នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

នៅពេលដែលព្រះទ្រង់អត់ទោសឲ្យយើង

នៅពេលដែលព្រះទ្រង់អត់ទោសឲ្យយើង

ដោយPatricia Raybon

October 25, 2025

និក្ខមនំ ៣៤:៤-១០
ទ្រង់យាងកាត់នៅមុខលោកទាំងប្រកាសថា យេហូវ៉ា គឺយេហូវ៉ាដ៏ជាព្រះទ្រង់មានព្រះហឫទ័យមេត្តាករុណា ហើយទន់សន្ដោស ទ្រង់យឺតនឹងខ្ញាល់ ហើយមានសេចក្ដីសប្បុរស នឹងសេចក្ដីទៀងត្រង់ ជាបរិបូរ។ និក្ខមនំ ៣៤:៦
ថ្ងៃមួយ ក្មេងប្រុសអាយុ៤ឆ្នាំម្នាក់ បានធ្វើឲ្យបែកក្រឡធ្វើពីលង្ហិន ដែលមានអាយុ៣៥០០ឆ្នាំ ដោយអចេតនា ក្នុងសារមន្ទីរមួយ នៅប្រទេសអ៊ីស្រាអែល។ ក្រោយមក គាត់ក៏បានទទួលការឆ្លើយតបដ៏សប្បុរស និងគួរឲ្យភ្ញាក់ផ្អើល។ បុគ្គលិករបស់សារមន្ទីរបានអត់ឱនទោសឲ្យគាត់ ហើយអញ្ជើញគាត់ឲ្យវិលត្រឡប់មកទស្សនានៅសារៈមន្ទីរនោះម្តងទៀត។ ជំនួសមុខឲ្យសារមន្ទីរហេច លោករ៉ូអ៊ី សាហ្វៀរ(Roee Shafir) បាននិយាយថា ការធ្វើដូចនេះបានលើកទឹកចិត្តមនុស្សនៅទូទាំងពិភពលោក ឲ្យមានចំណាប់អារម្មណ៍ចំពោះដំណើរការនៃការជួសជុលឡើងវិញ និងអាចបណ្តាលចិត្តក្មេងប្រុសនោះ ឲ្យមានចំណាប់អារម្មណ៍ ចំពោះប្រវត្តិសាស្រ្ត និងបុរាណវត្ថុវិទ្យា ជាដំណោះស្រាយវិជ្ជមាន ដែលនាំមកនូវការប្រោសឲ្យជា។ 
រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីការប្រកាសរបស់ព្រះ អំពីការអត់ទោសបាប សម្រាប់រាស្រ្តអ៊ីស្រាអែល បន្ទាប់ពីពួកគេបះបោរទាស់នឹងព្រះអង្គ។ ពួកគេបានបះបោរទាស់នឹងព្រះអង្គ ដោយអង្វរលោកអើរ៉ុន ជាប្អូនប្រុសរបស់លោកម៉ូសេ ឲ្យធ្វើរូបកូនគោធ្វើពីមាស សម្រាប់ឲ្យពួកគេថ្វាយបង្គំ(និក្ខមនំ ៣២:‌១)។ កាលលោកម៉ូសេ “បានឃើញរូបកូនគោនោះ ហើយឃើញគេកំពុងតែលោតរាំលេង នោះម៉ូសេកើតមានសេចក្ដីកំហឹងខឹងក្ដៅជាខ្លាំង ក៏បោះបន្ទះថ្មទាំង២ចេញពីដៃបំបែកនៅជើងភ្នំទៅ”(ខ.១៩)។ 
តាមការបង្គាប់របស់ព្រះ “លោកក៏ដាប់បន្ទះថ្ម២ផ្ទាំង ឲ្យដូចជាថ្មទាំង២ពីមុននោះ រួចលោកក្រោកពីព្រលឹម ឡើងទៅលើភ្នំស៊ីណាយ”(៣៤:៤)។ នៅពេលដែលព្រះទ្រង់យាងចុះមក “ទ្រង់យាងកាត់នៅមុខលោកទាំងប្រកាសថា យេហូវ៉ា គឺយេហូវ៉ាដ៏ជាព្រះទ្រង់មានព្រះហឫទ័យមេត្តាករុណា ហើយទន់សន្ដោស ... ទ្រង់មានសេចក្ដីមេត្តាករុណាដល់មនុស្សទាំងពាន់ ក៏អត់ទោសចំពោះសេចក្ដីទុច្ចរិត សេចក្ដីរំលង នឹងអំពើបាប”(ខ.៦-៧)។
ការក្រើនរំឭកនេះពិតជាបានលើកទឹកចិត្តយើងខ្លាំងណាស់។ ទោះយើងមានបាបធ្ងន់យ៉ាងណា ក៏ព្រះអង្គនៅតែអត់ទោសឲ្យយើង ពេលណាយើងសូមព្រះអង្គអត់ទោសឲ្យយើង ហើយកែប្រែចិត្តចេញពីបាប។ ព្រះអង្គសព្វព្រះទ័យនឹងស្អាងយើងឡើងវិញ។—Patricia Raybon

