាត់នៅទីនោះ។ សំពៅដែលបានលិច ក្នុងទឹកសមុទ្រនៅក្បែរឆ្នេរក្នុងតំបន់នេះ គឺជាសំពៅរបស់លោកប្ល៊ែកបៀដ ដែលមានឈ្មោះថា ការសងសឹករបស់ក្សត្រីអ៊ែន(Anne)។
យើងអាចនិទានរឿងយ៉ាងងាយស្រួល អំពីកន្លែងសំពៅលិច និងការធ្វើដំណើរផ្សេងព្រេងតាមសមុទ្រ ក្នុងប្រវត្តិសាស្រ្ត។ ទោះជាយ៉ាងណាក៏ដោយ សាវ័កប៉ុលបានសរសេរអំពីការលិចសំពៅផ្សេងពីនេះ ដែលផ្តល់ឲ្យយើងនូវការដាស់តឿន និងការលើកទឹកចិត្ត។ ក្នុងសំបុត្រទីមួយ ដែលគាត់បានសរសេរផ្ញើលោកធីម៉ូថេ គាត់បានដាស់តឿនលោកធីម៉ូថេជាកូនខាងជំនឿឲ្យ “រក្សាសេចក្ដីជំនឿ នឹងបញ្ញាចិត្តជ្រះថ្លា ដែលមនុស្សខ្លះបានបោះបង់ចោល ហើយគេបានលិចបាត់ខាងឯសេចក្ដីជំនឿផង”(១ធីម៉ូថេ ១:‌១៩)។ តើការលិចសំពៅនេះ មានលក្ខណៈដូចម្តេច? គាត់និយាយអំពីការលិចសំពៅនេះ សំដៅទៅលើបុរសពីរនាក់ឈ្មោះ ហ៊ីមេនាស និងអ័លេក្សានត្រុស ដែលគាត់បានប្រគល់ទៅអារក្សសាតាំង ឲ្យត្រូវវាយផ្ចាល ដើម្បីឲ្យគេរាងចាល កុំឲ្យប្រមាថព្រះទៀត(ខ.២០)។ សាវ័កប៉ុលចង់ឲ្យពួកគេប្រែចិត្តចេញពីបាប តែផលវិបាកនៃទង្វើរបស់ពួកគេមានភាពធ្ងន់ធ្ងរណាស់។ 
ជំនឿរបស់យើងមិនអាចនៅទ្រឹងមួយកន្លែង ហើយយើងក៏មិនអាចជឿតែបបូរមាត់ឡើយ។ យើងត្រូវតែថែរក្សាទំនាក់ទំនងជាមួយព្រះអង្គយ៉ាងសកម្ម ដើម្បីឲ្យយើងចម្រើនឡើង មានភាពរឹងមាំ និងសុខភាពល្អខាងជំនឿ និងមានបញ្ញាចិត្តជ្រះថ្លា។ ចូរយើងចូលរួមជាមួយអ្នកជឿដទៃទៀត ដោយចុះចូលព្រះវិញ្ញាណរបស់ព្រះ ហើយអនុញ្ញាតឲ្យព្រះអង្គធ្វើការក្នុងយើង។ យើងអាចជៀសវាងការលិចសំពៅខាងវិញ្ញាណ។—Bill Crowder

តើអ្នកអាចពិពណ៌នា អំពីទំនាក់ទំនងដែលអ្នកមានជាមួយព្រះយេស៊ូវ ដូចម្តេចខ្លះ? 
បើអ្នករសាត់អណ្ដែតចេញពីព្រះអង្គ តើអ្នកអាចធ្វើអ្វីដំបូងគេ ដើម្បីវិលត្រឡប់មករកព្រះអង្គវិញ? 
ឱព្រះវរបិតាប្រកបដោយប្រាជ្ញា សូមព្រះវិញ្ញាណព្រះអង្គ ធ្វើការក្នុងចិត្តទូលបង្គំ 
ដើម្បីឲ្យទូលបង្គំបានជិតស្និទ្ធជាមួយព្រះអង្គ និងចម្រើនឡើងក្នុងជំនឿរបស់ទូលបង្គំ។ 
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យេរេមា ៣-៥ និង ១ធីម៉ូថេ ៤
 

ល្ងាច

បទ​ចម្រៀង​នៃ​សេចក្តី​សង្គ្រោះ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

បទ​ចម្រៀង​នៃ​សេចក្តី​សង្គ្រោះ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