តើអ្នកមានអំពើបាបណាខ្លះ ដែលព្រះទ្រង់បានអត់ទោសឲ្យ? 
ហេតុអ្វីការអត់ទោសរបស់ព្រះអង្គ គឺជាអំណោយនៃព្រះគុណដ៏អស្ចារ្យ? 
ឱព្រះអម្ចាស់ ពេលណាបាបរបស់ទូលបង្គំ ធ្វើឲ្យព្រះអង្គខ្ញាល់ ឬខកព្រះទ័យ 
សូមព្រះអង្គត្រាស់ហៅទូលបង្គំឲ្យវិលត្រឡប់មករកសេចក្តីអាណិត និងសេចក្តីស្រឡាញ់របស់ព្រះអង្គវិញ ដោយការអត់ទោស។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យេរេមា ៦-៨ និង ១ធីម៉ូថេ ៥

 

ល្ងាច

បន្លា​នៅ​ក្នុង​សាច់ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

បន្លា​នៅ​ក្នុង​សាច់ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

October 25, 2025

«ហើយ​ក្រែង​ខ្ញុំ​កើត​មាន​ចិត្ត​ធំ ដោយ​ព្រោះ​ការ​បើក​សំដែង​ដ៏​ហួស​ល្បត់​នោះ បាន​ជា​មាន​បន្លា១​ចាត់​មក​ក្នុង​សាច់​ឈាម​ខ្ញុំ គឺ​ជា​ទេវតា​របស់​អារក្ស​សាតាំង ដែល​មក​ធ្វើ​ទុក្ខ​ខ្ញុំ ដើម្បី​កុំ​ឲ្យ​ខ្ញុំ​មាន​ចិត្ត​ធំ​ឡើយ» (២កូរិនថូស ១២:៧)។
បើ​អ្នក​ប្រមូល​ផ្តុំ​តន្ត្រីករ​ជា​ច្រើន​ដែល​មាន​ទេព​កោសល្យ ប៉ុន្តែ​ពួក​គេ​ចាប់​អារម្មណ៍​មក​លើ​ផ្នែក​របស់​ខ្លួន​ឯង​តែ​ប៉ុណ្ណោះ នោះ​អ្នក​មិន​អាច​ឲ្យ​ពួក​គេ​ធ្វើ​ការ​ប្រគំ​តន្ត្រី​បាន​ទេ។ អ្នក​នឹង​គ្រាន់​តែ​អាច​បង្កើត​ឲ្យ​មាន​សម្លេង​ភ្លេង​មិន​ស៊ី​សង្វាក់​គ្នា នាំ​ឲ្យ​មាន​ការ​រំខាន​ដល់​ត្រចៀក​អ្នក​ស្តាប់។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នៅ​ពេល​ដែល​ពួក​គេ​ប្រើ​អំណោយ​ទាន​រៀង​ខ្លួន ដោយ​មិន​គិត​ប្រយោជន៍​ផ្ទាល់​ខ្លួន និង​មាន​ការ​បន្ទាប​ខ្លួន នោះ​នៅ​ក្រោម​ការ​ដឹក​នាំ​របស់​មេ​ភ្លេង និង​អក្សរ​ភ្លេង អ្នក​នឹង​ទទួល​បាន​តន្ត្រី​ដ៏​ពីរោះ ហើយ​មាន​ភាព​ស៊ី​សង្វាក់​គ្នា។ 