October 24, 2025

«ទ្រង់​ជាទី​ពំនួន​នៃ​ទូល​បង្គំ ទ្រង់​នឹង​ការពារ​ទូល​បង្គំ​ឲ្យ​រួចពី​សេចក្ដី​ទុក្ខ​លំបាក ទ្រង់​នឹង​ព័ទ្ធ​ទូល​បង្គំ​ជុំ​វិញ ដោយ​ទំនុក​នៃ​សេចក្ដី​សង្គ្រោះ» (ទំនុកតម្កើង ៣២:៧)។
បើ​អ្នក​មើល​ខ្សែ​ភាពយន្ត រ៉ូប៊ីន ហ៊ូដ (Robin Hood) ឬ​ស្ដេច អាធ័រ (King Arthur) ជា​ខ្សែ​ភាព​យន្ត​ស​ខ្មៅ ដែល​គេ​ផលិត​នៅ​សម័យ​មុន អ្នក​នឹង​ឃើញ​ក្សត្រី​ជិះ​សេះ​ចូល​ទៅ​ក្នុង​សមរ​ភូមិ។ ពួក​គេ​មិន​ទៅ​តែ​ម្នាក់​ឯង​ទេ តែ​មាន​ទាហាន​ជិះ​សេះ​ការពារ​ជុំ​វិញ​ពួក​គេ។
នៅ​ថ្ងៃ​ដ៏​ពិបាក យើង​អាច​ក្រើន​រំឭក​ខ្លួន​យើង​ថា ព្រះ​ទ្រង់ «នឹង​បង្គាប់​ដល់​ពួក​ទេវតា​របស់​ទ្រង់​ពី​ដំណើរ​ឯង ឲ្យ​បាន​ថែរក្សា​ឯង ក្នុង​គ្រប់​ទាំង​ផ្លូវ​របស់​ឯង» (ទំនុកតម្កើង ៩១:១១) ហើយ​ព្រះ​អង្គ​ហ៊ុម​ព័ទ្ធ​យើង ដោយ​ពួក​ជំនុំ​ជា​គ្រីស្ទ​បរិស័ទ​ដទៃ​ទៀត​ដែល​កាន់​ទង់​ជ័យ​ព្រះ​គ្រីស្ទ។ ជីវិត​របស់​គ្រីស្ទ​បរិស័ទ គឺ​សម្រាប់​ធ្វើ​ដំណើរ​ជា​ក្រុម មិន​មែន​ទៅ​តែ​ម្នាក់​ឯង​នោះ​ទេ។ យើង​មាន​អត្ថ​ប្រយោជន៍​នៅ​ក្នុង​ការ​ធ្វើ​ដំណើរ​ទាំង​អស់​គ្នា ដើម្បី​បុព្វ​ហេតុ​របស់​ព្រះ​គ្រីស្ទ។ យើង​ត្រូវ​ហ៊ុម​ព័ទ្ធ​ខ្លួន​យើង​ដោយ​មនុស្ស​ដែល​ផ្តល់​ឲ្យ​យើង​នូវ «ទំនុក​នៃ​សេចក្ដី​សង្គ្រោះ»។ ពេល​ណា​យើង​ថ្វាយបង្គំ​ទាំង​អស់​គ្នា យើង​នឹង​ទទួល​បាន​អត្ថ​ប្រយោជន៍​នៃ​ការ​រំដោះ ដែល​ព្រះ​ទ្រង់​ប្រទាន​យើង។ 
ពេល​ណា​យើង​មាន​អារម្មណ៍​វង្វេង​ដោយ​សារ​បញ្ហា​ក្នុង​ជីវិត ឬ​បាន​ដឹង​ច្បាស់​ថា យើង​មាន​ចំណុច​ខ្វះខាត កំហុស ការ​បាក់​ទឹក​ចិត្ត និង​ការ​សង្ស័យ នោះ​ដំណោះ​ស្រាយ​គឺ​មិន​មែន​ជា​ការ​ព្យាយាម​ជួយ​យឹត​យោង​ខ្លួន​ឯង​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ យើង​អាច​មើល​ទៅ​ការ​អស្ចារ្យ​ដែល​ព្រះ​យេស៊ូវ​បាន​ធ្វើ ហើយ​ត្រូវ​ប្រាកដ​ថា យើង​ស្តាប់​ឮ​បង​ប្អូន​ប្រុស​ស្រី​ក្នុង​ព្រះ​គ្រីស្ទ​ចែក​ចាយ​អំពី​ការ​អ្វី​ដែល​ព្រះ​អង្គ​បាន​ធ្វើ។ ដោយ​ជំនួយ​មក​ពី​សៀវភៅ​ទំនុក​សកល​ដ៏​សាមញ្ញ គួប​ផ្សំ​នឹង​ព្រះ​បន្ទូល​ព្រះ យើង​អាច​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ក្នុង​ថ្ងៃ​ដែល​ងងឹត​បំផុត ដោយ​បំពេញ​គំនិត​យើង ដោយ​សេចក្តី​ពិត​តាម​រយៈ​បទ​ចម្រៀង និង​បទ​គម្ពីរ។ 
លោក អាលេក ម៉ូតយ័រ (Alec Motyer) ធ្លាប់​បាន​សរសេរ​ថា «ពេល​ណា​សេចក្តី​ពិត ចូល​ទៅ​ក្នុង​ការ​ប្ដេជ្ញា​ចិត្ត ឬ​សៀវភៅ​ទំនុក​សកល សេចក្តី​ពិត​ក៏​បាន​ក្លាយ​ជា​ទ្រព្យ​សម្បត្តិ​របស់​ពួក​ជំនុំ​ទាំង​មូល ដែល​ប្រកាន់​ខ្ជាប់​តាម​យ៉ាង​មាំមួន»។1 យើង​អាច​និយាយ​ទៅ​កាន់​ខ្លួន​ឯង ជា​រៀង​រាល់​ថ្ងៃ ដោយ​ពាក្យ​សម្ដី​ចាក់​ឫស​ជ្រៅ​ក្នុង​ទេវ​សាស្ត្រ យ៉ាង​ដូច​នេះ​ថា «ព្រះ​អង្គ​មាន​អ្វីៗ​គ្រប់​យ៉ាង ដែល​ខ្ញុំ​ត្រូវ​ការ ដើម្បី​ឆ្លង​កាត់​បញ្ហា​នេះ»។ បន្ទាប់​មក ក្នុង​ចំណោម​រាស្ត្រ​របស់​ព្រះ យើង​អាច​ថ្វាយ​បង្គំ​ព្រះ​ទាំង​អស់​គ្នា​ដោយ​ទូល​សូម​ព្រះ​អម្ចាស់​នូវ​ព្រះ​គុណ និង​សន្តិភាព។ ពួក​ជំនុំ​ដែល​រស់ គឺ​ជា​ពួក​ជំនុំ​ដែល​ច្រៀង​សរសើរ​តម្កើង​ព្រះ។
ព្រះ​អង្គ​មិន​បាន​បង្កើត​យើង​ឲ្យ​ថ្វាយ​បង្គំ​តែ​ម្នាក់​ឯង​នៅ​លើ​កោះ​នោះ​ទេ។ ការ​រួម​គ្នា​ថ្វាយ​បង្គំ​ព្រះ គឺ​ត្រូវ​ហ៊ុម​ព័ទ្ធ​ដោយ​បទ​ចម្រៀង​នៃ​សេចក្តី​សង្គ្រោះ។ ព្រះ​អាទិករ​បាន​រចនា​យើង​មក ឲ្យ​ឈរ​នៅ​ក្នុង​ជំនុំ​នៃ​អ្នក​ដែល​បញ្ជាក់​ដល់​អ្នក​ដូច​ដែល​អ្នក​បញ្ជាក់​ពួក​គេ ដោយ​ពាក្យ​ដែល​គួរ​ឲ្យ​ចង​ចាំ​ថា៖
ខ្ញុំ​សូម​ច្រៀង អំពី​ព្រះ​អង្គ​សង្គ្រោះ​របស់​ខ្ញុំ
ព្រះ​អង្គ​បាន​បង់​ថ្លៃ​លោះ ដោយ​ព្រះ​លោហិត​របស់​ព្រះ​អង្គ 
នៅ​លើ​ឈើ​ឆ្កាង ព្រះ​អង្គ​សម្រេច​ការ​អត់​ទោស​ឲ្យ​ខ្ញុំ
ព្រះ​អង្គ​បាន​បង់​ថ្លៃ​លោះ ហើយ​រំដោះ​ខ្ញុំ​ឲ្យ​មាន​សេរី​ភាព។2


ខ​គម្ពីរ​សញ្ជឹង​គិត៖ ទំនុកតម្កើង ១៤៧
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ ១សាំយ៉ូអែល ៣០-៣១ និង​១ធីម៉ូថេ ៤

ប្រភេទ