ដើម្បី​ឲ្យ​ការ​ប្រគំ​តន្ត្រី​ប្រព្រឹត្ត​ទៅ​បាន​ល្អ តន្ត្រីករ​ត្រូវ​លះ​បង់​ចិត្ត​ដែល​ចង់​ឲ្យ​ខ្លួន​ឯង​លេច​ធ្លោ​ជា​យ៉ាង​ណា នោះ​ក្នុង​ជំនឿ​របស់​គ្រីស្ទាន យើង​ក៏​ត្រូវ​ធ្វើ​ដូច​នេះ​ផង​ដែរ។ អំណោយ​ទាន​ខាង​វិញ្ញាណ មិន​គួរ​ធ្វើ​ជា​ប្រភព​នៃ​អំនួត​ឡើយ ព្រោះ​សរុប​មក​វា​គ្រាន់​តែ​ជា​អំណោយ​ប៉ុណ្ណោះ។ ប៉ុន្តែ យើង​ច្រើន​តែ​ជួប​កាល​ល្បួង​ឲ្យ​ប្រើ​អំណោយ​ទាន​ដែល​ព្រះ​ប្រទាន ដើម្បី​លើក​តម្កើង​ខ្លួន​ឯង ធ្វើ​មើល​តែ​យើង​បាន​បង្កើត​អំណោយ​ទាន​ទាំង​នោះ ឬ​សក្តិ​សមនឹង​មាន​ពួក​វា ឬ​ប្រើ​ពួក​វា​ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន​ធ្វើ​មើល​តែ​ពួកវា​ជា​កម្មសិទ្ធិ​របស់​យើង​អញ្ចឹង។ ការ​នេះ​ធ្វើ​ឲ្យ​យើង​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ ដែល​កើត​ឡើង​ពី​ការ​លើក​តម្កើង​ខ្លួន​ឯង​ជ្រុល​ពេក ហើយ​អ្នក​ដែល​មាន​អំណោយ​ទាន​សំខាន់​ជាង​គេ ក៏​ជួប​ការ​ល្បួង​នេះ​ខ្លាំង​ជាង​គេ​ផង​ដែរ។ សាវ័ក ប៉ុល បាន​ជួប​ការ​ល្បួង​នេះ​ដោយ​ផ្ទាល់។ គាត់​ជា​មនុស្ស​មាន​ការ​អប់រំ និង​ប្រវត្តិរូប​ដ៏​ខ្ពង់ខ្ពស់​ក្នុង​សង្គម ហើយ​មាន​ឥទ្ធិពល​មក​លើ​ជីវិត​មនុស្ស​ជា​ច្រើន (ភីលីព ៣:៤-៦)។
នៅ​ពេល​ដែល​គាត់​ប្រឈម​មុខ​ដាក់​ពួក​សាវ័ក​ក្លែងក្លាយ នៅ​សម័យ​នោះ ដែល​កំពុង​អួត​អំពី​ចំណេះ​ដឹង​អំពី​ព្រះ សាវ័ក ប៉ុល ក៏​បាន​រៀប​រាប់​អំពី​ការ​បើក​សម្ដែង​ដ៏​អស្ចារ្យ​មួយ (២កូរិនថូស ១២:២-៤)។ ការ​នេះ​ធ្វើ​ឲ្យ​គាត់​ងាយ​នឹង​លើក​តម្កើង​ខ្លួន​ឯង។ តើ​មាន​អ្វី​រារាំង​គាត់​មិន​ឲ្យ​អួត? គឺ​បន្លា​នៅ​ក្នុង​សាច់។ គាត់​មិន​បាន​និយាយ​លម្អិត​ថា បន្លា​នោះ​គឺ​ជា​អ្វី​ទេ ដូច​នេះ យើង​ក៏​មិន​គួរ​គិត​ស្មាន​ដែរ។ ការ​ដឹង​ថា​បន្លា​នោះ​ជា​អ្វី មិន​សំខាន់​ដូច​ការ​ដឹង​ថា បន្លា​នោះ​មាន​ប្រយោជន៍​ប៉ុណ្ណោះ​ចំពោះ​គាត់ ព្រោះ​សាវ័ក ប៉ុល ទទួល​ស្គាល់​ថា បន្លា​ក្នុង​សាច់​នេះ បាន​ក្រើន​រំឭក​មក​ពី​ព្រះ​ឲ្យ​គាត់​បន្ទាប​ខ្លួន និង​នឹក​ចាំ​អំពី​ភាព​កម្សោយ​ដែល​គាត់​មាន​ស្រាប់ ដើម្បី​កុំ​ឲ្យ​គាត់​អួត​ថា គាត់​សំខាន់​ប៉ុណ្ណា​នោះ​ឡើយ ហើយ​ដើម្បី​ឲ្យ​គាត់​បន្ត​ពឹង​ផ្អែក​លើ​ព្រះ។
យើង​មិន​ខុស​ពី​ពួក​គ្រូ​ក្លែង​ក្លាយ​ដែល​សាវ័ក​បាន​លើក​មក​និយាយ នៅ​ត្រង់​ចំណុច​ដែល​ថា យើង​ច្រើន​តែ​ជួប​ការ​ល្បួង​ឲ្យ​លើក​តម្កើង​តម្លៃ​ខ្លួន​ឯង​ផ្អែក​ទៅ​លើ​ឥទ្ធិពល និង​ភាព​ជោគជ័យ​របស់​យើង ទោះ​តូច​ឬ​ធំ​ក្តី។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ទី​បំផុត គេ​ដឹង​ច្បាស់​ថា អ្វី​ដែល​យើង​អួត​នោះ​មិន​ស្ថិត​ស្ថេរ ហើយ​នឹង​រលាយ​ទៅ​វិញ។ ក្នុង​ផែនការ និង​សេចក្តី​ល្អ​របស់​ព្រះ «បន្លា​ក្នុង​សាច់» របស់​សាវ័ក ប៉ុល បាន​ជួយ​យើង​ឲ្យ​យល់​អំពី​ទុក្ខ​លំបាក​របស់​យើង ដែល​មាន​ដូច​ជា ជំងឺ បញ្ហា​ហិរញ្ញ​វត្ថុ បញ្ហា​ទំនាក់​ទំនង ការ​ពិបាក​ក្នុង​ការ​ចិញ្ចឹម​កូន និង​ថែម​ទាំង​ការ​ត​យុទ្ធ​នឹង​អំពើ​បាប។ ព្រះ​ទ្រង់​មាន​ហេតុផល​ដែល​ត្រូវ​ឲ្យ​យើង​ជួប​បង្ហាញ​ដែល​ចាំបាច់ ដែល​ពិបាក មិន​ឈប់​ឈរ​ក្នុង​ជីវិត​យើង។ យក​ល្អ យើង​គួរ​តែ​រស់​នៅ​ជា​អ្នក​ជឿ​ដែល​បន្ទាប​ខ្លួន ដោយ​មាន​បន្លា ជាជាង​រស់​នៅ​ជា​អ្នក​ជឿ​ដែល​មាន​អំនួត ពឹង​ផ្អែក​ខ្លួន​ឯង និង​មិន​មាន​ទុក្ខ​លំបាក​អ្វី​សោះ។ យើង​ចាំ​បាច់​ត្រូវ​ស្គាល់​ភាព​កម្សោយ​របស់​យើង ដើម្បី​ឲ្យ​យើង​បន្ត​ពឹង​ផ្អែក​លើ​ព្រះ​គុណ​ព្រះ ដើម្បី​ឲ្យ​បាន​សង្គ្រោះ និង​បាន​ព្រះ​ចេស្ដា​របស់​ព្រះ សម្រាប់​ការ​រស់​នៅ​រៀង​រាល់​ថ្ងៃ។ ដូច​នេះ យើង​មិន​ត្រូវ​សួរ​ថា បន្លា​នោះ​នឹង​កើត​មាន​ចំពោះ​យើង​នោះ​ទេ តែ​ត្រូវ​សួរ​ថា តើ​អ្នក​នឹង​អនុញ្ញាត​ឲ្យ​ព្រះ​ទ្រង់​ប្រើ «បន្លា» របស់​អ្នក ដើម្បី​ក្រើន​រំឭក​អ្នក​ថា មាន​តែ​ព្រះ​អង្គ​ទេ ដែល​ជា​ប្រភព​នៃ​អំណោយ​របស់​អ្នក និង​ធ្វើ​ឲ្យ​អ្នក​មាន​ប្រយោជន៍​ខាង​វិញ្ញាណ។ 


ខ​គម្ពីរ​សញ្ជឹង​គិត៖ ២កូរិនថូស ១១:៣០-១២:១០
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ ២សាំយ៉ូអែល ១-២ និង​១ធីម៉ូថេ ៥

ប្រភេទ